ខេត្តបន្ទាយមានជ័យ ៖ កាលពីថ្មីៗកន្លងទៅនេះ មានបងប្អូនមហាជនជាច្រើននាក់នាំគ្នាចាប់អារម្មណ៍ទៅលើកំលោះសង្ហាមួយរូប ដែលចូលចិត្តលេងឧបករណ៍ជាច្រើន មិនថាបុរាណ ឬក៏សម័យនោះទេ គឺរូបលោកអាចលេងបានយ៉ាងស្ទាត់ជំនាញតែម្តង។ ហើយជាញឹកញាប់លោកតែងតែចែករំលែកទឹកដៃរបស់លោកនៅបណ្តាញសង្គម Tik Tok ដោយមានបងមហាជនជាច្រើនតែងកោតសរសើរជាមួយនឹងការលេងភ្លេងដ៏ពីរោះរណ្តំរបស់លោក ផ្គួបផ្សំជាមួយភាពប៉ិនប្រសព្វពីធម្មជាតិទៀតផង។
ជាការកត់សម្គាល់ ឧបករណ៍ដែលបងប្អូនចាប់អារម្មណ៍នោះ គឺប្រភេទទ្រម្យ៉ាងដែលមានរូបរាងស្អាតប្លែក ដោយខ្លះក៏ធ្លាប់បានឃើញ ខ្លះទៀតក៏ពុំធ្លាប់បានឃើញឡើយ។ ទ្រ មួយបែបនេះ ក៏មានសម្លេងពីរោះមិនចាញ់ឧបករណ៍ភ្លេងផ្សេងទៀតនោះទេ ពោលគឺដូចជាបទ «កន្ទ្រឹមស៊ីសាកេត» ដែលប្រគំលាយឡំជាមួយឧបករណ៍ភ្លេងដទៃទៀត ឃើញថាមានការចាប់អារម្មណ៍ច្រើនកុះករ ព្រោះតែបែបនេះ បានជាកំពុងតែឆាបឆក់យកបេះដូងមហាជនជាខ្លាំង តាមរយៈទ្រមួយប្រភេទនេះ។
ប្រាកដណាស់ តាមរយៈឧបករណ៍ភ្លេងដែលមានភាពពីរោះរណ្តំមួយនេះ បងប្អូនពិតជាចង់ជ្រាបហើយថា តើឧបករណ៍មួយនេះមានឈ្មោះអ្វី? តើលំបាកទេ ក្នុងការលេងឧបករណ៍ភ្លេងមួយនេះ? ជាពិសេស តើអ្វីជាចំណុចពិសេសរបស់ឧបករណ៍មួយនេះ?
តាមរយៈបទសម្ភាសន៍ជាមួយសារព័ត៌មានកោះសន្តិភាព កំលោះសង្ហា ឡុត ភីទើ បានជម្រាបជូនថា «ទ្រដែលប្អូនចាប់អារម្មណ៍នោះមានឈ្មោះថា «ទ្រកន្ទ្រឹមសុរិនខ្មែរ ឬទ្រអេម៉ង់» ដែលទ្រមួយប្រភេទនេះ មានលក្ខណៈពិសេសជាច្រើន ហើយត្រូវទាមទារហាត់រៀនឱ្យបានដិតដល់ ទើបយើងអាចលេងមានភាពពីរោះរណ្តំទៅតាមបទនីមួយៗ។ ទ្រកន្ទ្រឹមសុរិនខ្មែរ ឬទ្រអេម៉ង់ដែលលោកបានលេងនេះ មានផ្លែច្រើន ដូច្នេះត្រូវហាត់រៀនអោយដៃរស់ ទើបលេងទៅបានល្អ និងពីរោះ»។

បន្ថែមពីនេះ បើធៀបទៅនឹងទ្រសោរបស់ខ្មែរយើង លោកក៏ជម្រាបថា «វាមានផ្លែច្រើន ហើយក៏លំបាកខ្លាំង ដោយត្រូវចាប់ផ្លែ និងគ្រាប់អោយច្បាស់ៗ ទើបសូរសៀងពេលបញ្ចេញទៅមានភាពពីរោះអន្លង់អន្លោច»។ លោក ឡុត ភីទើ ដែលជាតន្ត្រីករវ័យក្មេង បានបន្តថា «ក្នុងបទមួយៗដែលលោកហាត់រៀន ដោយការចេះចាំ គឺរយៈពេល៣ម៉ោង ឬមួយថ្ងៃ គឺទៅតាមបទនីមួយៗ និងបើរៀនចាំស្ទាត់ជំនាញតែម្តង គឺរយៈពេល២ទៅ៣ គឺលោកអាចលេងបាន»។
លោកបានបន្ថែមថា «ប្រភេទទ្រកន្ទ្រឹមសុរិនខ្មែរ ឬទ្រអេម៉ង់នេះ លោកអាចលេងបាន៣០បទ ដោយក្នុងនោះមានបទកន្ទ្រឹម និងបទរាំវង់ ដែលសុទ្ធតែជាបទដែលលោកចូលចិត្តផងដែរ»។ បើនិយាយពីទាក់ទងនឹងទ្រសោ ហើយនឹងទ្រកន្ទ្រឹមសុរិនខ្មែរ ឬទ្រអេម៉ង់ លោកបញ្ជាក់ថា «ទ្រកន្ទ្រឹមសុរិនខ្មែរ គឺយើងមិនអាចលេងជាបទភ្លេងការប្រពៃណីបាននោះទេ ព្រោះវាមានលក្ខណៈខុសពីទ្រសោដែលអាចលេងបទប្រពៃណីបាន»។
ក្នុងនោះផងដែរ លោកបានរំលេចថា «បើទោះបីជាលេងបែបប្រពៃណីមិនបានក៏ពិតមែន តែក៏មានសូរសៀងពីរោះ ដោយធ្វើអោយគេឯងចង់ស្តាប់ផងដែរ។ ហើយក្រៅពីឧបករណ៍មួយនេះ លោកក៏ចេះលេងឧបករណ៍ជាច្រើនទៀត ដូចជា ៖ ភ្លេងឧបករណ៍សម័យ (១- ស្គរបាត់តារី ឬស្គរសាស ២- ហ្គីតាសាំ ហ្គីតាសូឡូនឹងហ្គីតាបាស់ ៣- ព្យារណូនឹងអក)។ ឧបករណ៍ភ្លេងបុរាណចេះ ដូចជា (១-ទ្រសោ និងទ្រកន្ត្រឹមសុរិនខ្មែរ ឬទ្រអេម៉ង់ ២- ស្គរដៃ ស្គរថូន ស្គរប៉ុក នឹងស្គភ្លោះ ឬ Conga ជាដើម)»។
ជាចុងក្រោយ លោកសូមអគុណដល់មហាជនចំពោះការគាំទ្រ ហើយលោកសូមអោយបងប្អូនមហាជនជួយការពារ អភិរក្ស ថែរក្សា ដើម្បីអោយសម្បត្តិវប្បធម៌មួយនេះ មានភាពគង់វង្ស និងស្ថិតស្ថេរផងដែរ៕ ដោយ ៖ លីហួ គីមឆាយ
ចែករំលែកព័តមាននេះ