ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើក​ខ្សែ​រត់​ពិសេស​រថយន្តក្រុង​ឥត​គិតថ្លៃ​សម្រាប់​ពលរដ្ឋ​ទៅ​ទស្ស​នា​ព្រឹត្តិការណ៍​​កីឡា​អាស៊ី​អា​គ្ន​យ៍ លើក​ទី​៣២​ និង​កីឡា​អាស៊ាន​ប៉ា​រ៉ា​ហ្គេ​ម លើក​ទី​១២ ឆ្នាំ​២០២៣

11 ខែ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ យោង​តាម​សេចក្តីជូនដំណឹង​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​បានឱ្យ​ដឹង​ថា ដើម្បី​

រាជធានី​ភ្នំពេញ​៖ យោង​តាម​សេចក្តីជូនដំណឹង​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​បានឱ្យ​ដឹង​ថា ដើម្បី​អបអរសាទរ ព្រឹត្តិការណ៍​ប្រកួត​កីឡា​អាស៊ី​អាគ្នេយ៍ លើក​ទី​៣២ និង​កីឡា​អាស៊ាន​ប៉ា​រ៉ា​ហ្គេ​ម លើក​ទី​១២ ដែល​ព្រះរាជាណាចក្រ​កម្ពុជា​ធ្វើ​ជា​ម្ចាស់ផ្ទះ រដ្ឋបាល​រាជធានី​ភ្នំពេញ នឹង​រៀបចំ​ខ្សែ​រត់​ពិសេស រថយន្តក្រុង​សាធារណៈ (Express Bus)​របស់​រដ្ឋាករ​ស្វយ័ត​ដឹក​ជញ្ជូន​សាធារណៈ​រថយន្តក្រុង (City Bus) រាជធានី​ភ្នំពេញ សម្រាប់​បម្រើ​ដល់​ការ​ធ្វើ​ដំណើរ​របស់មហាជន រួម​ទាំង​ភ្ញៀវ​ជាតិ និង​ភ្ញៀវ​អន្តរជាតិ​ទាំងអស់ ទៅ​ទស្សនា​ក្នុង​ព្រឹត្តិការណ៍​ប្រកួត​កីឡា​ខាងលើ ចាប់ពី​ថ្ងៃ​ទី​៥ ខែឧសភា​ឆ្នាំ​២០២៣ ដល់ ថ្ងៃ​ទី​៩ ខែ​មិ​ថុ​នាំ ឆ្នាំ​២០២៣ ដោយ​មិន​បង់ប្រាក់ (​ដូច​មាន​តម្រាយ​ផ្លូវ​ជូន​ភ្ជាប់​មក​ជាមួយ​) និង​មាន​ព័ត៌មាន​លម្អិត​អំពី​តម្រាយ​ផ្លូវ​ដូច​ខាងក្រោម​៖

១- ខ្សែ​រត់​ពិសេស​រថយន្តក្រុង​សាធារណៈ (Express Bus) ខ្សែ​ទី​១៖ ចេញដំណើរ​ពី​ចំណត​រង់ចាំ​រថយន្តក្រុង​កោះ​ពេជ្រ​តាម​បណ្តោយ​តីរវិថី​ព្រះ​ស៊ី​សុវត្ថិ ឆ្ពោះ​មក​ចំណត​រង់ចាំ​រថយន្តក្រុង​នៃ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ ដែល​នឹង​ឈប់​នៅ​ទីតាំង​សំខាន់​ៗ​មួយ​ចំនួន​ដូច​ជា​៖ ទីតាំង​ប្រកួត​សណ្ឋាគារ​ណា​ហ្គា​វើ​ល​ដ៍​ទី​១ និង​ទី​២ រួច​បន្តដំណើរ​លើ​តីរវិថី​ព្រះ​ស៊ី​សុវត្ថិ​, ឈប់​នៅ​ស្ថានីយ​ចំណត​រង្វង់​មូល​កួច​កាណុង និង​ឈប់​នៅ​ទីតាំង​ប្រកួត នៃ​កីឡដ្ឋាន​កង​យោធ​ព​លេខ​មរភូមិន្ទ​(​ស្តា​ត​ចាស់​) បន្ទាប់​មក​ឆ្លងស្ពាន​មិត្តភាព​កម្ពុជា​-​ជប៉ុន ដោយ​ឈប់​នៅ​ទីតាំង​ប្រកួត​ដាយ​ណូ​ស័​រ​អឹ​ឡាយ​ហ្វ ទីតាំង​ប្រកួត​មជ្ឈមណ្ឌល​សន្និបាត និង​ពិព័រណ៍​OCIC ទីតាំង​ប្រកួត​ក្នុង​បុរី​រុងរឿង និង​ទីតាំង​ប្រកួត​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​រាជធានី​ភ្នំពេញ (​ស​.​ស​.​យ​.​ក​) រួច​បន្តដំណើរ​តាម​ផ្លូវជាតិ​លេខ​៦​អា​, ឈប់​នៅ​ទីតាំង​ប្រកួត​វាយ​កូន​ហ្គោ​ល​ហ្គា​ឌិន​ស៊ី​ធី​ហើយ​ធ្វើ​ដំណើរ​ឆ្ពោះ​មក​ចំណត​រង់ចាំ​រថយន្តក្រុង​នៃ​ពំ​ហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ​។

២- ខ្សែ​រត់​ពិសេស​រថយន្តក្រុង​សាធារណៈ (Express Bus) ខ្សែ​ទី​២៖ ចេញដំណើរ​ពី​ចំណត​រង់ចាំ​រថយន្តក្រុង​ពហុ​កីឡដ្ឋានជាតិ​អូ​ឡាំ​ពិ​ក តាម​បណ្ដោយ​មហាវិថី​សហព័ន្ធ​រុ​ស្ស៊ី បន្ត​មក​មហាវិថី​ព្រះ​មុនី​វង្ស ឆ្ពោះ​មក​ចំណត​រង់ចាំ​រថយន្តក្រុង នៃ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ ដែល​នឹង​ឈប់​នៅ​ទីតាំង​សំខាន់​ៗ​មួយ​ចំនួន​ដូច​ជា​៖ ឈប់​នៅ​ស្ថានីយ​ចំណត​រង់ចាំរង្វង់​មូល​កួច​កាណុង និង​ឈប់​នៅ​ទីតាំង​ប្រកួត​កីឡដ្ឋាន​កង​យោធពល​ខ មិ​ន្ទ (​ស្តា​ត​ចាស់​) រួច​បន្តដំណើរ​មក​វិ​ថី​ឧកញ៉ា​ឃ្លាំងមឿង កាត់​តាម​តំបន់​អភិវឌ្ឍន៍​កាំ​កូ​ស៊ី​ធី​, ឈប់​នៅ​ទីតាំង​ប្រកួត​ក្លឹ​ប​បាល់ទាត់​ភ្នំពេញ​ក្រោ​ន និង​ឈប់​នៅ​ទីតាំង​ប្រកួត​កីឡដ្ឋាន​ព្រី​ន​ស៍ និង​បន្តដំណើរ​តាម​មហាវិថី​ឈ្នះ​ឈ្នះ​ទៅ​កាន់​ចំណត​រង់ចាំ​រថយន្តក្រុង នៃ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ​។

អាស្រ័យ​ហេតុនេះ សូម​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ ចូលរួម​ធ្វើ​ដំណើរ​តាម​រថយន្តក្រុង​សាធារណៈ របស់​រដ្ឋាករ​ស្វយ័ត​ដឹក​ជញ្ជូន​សាធារណៈ​រថយន្តក្រុង (City Bus) រាជធានី​ភ្នំពេញ ប្រកបដោយ​សុវត្ថិភាព និង​ផាសុកភាព​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ