រាជធានីភ្នំពេញ ៖ តារាពហុជំនាញអ្នកនាង ខាត់ សុឃីម បានទម្លាយរឿងរ៉ាវចង់ឈប់ពីសិល្បៈដែលនាងបានប្រឡូកអស់រយៈពេលជាច្រើនឆ្នាំមកហើយ ប៉ុន្តែនាងមិនអាចធ្វើបានទេ ដោយសារតែមានមនុស្សម្នាក់តែងតែលើកទឹកចិត្ត និងជម្រុញអោយនាងបន្តអាជីពមួយនេះ។
យ៉ាងណា អ្នកនាង ខាត់ សុឃីម មិនបានបញ្ជាក់អំពីមូលហេតុអ្វីដែលធ្វើអោយនាងចង់ឈប់ពីអាជីពសិល្បៈនេះឡើយ ប៉ុន្តែតារារូបនេះលើកឡើងពីមនុស្សនៅក្បែរនាង ដែលបានជម្រុញលើកទឹកចិត្តអោយនាងបន្ត ហើយទទួលបានជោគជ័យមកទល់នាពេលនេះ។
ក្នុងកម្មវិធីផ្តល់ពានដ៏ធំមួយដល់តារាច្រើនដួង ដែលបានធ្វើឡើងកាលពីម្សិលមិញនេះ អ្នកនាង ខាត់ សុឃីម ទទួលបានពានទៅលើបទចម្រៀងចូលឆ្នាំដ៏មានប្រជាប្រិយបំផុត គឺបទ «អូនលេងប្តីហើយ» ។ ហើយតារារូបនេះបានលើកឡើងថា «នាងពិតជាសប្បាយចិត្ត ក្នុងពេលដែលការខិតខំរបស់នាងអាចទទួលបានពាននាពេលនេះ»។
នាងបញ្ជាក់ថា «ការទទួលជោគជ័យនាពេលនេះ គឺមានមនុស្សនៅក្បែរខ្លួននាងម្នាក់ដែលតែងតែជួយលើកទឹកចិត្ត និងជម្រុញចិត្តនាង នោះគឺស្វាមីរបស់នាង អ៊ិន សុបញ្ញា នៅពេលដែលនាងមានបំណងចង់ឈប់ពីសិល្បៈម្តងៗ»។
យ៉ាងណា អ្នកនាង ខាត់ សុឃីម ក៏មិនភ្លេចរំលឹកដល់គុណឪពុករបស់នាង និងប្អូនប្រុសលោក ខាត់ ចំរើន ដែលបានទទួលមរណភាពហើយនោះដែរ ខណៈពេលដែលអ្នកទាំងពីរក៏ជាមនុស្សស្ថិតនៅពីក្រោយភាពជោគជ័យរបស់នាងនាពេលនេះដែរ។
អ្នកនាង ខាត់ សុឃីម បានលើកឡើងបន្ថែមទៀតថា ភាពជោគជ័យមួយនេះ ក៏បានមកពីក្រុមការងារគ្រប់ផ្នែករបស់នាង ជាពិសេសមហាជនទស្សនិកជនដែលតែងតែគាំទ្ររូបនាងជារៀងរហូតមក។ ដើម្បីឆ្លើយតបការគាំទ្រនេះ នាងបានប្រកាសត្រៀមចេញបទចម្រៀងថ្មីៗបន្ថែមទៀត សម្រាប់ទស្សនិកជនដែលកំពុងរង់ចាំបទចម្រៀងរបស់នាងផងដែរ៕
![Picture]()
![Picture]()
![Picture]()
![Picture]()
ចែករំលែកព័តមាននេះ