ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទីតាំង​កម្សាន្ត ភូមិ​ខ្ញុំ នៃ​ព្រឹត្ដិការណ៍​អង្គរ​សង្ក្រាន្ដ សង់​ជិត​រួចរាល់​ហើយ នឹង​ត្រៀម​ស្វាគមន៍​នៅ​ដើម​ខែ​ក្រោយ​នេះ​(​វី​ដេ​អូ​)

1 ឆ្នាំ មុន
  • សៀមរាប

កម្មវិធី «​ភូមិ​ខ្ញុំ​» នៃ​ព្រឹត្ដិការណ៍​អង្គរ​សង្ក្រាន្ត ដែល​បាន​រៀបចំ​ឡើង​ដើម្បី​បង្ហាញ​អំពី​ទិដ្ឋភាព​ខ្លះ​ៗ​នៃ​ភូមិ​ខ្មែរ​សម្រាប់​ឱ្យ​អ្នក​ទស្សនា​ជាតិ និង​អន្តរជាតិ បានឃើញ និង​នឹក​ដល់​ជីវភាព​សុខសាន្ត​នៃ​ប្រជាពលរដ្ឋ​ខ្មែរ តាំងពី​សម័យ​អតីតកាល រហូត​មក​ដល់​បច្ចុប្បន្ន ដែល​ជា​

ខេត្តសៀមរាប ៖ កម្មវិធី «​ភូមិ​ខ្ញុំ​» នៃ​ព្រឹត្ដិការណ៍​អង្គរ​សង្ក្រាន្ត ដែល​បាន​រៀបចំ​ឡើង​ដើម្បី​បង្ហាញ​អំពី​ទិដ្ឋភាព​ខ្លះ​ៗ​នៃ​ភូមិ​ខ្មែរ​សម្រាប់​ឱ្យ​អ្នក​ទស្សនា​ជាតិ និង​អន្តរជាតិ បានឃើញ និង​នឹក​ដល់​ជីវភាព​សុខសាន្ត​នៃ​ប្រជាពលរដ្ឋ​ខ្មែរ តាំងពី​សម័យ​អតីតកាល រហូត​មក​ដល់​បច្ចុប្បន្ន ដែល​ជា​ក្ដី​ស្រមៃ ក្តី​សង្ឃឹម សម្រាប់​ពលរដ្ឋ​ខ្មែរ ពី​ភាព​រីក​ចម្រើន ភាព​សុខសាន្ត សន្តិភាព នៅ​ក្នុង​ប្រទេស​កម្ពុជា​។

កម្មវិធី ភូមិ​ខ្ញុំ នៅ​ឆ្នាំ​២០២៣​នេះ ក្រោម​ប្រធានបទ «​ភូមិ​ខ្ញុំ ភូមិ​សុខសាន្ត​» ដែល​មា​នទី​តាំងនៅ​ខាងជើង​ជាប់​នឹង​ប្រាសាទបាយ័ន ហើយ​លាត​ស​ន្ទឹ​ង​នៅ​លើ​ផ្ទៃដី​បណ្ដោយ​ពី​ជើង​ទៅ​ត្បូង​ប្រវែង​២០០​ម៉ែត្រ និង​ទទឹង​ពី​កើត​ទៅ​លិច​ប្រវែង​៦០​ម៉ែត្រ​។ ភូមិ​ខ្ញុំ បែរមុខ​ទៅ​ទិស​ខាងលិច​ទល់​នឹង​ប្រាសាទភិមានអាកាស ដែល​មាន​ខ្លោងទ្វារ​ពីរ​។ ខាង​មុខ​ភូមិ​ខ្ញុំ រចនា​តុបតែង​ដោយ​ក្បូរ​ក្បាច់រចនា របៀប​ខ្មែរ​គួរ​ឱ្យ​ទាក់ទាញ និង​ហ៊ុម​ព័ទ្ធ​ទៅ​ដោយ​របប​ឈើ​ជុំវិញ​ភូមិ​។

នៅ​ក្នុងភូមិ នឹង​រៀបចំ​តំបន់​តាំង​បង្ហាញ​នូវ​ពិព័រណ៍​អនុស្សាវរីយ៍ រំលឹក​ខួប​១០​ឆ្នាំ​នៃ​ព្រឹត្តិការណ៍ អង្គរ​សង្ក្រាន្ត ដែល​មាន​វត្ថុ​យក្ស​ជា​ច្រើន​ដូច​ជា ៖ អង្រុត​យក្ស​, ចាប៉ី​ដង​វែង​យក្ស​, កន្ត្រងប្រហុក​យក្ស​, មួក​ស្លឹក​ត្នោត​យក្ស​, សម្បុក និង​ពងមាន់​យក្ស​, គោម ផ្កាយ​យក្ស និង​បំពង់​ទឹកត្នោត​យក្ស​។ ហើយ​នៅ​កណ្តាល​តំបន់​នេះ នឹង​មាន​សាងសង់​រោង​ធំ​សមរម្យ​មួយ ដើម្បី​ដាំ​រូបថត​រំលឹក​ខួប​១០​ឆ្នាំ នៃ​ព្រឹត្ដិការណ៍​អង្គរ​សង្ក្រាន្ដ និង​ក្រុមការងារ​អាច​ស្នាក់​នៅ​ពេល​បំពេញ ការងារ​ផង​ដែរ​។

កម្មវិធី ភូមិ​ខ្ញុំ​នេះ មាន​សំណង់ផ្ទះ​ខ្មែរ​បុរាណ ដែល​មាន​ដូច​ជា ៖ ផ្ទះ​សិល្បៈ​ទស្សនីយភាព​, ផ្ទះ​សេដ្ឋី​, ផ្ទះ​នំ​, សាលាឆទាន និង​ផ្ទះ​ចាក់​ចេក​។ ផ្សារ​ភូមិ​ខ្មែរ ដែល​មាន​លក់​ម្ហូប អាហារ នំ ភេសជ្ជៈ និង​វត្ថុ​អនុស្សាវរីយ៍​ផ្សេង​ៗ​របស់​អ្នក​ភូមិ ហើយ​ក៏​មាន​ឆាក​តន្ត្រី​បុរាណសម័យ និង​សកម្មភាព​សាសនា​របស់​អ្នក​ភូមិ​ផង​ដែរ​។ ជាង​នេះ​ទៅ​ទៀត ដើម្បី​អបអរសាទរ​ឆ្នាំ​ថ្មី ឆ្នាំថោះ បញ្ច​ស័ក នៅ​ចំ​កណ្តាល​ភូមិ​ខ្ញុំ នឹង​រៀបចំ​រូប​ទន្សាយ​យក្ស តុបតែង​លម្អ ដោយ​គោម​ភ្លើង ផ្កា​ភ្ញី និង ទង់ជ្វាលា​ផ្សេង​ៗ​ទៀត​ផង​។

បើ​តាម​អ្នក​មើល​ការ​ខុស​ត្រូវ​នៅ​ការដ្ឋាន​សាងសង់​សំណង់​កម្មវិធី ភូមិ​ខ្ញុំ នៃ​ព្រឹត្ដិការណ៍​អង្គរ​សង្ក្រាន្ដ បាន​ប្រាប់​ថា មក​ដល់​ពេល​នេះ សំណង់​សម្រេច​បាន​ប្រមាណ​ជា​៨០​ភាគរយ ដែល​គ្រោង​នឹង​តុបតែង​លម្អ តាម​បែបបទ​នៃ​កម្មវិធី​នៅ​ដើម​ខែមេសា ឆ្នាំ​២០២៣​ខាង​មុខ​នេះ ខណៈ​ដែល​ព្រឹត្ដិការណ៍​ខួប​១០​ឆ្នាំ នៃ​ព្រឹត្ដិការណ៍​អង្គ​សង្ក្រាន្ត នឹង​ចូល​មក​ដល់​នៅ​ថ្ងៃ​ទី​១៤ ដល់​ថ្ងៃ​ទី​១៦ ខែមេសា ឆ្នាំ​២០២៣​មុខ​នេះ​។

ក្រុមការងារ​សាងសង់​ក៏​បាន​បញ្ជាក់​ថា នៅ​ទីលាន​ប្រាសាទ​ជល់​ដំរី នៃ​ក្រុង​អង្គរធំ ក៏​មានកម្ម​វិធី​ជា​ច្រើន​ទៀត រួម​មាន​កម្មវិធី «​នេះ​មិនមែន​ជា​សុបិន​» កម្មវិធី​នេះ ជា​កម្មវិធី​ផ្ដល់​នូវ​ការ​គាំទ្រ និង​ជួយ​ស្វែងរក​សមាជិក​ក្រុម​គ្រួសា​របស់​ប្រជាជន​ខ្មែរ ដែល​បែកបាក់​គ្នា​ក្នុងអំឡុងពេល​សង្គ្រាម ដែល​រៀបចំ​ដោយ​ស្ថានីយទូរទស្សន៍​បាយ័ន​។ កម្មវិធី​បាន​បង្ហាញ​ក្នុង​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​ជា​និមិត្តរូប នៃ​ការ​ជួបជុំ​បងប្អូន និង​ភាព​សប្បាយ​រីករាយ​ក្នុង​មហា​គ្រួសារ​ខ្មែរ ជា​ពិសេស​ស្រប​ពេល​នឹង​ពិធី​បុណ្យចូលឆ្នាំ​ប្រពៃណី​ជាតិខ្មែរ ដែល​ប្រជាជន​ខ្មែរ​តែងតែ​ជួបជុំ​បងប្អូន​ពី​ទី​ជិត​ទី​ឆ្ងាយ​។

កម្មវិធី «​ពិព័រណ៍​វត្ថុ​យក្ស​» ដែល​មាន​ពិព័រណ៍​វត្ថុ​យក្ស​រៀបចំ​ឡើង​ក្នុង​ខ្លឹមសារ​អបអរសាទរ​ខួប​១០​ឆ្នាំ នៃ​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត ដោយ​ពាំនាំ​ត្រឡប់​មក​វិញ​នូវ​ស្នាដៃ​យក្ស​ក្នុង​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​ឆ្នាំ​មុន​ៗ និង​ស្នាដៃ​ដទៃ​ទៀត​ដ៏​គួរ​ជាទី​មោ​ទ​ភាព​របស់​យុវជន ដោយ​រំលេច​ជា​ទស្សនីយភាព​ដ៏​អស្ចារ្យ ក្នុង​ការ​រួមចំណែក​លើកតម្កើង ស្នាដៃ​កូន​ខ្មែរក្រោម​ពាក្យស្លោក «​ខ្មែរ​ធ្វើ​បាន​»​។ កម្មវិធី «​សួន​មុនី​ហទ័យ​» កម្មវិធី​សួន​មុនី​ហទ័យ គឺជា​កម្មវិធី​មួយ​ដែល​បង្កើត​ឡើង​ក្នុង​អត្ត​ន័យ​ប្រមូលផ្តុំ​នូវ​សារៈ​សំខាន់ និង​ភាព​ដ៏​អស្ចារ្យ​នៃ​សិល្បៈ ទំនៀមទម្លាប់ និង​ឥរិយាបថ​ដ៏​ប្រពៃ​របស់​ប្រជាជន​ខ្មែរ ក្នុង​គោល​​បំណង​បង្កើត​បរិយាកាស​ជូន​អ្នកចូលរួម​ឱ្យ​បាន​យល់​ច្បាស់​អំពី​ភាព​ថ្កើ​ន​ថ្កាន​នៃ​សិល្បៈ​វប្បធម៌ ទំនៀមទម្លាប់ ភាព​ទន់ភ្លន់ និង​ស្នាមញញឹម​ដ៏​ថ្លៃថ្នូរ​ប្រកបដោយ​ភាព​ជឿជាក់ ជា​ពិសេស​ការ​ផ្សារ​ភ្ជាប់​នូវ​ក្តី​ស្រមៃ និង​ក្តី​សង្ឃឹម និង​ភក្តីភាព របស់​ប្រជាជន​ខ្មែរ​ដែល​មិន​អាច​បំភ្លេច​បាន​។

ដោយឡែក​កម្មវិធី «​ភូមិ​ស៊ី​ហ្គេ​ម និង អាស៊ាន​ប៉ា​រ៉ា​ហ្គេ​ម ២០២៣» កម្មវិធី​នេះ​ជា​កម្មវិធី​ផ្សព្វផ្សាយ​ទូលំទូលាយ​ពី​ព្រឹត្តិការណ៍​ស៊ី​ហ្គេ​ម​លើក​ទី​៣២ និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេ​ម​លើក​ទី​១២ ក្រោម​ប្រធានបទ «កីឡា​រស់​ក្នុង​សន្តិភាព​» និង​ដើម្បី​ជា​ការ​ចូលរួម​ចំណែក​ពី​ប្រជាជន​កម្ពុជា​គ្រប់​រូប​ក្នុង​ការ​លើក​ត​ម្កើ​ន​មោទកភាព​ជាតិ ភាព​ដ៏​សម្បូរ​បែប និង​សក្តានុពល​របស់​កម្ពុជា​លើ​ឆាក​ជាតិ និង​អន្តរជាតិ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ