រាជធានីភ្នំពេញ ៖ ពិតជារឿងនឹកស្មានមិនដល់ រហូតតារាកំប្លែងប្រុសដ៏ល្បីឈ្មោះ នាយ ពែកមី រំភើបឥតឧបមា ក្រោយពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានសរសេរសារប៉ុន្មានឃ្លា ពោលសរសើរតារាកំប្លែងរូបនេះ អំពីភាពចុះសម្រុងរបស់លោកជាមួយនឹងអ្នកជិតខាង ជុំវិញរឿងដំណាំនៅជាប់ព្រំរបងគ្នា។
![Picture]()
រឿងរ៉ាវវីដេអូខ្លីមួយ ដែលតារាកំប្លែងមានសម្តីចាក់ទឹកមិនលិច នាយ ពែកមី ដែលមានឈ្មោះពិតថា ចែម ចាន់រ៉ា បានបង្ហោះនោះ គឺលោកបាននិយាយពីអ្នកជិតខាងរបស់ខ្លួនទាក់ទងជាមួយនឹងរឿងដើមស្វាយដែលដាំកៀកព្រំដី។ ដំណាំដើមស្វាយរបស់អ្នកជិតខាងនោះទៀតសោត បានលយមកផ្ទះរបស់លោកប្រមាណជា២ម៉ែត្រ។ ដោយសារតែឃើញដំណាំនៅកៀកព្រំរបងបានលយចូលផ្ទះរបស់នាយ ពែកមី នោះ ម្ចាស់ផ្ទះក៏បានសុំកា.ប់ដើមស្វាយដែលលយចូលផ្ទះតារាកំប្លែងនោះចោល ប៉ុន្តែបែរជា នាយពែកមី មិនព្រមឱ្យកា.ប់ដើមស្វាយនោះទេ។
ក្រោយពេលដែលតារារូបនេះ បានបង្ហោះវីដេអូនោះរួចមក សម្តេចតជោ ហ៊ុន សែន ដែលអ្នកសិល្បៈ និងប្រជាជនខ្មែរភាគច្រើនលើសលប់បានហៅថា «សម្តេចពុកៗ» នោះ បានបញ្ចេញទសន្សៈយល់ឃើញរបស់សម្តេច ដោយសម្តេចតេជោ បានចែកចាយវីដេអូរបស់នាយពែកមី និងបង្ហោះសារអមដែលមានខ្លឹមសារទាំងស្រុងថា «សូមកោតសរសើរលោកកូន ពែកមី និងគ្រួសារមួយទៀតដែលខ្ញុំមិនបានស្គាល់ឈ្មោះ ដែលចេះសម្រួលគ្នា និងរស់នៅជាមួយគ្នាដោយសុខសាន្ត។ សូមមើលវីដេអូនេះ និងផ្តល់នូវការពន្យល់គ្រប់គ្រាន់អំពីរបៀបរស់នៅជិតខាងគ្នា»។
![Picture]()
ប្រាកដណាស់ កន្លងមក យើងតែងតែបានឃើញនូវការកើតមានជម្លោះជារឿយៗរវាងអ្នកជិតខាងគ្នា ដោយសារតែបញ្ហារឿងដើមឈើ ឬដាំដំណាំកៀកព្រំដីឆ្លងចូលទៅដី ឬផ្ទះម្ខាងទៀត ហើយខ្លះក៏កើតមានជាទំនាស់រវាងអ្នកជិតខាងមើលមុខគ្នាមិនចំ ដោយសារតែខឹងឈ្លោះរឿងដំណាំហូបផ្លែ ឬដើមឈើ លយឆ្លងព្រំដីម្ខាងទៅដីម្ខាងទៀត។
សម្រាប់វីដេអូ នាយពែកមី ដែលផ្ទុះការចាប់អារម្មណ៍ រហូតប្រមុខដឹកនាំកំពូលប្រទេសបានចាប់អារម្មណ៍ និងកោតសរសើរនោះ គឺបានឆ្លុះបញ្ចាំងពីទឹកចិត្តចេះស្រុះស្រួលគ្នារវាងនាយពែកមី និងអ្នកជិតខាង ដោយម្ចាស់ដើមស្វាយ មិនចាំបាច់កា.ប់ស្វាយចោល ខណៈនាយពែកមី ក៏អាចទទួលបានផលប្រយោជន៍ពីដើមស្វាយរបស់អ្នកជិតខាងបានដូចគ្នា។
![Picture]()
តាមរយៈវីដេអូដែលនាយពែកមី បានថត និងផ្សព្វផ្សាយនោះ គឺមែកស្វាយរបស់អ្នកជិតខាង បានលយចូលលើដំបូលផ្ទះនាយពែកមីប្រមាណជា២ម៉ែត្រ និងមែកស្វាយមានផ្លែស្វាយយ៉ាងច្រើន ដែលនាយពែកមីបានរៀបរាប់ថា លោកអាចបេះស្វាយដែលលយចូលក្នុងចំណែកផ្ទះរបស់លោកទទួលទានបានយ៉ាងស្រួលផងដែរ។
តាមរយៈបទសម្ភាសន៍ជាមួយសារព័ត៌មានកោះសន្តិភាព ដោយតារាកំប្លែងនាយ ពែកមី បានពោលឱ្យដឹងថា លោកពិតជាសប្បាយរីករាយជាខ្លាំង ក្រោយពេលសម្តេចពុក បានលើកសរសើរលោក ទាក់ទងជាមួយការដែលលោករស់នៅជាមួយអ្នកជិតខាងបានល្អ ដោយចេះអធ្យាស្រ័យ ការអត់ឱនឱ្យគ្នាទៅវិញទៅមក ដូចជាករណីដែលដើមស្វាយអ្នកជិតខាងបានលយមកចំណែកដីកម្មសិទ្ធិរបស់លោកនេះជាដើម។
ទាក់ទងជាមួយរឿងដើមស្វាយរបស់អ្នកជិតខាង ដែលដាំជិតរបង និងលយចូលផ្ទះរបស់លោកនេះ នាយពែកមី បានពោលឱ្យដឹងថា អ្នកជិតខាងរបស់លោកសុំលោកកា.ប់ចោលជាច្រើនដងហើយ ដោយខ្លាចរអែងចិត្តរបស់លោក។ ប៉ុន្តែនាយ ពែកមី បានតបទៅម្ចាស់ដើមស្វាយថា «កុំកា.ប់អី ទម្រាំដាំបានធំប៉ុណ្ណឹង ត្រូវចំណាយពេលពុំតិចឆ្នាំនោះទេ លើសនេះវាក៏ដូចជាមិនប៉ះពាល់អ្វីដែលសម្រាប់លោក ព្រោះវាក៏បានផ្តល់ជាម្លប់ដល់ផ្ទះលោកផងដែរ»។
![Picture]()
នាយ ពែកមី តារាកំប្លែងប្រុសដែលពោរពេញទៅដោយសំនួនវោហារកំប្លែងមិនរីងស្ងួត បានបន្តឱ្យដឹងថា ការយោគយល់អព្យាស្រ័យរវាងអ្នកជិតខាង គឺជារឿងសំខាន់ណាស់។ ជាក់ស្តែងករណីដើមស្វាយរបស់អ្នកជិតខាងលោក គឺមែកស្វាយដែលលយមកផ្ទះលោក គឺលោកអាចបេះហូបផ្លែខ្លះទៅ ខណៈម្ចាស់ផ្ទះក៏ទទួលផលខាងមែកណាដែលនៅក្នុងដីរបស់ម្ចាស់ផ្ទះ ម្ចាស់ផ្ទះបេះហូបទៅ។ ដូច្នេះត្រង់នេះ វាឆ្លុះបញ្ចាំងអំពីការចេះសម្របសម្រួលគ្នា ចេះអត់ឱនឱ្យគ្នាទៅវិញទៅមក ព្រោះមានតែអ្នកជិតខាងនេះហើយដែលយើងតែងតែពឹងពាក់គ្នាទៅវិញទៅមក នៅពេលយើងជួបការលំបាក ឬមានរវល់អ្វីផ្សេងទាំងពិធីការ ពិធីបុណ្យទានផ្សេង ឬគ្រាមានអាសន្នអ្វីមួយជាដើម។
នាយពែកមី ក៏បានលើកឡើងបន្តថា វីដេអូរឿងដំណាំដើមស្វាយជាប់ព្រំរបងនេះ គឺជារឿងពិតរបស់លោក ដោយលោកចង់ចែករំលែកឱ្យបងប្អូនមហាជនបានជ្រាបថា ការរស់នៅជាទូទៅតែងតែប៉ះពាល់គ្នាខ្លះហើយ ជាពិសេសនៅទីក្រុងតែម្តង ដូច្នេះចូរចេះគោរពសិទ្ធិគ្នាទៅវិញទៅមក ចេះយោគយល់គ្នា ទើបនាំឱ្យមានភាពសុខសាន្តទាំងអស់គ្នា។
តារាកំប្លែងរូបនេះបានបន្តថា លោកពិតជាសប្បាយរីករាយជាខ្លាំង ហើយក៏ចង់ចែករំលែកចំណុចល្អទាំងអស់នេះឱ្យមហាជនបានជ្រាប ដូច្នេះលោកសង្ឃឹមថា ចំណុចទាំងនេះ បងប្អូនមហាជននឹងអាចយកជាគំរូតាមលោក ដើម្បីទទួលបានសុខសន្តិភាពទាំងអស់គ្នាជាមួយអ្នកជិតខាង ដែលមានព្រំរបងជាប់ៗគ្នា។ ជាចុងក្រោយ តារាកំប្លែងនាយ ពែកមី ពិតជាអគុណខ្លាំងណាស់ សម្រាប់ការគាំទ្រនាពេលកន្លងមក ដោយលោកជូនពរអោយបងប្អូនមហាជនជួបប្រទះអ្វីដែលល្អៗ ក៏ដូចជាទទួលបានសុខសុភមង្គលក្នុងក្រមគ្រួសារ៕ ដោយ ៖ លីហួ គីមឆាយ
https://www.facebook.com/KohSantepheap60Buzz/videos/870694680901923/
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
ចែករំលែកព័តមាននេះ