រាជធានីភ្នំពេញ ៖ បន្ទាប់ពីបិទបញ្ចប់កម្មវិធីរដូវវប្បធម៌នៅក្នុងរាជធានីភ្នំពេញកាលពីសប្តាហ៍កន្លងទៅ យើងចាប់ផ្តើមរៀបចំកម្មវិធីទស្សនាចរកម្មវិធីរដូវវប្បធម៌ទៅកាន់ខេត្តចំនួន៤ មានដូចជា ៖ ខេត្តកំពង់ធំ, ខេត្តកំពង់ឆ្នាំង, ខេត្តព្រះវិហារ និងខេត្តប៉ៃលិន ដែលសរុបទាំងអស់មានចំនួន១២សហគមន៍ក្នុងប្រទេសកម្ពុជា។
![Picture]()
កម្មវិធីខាងលើនេះ នឹងចាប់ផ្ដើមពីថ្ងៃទី១០-៣០ ខែមីនា ឆ្នាំ២០២៣ ហើយនាំយកផ្ទាំងសិល្បៈទស្សនីយភាព និងកម្មវិធីចែករំលែកចំណេះដឹងមួយចំនួន ដែលដាក់បង្ហាញនៅទីក្រុងភ្នំពេញ ហើយយកទៅសម្តែងនៅតាមបណ្តាខេត្តដែលបានរៀបរាបខាងលើ។
![Picture]()
សប្ដាហ៍ទី១ ៖ ចាប់ផ្ដើមពីថ្ងៃទី ១០-១៤ នៅខេត្តកំពង់ធំ និងខេត្តព្រះវិហារ ដែលមានទីតាំងចំនួន៤ខុសៗគ្នា។
សប្ដាហ៍ទី២ ៖ ចាប់ផ្ដើមពីថ្ងៃទី ១៨-២២ នៅខេត្តកំពង់ឆ្នាំង និងខេត្តប៉ៃលិន ដែលមានទីតាំងចំនួន៤ខុសៗគ្នា។
សប្ដាហ៍ទី៣ ៖ ចាប់ផ្ដើមពីថ្ងៃទី ២៦-៣០ នៅខេត្តកំពង់ធំ និងខេត្តព្រះវិហារ ដែលមានទីតាំងចំនួន៤ខុសៗគ្នា។
![Picture]()
ជាការកត់សម្គាល់ កម្មវិធីរដូវវប្បធម៌ឆ្នាំ២០២៣ ក្រោមប្រធានបទ «តែឯង តែយើង» នឹងនាំលោកអ្នកឱ្យធ្វើការស្វែងយល់អំពីទំនាក់ទំនងរវាងបុគ្គលម្នាក់ៗ បទដ្ឋាន សម្ពាធក្នុងសង្គម និងផលប៉ះពាល់ទៅលើការបញ្ចេញមតិ ក៏ដូចជា ភាពច្នៃប្រតិដ្ឋជាដើម។ កម្មវិធីរដូវវប្បធម៌ដំណើរការជារៀងរាល់ឆ្នាំចាប់តាំងពីឆ្នាំ២០១៨ មកម្ល៉៉េះ ដែលមានគោលបំណងជំរុញការបញ្ចេញមតិ និងភាពច្នៃប្រឌិតទៅដល់ក្រុមយុវជន ជាពិសេសនិស្សិតសាកលវិទ្យាល័យ តាមរយៈការសម្តែង សិក្ខាសាលា ការតាំងពិព័រណ៍ និងកិច្ចសន្ទនាពិភាក្សា។
![Picture]()
អង្គការសិល្បៈខ្មែរអមតៈ បានប្រកាសពីកម្មវិធីរដូវកាលវប្បធម៌ឆ្នាំ២០២៣ ក្រោមប្រធានបទ «តែឯង តែយើង» ដោយនៅក្នុងនោះទម្រង់សិល្បៈបង្កើតថ្មីចំនួន៥ ត្រូវបានលើកយកសម្តែងបង្ហាញជូនអ្នកទស្សនា។
ទម្រង់សិល្បៈទាំង៥នោះរួមមាន ៖ ល្ខោនបុរាណវត្តកៀនស្វាយក្រៅ (រឿង លិនថោង), របាំសហសម័យ «ដូចៗគ្នា» (Same Same), របាំសហសម័យ «ក្លាយ» (Become), តន្ត្រីសហសម័យ «សម្លេង» (Voice) និងល្ខោននិយាយ «ជម្រើសខ្ញុំ» (My Choice)។
![Picture]()
គោលដៅនៃគម្រោង សកម្មភាព និងការសម្តែងនៅក្នុងកម្មវិធីទាំងនេះ គឺដើម្បីលើកកម្ពស់ ការបញ្ចេញមតិ និងភាពច្នៃប្រឌិត នឹងផ្តល់ឱកាសដល់សិល្បករ និងប្រតិបត្តិករក្នុងការអភិវឌ្ឍជំនាញ និងបទពិសោធន៍ថ្មីៗ ព្រមទាំងកសាងធនធានមនុស្ស និងទស្សនិកជនសម្រាប់វិស័យសិល្បៈនៅកម្ពុជា៕
ចែករំលែកព័តមាននេះ