ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្នងផ្សារ ១យប់ ២ថ្ងៃ តើធ្វើអ្វីខ្លះ? ហើយ​ចំណាយអ្វីខ្លះ?

1 ឆ្នាំ មុន
  • កំពង់ស្ពឺ

កំពង់ស្ពឺ៖ ខ្នងផ្សារ ជាតំបន់ទេសចរណ៍ធម្មជាតិដ៏ល្បីល្បាញ នៅ​តំបន់រលាក់កងជើង ដែលជា​តំបន់ព្រៃភ្នំ ហើយប្រជាជននៅទីនោះ ភាគច្រើន ជាជនជាតិភាគតិច។ ខ្នងផ្សារ​ ស្ថិតក្នុង​ភូមិតាំងបំពង…

កំពង់ស្ពឺ៖ ខ្នងផ្សារ ជាតំបន់ទេសចរណ៍ធម្មជាតិដ៏ល្បីល្បាញ នៅ​តំបន់រលាក់កងជើង ដែលជា​តំបន់ព្រៃភ្នំ ហើយប្រជាជននៅទីនោះ ភាគច្រើន ជាជនជាតិភាគតិច។ ខ្នងផ្សារ​ ស្ថិតក្នុង​ភូមិតាំងបំពង ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ​។ ភ្នំខ្នងផ្សារ ជាទីតាំងប្រសព្វ​មុំបី ដែលផ្សារ​ភ្ជាប់ខេត្តចំនួនបី គឺកោះកុង កំពង់ស្ពឺ និងខេត្ត​ពោធិ៍សាត់។ ពេលទៅលេងខ្នងផ្សារ រយៈពេល ១យប់ ២ថ្ងៃ តើធ្វើអ្វីខ្លះ? ហើយត្រូវចំណាយអ្វីខ្លះ?

សម្រាប់​អ្នកមិនធ្លាប់ទៅខ្នងផ្សារសោះ ត្រូវតែមានអ្នកនាំផ្លូវ Guide ដែលគេអាច​ស្វែងរក​ក្រុមសហគមន៍​​ខ្នងផ្សារ ឬក៏​តាមរយៈ​អ្នករៀបចំ​កញ្ចប់​ទេសចរណ៍ពីភ្នំពេញ។

បើចេញដំណើរពីភ្នំពេញ គេងើបពីយប់ អាចម៉ោង ៤ ឬម៉ោង ៥ ចេញដំណើរ ដោយត្រូវធ្វើដំណើរ​តាមផ្លូវជាតិលេខ៤ ទៅកាន់ទីរួមខេត្តកំពង់ស្ពឺ ហើយឆ្លងកាត់​ស្ពានអាកាស​ខេត្តកំពង់ស្ពឺ ប្រហែលជាជាង ១គ.ម បត់ស្តាំ តាមការ៉ាស់សាំង កាល់តិច។ ធ្វើដំណើរប្រមាណ ១គ.ម ឬផ្លូវបត់ឆ្វេង នៅផ្លូវទី២ ដែលជាផ្លូវជាតិលេខ៤៤។ ផ្លូវនេះ ជាផ្លូវអ៊ុតកៅស៊ូ ឆ្ពោះទៅកាន់​ទីរួមស្រុកឱរ៉ាល់ ដែលមានចម្ងាយប្រហែល ៥០គ.ម។ នៅហួសទីរួមស្រុកឱរ៉ាល់ តែប្រមាណជាង ១០០ម៉ែត្រ​ នឹងទៅដល់រង្វង់មូលដំរី។ នៅម្តុំរង្វង់មូលដំរី យើងអាចទទួលទានអាហារពេលព្រឹក ហើយខ្ចប់បាយ សម្រាប់ញ៉ាំពេលថ្ងៃត្រង់​ និងអាចទិញត្រីសាច់ សម្រាប់​យកទៅធ្វើម្ហូប​​។ យើងត្រូវ​បន្តដំណើរទៅមុខត្រង់ ចេញពីរង្វង់មូលដំរី ដែលជាផ្លូវ​ដី​ហុយ​ ប្រមាណ ៣៥គ.ម ដោយឆ្លងកាត់​តំបន់ទេសចរណ៍ធម្មជាតិ «តេទឹកពុះ» នៅខាងឆ្វេងដៃ ហើយយើងបន្តដំណើរទៅមុខ​រហូតដល់ភូមិរលាក់កងជើង​ ដែលជាតំបន់​​​ភ្នំខ្នងផ្សារ​។

ពេលទៅ​ដល់​​ភូមិតាំងបំពង ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ដែលជាតំបន់ភ្នំ​ខ្នងផ្សារ គឺអ្នកទេសចរទាំងអស់ ត្រូវចូល​ទៅចុះឈ្មោះ នៅទីស្នាក់ការឧទ្យានជាតិជួរភ្នំក្រវាញ ដែល​អ្នកស្រុក​ស្គាល់ថា «កន្លែងបរិស្ថាន»។ ក្នុងពេលចុះឈ្មោះ ដាក់លេខទូរស័ព្ទ និងអាសយដ្ឋាន​រួចហើយ អ្នកទេសចរខ្មែរម្នាក់ ត្រូវបង់​លុយ ៤០០០រៀល។ រីឯជនបរទេស ត្រូវបង់ ៥ដុល្លារ ក្នុង ១ថ្ងៃ​។ លុយនេះ ថ្លៃបរិស្ថាន​។ នេះបើតាមមន្ត្រីបរិស្ថាន ប្រចាំការនៅទីស្នាក់ការ​ឧទ្យានជាតិ​ជួរភ្នំក្រវាញ។

បន្ទាប់មក បើអ្នកធ្វើដំណើរដោយឡាន​ គឺត្រូវទុក​ឡាន នៅកន្លែងបរិស្ថាននោះ ហើយ​ជិះគោយន្ត​របស់អ្នកភូមិ​ ដែលជាក្រុមសហគមន៍ខ្នងផ្សារ ដើម្បីឆ្ពោះទៅកាន់​ភ្នំខ្នងផ្សារ​។

មន្ត្រីបរិស្ថានដដែល លើកឡើងថា គោយន្ត ១គ្រឿង អាចជិះបាន​ជាង ១០នាក់​ ថ្លៃ ១២ម៉ឺនរៀល គិតទាំងទៅ និងទាំងមក​។ ចំណែក​ Guide ម្នាក់ ថ្លៃ ៨ម៉ឺនរៀល ដោយគិត ២ថ្ងៃ ១យប់។ នៅពេល​ឡើងខ្នងផ្សារ យ៉ាងហោចណាស់ អ្នកទេសចរ ត្រូវចំណាយពេល ២ថ្ងៃ ១យប់ ដោយឡើងភ្នំ ត្រូវ​ចំណាយ​ពេលជិត ១ថ្ងៃ ហើយឈប់សម្រាកគេង ១យប់ រហូតដល់ព្រឹកឡើងម៉ោង ១០ ឬម៉ោង ១១ ទើបចុះមកក្រោមវិញ​។

សម្រាប់អ្នកមិនស្គាល់ផ្លូវ ដាច់ខាត ត្រូវមាន Guide នាំផ្លូវទៅ ទើបអាចឡើងទៅដល់។ ម្យ៉ាង Guide​ ក៏អាច​​ស្ពាយឥវ៉ាន់ ឬក៏ដឹកតាមម៉ូតូ​នូវកាបូប និងសម្ភារៈរបស់អ្នកទេសចរ​ ព្រមទាំង​ចម្អិត​ម្ហូប​អាហារ​​​នៅលើភ្នំ​ផងដែរ​។

សម្រាប់អ្នកជិះម៉ូតូវិញ គឺ​ពេលនេះ គេកំពុងធ្វើផ្លូវ ដែលអាចបើកម៉ូតូឡានឡើងចុះបាន។ ការដ្ឋាន​ធ្វើផ្លូវ​ទៅកាន់ខ្នងផ្សារ ត្រូវបាន​អ្នកស្រុក និងមន្ត្រីបរិស្ថាន ប្រាប់ថា ក្រុមហ៊ុនចិន កាយធ្វើផ្លូវ ដើម្បី​រៀបចំ​បង្គោល​​ភ្លើង ដែល​ចេញពី​វារីអគ្គិសនី នៅខេត្តកោះកុង​។ ប៉ុន្តែ​បើពិនិត្យ​តាមជាក់ស្តែង គឺផ្លូវថ្មី ដែល​កាយធ្វើ​លុបលើ​ផ្លូវចាស់នោះ គោលបំណង ដើម្បី​បើកឡានម៉ូតូ ឡើងឱ្យដល់​ចំការដើមស្រស់ នៅលើកំពូលភ្នំ ដែលជា​​តំបន់​ភ្នំខ្នងផ្សារ​តែម្តង​។

ដើម្បី​​ឱ្យ​ដំ​ណើរ​កម្សាន្ត​ទៅ​កាន់​ខ្នង​ផ្សារ ងាយស្រួល សម្រាប់អ្នកមិនដែលទៅសោះ គួរតែ​ទៅតាម​ Tour ដែល​គេរៀបចំជាកញ្ចប់ទេសចរណ៍ ១ Set។ ដំណើរកម្សាន្តទៅកាន់ខ្នងផ្សារ ២ថ្ងៃ ១យប់ គឺបើធ្វើដំណើរតាមម៉ូតូផ្ទាល់ខ្លួន ត្រូវបង់​ម្នាក់ ២២ដុល្លារ​។ បើធ្វើដំណើរតាមឡាន ថ្លៃ ៤៩ដុល្លារ ( អ្នករៀបចំ​កញ្ចប់ទេសចរណ៍ ជួលឡានស្រាប់ )។

តម្លៃកញ្ចប់​ទេសចរណ៍ ១យប់ ២ថ្ងៃនេះ គឺខាងអ្នករៀបចំ​ រ៉ាប់រង​លើអាហារ ៣ពេល ( ពេលល្ងាច​ទៅដល់ មានបាយ ម្ហូបចម្អិតភ្លាមៗ នៅតំបន់ខ្នងផ្សារ ពេលព្រឹកថ្ងៃទី២ មានបបរ​មាន់ និងមាន​បាយម្ហូប សម្រាប់ខ្ចប់​ ពេលចុះក្រោមវិញ ) ទឹកបរិភោគ Guide នាំផ្លូវ តង់ស្នាក់នៅ និង​​បង់ថ្លៃ​​បរិស្ថាន។ នេះសម្រាប់អ្នកធ្វើដំណើរតាមម៉ូតូផ្ទាល់ខ្លួន។ សម្រាប់អ្នកធ្វើដំណើរតាមឡាន គឺ​អ្នករៀបចំ​ជួលឡានឱ្យ និងមានអាហារ ៣ពេល ទឹកបរិភោគ Guide នាំផ្លូវ តង់ស្នាក់នៅ និងបង់ថ្លៃបរិស្ថាន ដូចម៉ូតូដែរ​។

សម្រាប់អ្នកធ្វើដំណើរតាមឡាន គឺពេលទៅដល់​កន្លែងបរិស្ថាន បន្ទាប់ពីចុះឈ្មោះរួច ត្រូវបន្ត​ដំណើរ​តាមគោយន្ត ឆ្ពោះទៅកាន់​ផ្លូវដើរ​ឡើង​ខ្នងផ្សារ​។ រីឯអ្នកធ្វើដំណើរតាមម៉ូតូ បន្តជិះម៉ូតូ ចេញពី​កន្លែងបរិស្ថាន តាមផ្លូវ​ឡើងខ្នងផ្សារ រហូតដល់​ចង្កេះភ្នំ ទើបផ្ញើម៉ូតូ នៅកន្លែង​ ដែលគេរៀបចំ ហើយ​ដើរឡើងភ្នំ​។​

គេអាចចំណាយពេលលឿនយឺត តាមអ្នកដើរម្នាក់ៗ តែយ៉ាងហោចណាស់ ក៏មិនក្រោម ៣ម៉ោងដែរ ដោយសារតែត្រូវចាំគ្នាផង ហត់ផង ឈប់សម្រាកផង ហើយមេឃក្តៅទៀត នៅខែនេះ។ ណាមួយ ផ្លូវថ្មី ដែលគេ​កំពុងឈូសឆាយនោះ វាល មិនសូវមានម្លប់ជ្រក ដូចផ្លូវចាស់ ដែលជារបៀប​ផ្សងព្រេង ឬ Adventure។

តាមបទពិសោធន៍ កាលពីថ្ងៃសៅរ៍-អាទិត្យ ទី៤-៥មីនានេះ ការធ្វើដំណើរចេញពីភ្នំពេញ ទៅលេង​ខ្នងផ្សារ គឺត្រូវជួបជុំ​គ្នា នៅម៉ោង ៤ទៀបភ្លឺ នៅមុខមន្ទីរពេទ្យកុមារជាតិ ​ទាំងអ្នកធ្វើដំណើរ​តាមម៉ូតូ និងតាមឡាន។ ទម្រាំជួបជុំគ្នា ម៉ោង ៥ ទើបបានវិលកង់ ចេញដំណើរ​។ ម៉ោងជាង ៨ អ្នកធ្វើដំណើរ​តាមម៉ូតូ និងតាមឡាន ទៅជុំគ្នានៅកន្លែងបរិស្ថាន ហើយបន្តដំណើរ ទៅកាន់​ខ្នងផ្សារ​។

អ្នកដើរឡើងភ្នំ ដែលស្ពានតវ៉ាន់​ ដូចជា តង់ ទឹកបរិសុទ្ធ និងកាបូប​សម្លៀកបំពាក់ ជាដើម បានឡើង​ដល់កន្លែងស្នាក់ នៅតំបន់ខ្នងផ្សារ ម៉ោងជាង ២រសៀល​។ ដូច្នេះគេត្រូវខ្ចប់បាយ ឬមានអាហារសម្រន់ សម្រាប់​ទទួលទាន ពេលបាយ​ថ្ងៃត្រង់​។​ ទម្រាំ​ជួបជុំ​គ្នាអស់ ដោយសារតែមានអ្នកដើរយឺត រហូតម៉ោង ៥ល្ងាច​។

នៅខែនេះ មេឃស្រឡះ ថ្ងៃលិច និងថ្ងៃរះស្អាត។ តែសប្តាហ៍នេះ ចំពេល​សហគមន៍ដុតស្មៅ ដែលក្រៀមស្វិត ដើម្បី​ឱ្យលាស់ស្មៅខ្ចី​ ពណ៌ខៀវស្រងាត់ឡើងវិញ​ ដោយអាចចំណាយពេល ២អាទិត្យ ទៅ ៣អាទិត្យទៀត។​

.ធ្វើអ្វីខ្លះ ពេលឡើងដល់​តំបន់​ខ្នងផ្សារ?

នៅពេលឡើងដល់​តំបន់ខ្នងផ្សារ ដែលជាកន្លែងស្នាក់នៅ ដោយបោះតង់​ គឺ​ក្រុម​អ្នកនាំផ្លូវ រៀបចំ​ដាំទឹក ដាំបាយ និងធ្វើម្ហូប ដោយ​អ្នកទេសចរយើង អាចជួយ​គ្នា ១ដៃ ១ជើង​ ដើម្បី​ចម្អិត​អាហារ សម្រាប់​បាយ​ពេលល្ងាច។ មុនពេលបាយល្ងាច អ្នកទេសចរយើង អាចឡើងទៅលើ​ភ្នំខ្នង​សំពៅ​។

សូមបញ្ជាក់ថា អ្នកទេសចរ ពេលឡើងដល់តំបន់ខ្នងផ្សារ ត្រូវបោះតង់ស្នាក់នៅ​ជាប់ជើង​ខ្នងភ្នំសំពៅ ជាប់ចំការដើម​ស្រល់ ដោយសារតែនៅទីនោះ មានស្នាក់ការមន្ត្រីបរិស្ថាន និងមានបន្ទប់ទឹកស្អាត​ ១អគារ ច្រើនបន្ទប់​។ បន្ទប់ទឹកទាំងនេះ អ្នកទេសចរ អាច​បត់ជើង និងងូតទឹក​ ព្រមទាំង​ប្រើប្រាស់ទឹកស្អាតបាន​​ ដោយឥតគិតថ្លៃ​។

នៅទីនេះ មានត្រឹមភ្លើងអំពូល​សូឡា ដែល​មិនសូវភ្លឺប៉ុន្មានទេ នៅពេលយប់។ ដូច្នេះ​អ្នកទេសចរម្នាក់ៗ ត្រូវមានពិល​ និងប្រដាប់បំភ្លឺផ្ទាល់ខ្លួន ព្រមទាំង​មានសាប៊ូ ជាសាប៊ូម្ស៉ៅ សាប៊ូកក់សក់ និងសាប៊ូលាងចានឆ្នាំង​។​​

បន្ទាប់ពី​បាយ​ល្ងាចហើយ ក៏មានកម្មវិធី​អង្គុយជុំវិញភ្នក់ភ្លើង ញាំតែ កាហ្វេ ដុតដំឡូង ជជែកគ្នា​លេង មើលផ្កាយ មើលទេពស្រយុត ជាដើម។​ មុនបាយល្ងាច Guide បានចែក​តង់ និងបោះតង់​​ សម្រាប់អ្នកទេសចរ ហើយ​អ្នកទេសចរ ក៏អាចជ្រើសរើស គេងលើអង្រឹង ក៏បាន​។ នៅពេលយប់ អាកាសធាតុ​ចុះត្រជាក់ខ្លាំងមែនទែន ដែលទាមទារឱ្យមានភួយ​ក្រាស់ៗ ហើយ​បើគេងក្នុងតង់​ មិនសូវ​ត្រជាក់​រងារខ្លាំង ដូចគេងលើអង្រឹង​នោះទេ​។​

​នៅព្រឹកថ្ងៃទី២ គឺ​ត្រូវក្រោកពីម៉ោង ៤ព្រឹក ហើយ​ជួបជុំគ្នា ដើរទៅកាន់​ខ្នងផ្សារ ដើម្បីមើលថ្ងៃរះ និង​​ថតរូប។ នៅលើកំពូលភ្នំ ខ្នងផ្សារ អាកាសធាតុកាន់តែត្រជាក់រងារខ្លាំង​ជាង​នៅកន្លែងគេង​ទៅ​ទៀត។ កន្លែងបោះតង់គេងនេះ ស្ថិតនៅជាប់ជើងភ្នំខ្នងសំពៅ ហើយ​ខ្នង​ស្រូវ នៅកន្លែង និងបន្ទាប់​មក គឺខ្នងផ្សារ។ ដោយឡែក​នៅខាងក្រោយ កន្លែងគេង មើលទៅឃើញ​ភ្នំខ្នងក្រពើ ដែលវែងហើយធំជាងភ្នំខ្នងសំពៅ ខ្នងស្រូវ និងខ្នង​ផ្សារ​​ទៅទៀត​។ បើសិនជា​ត្រូវទៅលេង​នៅខ្នង​ក្រពើ ត្រូវចំណាយពេលគេង ១យប់ទៀត ដោយត្រូវទៅគេងនៅខ្នង​ក្រពើ នាយប់ថ្ងៃទី២​។

អ្នកទេសចរ ត្រូវចំណាយពេលជាង ១ម៉ោង ដើម្បីដើរពីកន្លែងបោះតង់គេង ទៅកាន់ខ្នងផ្សារ ដោយមាន Guide នាំផ្លូវ។ ផ្លូវដើរនេះ ជាផ្លូវ សម្រាប់តែថ្មើរជើង និងមានលក្ខណៈ​ផ្សងព្រេង​ តាមរសជាតិដើមពិតៗ​។ ទៅដល់​ខ្នង​ផ្សារ មេឃ​មិនទាន់​ភ្លឺ​ទេ​។ យើងអាចឈប់សម្រាក​ រហូតដល់​ម៉ោងជាង ៦ព្រឹក ទើបថ្ងៃរះ​ ឡើងមូលក្រឡង់ ពណ៌ក្រហម​ឆ្អៅ ចំពោះពីមុខ​ពយខ្នងផ្សារ​។ ប៉ុន្តែ​ដូច​ Guide ប្រាប់នៅកន្លែងគេងមុននេះ គឺនៅលើខ្នងផ្សារ អាកាសធាតុ​ត្រជាក់រងារខ្លាំង រហូតដល់​ត្រជាក់​ស្ពឹក​ចុងដៃ ទោះជាម្នាក់ៗ ពាក់អាវរងារក្រាស់ៗ មានភួយ និងកន្លែងក្រាស់​ៗ ដណ្តប់​ហើយក៏ដោយ​។

បន្ទាប់ពីមើលថ្ងៃរះ និងថតរូប​អស់ចិត្តហើយ ម៉ោង ៧ព្រឹក​ Guide បាននាំក្រុមអ្នកទេសចរ ដើរត្រឡប់​មកកន្លែងបោះតង់វិញ​។ ពេលមកដល់ ឈប់បាត់ហត់ គេអាចទទួលទាន​បបរ​មាន់​ក្តៅៗ ដែល​ក្រុមការងាររបស់ Guide បានចម្អិតដ៏ឆ្ងាញ់ពិសា​។ អ្នកខ្លះបបររួច ដាក់កាហ្វេកញ្ចប់​ ឬតែក៏បាន​។ ក្រោយញ៉ាំបបរ​ហើយ សម្រាកបន្តិច រៀបចំឥវ៉ាន់ និងរើតង់​ ហើយខាង Guide រៀបចំឱ្យអ្នកទេសចរ ខ្ចប់​បាយ និងម្ហូប​ សម្រាប់​ញ៉ាំ ពេលចុះក្រោមវិញ​។ ពេលចុះពីខ្នងផ្សារ អ្នកដើរលឿន អាចចំណាយពេល មិនដល់ ១ម៉ោងទេ ដោយដើរផង និងរត់តិច​ផង នឹងមកដល់កន្លែងគោយន្ត និងម៉ូតូ។ តែក៏ត្រូវប្រយ័ត្នដែរ ព្រោះ​ពេលគេឈូសឆាយផ្លូវនេះ រាងចោទ ហើយផ្លូវមិនទាន់រួចរាល់ ក៏អាចរអិល​ដួល​ផងដែរ​។

ក្រៅពី​អ្នកឡើងភ្នំខ្នងផ្សារ តាមរយៈ​ Guide ក៏មានក្រុម​យុវជន​ ទៅលេង និងបោះតង់គេង ជាក្រុមៗ ដោយមិនមាន Guide បានដែរ​។ នេះសម្រាប់អ្នកដែលធ្លាប់ទៅលេងខ្នងផ្សារ និងស្គាល់​ផ្លូវច្បាស់​លាស់ហើយ​។ ណាមួយ ពេលនេះ មានផ្លូវថ្មី ដែលគេឈូសឆាយ​ធំ ហើយមានតែ ១ ដូច្នេះ​នឹងមិន​រង្វេង​ផ្លូវ ក្នុងព្រៃ​ដូចមុនទេ​។

.ក្រុម​មន្ត្រីបរិស្ថាន និង​សហគមន៍​ខ្នងផ្សារ

ក្រុមមន្ត្រី​បរិស្ថាន មានកិច្ចសហការល្អ ជាពិសេស​ជាមួយ​នឹងក្រុមហ៊ុន ដែលជាអ្នកនាំភ្ញៀវ​ពីភ្នំពេញ ទៅ​លេងខ្នងផ្សារ។ ក្រុមន្ត្រីបរិស្ថាន ក៏ធ្វើការ និង​សហការ​ជាមួយ​នឹងក្រុមសហគមន៍ ដែល​គេ​ហៅថា Guide និងជាអ្នកស្រុកអ្នកភូមិនៅតំបន់ខ្នងផ្សារ សម្រាប់​នាំ​ផ្លូវ​អ្នកទេសចរ ទៅ​លេង​លើភ្នំ​ខ្នង​ផ្សារផងដែរ​។

តែក៏មាន Guide ជាអ្នកភូមិ​ក្នុងសហគមន៍ខ្លះ មិនសហការ​ជាមួយ​មន្ត្រីបរិស្ថាន ដោយមិនជួយ​រៀបចំធ្វើការងារសហគមន៍ ដូចជា ការពារ​សត្វព្រៃ សម្អាត​បរិស្ថាន រៀបចំ​សង់រោងបាយ និងសម្អាត​បន្ទប់ទឹក ជាដើម។ ​

អ្នកទេសចរ ទៅខ្នងផ្សារ តាមរយៈ​ Guide​ ពីសហគមន៍ ហាក់ដូចជា មិនអធិកអធ័ម ដូចក្រុម​អ្នក​ទេសចរ ដែលធ្វើដំណើរ ទៅតាម Guide របស់​ក្រុមហ៊ុន ដែលមានកិច្ចសហការល្អ​ជាមួយ​​មន្ត្រី​បរិស្ថាន ដែលទទួលបន្ទុកគ្រប់គ្រង មើលការខុសត្រូវ​តំបន់​ខ្នងផ្សារ​នោះទេ​។ ដូច្នេះទើប​​កន្លងមក កើតមានករណី​​លួច​វាយសោរ​ទ្វាររបស់​មន្ត្រីបរិស្ថាន ដែលជាកន្លែងទុកដាក់ឥវ៉ាន់​ នៅលើខ្នងផ្សារ​ជាញឹកញាប់។​

អ្នក​ទេសចរ ទៅតាម​ Guide ដែលជាដៃគូសហការ​របស់មន្ត្រីបរិស្ថាន​ អាច​ប្រើបន្ទប់ទឹក​ដោយឡែក​ពី​​អ្នកទេសចរ​ឯកជន ឬក៏ទៅតាម Guide​ សហគមន៍​។ អ្នកទេសចរ​ឯកជន ​ឬ​ក៏​ទៅ​តាម Guide​ សហគមន៍​ ក៏មិនអាចប្រើប្រាស់ចង្ក្រាន្ត ដុតអុស​ និង​រោង​​បាយរបស់មន្ត្រីបរិស្ថាន​ ដែលស្ថិត​នៅ​ជិត​​នឹង​​បន្ទប់​ទឹក​​​​បានទេ​។ តែពួកគេ អាចប្រើប្រាស់​ទឹកស្អាត សម្រាប់ប្រើប្រាស់ លាងចានឆ្នាំង និង​បន្ទប់ទឹក​​ស្អាតទាំងនោះ បាន​ដោយមិនគិតថ្លៃ​។

ការមិន​អនុញ្ញាត​ឱ្យ​ប្រើ​បន្ទប់ទឹក​ឡូកលំគ្នាដូច្នេះ ត្រូវបានបុរស​​ម្ចាស់ផេក «ស្តេចព្រៃ» ដែល​អះ​អាង​​​ថា ជា​ក្រុមហ៊ុន​ទេសចរណ៍​​ និងមានទំនាក់ទំនង​​ល្អរបស់មន្ត្រីបរិស្ថាន បានបញ្ជាក់ថា ការបែង​ចែកដូច្នេះ ដោយ​សារតែកន្លងមក ក្រុម Guide សហគមន៍ និងអ្នកទេសចរមួយចំនួន ប្រើ​ប្រាស់​បន្ទប់​​​ទឹក មិនមានអនាម័យ បង្កការកកស្ទះ និងមានក្លិនមិនល្អ ជាដើម។​ ដូច្នេះហើយ ទើប​បែង​ចែក​បន្ទប់​ទឹក​​ឱ្យដាច់ពីគ្នា ដើម្បី​ដឹង​ថា តើអ្នកទេសចរ​​ខាងណា ប្រើប្រាស់បន្ទប់ទឹក បង្ក​ការ​កកស្ទះ និងមិនមាន​អនាម័យ​។​

បុរសអ្នកជំនាញដើរព្រៃ និងនាំអ្នកទេសចរទៅលេងព្រៃភ្នំរូបនេះ ក៏បានឱ្យដឹងពីតម្លៃជួល Guide សហគមន៍នៅខ្នងផ្សារថា តម្លៃគោល ក្នុង ១ថ្ងៃ ២០ដុល្លារម្នាក់ ហើយបើ​ស្ពាយឥវ៉ាន់​លើស ១៦​គ.ក គឺត្រូវ​គិតតម្លៃ ១គ.ក ៦០០០​រៀល ឡើង និងចុះវិញថ្លៃ ៦០០០​រៀល ក្នុង ១គ.ក។ ក្នុងនោះ ក៏មាន Guide សហគមន៍ខ្លះ ទារថ្លៃស្ពានឥវ៉ាន់ឡើងចុះភ្នំ​ខ្នងផ្សារ តម្លៃ ១គ.ក រហូត​ដល់ ១ម៉ឺន​រៀល​ផងដែរ៕

( ទិដ្ឋភាពតំបន់ខ្នងផ្សារ នាថ្ងៃទី៤-៥មីនា ឆ្នាំ២០២៣ )

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ