រាជធានីភ្នំពេញ ៖ ផ្ទុះការចាប់អារម្មណ៍ និងការស្ងើចសរសើរជាថ្មីម្តង ទាក់ទងជាមួយបទ «ដាក់ទានស្នេហ៍បង» ដែលកាលពីកន្លងទៅ ទទួលបានការគាំទ្រយ៉ាងច្រើនកុះករ ពោលគឺការចូលមើលបទមួយនេះ ដោយមានចំនួនរាប់លានដងត្រឹមតែរយៈពេលប៉ុន្មានថ្ងៃប៉ុណ្ណោះ។

កាលពីពេលថ្មីៗនេះ កំលោះតូច ផារិន ដែលមានស្រុកកំណើតនៅភូមិអំពៅព្រៃ ឃុំអំពៅព្រៃ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល បានធ្វើការបកស្រាយចម្រៀងដែលផ្ទុះខាងលើដោយផ្ទាល់ជាមួយម៉ៃក្រូហ្វូនសារជាថ្មីម្តងទៀត ដែលជាការស្នើសុំរបស់ពុកម៉ែបងប្អូន ហ្វេនៗ ដោយចង់ស្តាប់ដោយផ្ទាល់ថា តើពីរោះប៉ុនណា? ប្រាកដណាស់ ក្រោយការច្រៀងដោយផ្ទាល់ពិតជាពីរោះរណ្តំតែម្តង រហូតដល់មានបងប្អូនដែលនៅក្នុងរោងពិធីបានអោយថវិការខ្លះៗដល់ប្អូនប្រុស ផារិន ដែលធ្លាប់ទទួលបានកាគាំទ្រ និងភាពល្បីល្បាញនាពេលកន្លងមក។

តាមរយៈបទសម្ភាសន៍ជាមួយសារព័ត៌មានកោះសន្តិភាពអោយបានដឹងថា កាលពីពេលថ្មីៗនេះ នៅជិតផ្ទះរបស់ប្អូនផ្ទាល់ ដោយអ្នកជិតខាងគេធ្វើពិធីមង្គលពិសារស្លាដកកន្សែង ដូច្នេះម្ចាស់កម្មវិធីក៏បានហៅប្អូនមកច្រៀងកម្សាន្តលេងដើម្បីជាអបអរ និងកំដររោងអោយមានភាពអ៊ូអរ ព្រោះសម្លេងប្អូនក៏មិនចាញ់តារាល្បីៗនោះឡើយ ក្រោយពីផ្ទុះបីបទមកនេះ។

កំលោះសង្ហា ផារិន បានរៀបរាប់បន្តថា កាលពីប៉ុន្មានថ្ងៃមុននេះ ប្អូនត្រូវបានម្ចាស់កម្មវិធីហៅអោយទៅច្រៀងអោយគេស្តាប់ ដោយគេដឹងថា សម្លេងរបស់ ផារិន ពីរោះ ដូច្នេះគេក៏ហៅអោយមកច្រៀងថា តើការច្រៀងផ្ទាល់ពីរោះដូចជាការថតទុកដែរឬទេ?

ជាការកត់សម្គាល់ នៅពេលដែលបកស្រាយបទ «ដាក់ទានស្នេហ៍បង» ស្រាប់តែមានបងប្អូន ហ្វេន និងអ្នកមកចូលរួមកម្មវិធីជាច្រើនបានអោយថវិកាប្អូន ដោយខ្លះបានអោយ១ម៉ឺនរៀល ខ្លះអោយ២ម៉ឺនរៀល ឬច្រើនជាងនេះក៏មានដែរ។ ជុំវិញការអោយថវិការនេះដែរ អាចនិយាយបានថា ទោះមិនច្រើនក្តី តែនេះជាទឹកចិត្តបន្តិចបន្តួចរបស់ពួកគាត់ ដែលមានចិត្តអាណិតស្រឡាញ់ចំពោះ ផារិន។

ងាកមកសម្លេងរបស់ប្អូន ផារិន វិញ ឃើញថា ការច្រៀងផ្ទាល់ និងការចាក់សម្លេងស្តាប់ដូចជាមិនខុសគ្នានោះទេ ពោលគឺនៅតែពីរោះ អន្លង់អន្លោច និងពោរពេញទៅដោយទឹកដមសំឡេងកម្លាំងខ្លាំងៗដដែល។
ទន្ទឹមនឹងភាពល្បីល្បាញមកដល់បច្ចុប្បន្ននេះ ប្អូនប្រុស ផារិន ហាក់ដូចជាមិនទាន់បានចេញបទ Cover បទណាថ្មីនៅឡើយទេ ហើយក៏ពុំទាន់មានផលិតកម្មក្នុងស្រុកណាមួយហៅប្អូននោះដែរ។

គួររលឹកផងដែរថា ប្អូន ផារិន មានក្តីស្រម៉ៃចង់ក្លាយជាតារាចម្រៀងដែលមានភាពល្បីល្បាញ ដោយប្អូនធ្លាប់បានបង្ហើបថា ថ្ងៃអនាគត ប្អូនចង់ក្លាយជាតារាចម្រៀងមួយដួង ដែលមានភាពល្បីល្បាញ និងមានមហាជនបានគាំទ្រជាច្រើននាក់។ ជាចុងក្រោយ កំលោះតូច ផារិន ក៏អគុណពុកម៉ែ បងប្អូន សម្រាប់ការគាំទ្រកន្លងមក ដោយប្អូនជាអ្នកក្រខ្យត់ ប្អូនមានតែម្រាមដៃដប់សំពះអគុណតែប៉ុណ្ណោះ។ ដោយ ៖ លីហួ គីមឆាយ


ចែករំលែកព័តមាននេះ