រាជធានីភ្នំពេញ ៖ តារាចម្រៀងនាង ពេជ្រ សូលីកា ប្រកាសជាសាធារណៈដោយទទួលផ្សព្វផ្សាយរបន្លែធម្មជាតិរបស់កសិករខ្មែរនៅទូទាំងប្រទេសដោយមិនយកប្រាក់ ខណៈពេលប្រជាពលរដ្ឋស្ទើរទូទាំងប្រទេស កំពុងងាកមកប្រើប្រាស់ផលិតផលក្នុងស្រុកកាន់តែច្រើន ក្រោយជម្លោះនៅព្រំដែនកម្ពុជា និងថៃ ។

សកម្មភាពពីតារាចម្រៀងរូបនេះបានទទួលការសាទរ និងគាំទ្រយ៉ាងខ្លាំងពីមហាជន ក្នុងពេលដែលប្រជាពលរដ្ឋនៅទូទាំងប្រទេស កំពុងបង្ហាញកម្លាំងសាមគ្គីខ្មែរជួយខ្មែរ ។
តាមរយៈសំណេរបង្ហោះលើបណ្តាញសង្គមតារាចម្រៀង ពេជ្រ សូលីកា បានអះអាងថានាងខ្ញុំសូមប្រកាស សម្រាប់បងប្អូនកសិករ ដែលដាំបន្លែធម្មជាតិទាំងអស់ទូទាំងប្រទេសកម្ពុជា នាងខ្ញុំទទួលផ្សព្វផ្សាយជូនដោយមិនគិតកម្រៃ ។

នាងបញ្ជាក់ថា នាងទទួលបន្លែផ្ទាល់ដើម្បីផ្សព្វផ្សាយពីគុណភាព នឹងកសិករណាដែលមានទីតាំងជិតនាងនឹងចុះទៅដល់ផ្ទាល់ សូមទាក់ទងមកកាន់ Telegram 0977380183 ។
ជាការកត់សម្គាល់ តាមរយៈសកម្មភាពខាងលើនេះ មិនមែនមានតែ ពេជ្រ សូលីកា ម្នាក់នោះទេ ពោលកន្លងមក គេក៏ឃើញមានអ្នកសិល្បៈមួយចំនួនទៀត ក៏បានប្រកាសពីការធ្វើរឿងដូចគ្នានេះដែរ នៅអំឡុងពេលកម្ពុជាបានរងគ្រោះពីការឈ្លានពានពីប្រទេសថៃ ។

គួរបញ្ជាក់ថា អំឡុងកើតមានជម្លោះតាមព្រំដែនរវាងកម្ពុជា និងថៃនោះមក តារាចម្រៀងនាង ពេជ្រ សូលីកា ក៏ដូចជាអ្នកសិល្បៈជាច្រើនទៀតបានចូលរួមយ៉ាងសកម្មនៅក្នុងន័យចូលរួមគាំទ្ររាជរដ្ឋាភិបាល និងលើកទឹកចិត្តកងទ័ពជួរមុខ ។
ជាក់ស្តែង តារាស្រីរូបនេះបានផ្តើមជាយុទ្ធនាការដើរដោយថ្មើរជើងក្នុងន័យគាំទ្រសន្តិភាពសម្រាប់ប្រទេសកម្ពុជាចំនួន២លើក គឺនៅភ្នំពេញ និងខេត្តសៀមរាប ។

ពេជ្រ សូលីកា រួមជាមួយអ្នកគាំទ្រជាច្រើនរូបបានរៀបចំការដើរថ្មើរជើងដើម្បីសន្តិភាពនៅលើទឹកដីអង្គរ ក្នុងគោលបំណងជាស្មារតី សម្លេង និងកម្លាំងសាមគ្គីជូនដល់ប្រទេសជាតិកម្ពុជា ដែលកំពុងរងការឈ្លានពានពីប្រទេសថៃនៅតាមខ្សែបន្ទាត់ព្រំដែន ។ការដើរថ្មើរជើងនេះ ចាប់ផ្តើមពីបរិវេណប្រាសាទអង្គរឆ្ពោះទៅកាន់ទីលានជល់ដំរី ។
តារាចម្រៀងនាង ពេជ្រ សូលីកា បានលើកឡើងថា ដំណឹងដ៏រំភើបមួយទៀត នាងខ្ញុំបានទទួលការអនុញ្ញាតពីអាជ្ញាធរអប្សរា តាមសំណើរបស់នាងខ្ញុំ ក្នុងការដើរថ្មើរជើងសន្ដិភាព មុខបរិវេណប្រាសាទអង្គរវត្ត ឆ្ពោះទៅទីលានជល់ដំរី ព្រឹកថ្ងៃទី២៩ ខែ កក្កដា ឆ្នាំ២០២៥ ។

នាងបញ្ជាក់ថា កម្មវិធីនេះ ធ្វើឡើងក្នុងគោលបំណងសន្តិភាព និងភាពយុត្តិធម៌ដល់ប្រទេសជាតិយើងតែប៉ុណ្ណោះ វាជាការដើររួបរួមនៃការផ្ដល់កម្លាំងចិត្តជូនដល់ ពូៗ បងៗ កងទ័ពជួរមុខ ។
នាងថា វាគ្រាន់តែជាសម្លេងមួយដែលនាងខ្ញុំអាចធ្វើបានជូនប្រទេសជាតិ ខ្ញុំបានសុំសម្រាកពីការងារ ដើម្បីធ្វើរឿងដែលខ្ញុំគិតថា ត្រឹមត្រូវសម្រាប់ប្រទេសជាតិរបស់ខ្ញុំ ។
យ៉ាងណា ការបង្កើតឲ្យមានកម្មវិធីដើរដោយថ្មើរជើង ដើម្បីសន្តិភាពពីតារាចម្រៀងនាង ពេជ្រ សូលីកា នាពេលនេះ គឺមានការគាំទ្រយ៉ាងច្រើនពីមហាជន ក្នុងពេលដែលប្រជាពលរដ្ឋនៅទូទាំងប្រទេសចង់បានសន្តិភាព ដោយមិនត្រូវការសង្គ្រាមនោះឡើយ ៕


ចែករំលែកព័តមាននេះ