ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា ទទួលស្វាគមន៍ភ្ញៀវទេសចរចិន ១២៥នាក់ ដែលមកពីទីក្រុងប៉េកាំង

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ៖ កម្ពុជា បានរៀបចំការទទួលស្វាគមន៍ចំពោះភ្ញៀវទេសចរចិន ១២៥នាក់ ដែលមកពីទីក្រុងប៉េកាំង។ ពិធីទទួលស្វាគមន៍​អ្នកទេសចរចិននេះ បានធ្វើឡើង នៅកាំជណ្តើរយន្តហោះ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នាថ្ងៃទី៧…

រាជធានីភ្នំពេញ៖ កម្ពុជា បានរៀបចំការទទួលស្វាគមន៍ចំពោះភ្ញៀវទេសចរចិន ១២៥នាក់ ដែលមកពីទីក្រុងប៉េកាំង។ ពិធីទទួលស្វាគមន៍​អ្នកទេសចរចិននេះ បានធ្វើឡើង នៅកាំជណ្តើរយន្តហោះ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នាថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៣ ដោយសារនេះជាជើងហោះហើរពីប៉េកាំង មកភ្នំពេញឡើងវិញ លើកទី១ ក្រោយរដ្ឋាភិបាលចិន បើកឱ្យប្រជាជនធ្វើដំណើរចេញក្រៅប្រទេសឡើងវិញ ចាប់ពីថ្ងៃទី៨ ខែមករា ឆ្នាំ២០២៣។

ការទទួលស្វាគមន៍នេះ រៀបចំដោយក្រសួងទេសចរណ៍ រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ក្រុមហ៊ុនគ្រប់គ្រងអាកាសយានដ្ឋានកម្ពុជា សមាគមទេសចរណ៍កម្ពុជា និងស្ថានទូតចិនប្រចាំកម្ពុជា។

នាឱកាសនោះ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានឱ្យដឹងថា ភ្ញៀវទេសចរចិនដែលចុះមកក្នុងថ្ងៃនេះ គឺមានចំនួន ១២៥នាក់ អ្នកខ្លះ មកដើរលេង តាមរយៈក្រុមហ៊ុនទេសចរណ៍ និងមកដើរលេងជាមួយមិត្តភក្តិធម្មតាខ្លះ។ ប្រតិបត្តិការហោះហើរនេះ ធ្វើឡើងដោយក្រុមហ៊ុនអាកាសចរណ៍ Air China ដែលជាក្រុមហ៊ុនអាកាសចរណ៍របស់រដ្ឋចិន។

លោករដ្ឋមន្ត្រី ថោង ខុន បានបន្តថា «បន្ទាប់ពីការមកដល់របស់ភ្ញៀវទេសចរចិនលើកដំបូងនេះ យើងនឹងប្រឹងប្រែងទាក់ទាញភ្ញៀវទេសចរចិន ឱ្យបានពី ៨០ម៉ឺននាក់ ទៅ ១លាននាក់ ក្នុងឆ្នាំ២០២៣នេះ»។

លោករដ្ឋមន្ត្រីក៏បានអំពាវនាវដល់ប្រតិបត្តិករទេសចរណ៍ មូលដ្ឋានអាជីវកម្មក្នុងវិស័យទេសចរណ៍ អ្នកបម្រើការក្នុងវិស័យទេសចរណ៍ ត្រូវអនុវត្តតាមគោលការណ៍ ដែលមានស្រាប់ ដើម្បីទទួលបដិសណ្ឋារកិច្ចចំពោះភ្ញៀវទេសចរឱ្យបានត្រឹមត្រូវ ខណៈទីផ្សារទេសចរចិន គឺជាទីផ្សារធំ សម្រាប់​កម្ពុជា និងពិភពលោក។

លោករដ្ឋមន្ត្រី ថោង ខុន បានបន្ថែមទៀតថា នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣ ខាងមុខ ក៏នឹងមានជើងហោះលើកដំបូងពីគួនមីងមកសៀមរាប និងពីសៀងហៃមកសៀមរាប ដែលនឹងប្រតិបត្តិការដោយក្រុមហ៊ុន China Eastern (Charter Flights) ផងដែរ។

លោករដ្ឋមន្ត្រីមានសុទិដ្ឋិនិយមថា «ការធ្វើរដំណើរទេសចរចិនមកកម្ពុជា នឹងកើនឡើងជាលំដាប់ចាប់ពីខែមីនា ឆ្នាំ២០២៣នេះ»។

គួរជម្រាបថា ក្នុងខែមករា ឆ្នាំ២០២៣ កម្ពុជាទើបទទួលបានទេសចរអន្តរជាតិប្រមាណ ៤០ម៉ឺននាក់ ក្នុងនោះ ក៏មានទេសចរចិនប្រមាណ ២៥,០០០នាក់ដែរ ដែលមានការកើនឡើង ៩០១% បើធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២២។ ក្នុងខែមករានោះដែរ ជើងហោះហើរ ដែលចូលមកដល់កម្ពុជា មានចំនួនសរុប ១,៦៤៨ជើង ក្នុងនោះ អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ទទួលបាន ១,១៧៨ជើង៕ សុខ សារ៉ាយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ