ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទឹកធ្លាក់​អូរ​បី​ជាន់ និង​ព្រៃកោងកាង​ព្រែក​តា​សុខ នឹង​ក្លាយជា​តំបន់​ទេសចរណ៍​ដ៏​មាន​សក្តានុ​ព​ល​ថ្មី

1 ឆ្នាំ មុន
  • ព្រះសីហនុ

តំបន់​សហគមន៍​អេកូ​ទេសចរណ៍​ព្រៃកោងកាង​ព្រែក​តា​សុខ លាតសន្ធឹង​តាម​បណ្តោយ​ព្រែក ដែល​មាន​ផ្ទៃដី​ទំហំ​ប្រមាណ​២០​ហិ​កតា កំពុង​ត្រូវ​បាន​ធ្វើការ​អភិវឌ្ឍ​កែ​លម្អ​ជា​តំបន់​ទេសចរណ៍​បែប​ធម្មជាតិ​ដ៏​ស្រស់​ត្រកាល​នៅ​ក្នុង​តំបន់​កោះ​រ៉ុ​ង នៃ​ខេត្ត​ព្រះ​សីហ​នុ

ខេត្ត​ព្រះ​សីហ​នុ ៖ តំបន់​សហគមន៍​អេកូ​ទេសចរណ៍​ព្រៃកោងកាង​ព្រែក​តា​សុខ លាតសន្ធឹង​តាម​បណ្តោយ​ព្រែក ដែល​មាន​ផ្ទៃដី​ទំហំ​ប្រមាណ​២០​ហិ​កតា កំពុង​ត្រូវ​បាន​ធ្វើការ​អភិវឌ្ឍ​កែ​លម្អ​ជា​តំបន់​ទេសចរណ៍​បែប​ធម្មជាតិ​ដ៏​ស្រស់​ត្រកាល​នៅ​ក្នុង​តំបន់​កោះ​រ៉ុ​ង នៃ​ខេត្ត​ព្រះ​សីហ​នុ នេះ​បើ​យោង​តាម​ការ​បញ្ជាក់​ពី​ឯកឧត្តម គួ​ច ចំរើន អភិបាល នៃ​គណៈ​អភិបាលខេត្ត​ព្រះ​សីហ​នុ បាន​ថ្លែងប្រាប់​ក្នុង​ពេល​កម្លាំង​ចុះ​ទៅ​ពិនិត្យ​ទីតាំង​ផ្ទាល់ នា​ថ្ងៃ​ទី​២៣ ខែមករា ឆ្នាំ​២០២៣​។

នៅ​ក្នុង​ឱកាស​នោះ ឯកឧត្តម គួ​ច ចំរើន អភិបាលខេត្ត​ព្រះ​សីហ​នុ បាន​ធ្វើការ​ណែនាំ​ឱ្យ​អាជ្ញាធរ​មូលដ្ឋាន ក៏​ដូច​ជា​អាជ្ញាធរ​សង្កាត់ ក្រុង ជា​ពិសេស​បងប្អូន​ប្រជាពលរដ្ឋ​ត្រូវ​យកចិត្តទុកដាក់​ចូលរួម​ថែរក្សា និង​អភិរក្ស​ព្រៃឈើ​របស់​យើង​ឱ្យ​បាន​គង់វង្ស ព្រោះ​ព្រៃឈើ​ទាំង​អស់នេះ វា​នាំ​មក​នូវ​ប្រភព​ចំណូល​សម្រាប់​ប្រជាពលរដ្ឋ​តំបន់​កោះ និង​ជា​ការ​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ជាតិ ជា​ពិសេស​ភ្ញៀវ​ទេសចរ​បរទេស​មក​ពី​តំបន់​អឺរ៉ុប ពួក​គេ​ចូល​ចិត្ត​ទេសចរណ៍​បែប​ធម្មជាតិ ដូច្នេះ​យើង​ត្រូវ​រៀបចំ​កែ​ឆ្នៃ​តំបន់​នេះ ឱ្យ​ក្លាយជា​តំបន់​មួយ ដែល​មាន​ភាព​ទាក់ទាញ​បន្ថែម​ទៀត ដើម្បី​ឱ្យ​ប្រជាពលរដ្ឋ​តំបន់​កោះ​របស់​យើង មាន​ជីវភាព​កាន់តែ​ប្រសើរ​។

ដោយឡែក​តំបន់​សហគមន៍​អេកូ​ទេសចរណ៍​ព្រៃកោងកាង ព្រែក​តា​សុខ លាតសន្ធឹង​តាម​បណ្តោយ​ព្រែក​មាន​ផ្ទៃដី​ទំហំ​ប្រមាណ​២០​ហិ​កតា កំពុង​តែ​ត្រូវ​បាន​ធ្វើការ​អភិវឌ្ឍ​កែ​លម្អ​ជា​តំបន់​ទេសចរណ៍​បែប​ធម្មជាតិ​ដ៏​ស្រស់​ត្រកាល​នៅ​ក្នុង​តំបន់​កោះ​រ៉ុ​ង នៃ​ខេត្ត​ព្រះ​សីហ​នុ មិន​មានការ​បំពុលបរិស្ថាន​ដោយ​ថង់​ផ្លា​ស្ទិ​ក​។

បច្ចុប្បន្ន​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​ដែល​មក​លេង​កម្សាន្ត​ព្រៃកោងកាង​ព្រែក​តា​សុខ​នេះ មាន​មក​ពី​បណ្តា​រាជធានី​-​ខេត្ត ពិសេស​នៅ​ពេល​មាន​ពិធីបុណ្យ​ជាតិ និង​អន្តរជាតិ​ម្តង​ៗ ។ ម្យ៉ាងទៀត ភ្ញៀវ​ទេសចរ​មក​លេង​កម្សាន្ត​តំបន់​កោះ មិន​អាច​ភ្លេច​សហគមន៍​អេកូ​ទេសចរណ៍​ព្រៃកោងកាង​នេះ​ទេ ដែល​កំពុង​មានការ​អភិវឌ្ឍ​ជាទី​ទាក់ទាញ​ពី​សំណាក់​ភ្ញៀវ​ទេសចរ​ប្រកបដោយ​ផា​សុខភាព ព្រមទាំង​មាន​បរិស្ថាន អនាម័យ ទទួលយក​ខ្យល់​បរិសុទ្ធ​សម្រាប់​ក្រុម​គ្រួសារ​។

ឯកឧត្តម អភិបាលខេត្ត ក៏​បាន​គាំទ្រ​ការ​បង្កើត​ឱ្យ​មាន​សហគមន៍​ទេសចរណ៍​ព្រែក​កោង​កាង និង​បាន​ធ្វើការ​ណែនាំ​ឱ្យ​ប្រធាន​សហគមន៍​ត្រូវ​ខិតខំ​យកចិត្តទុកដាក់​កែ​ច្នៃ​តំបន់​នេះ ឱ្យ​ក្លាយជា​តំបន់​អេកូ​ទេសចរណ៍​ដ៏​ទាក់ទាញ​នា​ពេល​ខាង​មុខ ព្រោះ​ទីតាំង​នេះ សម្បូរ​ទៅ​ដោយ​ព្រៃកោងកាង រុក្ខជាតិ​ដុះ​ចម្រុះ​តាម​បែប​ធម្មជាតិ​។ ទន្ទឹម​នឹង​ការ​ការពារ​ថែរក្សា អភិរក្ស យើង​ក៏​ត្រូវ​រួម​គ្នា​ធ្វើការ​ដាំ​ដុះ​កូន​កោង​កាង​បន្ថែម​ទៀត ឱ្យ​កាន់តែ​មាន​ភាព​ស្រស់​ស្អាត និង​បៃតង​។

ឯកឧត្តម អភិបាលខេត្ត ក៏​បាន​ណែនាំ​ឪ្យ​សហគមន៍​ដាក់​តំបន់​នេះ​ជា​តំបន់ (​គ្មាន​ថង់​ផ្លា​ស្ទីក​) គ្មាន​ការ​បំពុលបរិស្ថាន ដើម្បី​ជួយ​បង្កើត​ការងារ​ជូន​ប្រជាពលរដ្ឋ​តំបន់​កោះ​ឱ្យ​មានការ​ងារ​ធ្វើ​កាន់តែ​ច្រើន ធ្វើ​ឱ្យ​ជីវភាព​របស់​ពួក​កាន់តែ​ល្អ​ប្រសើរ ព្រោះ​ព្រៃកោងកាង ជា​ប្រភព​ទាក់ទាញ​ភ្ញៀវ​ទេសចរ បើ​យើង​ចេះ​ឆ្នៃ​ប្រឌិត​វា​ឱ្យ​ស្រប​ទៅ​តាម​តម្រូវការ​នៃ​ការ​អភិវឌ្ឍ​របស់​ប្រទេស​ជាតិ​។ ទន្ទឹម​នោះ យើង​ក៏​ត្រូវ​រៀបចំ​វត្ថុ​អនុស្សាវរីយ៍​ធ្វើ​ដោយ​ដៃ ដែល​ជា​សមិទ្ធផល​តំបន់​កោះ​សម្រាប់​ភ្ញៀវ​ទេសចរ​បន្ថែម​ទៀត​។

ក្នុង​ឱកាស​នោះ​ផង​ដែរ ឯកឧត្តម គួ​ច ចំរើន ក៏​បាន​បន្តដំណើរ​ចុះ​ទៅ​ពិនិត្យ​វឌ្ឍនភាព និង​ការ​សាងសង់​ព្រះ​វិហារ​នៅ​ក្នុង​វត្ត​ជ្រោយ​ស្វាយ ស្ថិត​ក្នុង​សង្កាត់​កោះ​រ៉ុ​ង ក្រុងព្រះសីហនុ​ផង​ដែរ​ក្រោម​ការ​ផ្ដួចផ្ដើម​សាងសង់​ពី​សម្ដេច​ក្រឡាហោម ស ខេ​ង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ដែល​មាន​ទំហំ 26.6 គុណ​នឹង 33.3 ដោយ​ត្រូវ​ចំណាយ​ទឹកប្រាក់​អស់​ជាង​មួយ​លាន​ដុល្លារ សាងសង់​តាម​បែប​រចនា​បទ​ខ្មែរ​សុទ្ធ​លើ​ផ្ទៃដី​ទំហំ 4 ម៉ឺន 17 ម៉ែត្រការ៉េ​។ រហូត​មក​ដល់​ពេល​នេះ ការ​ស្ថាបនា​សាងសង់​បាន​ជាង 20% ហើយ តាំងពី​ថ្ងៃ​បញ្ចុះ​បឋមសិលា​សាងសង់​កាលពី​ថ្ងៃ​ទី 18 ខែឧសភា​ឆ្នាំ 2022 កន្លង​មក​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ