ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រវត្តិ​អ្នកស្រី​ឌី សា​វ៉េ​ត ក្លាយជា​បវរកញ្ញា និង​តារាភាពយន្ត

6 ឆ្នាំ មុន

ប្រវត្តិ​គ្រួសារ
អ្នកស្រី​ឌី សា​វ៉េ​ត ជា​តារាភាពយន្ត​មានកេរ្តិ៍ឈ្មោះ​បោះ​សំឡេង​ល្បី​សុសសាយ​ក្នុង​ប្រទេស​កម្ពុជា កាលពី​អំឡុង​ទសវត្សរ៍​ទី​៦០​និង​ដើម​ទសវត្សរ៍​ទី​៧០ ។ អ្នកស្រី​កើត​នៅ​ឆ្នាំ​១៩៤៤ នៅ​សង្កាត់​លេខ​៦ ទីក្រុង​ភ្នំពេញ (​ម្ដុំ​

ប្រវត្តិ​គ្រួសារ
អ្នកស្រី​ឌី សា​វ៉េ​ត ជា​តារាភាពយន្ត​មានកេរ្តិ៍ឈ្មោះ​បោះ​សំឡេង​ល្បី​សុសសាយ​ក្នុង​ប្រទេស​កម្ពុជា កាលពី​អំឡុង​ទសវត្សរ៍​ទី​៦០​និង​ដើម​ទសវត្សរ៍​ទី​៧០ ។ អ្នកស្រី​កើត​នៅ​ឆ្នាំ​១៩៤៤ នៅ​សង្កាត់​លេខ​៦ ទីក្រុង​ភ្នំពេញ (​ម្ដុំ​សួនច្បារ​សម្ដេច​តេ​ជោ​ហ៊ុន សែន សព្វថ្ងៃ​)​។ ឪពុក​ឈ្មោះ​ឌី ណ​យ ជា​ស្មៀន​របស់​ជីតា​ដែល​ជា​ចាងហ្វាង​សាលាឧទ្ធរណ៍ មានស្រុក​កំណើត​នៅ​ខេត្តតាកែវ ម្តាយ​ឈ្មោះ​សាត់ រិ​ន ជា​កសិករ​នៅ​ស្រុក​អង្គស្នួល ខេត្តកណ្ដាល ។

អ្នកស្រី​ឌី សា​វ៉េ​ត មាន​បងប្អូន​ទាំងអស់​៦​នាក់ ប៉ុន្តែ​នៅ​មានជីវិត​តែ​ពីរ​នាក់​ប៉ុណ្ណោះ​គឺ​អ្នកស្រី​ឌី សា​វ៉ៃ ដែល​សព្វថ្ងៃ​រស់នៅ​ប្រទេស​បារាំង និង​អ្នកស្រី​ផ្ទាល់ ។

កាលពី​វ័យ​កុមារ​អ្នកស្រី​ឌី សា​វ៉េ​ត បាន​សិក្សា​នៅ​សាលា​បឋម​សិក្សា​សម្ដេច​សុធារស ហើយ​ក្រោយមក​បន្ត​នៅ​វិទ្យាល័យ​ចតុម្មុខ​។

អ្នកស្រី​មាន​ស្វាមី​គឺ​លោក​ហ៊ុយ គឹ​ង ដែល​ជា​តារា​សម្ដែង និង​ជា​ផលិតករ​ភាពយន្ត​នា​ជំនាន់​ទស​វត្ស​ទី​៦០ ហើយ​ទទួល​បាន​បុត្រ​ពីរ​នាក់​ជា​ចំណងដៃ​ឈ្មោះ​ហ៊ុយ ឌី​ណា និង​ហ៊ុយ ឌី​លី​។

ក្រោយមក​អ្នកស្រី​ឌី សា​វ៉េ​ត និង​ស្វាមី​បាន​បែកបាក់​គ្នា​ក្នុង​ឆ្នាំ​១៩៧៤ មុន​ពេល​ដែល​អ្នកស្រី​ភៀសខ្លួន​ទៅ​រស់នៅ​ប្រទេស​បារាំង ។

នៅ​ឆ្នាំ​១៩៩៣ អ្នកស្រី​ឌី សា​វ៉េ​ត បាន​វិល​ត្រឡប់​មក​កាន់​មាតុភូមិ​វិញ ដោយ​ជួល​ផ្ទះ​គេ​នៅ​ម្ដុំ​ផ្សារ​កាប់​គោ ។

ក្រោយ​ពី​ទូរទស្សន៍​ជាតិ​អញ្ជើញ​អ្នកស្រី​ឌី សា​វ៉េ​ត ទៅ​សម្ភាសន៍​មក មាន​អ្នក​ទាក់ទង​អ្នកស្រី​ឱ្យ​ជួយ​បង្ហាត់​សម្តែង​ភាពយន្ត​តាម​ក្លឹ​ប អង្គការ និង​ស្ថានីយទូរទស្សន៍​នានា​។ នៅ​អំឡុង​ឆ្នាំ​១៩៩៧-១៩៩៨ អ្នកស្រី​ឌី សា​វ៉េ​ត បាន​បើក​ក្លឹ​ប​សិល្បៈ​MSL ជា​មូ​យ​លោក​ហ៊ុយ សាន់ អតីត​តារាភាពយន្ត​រួម​ជំនាន់ ទទួល​បង្ហាត់បង្រៀន​រាំ ដើរ​ម៉ូ​ដ សម្ដែង និង​ច្រៀង ។ មិន​ត្រឹមតែ​ប៉ុណ្ណោះ​អ្នកស្រី​បាន​សហការ​ជាមួយ​ទូរទស្សន៍​ជាតិ​កម្ពុជា​បង្កើត​កម្មវិធី​ជា​ច្រើន ។

ក្លាយជា​បវរកញ្ញា និង​តារាភាពយន្ត
នៅ​ឆ្នាំ​១៩៥៩ ក្នុង​វ័យ​១៥​ឆ្នាំ អ្នកស្រី​ឌី សា​វ៉េ​ត បាន​ប្រលង​ជាប់​បវរកញ្ញា​ចំណាត់ថ្នាក់​លេខ​១ ។ នៅ​ឆ្នាំ​១៩៦២ អ្នកស្រី​ត្រូវ​បាន​លោក​អ៊ួ​ង កន្ធ​ន់ ចាងហ្វាង​ផលិតកម្ម​កងចក្រ​ភាពយន្ត ជ្រើសរើស​ថត​ភាពយន្ត​ដំបូង​ក្នុង​រឿង​ក្បូនជីវិត ដើរតួ​ជាមួយ​លោក​ម៉ក់ ហូ ។

ក្រោយមក​អ្នកស្រី​ឌី សា​វ៉េ​ត បាន​បន្ត​សម្ដែង​ជា​ច្រើន​ផលិតកម្ម​ដូច​ជា ផលិតកម្ម​តារា​រ័​ត្ន​ភាពយន្ដ របស់​លោក​ទា លឹ​ម​គុណ​, ផលិតកម្ម​ឥន្ទ្រ​ទេវី​ភាពយន្ត​របស់​លោក​ប៊ី​វ ឆៃ​លាង​, ផលិតកម្ម​ព្រះ​ខ័ន​ពេជ្រ​ភាពយន្ដ របស់​លោក​លី វ៉ា ,​ផលិតកម្ម​នាគព័ន្ធ​ភាពយន្ត របស់​លោក​ស៊ុន ប៊ុ​ន​លី​, ផលិតកម្ម​ត្រង់​ដឺ​ភាពយន្ត របស់​លោក​យិ​ន បឿន​ហៅ​ត្រង់​ដឺ​, ផលិតកម្ម​ព្រះ​កែវ​មរកត​ភាពយន្ត​របស់​លោ​កន ឫ​ទ្ធី​យ៉ា ជាដើម ។

ដោយសារ​ជោគជ័យ​លើ​វិស័យ​សិល្បៈ អ្នកស្រី​ឌី សា​វ៉េ​ត បាន​បើក​ផលិតកម្ម​ថត​ខ្សែភាពយន្ត​មួយ​ជាមួយ​ស្វាមី​គឺ​ផលិតកម្ម​សុវណ្ណ​គិរី​ភាពយន្ដ ហើយ​ថត​បាន​ប្រមាណ​ជាង​១០​រឿង​ដែល​សុទ្ធសឹងតែ​ទទួល​ការ​គាំទ្រ​ពី​មហាជន ។

តួឯក​ប្រុស​ដែល​អ្នកស្រី​ឌី សា​វ៉េ​ត ធ្លាប់​សម្ដែង​ជាមួយ​គឺ​លោក​គង់ សំ​អឿ​ន​, លោក​ជា យុទ្ធ​ថន​,​លោក​ណុ​ប ណែម​,​លោ​កន ប្ញ​ទ្ធី​យ៉ា​,​លោក​ម៉ៃ យ៉ា​សិទ្ធិ​, លោក​មាស សំ​អ៊ែ​ល ,​លោក​សោម ដូ​រិ​ន​, លោក​ម៉ក់ ហូ ជាដើម ។

រួច​ជីវិត​ពី​របប​ខ្មែរក្រហម​ដោយសារ​គ្មាន​សំបុត្រ​យន្តហោះ
នៅ​ក្នុង​សម័យ​ខ្មែរក្រហម​អ្នកស្រី​ឌី សា​វ៉េ​ត​មិន​បាន​រស់នៅ​ក្នុងស្រុក​ខ្មែរ​ទេ ពោល​គឺ​អ្នកស្រី​បាន​ផ្ញើខ្លួន​ក្នុង​ជីវភាព​ថ្មី​នា​ទឹកដី​ប្រទេស​បារាំង មុន​ពេល​ដែល​អ្នកស្រី​វិល​មក​កាន់​ស្រុក​កំណើត​វិញ​នា​ឆ្នាំ​១៩៩៣ ។

បើ​តាម​ការ​រៀបរាប់​របស់​អ្នកស្រី​ឌី សា​វ៉េ​ត នៅ​អំឡុង​ឆ្នាំ​១៩៧៥ អ្នកស្រី​បាន​ចេញ​ទៅ​មើល​កូន​ដែល​បាន​ផ្ញើ​មិត្តភក្តិ​នៅ​ក្នុង​ប្រ​ទស​ថៃ​មុន​ពេល​ដែល​ខ្មែរក្រហម​វាយ​ដណ្តើម​យក​ទីក្រុង​ភ្នំពេញ ។ អ្នកស្រី​បញ្ជាក់​ថា នៅ​ក្នុង​ពេល​នោះ​មាន​គ្រាប់បែក​បាន​ធ្លាក់​មក​ជិត​អាកាសយានដ្ឋាន​ពោធិ​ចិន​តុង ហើយ​អ្នកស្រី និង​អ្នកដំណើរ​ជា​ច្រើន​ទៀត​បាន​នាំ​គ្នារ​ត់រក​កន្លែង​សុវត្ថិភាព ។ ជា​សំណាងល្អ​យន្តហោះ​មិន​បាន​ចេញ​ចោល​អ្នកស្រី​ឡើយ ទើប​អ្នកស្រី​បាន​ទៅ​ដល់​ប្រទេស​ថៃ​ដោយ​សុវត្ថិភាព ដោយ​មិន​បានដឹង​ពី​ហេតុការណ៍​ខ្មែរក្រហម​វាយ​ចូល​ទីក្រុង​ភ្នំពេញ​ឡើយ ។

លុះ​ពេល​បាន​សម្រាក និង​មើ​កកូន​បាន​ប្រហែល​មួ​យស​ប្តា​ហ៍ អ្នកស្រី​ឌី សា​វ៉េ​ត មាន​បំណង​ចង់​វិល​មក​ស្រុក​ខ្មែរ​វិញ ប៉ុន្តែ​មិត្តភក្តិ​នៅ​ទីនោះ​បាន​ហាមឃាត់​មិន​ឲ្យ​អ្នកស្រី​មក​ឡើយ ព្រោះ​នៅ​ស្រុក​ខ្មែរ​ពុំ​មាន​សុវត្ថិភាព ។ ប៉ុន្តែ​អ្នកស្រី​នៅ​តែ​មានះ​វិល​មក​ស្រុក​ខ្មែរ​វិញ​ឲ្យ​ខាង​តែ​បាន ទើប​អ្នកស្រី​លួច​ទៅ​ទិញ​សំបុត្រ​យន្តហោះ​ដោយ​មិន​ឲ្យ​អ្នក​ណា​ដឹង​ឡើយ តែ​អ្នកលក់​សំបុត្រ​និយាយ​ថា សំបុត្រ​យន្តហោះ​ទៅ​ស្រុក​ខ្មែរ​មិន​មាន​ឡើយ ដោយ​គេ​ប្រាប់​ថា ស្រុក​ខ្មែរ​មាន​គ្រាប់​ផ្លោង​ច្រើន​ណាស់ មិន​មាន​យន្តហោះ​ណា​ហ៊ាន​ហោះ​ទៅ​ទេ ។

លុះ​ពេល​ក្រោយមក​អ្នកស្រី​ឌី សា​វ៉េ​ត ក៏​បានរ​ត់ទៅ​ស្ថានទូត​ខ្មែរ​ប្រចាំ​ប្រទេស​ថៃ ក៏​មន្ត្រី​ស្ថានទូត​មិន​ឲ្យ​អ្នកស្រី​ទៅ​វិញ​ដែរ ព្រោះ​មិន​មាន​ជើងហោះហើរ​ទៅ​កាន់​ស្រុក​ខ្មែរ​ឡើយ ។

អ្នកស្រី​ឌី សា​វ៉េ​ត អស់សង្ឃឹម​ជា​ខ្លាំង ហើយ​ក៏​បាន​បន្ត​ស្នាក់​នៅ​ស្រុក​ថៃ​ទៀត ។ មាន​មិត្តភក្តិ​ម្នាក់​បាន​បបួល​អ្នកស្រី​ទៅ​រស់នៅ​ស្រុក​បារាំង តែ​ពេល​នោះ​អ្នកស្រី​មិន​មាន​អ្នក​ធានា​ឡើយ ។ ប៉ុន្តែ​ជា​សំណាងល្អ​អ្នកស្រី​បាន​ជួបនឹង​មិត្តភក្តិ​ហើយ​គេ​បាន​ជួយ​ទាក់ទង​អ្នក​ដែល​នៅ​បារាំង​ដើម្បី​ធានា​អ្នកស្រី ទើប​អ្នកស្រី​មានឱកាស​បាន​ចេញ​ទៅ​រស់នៅ​ប្រទេស​បារាំង​ក្នុងអំឡុងពេល​ដែល​ខ្មែរក្រហម​កំពុង​កាន់កាប់​ប្រទេស​កម្ពុជា ។

បើ​តាម​អ្ន​ស្រី​ឌី សា​វ៉េ​ត នៅ​ប្រទេស​បារាំង​អ្នកស្រី​មិន​មានការ​លំបាក​អ្វី​ឡើយ ដោយ​អ្នកស្រី​មានការ​ងារ​ធ្វើ និង​រស់នៅ​ដោយ​មាន​សេចក្តីសុខ​ជាមួយ​បងប្អូន​ខ្មែរ​ដែល​រស់នៅ​ទីនោះ ។

ត្រឡប់​មក​ស្រុក​ខ្មែរ​វិញ
នៅ​អំឡុង​ឆ្នាំ​ដែល​អ្នកស្រី​ឌី សា​វ៉េ​ត បានដឹង​ដំណឹង​ថា ព្រះករុណា​ព្រះបាទ​នរោត្តម សីហ​នុ និង​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន សែន ទៅ​ប្រទេស​បារាំង​នាទី​ក្រុងប៉ារីស​ក្នុង​កិច្ចចរចា​ដើម្បី​បង្រួបបង្រួម​ជាតិ អ្នកស្រី​ក៏​ធ្វើ​ដំណើរ​ប្រមាណ​ជា​៧​ទៅ​៨​ម៉ោង ដើម្បី​ទៅ​សុំ​ជួប​សម្តេច​ទាំង​ពីរ ។ អ្នកស្រី​បាន​ប្រាប់​ពី​គោលបំណង​ចង់​វិល​មក​កាន់​ស្រុក​ខ្មែរ​វិញ ហើយ​សម្តេច​បាន​ប្រាប់​អ្នកស្រី​ថា កុំ​បារម្ភ​យើង​កំពុង​ធ្វើ​កិច្ច​ការងារ​ដើម្បី​ឲ្យ​បងប្អូន​ខ្មែរ​យើង​បាន​ជួបជុំ​គ្នា​វិញ ។

អ្នកស្រី​ឌី សា​វ៉េ​ត បញ្ជាក់​ថា ពេល​អ្នកស្រី​បាន​វិល​មក​ស្រុក​ខ្មែរ​វិញ គឺ​អ្នកស្រី​មានការ​រំភើប​យ៉ាង​ខ្លាំង ព្រោះ​ពេល​នៅ​ស្រុក​បារាំង អ្នកស្រី​តែងតែ​អង្គុយ​យំ​នឹក​ស្រុក​ពេល​ដែល​សម្លឹង​មើល​ព្រះ​ចន្ទ​រះ ។ ចំណែក​ពេល​ដែល​អ្នកស្រី​នៅ​ស្រុក​ថៃ​វិញ គឺ​តែងតែ​មើល​សំដៅ​មក​ភ្នំពេញ ហើយ​សម្លឹង​មើលឃើញ​ដើម​ត្នោត​បាន​ធ្វើ​ឲ្យ​ទឹកភ្នែក​អ្នកស្រី​ហូរ​មក ។

អ្នកស្រី ឌី សា​វ៉េ​ត បាន​បញ្ជាក់​ថា រហូត​មក​ដល់​ពេល​នេះ​អ្នកស្រី​បាន​ចាត់​ទុក​ខ្លួនឯង​ជា​មនុស្ស​ដែល​មានសំណាង​បំផុត​មួយ​ដែល​អាច​គេច​ផុត​ពី​របប​ខ្មែរក្រហម និង​បាន​មក​រស់នៅ​ស្រុក​បារាំង ។

ហេតុនេះ​ហើយ​ទើប​អ្នកស្រី​យល់​ថា អ្នកស្រី​ហាក់​មាន​ទេវតា​តាម​ជួយ​ដើម្បី​ឲ្យ​អ្នកស្រី​មានជីវិត​រស់ ដើម្បី​មក​ជួយ​ដល់​វិស័យ​សិល្បៈ​ខ្មែរ​បន្ត​ទៀត ដូច្នេះ​ហើយ​ក្រៅពី​ការ​ខិតខំ​ធ្វើបុណ្យ និង​ចូលរួម​សម្តែង​ខ្សែភាពយន្ត​វិញ អ្នកស្រី​នឹង​បើក​ការ​បង្ហាត់បង្រៀន​សម្តែង​ដល់ ក្មេង​ៗ​ជំនាន់​ក្រោយ​ដោយ​មិន​យក​កម្រៃ​ឡើយ ។

ស្នាដៃ​ខ្សែភាពយន្ត​របស់​អ្នកស្រី​ឌី សា​វ៉េ​ត​ដូច​ជា​រឿង​៖
១-​រឿង​ក្បូនជីវិត ឆ្នាំ​១៩៦២,២-​រឿង​កុំ​ភ្លេចគុណ​ម្ដាយ​កុំ​ណាយ​ប្រពន្ធ​ស្មោះត្រង់​ឆ្នាំ​១៩៦២,៣-​រឿង​រលក​ជីវិត ឆ្នាំ​១៩៦២,៤-​រឿង​ត្រើយ​ជីវិត ១៩៦៣,៥-​រឿង​ជីវិត​ខ្ញុំ ១៩៦៣,៦-​រឿង​ហួសហើយ​ជាតិ​នេះ ១៩៦៣,៧-​រឿង​កុលាប​ប៉ៃលិន ១៩៦៣,៨-​រឿង​បុប្ផា​ទល់ដែន ១៩៦៣,៩-​រឿង​វាសនា​បុប្ផា​ភួង​ថ្មី ១៩៦៣,១០-​រឿង​វាសនា​ផ្ការំដួល ១៩៦៣,​។ ១១-​រឿង​អូន​ជា​ទេវី ១៩៦៤,១២-​រឿង​កុំ​បំភ្លេច​ខ្ញុំ ១៩៦៤,១៣-​រឿង​ក្រុង​សុភ​មិត្រ ១៩៦៤,១៤-​រឿង​មា​យើង ១៩៦៤,១៥-​រឿង​លា​ហើយ​ដួងតារា ១៩៦៤,១៦-​រឿង​អន្លង់​វាសនា ១៩៦៤,១៧-​រឿង​នាង​បដា​ចារ ១៩៦៤,១៨-​រឿង​មរណ​មាតា  ១៩៦៤,១៩-​រឿង​ទុំ​ទាវ ១៩៦៤,២០-​រឿង​នរណា​ប្ដី​អូន ១៩៦៤ ។ ២១-​រឿង​សំណើច​សើចចំអក​ព្រហ្ម​លិខិត ១៩៦៤,២២-​រឿង​ទឹក​ហូរ​មិន​ត្រឡប់ ១៩៦៤,២៣-​រឿង​ប្រុស​អប្រិយ​ស្រី​រងកម្ម ១៩៦៥,២៤-​រឿង​ជីវិត​តែ​មួយ ១៩៦៥,២៥-​រឿង​ខ្យងស័ង្ខ ១៩៦៥,២៦-​រឿង​លលក​ញី​ឈ្មោល ១៩៦៥,២៧-​រឿង​សាយ័ណ្ហ​ទោច​យំ ១៩៦៥,២៨-​រឿង​កាត់​ត្រើយ​មហា​ស្រណោះ  ១៩៦៦,២៩-​រឿង​នាង​វិមាន​ច័ន្ទ ១៩៦៦,៣០-​រឿង​ព្រោះតែ​ស្រឡាញ់ ១៩៦៦ ។ ៣១-​រឿង​ស្អប់​ណាស់​ស្រឡាញ់​ណាស់ ១៩៦៦,៣២-​រឿង​វិល​វិញ​ណា​បង ១៩៦៦,៣៣-​រឿង​ក្បូន​អណ្ដែត ១៩៦៧,៣៤-​រឿង​ពៅ​ឈូកស ១៩៦៧,៣៥-​រឿង​អក​លា​ទ្រនំ ១៩៦៧,៣៦-​រឿង​ស្អប់​ជំពប់​លើ ១៩៦៧,៣៧-​រឿង​នាង​កែវ​ណា​ម៉ា ១៩៦៧,៣៨-​រឿង​ទឹកភ្នែក​លើ​ខ្នងភ្នំ ១៩៦៧,៣៩-​រឿង​វាសនា​អកុសល ១៩៦៨,៤០-​រឿង​ក្រៃ​ថោ​ង​ក្រពើ​ឆា​រ៉ា​វ៉ា​ន់ ១៩៦៨ ។ ៤១-​រឿង​ស្អែក​អូន​លា​បងហើយ ១៩៦៨,៤២-​រឿង​បំណុល​ជីវិត ១៩៦៩,៤៣-​រឿង​ចំប៉ា​ថោ​ង ១៩៦៩,៤៤-​រឿង​សុរិយ័ន​កុមារ​និង​ព្រះ​នាង​ទេពធីតា ១៩៦៩, ៤៥-​រឿងស្រី​គ្រប់លក្ខណ៍ ១៩៧០,៤៦-​រឿង​ពស់​កេងកង​ភាគ​១ ១៩៧០,៤៧-​រឿង​បុត្រា​ព្រះអាទិត្យ​សង​ឈាម​ម្ដាយ ១៩៧០,៤៨-​រឿង​ស្ដេច​ដំរី​ស ១៩៧០,៤៩-​រឿង​ជីវិត​ផ្សងព្រេង  ១៩៧០.៥០-​រឿង​វង្វេង​ព្រោះ​ស្នេហ៍ ១៩៧២ ។ ៥១-​រឿង​ពស់​កេងកង​ភាគ​២ ១៩៧២,៥២-​រឿង​បុប្ផា​អង្គរ ១៩៧២,៥៣-​រឿង​ជីវិត​ថ្មី ១៩៧២,៥៤-​រឿង​ម៉ាក់ថឺង ១៩៧៣,៥៥-​រឿង​ភី​សា​វង់​អូន​អើយ ១៩៧៣,៥៦-​រឿង​ដៃ​ដែក​៣២ ១៩៧៣,៥៧-​រឿង​ផ្ញើ​កង​ចងដៃ  ១៩៧៤,៥៨-​រឿង​ក្រពើ​លោក​នេន ១៩៧៤,៥៩-​រឿង​ធីតា​សក់​ពស់ ១៩៧៤,៦០-​រឿង​ថ្ងៃ​លិច​អូន​ស្រណោះ  ១៩៧៥ ។ ៦១-​រឿង​ឆាយា​លើ​អង្គរ ,៦២-​រឿង​សន្ធិប្រកាស​,៦៣-​រឿង​ឈប់​ស្រឡាញ់​អូន​ទៅ (​មិន​ទាន់​បាន​បញ្ចាំង​),៦៤-​រឿង​ធីតា​សក់​ពស់​ភាគ​២ (​មិន​ទាន់​បាន​បញ្ចាំង​),៦៥-​រឿង​ទុំ​ទាវ (Version 1975) (​មិន​ទាន់​បាន​បញ្ចាំង​) ។
ក្រៅពី​នោះ​មាន​ស្នាដៃ​ដែល​អ្នកស្រី​ឌី សា​វ៉េ​ត​បាន​ចូលរួម​សម្តែង​នា​ពេល​បច្ចុប្បន្ន​មួយ​ចំនួន​ទៀត ៕