ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ទីរ​រ៉ែ និង​ថាមពល​ខេត្ត ឱ្យ​ឈ្មួញ​ជីកដី​ដល់​ក្បាល​ប្រេត​យក​លុយ​ចែក​គ្នា

1 ឆ្នាំ មុន
  • ស្វាយរៀង

ក្រុម​អាជីវកម្ម​ជីរ​ណ្តៅ​ដី​យក​អាចម៍ដី​លក់ បាន​ជីករណ្តៅ​ដី​ជ្រៅ​រហូត​ដល់​ក្បាល​ប្រេត ដែល​មាន​ជម្រៅ​ជាង​១០​ម៉ែត្រ បង្ក​ឲ្យ​បាក់​ដី​លំនៅ​ឋាន និង​ដីស្រែ​របស់​ប្រជាពលរដ្ឋ​អស់​ចំនួន​០៨​គ្រួសារ ស្ថិត​នៅ​ភូមិ​តារាង​បាល់ ក្នុង​សង្កាត់​គយ​ត្របែក ក្រុង​ស្វាយ​រៀង​។​ហើយ​ប្រជាពលរដ្ឋ​ក៏​បាន​សំណូមពរ សូម​ឲ្យ​អាជ្ញាធរ​ក្រុង​ស្វាយ​រៀង មេត្តា​ចុះ​ពិនិត្យ​

ខេត្តស្វាយរៀង ៖ ក្រុម​អាជីវកម្ម​ជីរ​ណ្តៅ​ដី​យក​អាចម៍ដី​លក់ បាន​ជីករណ្តៅ​ដី​ជ្រៅ​រហូត​ដល់​ក្បាល​ប្រេត ដែល​មាន​ជម្រៅ​ជាង​១០​ម៉ែត្រ បង្ក​ឲ្យ​បាក់​ដី​លំនៅ​ឋាន និង​ដីស្រែ​របស់​ប្រជាពលរដ្ឋ​អស់​ចំនួន​០៨​គ្រួសារ ស្ថិត​នៅ​ភូមិ​តារាង​បាល់ ក្នុង​សង្កាត់​គយ​ត្របែក ក្រុង​ស្វាយ​រៀង​។​ហើយ​ប្រជាពលរដ្ឋ​ក៏​បាន​សំណូមពរ សូម​ឲ្យ​អាជ្ញាធរ​ក្រុង​ស្វាយ​រៀង មេត្តា​ចុះ​ពិនិត្យ​ដោះស្រាយ​ដល់​ប្រជាពលរដ្ឋ​ចំនួន​៨​គ្រួសារ ដោយ​ចោទ​ក្រុម​អាជីវកម្ម​ជីករណ្តៅ​ដី​យក​អាចម៍ដី​លក់ ដែល​ជីក​ជម្រៅ​ជាង​១០​ម៉ែត្រ បង្ក​ឲ្យ​បាក់​ដី​លំនៅ​ឋាន និង​ដីស្រែ​របស់​ពួក​គាត់​ទាំង​៨​គ្រួសារ​។ ការ​សំណូមពរ​នេះ កើតឡើង​នៅ​ព្រឹក​ថ្ងៃ​ទី​១៧ ខែមករា ឆ្នាំ​២០២៣ ស្ថិត​នៅ​ភូមិ​តារាង​បាល់ សង្កាត់​គយ​ត្របែក ក្រុង​ស្វាយ​រៀង​។

បើ​តាម​ក្រុមប្រឹក្សា​សង្កាត់​គយ​ត្របែក បាន​ឲ្យ​ដឹង​ថា ម្ចាស់​អាជីវកម្ម​ជីករណ្តៅ​ដី យក​អាចម៍ដី​លក់​នេះ មានឈ្មោះ តូ ភេទ​ប្រុស ហើយ​នៅ​ក្នុង​កិច្ចសន្យា​នៃ​ច្បាប់​ធ្វើ​អាជីវកម្ម គឺ​ជីករណ្តៅ ជម្រៅ​០៥​ម៉ែត្រ និង​ទុក​ចំណី​រណ្តៅ​ទំហំ​០៥​ម៉ែត្រ បើ​មាន​ផល​ប៉ះពាល់​ត្រូវ​សង​សំណង​ជូន​ប្រជាពលរដ្ឋ​។ ក៏​ប៉ុន្តែ​ជាក់ស្តែង ឈ្មោះ​តូ ម្ចាស់​អាជីវកម្ម​នោះ អនុវត្ត​ខុស​កិច្ចសន្យា ដោយ​ជីករណ្តៅ​ដី​ជ្រៅ​ជម្រៅ​១០​ម៉ែត្រ ហើយ​ទុក​ចិញ្ចើម​ចំណី​រណ្តៅ​ដី​តែ​២​ម៉ែត្រ បង្ក​ឲ្យ​បាក់​ដី​លំនៅ​ឋាន និង​ដីស្រែ​របស់​ប្រជាពលរដ្ឋ ហើយ​ដឹក​ដី​លើស​ទ្រុង​បង្ក​ឲ្យ​ធ្លាក់​អាចម៍ដី​លើ​ផ្លូវ​ក្រាល​កៅស៊ូ បង្ក​ឲ្យ​មានការ​ហុយ និង​រអិល​ពិបាក​ក្នុង​ការ​ធ្វើ​ដំណើរ​របស់​ប្រជាពលរដ្ឋ​ទៀត​ផង​។

ប្រជាពលរដ្ឋ​ដែល​រង​ផល​ប៉ះពាល់​ខាងលើ​នេះ រួម​មាន ៖ ១- ឈ្មោះ សុខ ច​ន្នី ភេទ​ស្រី អាយុ​៥១​ឆ្នាំ បាន​បាក់​ដី​លំនៅ​ឋាន ដែល​មាន​បណ្តោយ​ប្រមាណ​២០​ម៉ែត្រ និង​បាក់​ដីស្រែ និង​គ្រួសារ​លោកយាយ​ឡូ បូ អាយុ​៦១​ឆ្នាំ ដែល​មាន​ចំនួន​០៣​គ្រួសារ​ទៀត​។ ២- ឈ្មោះ គង់ សា​វឿ​ន ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ មុខរបរ​ជា​គ្រូបង្រៀន ប៉ះពាល់​បណ្តោយ​១៥​ម៉ែត្រ ៣- ឈ្មោះ បិ​ន ធុង ភេទ​ស្រី អាយុ​៣៤​ឆ្នាំ ប៉ះពាល់​បណ្តោយ​១៥​ម៉ែត្រ​៣ និង​ឈ្មោះ បិ​ន ឡា ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ ប៉ះពាល់​បណ្តោយ​១៥​ម៉ែត្រ​។

ចំណែក​ម្ចាស់​ដី​ចំនួន​០៣​គ្រួសារ​កំពុង​ព្រួយបារម្ភ​រឿង​បាក់​ដី​លំនៅ​ឋាន និង​ដីស្រែ​របស់​គាត់ រួម​មាន ទី​១- ឈ្មោះ វ៉ា​ត ភេទ​ប្រុស អាយុ​៦២​ឆ្នាំ (​ដីស្រែ មិន​ទាន់​បាក់​ដល់​នោះ​ទេ​) ទី​២- ឈ្មោះ កូវ ផា​ន់​ណា ភេទ​ស្រី អាយុ​៦១​ឆ្នាំ (​ដី​លំនៅ​ឋាន មិន​ទាន់​បាក់​ដី​ដល់​នោះ​ទេ​) និង​ទី​៣-​ឈ្មោះ ឡុ​ច វ​ណ្ណី ភេទ​ប្រុស អាយុ​៥០​ឆ្នាំ (​ដី​លំនៅ​ឋាន គឺ​មិន​ទាន់​បាក់​ដល់​នោះ​ទេ​)​។

អាជ្ញាធរ​មូលដ្ឋាន​បាន​ឲ្យ​ដឹង​ថា មូលហេតុ​ដែល​ប្រជាពលរដ្ឋ​តវ៉ា និង​សំណូមពរ​នេះ ដោយសារ​តែ​នៅ​ពេល​មាន​ភ្លៀង​មក ក៏​បាន​បណ្តាល​ឱ្យ​បាក់​ដីស្រែ និង​ដី​លំនៅ​ឋាន​របស់​ពួក​គាត់ ហើយ​នៅ​ពេល​ប្រជាពលរដ្ឋ​តវ៉ា ម្ចាស់​អាជីវកម្ម​ឈ្មោះ​តូ បាន​សន្យា​ថា ដឹក​ដី​ចាក់​លុប​ឲ្យ​ប្រជាពលរដ្ឋ​វិញ ស្រាប់តែ​ថ្ងៃ​ទី​១៦ ខែមករា ឆ្នាំ​២០២៣ ឈ្មោះ​តូ បាន​ដក​គ្រឿងចក្រ​ចេញ​ទៅ​បាត់​អស់ ដោយ​ពុំ​ទាន់​បាន​ដឹក​ដី​ចាក់​លុប​ឲ្យ​ប្រជាពលរដ្ឋ​នោះ​ឡើយ​។ ចំណែក​ប្រជាពលរដ្ឋ​០៤​គ្រួសារ​ទៀត ក៏​មានការ​ភ័យ​ខ្លាច​ពេល​រដូវភ្លៀង​មក​ដល់ អាច​បាក់​ដល់​ដី​លំនៅ​ឋាន និង​ដីស្រែ​របស់​ពួក​គាត់​ទៀត​។

ទាក់ទិន​ករណី​ខាងលើ​នេះ លោក បាត់ សាក់ ប្រធាន​កា​រិ​យាយ​ល័យ​ធនធាន​រ៉ែ នៃ​មន្ទីរ​រ៉ែ និង​ថា​ន​ពល​ខេត្ត បាន​ឲ្យ​ដឹង​ថា ច្បាប់​អនុញ្ញាតិ គឺ​ឲ្យ​ជីក​ជម្រៅ​៥​ម៉ែត្រ និង​ទុក​ចំណី​រណ្តៅ​០៥​ម៉ែត្រ បើ​ម្ចាស់​អាជីវកម្ម​ជីក​ដល់​១០​ម៉ែត្រ ចាំ​លោក​ចុះ​ទៅ​ពិនិត្យ​មើល បើ​មាន​ផល​ប៉ះពាល់​ដីស្រែ​ប្រជាពលរដ្ឋ លោក​នឹង​សុំ​គោលការណ៍​កោះហៅ​ដោះស្រាយ ហើយ​ថ្ងៃ​ទី​១៧ ខែមករា ឆ្នាំ​២០២៣​នេះ លោក​ជាប់រវល់​ទទួល​ខាង​ក្រសួង​ចុះ​មក​ធ្វើ​សវនៈ​កម្ម​។

ចំណែកឯ​លោក តូ ម្ចាស់​អាជីវកម្ម​ជីករណ្តៅ​ដី​យក​អាចម៍ដី​លក់​វិញ ក៏​បាន​ប្រាប់​ឲ្យ​ដឹង​ដែរ​ថា លោក​មិន​គេចវេស​ទេ គាត់​បាន​ប្រាប់​ម្ចាស់​ដី​ដែល​ប៉ះពាល់​ហើយ​ថា លោក​នឹង​ចាក់​ដី​បំពេញ​កន្លែង​ដែល​បាក់​ឲ្យ​ស្មើ​ដូច​ដើម​វិញ ក៏​ប៉ុន្តែ​ដោយសារ​មាន​ភ្លៀង មិន​អាច​ដឹក​ដី​ចូល​ទៅ​ចាក់​បាន ទើប​ខ្លួន​ដឹក​គ្រឿងចក្រ​ចេញ ចាំ​មើល​រាំងភ្លៀង ឬ​ចូល​ឆ្នាំ​ចិន​ហើយ ខ្លួន​នឹង​ដឹក​ដី​មក​ចាក់​លុប​ឲ្យ​ស្មើ​វិញ​ហើយ​។

លោក តូ បាន​បញ្ជាក់​ទៀត​ថា ការ​ជីក​ជ្រៅ ដោយ​ខ្លួន​ទិញ​ដី​ថ្លៃ ១​ហិ​កតា​៧​ម៉ឺន​ដុល្លារ បើ​ជីក​ជម្រៅ​៥​ម៉ែត្រ​គឺ​ខាត​។ ហើយ​ច្បាប់​ឲ្យ​ជីក​ជម្រៅ​៥​ម៉ែត្រ ខ្លួន​បាន​បង់​សួយសារអាករ រួច​ហើយ រីឯ​ជីក​ថែម​ជម្រៅ​៥​ម៉ែត្រ​ទៀត (១០​ម៉ែត្រ​) គឺ​បង់​សួយសារអាករ​ឲ្យ​មន្ទីរ​រ៉ែ និង​ថាមពល​ខេត្តស្វាយរៀង​បន្ថែម គឺ​មិន​ខុសច្បាប់​ទេ មន្ទីរ​អនុញ្ញាតិ និង​បង់​សួយសារអាករ រួច​ហើយ បើ​មិន​បង់ប្រាក់​ឲ្យ​សាកមើល មិន​អាច​ជីករណ្តៅ​ដី​បាន​ទេ ទាន គឺ​ជីក​ដល់​ក្បាល​ប្រេត​យក​លុយ​ចែក​គ្នា ទើបបាន​សុខ​។

ព័ត៌មាន​បន្ថែម​នឹង​មាន​ផ្សាយ​ជូន​នៅ​លើ​កាសែត​កោះសន្តិភាព ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ