ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្ញៀវទេសចរជាង ៣៣ម៉ឺននាក់ ចូលរួម​រីករាយ​បុណ្យឆ្លងឆ្នាំសកល នៅសៀមរាប-អង្គរ ​

1 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប៖ ​នៅខេត្តសៀមរាប ក្នុងឱកាសឆ្លងឆ្នាំសកល ឆ្នាំ២០២២-២០២៣ ដើមី្បទទួល​ស្វាគមន៍​ដល់ភ្ញៀវទេសចរ​ជាតិ-អន្តរជាតិ រដ្ឋបាលខេត្តសៀមរាប បានសហការជាមួយ​សហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត បានរៀបចំតុបតែងលម្អ សម្រាប់ឆ្លងឆ្នាំសកល ២០២២.២០២៣​។ …

ខេត្តសៀមរាប៖ ​នៅខេត្តសៀមរាប ក្នុងឱកាសឆ្លងឆ្នាំសកល ឆ្នាំ២០២២-២០២៣ ដើមី្បទទួល​ស្វាគមន៍​ដល់ភ្ញៀវទេសចរ​ជាតិ-អន្តរជាតិ រដ្ឋបាលខេត្តសៀមរាប បានសហការជាមួយ​សហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត បានរៀបចំតុបតែងលម្អ សម្រាប់ឆ្លងឆ្នាំសកល ២០២២.២០២៣​។  ​សកម្មភាពរៀបចំតុបតែងលម្អផ្លូវ ដើមី្បលើកកម្ពស់សោភ័ណភាព​ក្រុងសៀមរាប ឱ្យកាន់តែមានភាពស្រស់ត្រកាលឡើង ដោយបំពាក់ភ្លើងបំភ្លឺសាធារណៈ និងបំពាក់ភ្លើងសញ្ញាចរាចរណ៍ ព្រមទាំងរៀបចំតុបតែងសួនស្ពានព្រះរាជដំណាក់ ដើម្បីចូលរួមអបអរឆ្នាំថ្មី  ឆ្នាំសកល ឆ្នាំ២០២៣​។  

លោក ប្រាក់ សោភ័ណ្ឌ អភិបាលរងខេត្ត និង​ជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត បានលើកឡើងថា ការងាររៀបចំកែលម្អនេះ គឺជាការរំលេចនូវសោភ័ណភាព​បៃតង នៅតាមដងស្ទឹង តាមរុក្ខវិថីនានា ក្នុងក្រុង បរិវេណព្រះអង្គចេក ព្រះអង្គចម ក៏ដូចជា នៅតាមសួន​ច្បារ ដើម្បីរៀចំភ្លើងពណ៌នាពេលរាត្រី ឲ្យកាន់តែមានការទាក់ទាញអារម្មណ៍ពីសំណាក់​បងប្អូនប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដើម្បីមកទស្សនាកម្សាន្ត ក្នុងឱកាសឆ្លងឆ្នាំថ្មី  ឆ្នាំសកល ឆ្នាំ២០២៣នេះ។ ក្រៅពីនោះ ក៏មានការជិះទូកកម្សាន្ត តាមដងស្ទឹងប្រវត្តិសាស្ត្រ​ និងទស្សនាការសម្តែងរបាំ និង​រាំវង់ស្គរដៃផងដែរ។ ម្យ៉ាងទៀត ក៏ជាការរួមចំណែកក្នុងការជំរុ​ញការផ្សព្វផ្សាយពីសក្តានុពលរបស់ខេត្តសៀមរាប ក្នុងការស្តារឡើងវិញនូវរាល់វិស័យក្នុងខេត្តសៀមរាប សំខាន់លើវិស័យទេសចរណ៍។  ទោះបីមានភាពធូរស្រាលនៃជំងឺ​កូវិដ១៩ នេះ ក្នុងឱកាសឆ្លងឆ្នាំសកល ឆ្នាំ​២០២២. ២០២៣ ដោយមានភ្ញៀវជាតិ-អន្តរជាតិ បានអញ្ជើញចូលរួមអបអរសាទរ ក្នុងបុណ្យឆ្លងឆ្នាំសកល ក៏បានអនុវត្តជាប្រចាំនូវវិធានការរបស់រាជរដ្ឋាភិបាល ៣កុំ ៣ការពារ ផងដែរ។

ក្នុងរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ​២០២២ មកដល់ថ្ងៃទី០១ ខែមករា ឆ្នាំ២០២៣ តាមរបាយការណ៍របស់​មន្ទីរទេសចរណ៍ខេត្តសៀមរាប បង្ហាញ​ថា ភ្ញៀវទេសចរ មកពីបណ្តាខេត្ត-រាជធានី បានចូលមកដើរកម្សាន្ត នៅតាមរមណីយ​ដ្ឋាន​នានា រួមទាំងរាត្រីឆ្លងឆ្នាំ នៅខេត្តសៀមរាប ឆ្លងឆ្នាំថ្មី ឆ្នាំសកល ឆ្នាំ២០២២ ឈានចូល​ឆ្នាំ២០២៣ មានចំនួនប្រមាណជា ៣៣៧ ៧៦៩នាក់ ក្នុងនោះ ភាគច្រើនដ៏លើសលុប គឺភ្ញៀវទេសចរ ក្នុងប្រទេស ។

 តាមមន្ទីរទេសចរណ៍ ភ្ញៀវអ្នក​ដំណើរកម្សាន្តទាំងនោះ  មានមកពីបណ្តារាជធានីខេត្តនានា មានប្រមាណ ៣៣០ ០០០​នាក់​។

ជាលក្ខណៈពិសេសគួរកត់​សម្គាល់នោះ គឺការធ្វើដំណើរកម្សាន្តជាលក្ខណៈគ្រួសារ​របស់ប្រជាពលរដ្ឋ បានឆ្លុះបង្ហាញអំពីស្ថានភាពរស់នៅរបស់ប្រជាពលរដ្ឋកម្ពុជា និង​កំពុងស្ថិតក្នុងប្រក្រតីភាពថ្មី គឺ​ទម្លាប់រស់ជាមួយកូវីដ-១៩ ហើយកត្តាប្រុងប្រយ័ត្ន គឺជាគន្លឹះស្នូលនៃសេចក្តីសុខចម្រើន​។

ក្នុងរបាយការណ៍ដដែល​ បានប្រាប់​ឱ្យដឹងថា គោល​ដៅសំខាន់ៗនៃដំណើរកម្សាន្តនោះ មានដូចជា រមណីយដ្ឋានអង្គរ ប្រហែលជា ២២០ ០០០នាក់   ក្នុងនោះ រមណីយដ្ឋាន​ឧទ្យានជាតិភ្នំគូលែន ប្រមាណ ៦​៥០០​នាក់ ​តំបន់ទន្លេសាបមានចំនួនប្រមាណ ៣០០០​នាក់ ,សហគមន៍ទេសចរណ៍-អេកូទេសចរណ៍ និងតំបន់ផ្សេងៗ មានប្រមាណ ១០០​ ៥០០​នាក់​។

តាមការកត់សម្គាល់ បណ្តាភ្ញៀវទេសចរទាំងនោះ បានជួបជុំគ្នាកម្សាន្តពេលរាត្រីឆ្លងឆ្នាំ នៅក្រុងសៀមរាប ដូចជា នៅផាប់ស្រ្ទីត និងនៅសួនច្បារព្រះរាជដំណាក់​។ ក៏ប៉ុន្តែយ៉ាង​ហោចណាស់ នៅ​ក្នុងព្រឹត្តិការណ៍ឆ្លងឆ្នាំថ្មី ឆ្លងឆ្នាំសកលនេះ មានភ្ញៀវទេសចរបរទេសផ្ទៃក្នុង ប្រហែលជាង ៧៧៦៩​នាក់​ផងដែរ​។

សូមបញ្ជាក់​ថា ក្នុងឱកាសដំណើរ​ការឆ្លងឆ្នាំសកលនេះ ចំពោះការងារចរាចរណ៍ បានបង្កលក្ខណៈ​ល្អ ក្នុងការ​សម្រួលចរាចរណ៍ ទៅមកបានល្អ​ជាងបណ្តាឆ្នាំមុនៗ ដោយខេត្តសៀមរាប ទទួល​បានចំណងដៃថ្មី គឺអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនូវផ្លូវ ៣៨ខ្សែ ត្រូវបានស្ថាបនារួចរាល់ និងបានសម្ពោធដាក់ឱ្យប្រើប្រាស់​ នៅក្នុងឆ្នាំ២០២២ កន្លងមក។ ខេត្តសៀមរាប ក៏ត្រៀមរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅពេលបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ នាខែមេសាខាងមុខ ផងដែរ៕ ច័ន្ទ រស្មី

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ