ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មគ្គុទេសក៍ទេសចរណ៍ភាសាបារាំង តំបន់​សៀមរាប​អង្គរ មានក្តីសង្ឃឹមទ្បើងវិញ

1 ឆ្នាំ មុន
  • សៀមរាប

រាជធានីភ្នំពេញ៖ ទោះបីចំនួនភ្ញៀវទេសចរ​បរទេស នៅមានកម្រិតទាបនៅទ្បើយ ប៉ុន្តែក្រុម​មគ្គុទ្ទេសទេសចរណ៍ភាសាបារាំង នៅតំបន់សៀមរាបអង្គរ បានបង្ហាញនូវក្តីសង្ឃឹមទ្បើងវិញ​នូវវត្តមាននៃភ្ញៀវទេសចរ​បរទេស ដែលវិលមកកាន់កម្ពុជា ខណៈពេលដែលកម្ពុជា បានបើក​ប្រទេស​ទ្បើងវិញ​ ជាង…

រាជធានីភ្នំពេញ៖ ទោះបីចំនួនភ្ញៀវទេសចរ​បរទេស នៅមានកម្រិតទាបនៅទ្បើយ ប៉ុន្តែក្រុម​មគ្គុទ្ទេសទេសចរណ៍ភាសាបារាំង នៅតំបន់សៀមរាបអង្គរ បានបង្ហាញនូវក្តីសង្ឃឹមទ្បើងវិញ​នូវវត្តមាននៃភ្ញៀវទេសចរ​បរទេស ដែលវិលមកកាន់កម្ពុជា ខណៈពេលដែលកម្ពុជា បានបើក​ប្រទេស​ទ្បើងវិញ​ ជាង ១ឆ្នាំមកហើយ​។

លោក ហៃ សោភា មគ្គុទេសក៍ទេសចរណ៍ភាសាបារាំង នៅតំបន់សៀមរាបអង្គរ បានឲ្យដឹងថា លោកបានប្រកបមុខរបរនាំភ្ញៀវ​ទេសចរបារាំង ប្រមាណ ២២ឆ្នាំមកហើយ ហើយអាចនិយាយថា គ្រួសាររបស់លោក គឺពឹងផ្អែកលើមុខរបរមួយនេះ។

ប៉ុន្តែអំទ្បុងពេលផ្ទុះកូវីដ១៩ លោកមិនគ្រាន់តែបាត់បង់ប្រាក់ចំណូលប៉ុណ្ណោះទេ តែជីវភាពគ្រួសារ ក៏ជួបបញ្ហាផងដែរ។

លោកបានបន្ថែមថា ក្រោយរាជរដ្ឋាភិបាលបើកប្រទេស សំខាន់ការបើកទទួលភ្ញៀវទេសចរ​បរទេស​ទ្បើងវិញនោះ ភ្ញៀវទេសចរបរទេស បានវិលមកកម្ពុជា ពិសេសទៅទស្សនាតំបន់​សៀមរាប​អង្គរជាបន្តបន្ទាប់ ក្នុងចំនួនកើនទ្បើងជាលំដាប់។ ផ្តើមពីនោះ មុខរបរមគ្គុទេសក៏ មានសកម្មភាពទ្បើងវិញ គួរឲ្យកត់សម្គាល់ និងបង្ហាញនូវក្តីសង្ឃឹម សម្រាប់បងប្អូនយើង ដែលប្រកបមុខរបរនេះ។

លោក ហៃ សោភា បានបញ្ជាក់ថា កាលមុនកូវីដ ក្នុងមួយថ្ងៃ លោកទទួលនាំភ្ញៀវទេសចរ​ពី ៥០ ទៅ ៦០នាក់ និងរកកម្រៃបានពី ៤០ដុល្លារ ទៅ ៤៥ដុល្លារ។ ប៉ុន្តែឥទ្បូវនេះ ក្នុងមួយថ្ងៃលោក​អាចនាំភ្ញៀវបានជាង ១០នាក់ ហើយទោះវាមិនច្រើនដូចមុន តែអ្វីដែលយើងរីករាយ គឺសកម្មភាព​ជំនាញ ឬមុខរបរនេះ បានដំណើរការទ្បើងវិញ រួមនឹងប្រាក់ចំណូលប្រចាំថ្ងៃ។

រួមជាមួយនឹងក្តីរំភើបរីករាយ លោក ហៃ សោភា ក៏បានបង្ហាញនូវក្តីរំពឹងថា មិនយូរមិនឆាប់ ភ្ញៀវទេសចរ ពិសេសភ្ញៀវទេសចរបរទេស នឹងមានចំនួន កាន់តែច្រើនទ្បើងៗ ហើយវិលទៅរក​ស្ថានភាព មុនផ្ទុះកូវីដ១៩។

​​សូមជម្រាបថា ក្នុងរយៈពេល ១០ខែឆ្នាំ២០២២ (មករា-តុលា) ខេត្តសៀមរាប ទទួលបានទេសចរ សរុបចំនួន ១,៧៩២,៥៤៩នាក់ កើនឡើង ៨៨៦.៣៣៥% ធៀបរយៈពេលដូចគ្នា ក្នុងឆ្នាំ២០២១។ ក្នុងនោះ ភ្ញៀវទេសចរជាតិ មានចំនួន ១,៦២៣,២០០នាក់ កើនឡើង ៨៣០.៤៥% និងទេសចរ​អន្តរជាតិ មានចំនួន ១៦៩,៣៤៩នាក់ កើនឡើង ២២២៤.៣០%។

 បើតាមក្រសួងទេសចរណ៍ រយៈពេល ១០ខែ ឆ្នាំ២០២២ នេះ នៅទូទាំងប្រទេសកម្ពុជា ទទួលបាន​ភ្ញៀវទេសចរអន្តរជាតិ ប្រមាណជាង ១.៥៧លាននាក់ កើនឡើង ៩៩១% ធៀបនឹងរយៈពេល​ដូចគ្នា ក្នុងឆ្នាំ២០២១។ រីឯភ្ញៀវទេសចរផ្ទៃក្នុង ធ្វើដំណើរកម្សាន្តក្នុងប្រទេស មានជាង ១០.៨៦លាន​នាក់ កើនឡើង ២៣៤% ធៀបរយៈពេលដូចគ្នា ក្នុង​ឆ្នាំ២០២១៕ សុខ សារ៉ាយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ