រាជធានីភ្នំពេញ ៖ រយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំងទៅលើស្ត្រីមួយរូប ដែលមានវ័យចំណាស់ពិតមែន តែទឹកដមសម្លេងរបស់អ្នកមីងក្នុងការបកស្រាយបទចម្រៀងពិតជាពីរោះរណ្តំ ស្តាប់ទៅមិនជិនណាយនោះទេ។ ហើយសម្រាប់ប្រិយមិត្តពុកម៉ែបងប្អូន ដែលនិយមចូលចិត្តលេងបណ្តាសង្គម ដូចជា ហ្វេសប៊ុក និង Tik Tok ជាដើម ពិតជាធ្លាប់បានទស្សនា និងស្តាប់បទចម្រៀងដែលរបស់គាត់ នោះគឺអ្នកមីង ហិន ទ្រី ដែលបច្ចុប្បន្ននេះ អ្នកមីងរស់នៅតំបន់ដាច់ស្រយាលមួយ ស្ថិតក្នុងទីដីក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ជាប់ព្រំដែនថៃ។

ជាការពិតណាស់ មួយរយៈនេះអ្នកមីងរូបនេះ ហាក់ដូចជាទទួលបានការចាប់អារម្មណ៍ជាខ្លាំង តាមរយៈបទចម្រៀងមួយចំនួនដែលអ្នកមីងបានបកស្រាយ ដែលភាគច្រើនសុទ្ធសឹងតែជាបទមរតកដើម ដែលទទួលបានការគាំទ្រពីគ្រប់មជ្ឈដ្ឋាន។
ជាការកត់សម្គាល់ បទចម្រៀងមរតកដើម ដែលអ្នកមីងបានបកស្រាយ ហើយទទួលបានការចាប់អារម្មណ៍ជាខ្លាំងនោះ មានដូចជាបទ «ស្ពានសាងស្នេហ៍» «ទំនួញនាងបដាចារ» និងបទល្បីៗផ្សេងទៀត ដែលទទួលបានអន្ទងចិត្តអ្នកទស្សនាបទចម្រៀងរបស់អ្នក។

ដល់ចំណុចនេះ ប្រាកដជាប្រិយមិត្តអ្នកគាំទ្រខ្លះពុំទាន់បានដឹងនោះទេ ពីខ្សែជីវិតដ៏កម្សត់របស់អ្នកមីង។ មែនទែនទៅ អ្នកមីងគឺជាអតីតអ្នកចម្រៀងមួយរូប ដែលបានឆ្លងកាត់ជីវិតជាអ្នកសិល្បៈតាំងពីឆ្នាំ១៩៩៥។ ចង់ដឹងថា មូលហេតុអ្វីបានអ្នកមីងទទួលបានការគាំទ្រពីសំណាក់មហាជនដូច្នេះ? ហើយ តើអ្នកមីងនៅបន្តអាជីពជាអ្នកចម្រៀងឬទេនាសព្វថ្ងៃនេះ? អ្នកសារព័ត៌មានរបស់សារព័ត៌មាកោះសន្តិភាពបានជួបសម្ភាសន៍ជាមួយអ្នកមីងយ៉ាងលម្អិតអំពីរឿងនេះផងដែរ។

អ្នកមីង ហិន ទ្រី បានជម្រាបជូនថា អ្នកមីងពិតជាសប្បាយចិត្តខ្លាំងណាស់ ដែលមានមហាជនស្គាល់អ្នកមីងច្រើនដូច្នេះ។ មុននឹងឈានដល់គេស្គាល់ច្រើន ដំបូងឡើយ អ្នកមីងគ្រាន់តែច្រៀងលេងកម្សាន្តអារម្មណ៍តែប៉ុណ្ណោះ ដោយពេលមួយនោះ គឺអ្នកមីងច្រៀងបទ «ទំនួញនាងបដាចារ» ហើយកូនប្រុសអ្នកមីងបានថត។ បន្ទាប់មកកូនអ្នកមីងបានប្រាប់អ្នកមីងថា កូនយកវីដេអូដែលអ្នកម្តាយច្រៀងយកទៅផុសនៅលើបណ្តាញសង្គម ដោយមិនបានប៉ុន្មានផងវីដេអូចម្រៀង បទ «ទំនួញនាងបដាចារ» ហាក់ដូចជាចាក់ចំបេះដូងអ្នកស្តាប់ ធ្វើអោយមីងមានគេស្គាល់កាន់តែច្រើនឡើង ជាមួយបទចម្រៀងជាបន្តបន្ទាប់ទៀត ដូចជាបទ «ស្រណោះដីខ្មែរ» និង «ទុក្ខស្រីប្តីព្រាត់» ជាដើម។

ស្ថិតក្នុងវ័យ៦០ឆ្នាំ អ្នកមីង ហិន ទ្រី បានរម្លឹកអំពីប្រវត្តិរបស់អ្នកមីងពេលប្រឡូកក្នុងវិថីសិល្បៈថា អ្នកមីងធ្លាប់ប្រឡងចម្រៀងកាលឆ្នាំ១៩៩៥ នៅក្នុងមហោស្រពចតុមុខ ដោយកាលនោះអ្នកមីងទទួលបានចំណាត់ថ្នាក់លេខ២ ផ្នែកចម្រៀងផងដែរ។ អ្នកមីង ហិន ទ្រី បានបន្ថែមថា ពេលដែលមានបងប្អូនរៀបចំពិធីមង្គលការនៅក្នុងភូមិស្រុកអ្នកមីង គេតែងតែអោយអ្នកមីងបកស្រាយចម្រៀងមួយបទ ឬពីរបទ ព្រោះអ្នកមីងមានសម្លេងផ្អែម ជាពិសេសបទរបស់អ្នកមីងតែងតែចាក់ចំអារម្មណ៍របស់អ្នកស្តាប់។

បើងាកមកមើលពីជិវីតរបស់អ្នកមីងវិញ អ្នកមីងជាស្ត្រីមេម៉ាយ ដោយអ្នកមីងបានប្រាប់ថា ប្តីអ្នកមីងបានលាចាកលោកតាំងពី២០ឆ្នាំជាងមុនម្ល៉េះ ដោយទុកអោយអ្នកមីងរស់នៅដោយភាពកណ្តោចកណ្តែងតែម្នាក់ឯង និងចិញ្ចឹមកូនៗ៣នាក់ទៀត។ អ្នកមីងបានបន្តថា ជីវភាពអ្នកមីងរាល់ថ្ងៃពិតជាខ្វះខាតជាខ្លាំង រកព្រឹកខ្វះល្ងាច រកល្ងាចខ្វះព្រឹក ហើយពេលខ្លះទៀត រកអង្ករដាំបាយក៏គ្មានដែរ។ ជាចុងក្រោយអ្នកមីង ហិន ទ្រី សំណូមដល់សប្បុរសជនជួយអ្នកមីងខ្លះផង ព្រោះអ្នកមីងក៏មានជីវិតខ្វះខាត និងរាល់ថ្ងៃអ្នកមីងពិតជាពិបាក ដូច្នេះសូមជួយអ្នកមីងផង៕
ចែករំលែកព័តមាននេះ