ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រាន់តែ​ឈប់​រ៉ឺ​ម៉ក់​និយាយ​ទូរស័ព្ទ​មួយ​ភ្លែត សន្តិសុខ​ហៅ​បក្សពួក​មក​វា​.​យ​ផ្អើល​មុខ​បុរី

1 ឆ្នាំ មុន
  • ភ្នំពេញ

បុរស​ជា​ជាង​ជួសជុល​ម៉ាស៊ីនត្រជាក់​ម្នាក់​ឈប់​រ៉ឺ​ម៉ក​ចត​នៅ​មុខ​បុរី ហើយ​និយាយ​ទូរស័ព្ទ​មួយ​ភ្លែត​សោះ ក៏​ត្រូវ​សន្តិសុខ​យាម​បុរី​ហៅ​បក្សពួក មក

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា បុរស​ជា​ជាង​ជួសជុល​ម៉ាស៊ីនត្រជាក់​ម្នាក់​ឈប់​រ៉ឺ​ម៉ក​ចត​នៅ​មុខ​បុរី ហើយ​និយាយ​ទូរស័ព្ទ​មួយ​ភ្លែត​សោះ ក៏​ត្រូវ​សន្តិសុខ​យាម​បុរី​ហៅ​បក្សពួក មក​វា​.​យ​បុរស​រង​គ្រោះ បណ្តាល​ឱ្យ​រង​របួសធ្ងន់ ហើយ​ត្រូវ​បាន​ប្រជាពលរដ្ឋ​ឃើញ​ក៏​ទាក់ទង​ទៅ​សមត្ថ​កិច្ច​ភ្លាម​ៗ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៩​និង​៥០​នាទី យប់ ថ្ងៃ​ទី​៦ ខែធ្នូ ឆ្នាំ​២០២២ នៅ​តាម​បណ្ដោយ​ផ្លូវ​បេតុង ត្រង់​ចំណុច​មុខ​បុរី​« អូ​គី​ដេ​វីឡា​» ស្ថិត​នៅ​ក្នុង​សង្កាត់​គោក​ឃ្លៀង ខណ្ឌ​សែន​សុខ ។

សេចក្តីរាយការណ៍​បាន​បន្ត​ថា ជន​រង​គ្រោះ​ខាងលើ​មានឈ្មោះ សែ គឹ​មសៀត ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ មុខរបរ​ជាង​ជួសជុល​ម៉ាស៊ីនត្រជាក់ រស់នៅ​នៅ​ម្តុំ​វត្ត​ព្រៃ​ស្ពឺ សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

បើ​តាម​ប្រភព​ព័ត៌មាន​ពី​ជន​រង​គ្រោះ​បាន​និយាយ​ប្រាប់​ថា នៅ​មុន​ពេល​កើតហេតុ គាត់​បាន​ត្រឡប់​មក​ពី​ជួសជុល​ម៉ាស៊ីនត្រជាក់​នៅផ្ទះ​ប្អូន ហើយ​ក៏​បាន​ធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវ​ខាងលើ លុះ​មក​ដល់​ទល់មុខ​ការដ្ឋាន​សំណង់ គាត់​ក៏​បាន​ឈប់​រ៉ឺ​ម៉ក​សណ្តោង​ដើម្បី​និយាយ​ទូរស័ព្ទ​បាន​បន្តិច ក៏​ស្រាប់តែ​ឃើញ​សន្តិសុខ​យាម​ការដ្ឋាន​សំណង់​បាន​មក​ស្តីអោយ​គាត់ ដោយ​និយាយ​ថា «​ឈប់​ចត​រ៉ឺ​ម៉ក​សណ្តោង​ត្រង់​នឹង​ធ្វើ​អ្វី​កុំ​ចត​ត្រង់​នឹង​» ចំណែក​រូប​គាត់ (​ជន​រង​គ្រោះ​) ក៏​បាន​និយាយ​ទៅ​កាន់​ខាង​សន្តិសុខ​នោះ​វិញ​ថា «​គ្រាន់តែ​ចត​រ៉ឺ​ម៉ក​សណ្តោង​នៅ​កន្លែង​នឹង​ម្តេច​មិន​បាន ឈប់​និយាយ​ទូរស័ព្ទ​បន្តិច​សោះ ផ្លូវ​សាធារណៈ​សោះនឹង​»​។

ជន​រង​គ្រោះ​បន្ត​ទៀត​ថា បន្ទាប់​មក​សន្តិសុខ​នោះ​ក៏​បាន​ទាក់ទង​ទៅ​បក្សពួក​ម្នាក់​ទៀត​មក​ដល់ រួច​យក​ពិល​មក​វា​.​យ​គាត់​ធ្វើ​ឱ្យ​រង​របួសធ្ងន់ ដោយ​បាក់​ក្តោងច្រមុះ ហើយ​នៅ​ពេល​នោះ​ដោយ​មាន​ប្រជាពលរដ្ឋ​ឃើញ​ហេតុការណ៍​ក៏​ស្រែក​អោយ​គេ​ជួយ​រូប​គាត់ (​ជន​រង​គ្រោះ​) ទើប​សន្តិសុខ និង​បក្សពួក​នាំ​គ្នា​រត់​ចេញពី​កន្លែង​កើតហេតុ​បាត់​ទៅ​។

បន្ទាប់​មក បងប្អូន​ប្រជាពលរដ្ឋ​ក៏​បាន​ទាក់ទង​ទៅ​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​ភ្លាម​ៗ ដើម្បី​ជួយ​អន្តរាគមន៍ តែ​ពេល​កម្លាំង​នគរបាល​ប៉ុស្តិ៍​មក​ដល់​ចំណុច​កើតហេតុ ដោយ​មិនឃើញ​ជន​បង្ក និង​បក្សពួក​នៅ​កន្លែង​កើតហេតុ​នោះ​ទេ​។

ជន​រង​គ្រោះ​បាន​រៀបរាប់​ប្រាប់​សមត្ថកិច្ច និង​បងប្អូន​ប្រជាពលរដ្ឋ​ថា គាត់​គឺជា​ជាង​ជួសជុល​ម៉ាស៊ីនត្រជាក់ ដោយសារ​ចាំបាច់​ទើប​គាត់​និយាយ​ទូរស័ព្ទ ហើយ​ជន​រង​គ្រោះ​ក៏​បាន​បង្ហាញ​សម្ភារៈ​របស់​គាត់​នៅ​លើ​ម៉ូតូ​សណ្តោង​រ៉ឺ​ម៉ក គឺ​សុទ្ធតែ​គ្រឿង​សម្ភារៈ​ជួសជុល​ម៉ាស៊ីនត្រជាក់​តែ​ប៉ុណ្ណោះ​។

ក្រោយ​ពេល​កើតហេតុ សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​ក៏​បាន​នាំ​ជន​រង​គ្រោះ​ទៅ​ដាក់​ពាក្យបណ្ដឹង​នៅ​ប៉ុស្តិ៍​នគរបាល​សង្កាត់​គោក​ឃ្លៀង ដើម្បី​សួរនាំ នឹង​ទទួល​បណ្តឹង​តាម​ចាប់​ជន​បង្ក​មក​ផ្តន្ទាទោស​តាម​ច្បាប់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ