រាជធានីភ្នំពេញ ៖ ខណៈពេលការប្រឡងបាក់ឌុប បានចាប់ផ្តើមប្រព្រឹត្តនៅថ្ងៃនេះ និងថ្ងៃស្អែកនោះ តារាល្បីៗបានចាប់ផ្តើមបញ្ចេញសារយ៉ាងព្រោងព្រាតក្នុងន័យជូនពរអោយបេក្ខជនប្រឡងឱ្យបានជាប់គ្រប់ៗគ្នា។
កំពូលតារាចម្រៀងលំដាប់ជួរមុខ អ្នកនាង ឱក សុគន្ធកញ្ញា បានបង្ហោះលើគណនីហ្វេសប៊ុករបស់ខ្លួនថា «ជូនពរ ប្អូនៗ ដែលត្រូវប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នៅថ្ងៃស្អែកនេះ ឲ្យមានស្មារតី រឹងមាំ មុះមុត បំពេញកាតព្វកិច្ច ចំនួន២ថ្ងៃ ឲ្យបានល្អតាមអ្វីដែលអាចធ្វើទៅបាន។ ស៊ូៗ បង កញ្ញា ផ្តល់កម្លាំងចិត្តពីចម្ងាយឲ្យណា»។
![Picture]()
ចំណែកតារាចម្រៀងនាង សុខ សីឡាលីន ក៏បានបង្ហោះសារថា «ក្នុងនាមជាតារាចម្រៀង និងជាមន្ត្រីរាជការមួយរូបដែរ សូមលើកទឹកចិត្ត ប្អូនៗ ក្មួយៗ ដែលត្រូវប្រឡងសញ្ញាបត្រទុតិយភូមិ សូមជូនពរអោយជោគជ័យ ធ្វើអោយបានល្អ ហើយសំណាងល្អ មានចំណេះដឹង មានសញ្ញាបត្រពិត ទុកជាទុនមួយដ៏សំខាន់ដើម្បីនាំយើងទៅរកភាពជោគជ័យនៃការងារផ្សេងៗ មានធនធានមនុស្សច្រើន ចម្រើនដល់សង្គមជាតិយើង»។
ដោយឡែកតារាសម្តែងពូកែហូរទឹកភ្នែកនាង នី មុន្នីនាថ ក៏បានបញ្ចេញសារស្រដៀងគ្នានេះដែរថា «សូមជូនពរប្អូនៗ សិស្សានុសិស្ស ជាបេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ថ្ងៃទី០៥ និងទី០៦ ខែធ្នូ ឆ្នាំ២០២២ ទទួលបានជោគជ័យល្អទាំងអស់គ្នា។ សូមជូនពរឱ្យដំណើរការប្រឡងប្រព្រឹត្តទៅបានដោយរលូន និងសម្រេចបានលទ្ធផលល្អ»។
![Picture]()
សម្រាប់ពិធីការិនីដ៏ល្បីឈ្មោះនាង សាន់ សាណា ក៏បានបង្ហោះសារថា «សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ បងសាណា ជូនពរប្អូនៗថ្នាក់ទី១២ សូមធ្វើអោយបានល្អ ទទួលបានលទ្ធផលសមតាមអ្វីដែលប្អូនបានខិតខំ និងសន្សំពីមុនមក ប៉ុន្តែកុំភ្លេចព្យាយាមញ៉ាំអាហារដែលមានអាហារូបត្ថម្ភល្អ ទ្រទ្រង់រាងកាយអោយមានកម្លាំងគ្រប់គ្រាន់ ខួរក្បាលមានភាពរហ័ស ឈ្នះអស់គ្រប់វិញ្ញាសារ»។
![Picture]()
តារាចម្រៀងលោក ហ្សូណូ ក៏បានបញ្ចេញសារនៅលើគណនីហ្វេសប៊ុករបស់ខ្លូនដែរថា «ជូនពរប្អូនៗ ប្រឡងមធ្យមសិក្សាទុតិយភូមិ បាក់ឌុប ថ្ងៃស្អែកនេះ ទទួលបានលទ្ធផលល្អគ្រប់គ្នា! ស៊ូៗណា!»។
រីឯម្ចាស់ជ័យលាភីពានរង្វាន់ប្រឡងចម្រៀងលំដាប់ពិភពលោក Cambodia Idol លោក លឹម តិចម៉េង ក៏បានបង្ហោះសាររបស់ខ្លួនដែរថា «ប្អូនៗត្រូវប្រឡងទី១២ ជូនពរអោយទទួលបានលទ្ធផលល្អគ្រប់ៗគ្នា»។
![Picture]()
ជាការកត់សម្គាល់ ក្រៅពីអ្នកសិល្បៈល្បីៗខាងលើនេះ ប្រមុខដឹកនាំសម្តេចតេជោ ក៏បានបង្ហោះសារនៅលើគណនីហ្វេសប៊ុកផ្លូវការរបស់សម្តេចកាលពីម្សិលមិញដែរថា «សូមជូនពរចៅៗ ដែលនឹងត្រូវប្រឡងមធ្យមសិក្សាទុតិយភូមិនៅថ្ងៃស្អែក និងខានស្អែក សូមមានសុខភាពល្អ និងមានជោគជ័យ។ ទុកចិត្តលើក្រសួងអប់រំ លើលោកគ្រូ អ្នកគ្រូ លើរដ្ឋបាលគ្រប់ជាន់ថ្នាក់ការពារដល់ចៅៗរាប់ទាំងកូវីដ.១៩ផង»៕
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
ចែករំលែកព័តមាននេះ