ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បារាំង​​ផ្តល់​ជំនួយ ១១លានអឺរ៉ូ សាងសង់​សាលាជាតិ​វិជ្ជាជីវៈទេសចរណ៍ នៅភ្នំពេញ ​និងនៅខេត្តព្រះសីហនុ

1 ឆ្នាំ មុន
  • ភ្នំពេញ

ភ្នំពេញ៖ កម្ពុជា នឹងមានសាលាជាតិវិជ្ជាជីវៈទេសចរណ៍ ចំនួន ២កន្លែង នៅរាជធានីភ្នំពេញ និងនៅ​ខេត្តព្រះសីហនុ។ សាលាជាតិវិជ្ជាជីវៈទេសចរណ៍ ដែល​ជាជំនួយរបស់​បារាំង ១១លាន​ដុល្លារនេះ…

ភ្នំពេញ៖ កម្ពុជា នឹងមានសាលាជាតិវិជ្ជាជីវៈទេសចរណ៍ ចំនួន ២កន្លែង នៅរាជធានីភ្នំពេញ និងនៅ​ខេត្តព្រះសីហនុ។ សាលាជាតិវិជ្ជាជីវៈទេសចរណ៍ ដែល​ជាជំនួយរបស់​បារាំង ១១លាន​ដុល្លារនេះ ត្រូវបាន​បើកការដ្ឋាន​សាងសង់​ កាលពីព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២  ក្រោមអធិបតីភាព​លោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា និងលោកបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នាព្រឹក​ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២ នេះ។

លោកបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានថ្លែង​ថា គម្រោងបង្កើត​សាលាជាតិទេសចរណ៍នេះ គឺដោយមានការគិតគូរយ៉ាងច្បាស់លាស់របស់រាជរដ្ឋាភិបាល​លើការអភិវឌ្ឍន៍ធនធានមនុស្សក្នុងវិសយ័ទេសចរណ៍។ ផ្តើមពីនោះ នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៥ ក្នុងដំណើរទស្សនកិច្ចរបស់សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅទីក្រុងប៉ារីសប្រទេសបារាំង រាជរដ្ឋាភិបាលបានចុះកិច្ចព្រមព្រៀងហិរញ្ញប្បទានឥណទាន ពីទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ(AFD) ក្នុងទំហំទឹកប្រាក់ចំនួន ១១លានអឺរ៉ូ សម្រាប់ការសាងសង់សាលាជាតិវិជ្ជាជីវៈទេសចរណ៍។ ទន្ទឹមនោះ AFD ក៏បានផ្តល់ហិរិញ្ញប្បទានឥតសំណងលើទឹកប្រាក់ចំនួន ១.៥លានអឺរ៉ូទៀត សម្រាប់គម្រោងពង្រឹងសមត្ថភាពពាណិជ្ជកម្មលើវិសយ័ទេសចរណ៍ផងដែរ។    

លោករដ្ឋមន្ត្រី ថោង ខុន បានលើកទ្បើងថា ក្រសួងទេសចរណ៍បាន និងកំពុង យកចិត្តទុកដាក់ខ្ពស់លើការពង្រឹងគុណភាពសេវាកម្ម និងសុវត្ថិភាពជូនភ្ញៀវទេសចរ និងពង្រឹងភាពប្រកួតប្រជែង ដើម្បីទាក់ទាញដល់ទេសចរទាំងអន្តរជាតិ និងក្នុងស្រុក ស្របទៅតាមទិសដៅយុទ្ធសាស្រ្តក្នុងដំណាក់កាលទី២ នៃ ផែនការស្តារ និងលើកស្ទួយ វិស័យទេសចរណ៍ក្នុង និងក្រោយដំណាក់កាលកូវីដ-១៩ ឆ្នាំ២០២០-២០២៥។ ក្នុងនោះ ក្រសួងបានគិតគូរយ៉ាងយកចិត្តទុកដាក់លើ ការធានាឱ្យបាននូវសមត្ថភាព គុណភាព និងបរិមាណបុគ្គលិក បម្រើការក្នុងវិស័យទេសចរណ៍ឆ្លើយតបនឹងតម្រូវការទីផ្សារ ដោយជំរុញ ការបណ្តុះបណ្តាលតាមគ្រប់រូបភាព។ ជាក់ស្តែង រហូតដល់​ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២២ ក្រសួងទេសចរណ៍បានបើកថ្នាក់អនឡាញចំនួន១២១ថ្នាក់ លើមុខវិជ្ជាចំនួន ៤៧មុខ មានសិក្ខាកាមចុះឈ្មោះសរុបចំនួន ១៤,៦៤៦នាក់ និងបណ្តុះ- បណ្តាលដោយផ្ទាល់បានចំនួន ៦៣២នាក់។ ក្រសួងទេសចរណ៍ក៏បានទទួលស្គាល់គ្រឹះស្ថានបណ្តុះបណ្តាល ជំនាញទេសចរណ៍ ចំនួន ១៨ ដែលបានបណ្តុះបណ្តាលអ្នកជំនាញទេសចរណ៍ប្រមាណ ១២០០នាក់ ក្នុងមួយឆ្នាំ។    

លោកបញ្ជាក់ថា ទោះបីយ៉ាងណា តម្រូវការអភិវឌ្ឍធនធានមនុស្សនៅតែជាអទិភាព ដែលតាមផែនទីចង្អុលផ្លូវស្តីពីផែនការស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជា ក្នុង និងក្រោយវិបត្តិជំងឺកូវីដ-១៩​។ ដំណាក់កាលស្តា​រឡើងវិញផ្នែ​ក​សេដ្ឋកិច្ច​ និងការងារក្នុងវិស័យទេសចរណ៍ ក្រសួងទេសចរណ៍ បានដាក់ចេញ ”ផែនការស្តារ និងលើកកម្ពស់ជំនាញទេសចរណ៍ឆ្នាំ២០២២-២០២៣” ជំរុញការអភិវឌ្ឍជំនាញ ស្រប​តាមចក្ខុវិស័យ “បុគ្គលិកម្នាក់ ជំនាញមួយ” និងបន្សីជំនាញទន់ និងជំនាញឌីជីថល ក្នុងកម្មវិធីសិក្សាទេសចរណ៍ ឆ្លើយតបទៅនឹងបរិការណ៍ថ្មី(ក្រោយវិបត្តិកូវីដ-១៩)។    

លោករដ្ឋមន្ត្រី ថោង​ ខុន​ ក៏បានបញ្ជាក់បន្ថែមថា គម្រោងសាសង់សាលាជាតិវិជ្ជាជីវៈទេស​ចរណ៍បានរៀបចំកម្មវិធីសិក្សា និងបណ្តុះបណ្តាលស្របតាមស្តង់ដាជាតិ និងអាស៊ាន តាមរយៈក្រុមហ៊ុនប្រឹក្សាបច្ចេកទេស Mascontour មកពីប្រទេសអាទ្បឺម៉ង់ និងបានជ្រើសរើសក្រុមហ៊ុនស្ថាបត្យកម្ម Group 4Engineering ឲ្យគូសប្លង់ និងជួយត្រួតពិនិត្យការសាងសង់ និងមានក្រុមហ៊ុន Urban cambo Builders Co.Ltd រួមគ្នាជាមួយក្រុមហ៊ុន Lotus Green Co.Ltd ជាក្រុមហ៊ុនម៉ៅការសាងសង់។

លោករដ្ឋមន្ត្រី បន្ថែមថា អគារសាលាទាំងពីរនេះ នឹងត្រូវសាងសង់ព្រមគ្នា ដោយប្រើរយៈពេល១៥ខែ ហើយក្រសួងទេសចរណ៍ ក៏បានទទួលលិខិតអនុញ្ញាតិសាងសង់ និងបើកការដ្ឋានសាងសង់ពីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់រួចរាល់ហើយដែរ។  

លោកបញ្ជាក់បន្ថែមថា គម្រោងបង្កើតសាលាជាតិវិជ្ជាជីវៈទេសចរណ៍នេះ ប្រើប្រាស់ទំហំវិនិយោគដំបូងរបស់រាជរដ្ឋាភិបាល សរុបប្រមាណ ២៦,៥ លាន ដុល្លា អាមេរិក ក្នុងនោះ តម្លៃដីនៅភ្នំពេញទំហំ ៤,០០០ ម៉ែត្រការ៉េ ស្មើនឹង ប្រមាណ ១០ លានដុល្លារ និងតម្លៃដី​នៅខេត្តព្រះសីហនុ ទំហំ ១,៧៧៥ ម៉ែត្រការ៉េ ស្មើនឹង​ប្រមាណ ៤,៥ លាន​ដុល្លារ បូកបញ្ចូលនឹងកម្ចីពីទីភ្នាក់ងារបារាំង សម្រាប់ការអភិវឌ្ឍន៍ ១២លានដុល្លារ សម្រាប់ការសាងសង់ បំពាក់សម្ភារ ទីប្រឹក្សា និងចំណាយផ្សេងទៀត ពាក់ព័ន្ធនឹងការគ្រប់គ្រងគម្រោង។        

លោកបន្ថែមថា សំណង់អគារសាលាជាតិវិជ្ជាជិវៈទេសចរណ៍ នៅរាជធានីភ្នំពេញនេះ គ្រោងសាងសង់កម្ពស់ ៤ជា​ន់ មានផ្ទៃក្រ​ឡា​សំណង់ សរុប ៧៣២៦ម៉ែត្រការ៉េ លើផ្ទៃដីចំនួន ៤០០០ម៉ែត្រការ៉េ គ្រោងចំណាយថវិកា ៣ ៤៥១ ៩៧២ .១​១ ដុល្លារ និងនៅខេត្តព្រះសីហនុ គ្រោងសាងសង់កម្ពស់ ៤ជាន់ដូចគ្នា មានផ្ទៃក្រឡាសំណង់សរុប ៦៧១៣ម៉ែត្រការ៉េ លើទីតាំងមន្ទីរទេស​ចរ​ណ៍ខេត្តបច្ចុប្បន្ន គ្រោងចំណាយថវិកា ៣​ ០៨៨​ ១៨៣.១៧ ដុល្លារ។ ស្ថាបត្យកម្មសំណង់អគារសាលាទាំងពីរ ត្រូវបានរចនាឡើងយ៉ាងល្អប្រសើរ ស្របតាមលក្ខណៈ​ស្តង់ដា និងដោយផ្អែកតាមប្លង់ ដែលបានកំណត់។

លោក ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និង​​សំណង់ និងជាតំណាងដ៏ខ្ពង់ខ្ពស់​សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី​នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងនូវការកោតសរសើរចំពោះការខិតខំប្រឹងប្រែង​របស់ក្រសួងទេសចរណ៍ ក្រោមការដឹកនាំរបស់​លោកបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួង​ទេសចរណ៍ ដែលបានសហការជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងទីភ្នាក់ងារបារាំង សម្រាប់ការអភិវឌ្ឍ (AFD) ក្នុងការរៀបចំបង្កើត​សាលាជាតិវិជ្ជាជីវៈទេសចរណ៍ នៅរាជធានីភ្នំពេញ និងខេ​ត្ត​ព្រះសី ហនុ​ ប្រកបដោយជោគជ័យ​ រហូតឈានដល់ការបើកការដ្ឋាន​សាងសង់នាពេលនេះ​។​

លោកឧបនាយករដ្ឋមន្ត្រី ថ្លែងថា សាលាជាតិទាំងពីរទីតាំង នឹងក្លាយជាមជ្ឈមណ្ឌលបណ្តុះ​បណ្តាល និងវាយតម្លៃជំនាញវិជ្ជាជីវៈទេសចរណ៍ ស្របតាមស្តង់ដាជាតិ និងអន្តរជាតិ ដែលជាតម្រូវការចាំបាច់ សម្រាប់ការអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជា ទាំងក្នុងពេលបច្ចុប្បន្ន និងទៅអនាគត, ចូលរួមអនុវត្តតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលបានកំណត់យក​ធនធានមនុស្សជាអាទិភាពទី១ សម្រាប់ការអភិវឌ្ឍប្រទេសជាតិ។  

ឆ្លៀតក្នុងឱកាសនេះដែរ លោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ក៏បានសម្តែងនូវការអបអរសាទរ ខួបលើកទី​ ៧០​ឆ្នាំ នៃការបង្កើតទំនាក់ទំន​ងការទូតរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋ​បារាំង ដោយប្រទេស និងប្រជាជនយើងទាំងពីរ បានពូនជ្រុំនូវទំនាក់ទំនងជាប្រពៃណី បន្តពីមួយជំនាន់ទៅមួយជំនាន់ ឱ្យកាន់តែរឹងមាំ ទាំងនៅក្នុងក្របខណ្ឌទ្វេភាគី និងពហុភាគី។

លោកថា ការចូលរួមរបស់បារាំង ពិតជាមានសារៈសំខាន់ និងគុណប្រយោជន៍ សម្រាប់ដំណើរនៃការអភិវឌ្ឍសង្គម សេដ្ឋកិច្ច នៅកម្ពុជា តាមរយៈជំនួយឧបត្ថម្ភ ការផ្តល់ហិរញ្ញប្បទាន និងការវិនិយោគគ្រប់ទម្រង់ នៅក្នុងពហុវិស័យ ជាពិសេសវិស័យអប់រំ សុខាភិបាល យុត្តិធម៌ កសិកម្ម ទេសចរណ៍ វប្បធម៌ និងបរិស្ថាន ជាដើម ក្នុងនោះ វត្តមានរបស់វិនិយោគិន និងភ្ញៀវទេសចរបារាំង ពិតជាបានរួមចំណែកយ៉ាងសំខាន់ ដល់ការអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជា។    ​

លោក​បញ្ជាក់​ថា ​ការផ្តល់ហិរញ្ញប្បទាន​ សម្រាប់ការសាងសង់សាលាជាតិវិជ្ជាជីវៈទេសចរណ៍​នាពេលនេះ គឺជាសក្ខីភាពដ៏សំខាន់មួយទៀត​នៃការគាំទ្ររបស់បារាំង ដើម្បីភាពរីកចម្រើននៃវិស័យ​ទេសចរណ៍​កម្ពុជា៕ សុខ សារ៉ាយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ