រាជធានីភ្នំពេញ ៖ នាយកុយជាតារាកំប្លែងយូរឆ្នាំ និងមានបទពិសោធច្រើនក្នុងការគ្រប់គ្រងក្រុម ឬប្រាស្រ័យទាក់ទងការងារជាក្រុម ។ តើនាយកុយមានវិធីសាស្ត្រអ្វីកុំឱ្យសមាជិកក្រុមអន់ចិត្ត ?
នាយកុយប្រកាន់ខ្ជាប់ចំណុចមួយ គឺសម្តែងចប់បើកលុយឱ្យក្រុមសម្តែងមិនស្ពាយយកទៅផ្ទះតែម្នាក់ឯងទេ ។
តារាកំប្លែងនាយកុយនៅតែមានពន្លឺចែងចាំងក្នុងពិភពសិល្បៈកំប្លែង ទោះជាមានរលកក្រោយជាច្រើនយ៉ាងណាក៏ដោយ ។ វ័យកាន់តែច្រើនតែតារាកំប្លែងនាយកុយនៅតែត្រូវមហាជនទាំងក្នុងនិងក្រៅប្រទេសពេញនិយមដដែល ។ នាយកុយព្យាយាមការងារមួយនេះគ្រប់រូបភាពទម្រាំគ្រងឈ្មោះល្បី តពីរដូវកាលមួយទៅរដូវកាលមួយ ។
លោកជួង ជី ហៅនាយកុយនិយាយថា «ពិតណាស់ខ្ញុំមានអាយុច្រើនទៅហើយដោយឆ្នាំនេះអាយុ៦១ឆ្នាំ បើនិយាយពីជំងឺវិញក៏មានដែរមិនអត់នោះទេ សំខាន់យើងស្តាប់តាមការណែនាំរបស់ពេទ្យជាសំខាន់ ទើបខ្ញុំមានសុខភាពល្អអាចសម្តែងបានដូចពីមុន ។
ការកំប្លែងត្រូវមានពាក្យពេចន៍ស្តាប់កុំឈ្លើយ ឬចំអេសចំអាសជ្រុល ។ និយាយគិតមុខគិតក្រោយ និងចេះរកវិធីសម្តែង ប្លែកៗឱ្យគេប្លែកភ្នែករហូត ។ ប្រការសំខាន់ក្នុងនាមអ្នកកំប្លែងល្បីឈ្មោះបានយូរ ឬមិនមែនជាអ្នកកំប្លែង ជាតួកុន ជាតារាចម្រៀងក៏ដោយ ចំណុចសំខាន់ការគោរពពេលវេលា គោរពវិន័យ សុជីវធម៌ ដឹងចាស់ទុំ រៀមច្បង មិនក្រអើតក្រទម ជាផ្នែករុញឱ្យយើងល្បី គេចូលចិត្ត ។
ករណីពេលវេលាសំខាន់ណាស់ បើទទួលការងារគេហើយ ម៉ោងប៉ុន្មានត្រូវទៅចាំគេមុនបន្តិចបន្តួចក៏មិនជាការខាតដែរ ស៊ូទៅចាំអង្គុយយកលុយមុនកុំចាំលុយរត់រក ។
ចំណុចមួយទៀតការចរចាតម្លៃជាមួយតួ ឬកូនក្រុមមុនសម្តែងគឺខ្ញុំសួរកូនក្រុមថាតម្លៃប៉ុណ្ណឹងយកបានអត់ ។ បើបានប្រាប់មុនកុំយកហើយរអ៊ូតាមកក្រោយ ។
ចំពោះអ្នកចែកចំណែក ឬមេចំណែកបើបានលុយកម្មវិធីច្រើនដែរ ក៏មិនត្រូវឱ្យកូនក្រុមតិចដែរ ។ សិល្បៈសំខាន់ណាស់ ការចែកលាភ ហើយត្រូវចែក ភ្លាមៗក្នុងឡាន ក្រោយសម្តែងចប់អត់ទុកយូរបានទេ អ្នកណាក៏ចង់បានលុយ ភ្លាមៗដែរ ។ ទាំងអស់នេះជាការដែលខ្ញុំមានទម្លាប់ធ្វើជាមួយក្រុមការងារ មិនដែលកេងចំណេញនោះទេ ព្រោះថាការផ្តល់លាភឱ្យគ្នាទៅវិញទៅមក គឺជាការជួយទូកយើងឱ្យដើរទៅមុខ ណាមួយនេះជាក្រុមរបស់យើង ។ ទូកលឿនល្អទាល់តែក្រុមជិះទូកទាំងអស់គ្នាប្រឹងទើបដល់គោលដៅ» ៕
ចែករំលែកព័តមាននេះ