ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រមុខ​រាជរដ្ឋាភិបាល​អំពាវនាវ​ឱ្យ​គ្រប់​គ្នា​ថែរក្សា​សន្តិភាព​និង​ស្ថិរភាព​ជាតិ

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ សម្តេច​អគ្គ​មហា សេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នា​ព្រឹក​ថ្ងៃ​ទី​២១ មេ​សា ឆ្នាំ​២០១៧

រាជធានី​ភ្នំពេញ ៖ សម្តេច​អគ្គ​មហា សេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នា​ព្រឹក​ថ្ងៃ​ទី​២១ មេ​សា ឆ្នាំ​២០១៧ ក្នុង​ឱកាស​អញ្ជើញ​សំណេះសំណាល​ជាមួយ​មន្ត្រី​ក្រសួង ស្ថាប័ន​ជា​សមាជិក សមាជិកា​គណបក្ស​នៅ​សាល​មហោស្រព​កោះ​ពេជ្រ​ចំនួន​ជាង​៤​ពាន់​នាក់ មក​ពី​ក្រសួងទេសចរណ៍ ក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ និង​មជ្ឈមណ្ឌល​សកម្មភាព​កម្ចាត់​មីន​កម្ពុជា នៅ​តែ​រំលឹក​ដល់​មន្ត្រីរាជការ​នៅ​តាម​ស្ថាប័ន​ក្រសួង​អំពី​អតីតកាល​របស់​យើង​ដែល​បាន​ឆ្លងកាត់​ពី​ការ​បែកបាក់​មក​កាន់​សន្តិភាព​មិន​ធ្លាប់​មាន​ក្នុង​ប្រវត្តិសាស្ត្រ ។

សម្តេច​តេ​ជោ​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​សម្តែង​នូវ​ការ​រីករាយ ដែល​បាន​មក​ជួបជុំ​សំណេះសំណាល​ជាមួយ​ថ្នាក់ដឹកនាំ​គណបក្ស មន្ត្រីរាជការ​ដែល​ជា​សមាជិក សមាជិកា​មក​ពី​ស្ថាប័ន​ទាំង​៤ ដោយ​បាន​ជូនពរ​សម្តេច ឯកឧត្តម លោក​ជំទាវ អស់លោក លោកស្រី​មន្ត្រីរាជការ​ទាំងអស់​សម្រាប់​ឆ្នាំ​ថ្មី​ដែល​ទើប​ចូល​មក​ដល់​ថ្មី​ៗ​នេះ ។ សម្តេច​បាន​មាន​ប្រសាសន៍​ថា ការ​ជួបជុំ​នៅ​ថ្ងៃនេះ​គឺជា​ការ​អញ្ជើញ​តែ​សមាជិក សមាជិកា​តែ​ប៉ុណ្ណោះ​ដើម្បី​ឈាន​ទៅ​កាន់ការ​បោះ​ឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ​-​សង្កាត់​នៅ​ពេល​ខាង​មុខ និង​ការ​បោះ​ឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ​ឆ្នាំ​២០១៨ ។

សម្តេច​តេ​ជោ​ក៏​បាន​សម្តែង​ការ​កោតសរសើរ​ចំពោះ​ការ​ខិតខំ​ទាំងអស់​របស់​គណបក្ស​គ្រប់​ថ្នាក់ គ្រប់​ស្ថាប័ន មន្ត្រី​គណបក្ស និង​សមាជិក សមាជិកា​បក្ស​ដែល​បាន​ខិតខំ​រួមចំណែក​ធ្វើ​ឲ្យ​ប្រទេស​ជាតិ​របស់​យើង​មានការ​រីក​លូតលាស់​ពី​ដំណាក់កាល​មួយ​មក​កាន់​ដំណាក់កាល​មួយ ដែល​កិច្ចការ​ទាំងអស់​សុទ្ធតែ​មាន​តួនាទី​របស់​គណបក្ស​ប្រជាជន​កម្ពុជា ។

សម្តេច​តេ​ជោ​បាន​រំលឹក​ជូន​សមាជិក​សមាជិកា​បក្ស​ទាំង​អស់ពី​ប្រវត្តិសាស្ត្រ​របស់​ប្រទេស​ជាតិ​យើង​ទាំង​ភាព​រុងរឿង និង​ការ​ធ្លាក់​ចុះ​នៃ​ការ​ឈឺចាប់ ។ ទាក់ទង​នឹង​បញ្ហា​សន្តិភាព​ក្នុង​រយៈកាល​កន្លង​ទៅ​នេះ សម្តេច​តេ​ជោ​មាន​ប្រសាសន៍​ថា គណបក្ស​បាន​បំពេញ​តួនាទី​សំខាន់​ខ្លាំង​ណាស់ ជា​ពិសេស​ការ​សង្គ្រោះ​ប្រទេស​ឲ្យ​រួច​ផុត​ពី​របប​ប្រល័យពូជសាសន៍ និង​ការ​ទប់ស្កាត់​មិន​ឲ្យ​របប​ប្រល័យពូជសាសន៍​វិល​ត្រឡប់​មក​វិញ ។ ដំណើរការ​ស្វែងរក​ដំណោះស្រាយ​សន្តិភាព ហើយ​រយៈពេល​ចុង​ក្រោយ​ជា​រយៈពេល​ដ៏​សំខាន់​ដែល​គណបក្ស​បាន​ដើរតួ​នាទី​ធ្វើការ​បង្រួបបង្រួម​ប្រទេស​ដែល​ធ្លាប់តែ​ជា​ប្រទេស​មួយ​មាន​តំបន់​ត្រួតត្រា​ច្រើន​មិន​តិច​ជាង​ពីរ​ក្នុង​ពេល​តែ​មួយ មក​កាន់​ប្រទេស​កម្ពុ​ជាមួយ​មាន​តំបន់​ត្រួត​ត្រាតែ​មួយ ។

ក្នុង​ន័យ​នេះ សម្តេច​តេ​ជោ​ចង់​បង្ហាញ​ឲ្យ​ឃើញ​ឡើង​វិញ​អំពី​គុណ​តម្លៃ​នៃ​សន្តិភាព​ដែល​យើង​រកបាន​ទាំង​លំបាក ហើយ​ក៏​មាន​បំណង​សូម​ឲ្យ​ប្រជាជាតិ​យើង​ទាំងអស់​ចូលរួម​ថែរក្សា​ឲ្យ​បាន​នូវ​សុខ​សន្តិភាព ស្ថិរភាព​ដែល​យើង​ទទួល​បាន​រហូត​មក​ដល់​សព្វ​ថ្ងៃនេះ​ដើម្បី​ភាព​សុខដុមរមនា​នៃ​ប្រជាជាតិ​យើង ៕