ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខេត្ត​5​នៅ​ភាគ​ពាយព្យ​ធ្វើ​ពិធី​ដុត​កម្ទេច​គ្រឿងញៀ.ន​ជាង​16​គ​.​ក្រ

7 ឆ្នាំ មុន

ខេត្តបាត់ដំបង ៖ ខេត្ត​ចំនួន​៥​នៅ​ភាគ​ពាយព្យ​នៃ​ប្រទេស​កម្ពុជា ក្នុងឆ្នាំនេះ​បាន​រួម​គ្នា​រៀបចំ​ពិធី​ដុត​បំផ្លាញ​គ្រឿងញៀ.ន​ជាង​១៦​គីឡូក្រាម

ខេត្តបាត់ដំបង ៖ ខេត្ត​ចំនួន​៥​នៅ​ភាគ​ពាយព្យ​នៃ​ប្រទេស​កម្ពុជា ក្នុងឆ្នាំនេះ​បាន​រួម​គ្នា​រៀបចំ​ពិធី​ដុត​បំផ្លាញ​គ្រឿងញៀន​ជាង​១៦​គីឡូក្រាម តាម​អំណាច​សាលក្រម​ស្ថាពរ​របស់​តុលាការ ដែល​ធ្វើ​ឡើង​នៅ​ទីលាន​បាល់ទាត់ ក្នុង​ទីរួមខេត្ត​បាត់ដំបង នា​ព្រឹក​ថ្ងៃ​ទី​១ មេ​សា ក្រោម​អធិបតីភាព​លោក អង្គ វង្ស​វ​ឌ្ឍា​នា រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ ដែល​មាន​មន្ត្រីរាជការ សមត្ថកិច្ច​គ្រប់​ស្ថាប័ន​មក​ពី​តាម​បណ្ដា​ខេត្តទាំង​៥ សិស្ស និស្សិត និង​ពលរដ្ឋ​ចូលរួម​ប្រមាណ​ជាង​៥​ពាន់​នាក់ ។

អយ្យការ​អម​សាលាដំបូង​ខេត្តបាត់ដំបង លោក នួន សាន បាន​ថ្លែង​ថា ខេត្ត​ទាំង​៥​ដែល​បាន​រៀបចំ​ពិធី​ដុត​បំផ្លាញ​គ្រឿងញៀន​រួម​គ្នា​នៅ​ក្នុងឆ្នាំនេះ​មាន ខេត្តបាត់ដំបង  ខេត្តបន្ទាយមានជ័យ ខេត្ត​ប៉ៃលិន ខេត្តពោធិ៍សាត់ និង​ខេត្តកំពង់ឆ្នាំង ។ លោក​ប្រាប់​ថា ថ្នាំ​ញៀន​ដែល​ត្រូវ​ដុត​បំផ្លាញ​ចោល​នេះ​សរុប​មាន​ចំនួន​១៦៥៨៧,៦៣​ក្រាម និង​១៨​កញ្ចប់ ដែល​ជា​ថ្នាំ​ញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​Wy(​យ៉ា​ម៉ា​) និង​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​ICE(​ម៉ា​ទឹកកក​) និង​ម្សៅ​សម្រាប់​ផលិត​គ្រឿងញៀន​ចំនួន​៧៥៩,១​ក្រាម​ផង​ដែរ ។ លោក នួន សាន បាន​បញ្ជាក់​ថា វត្ថុ​តាង​ដែល​សម្រេច​រឹបអូស និង​ដុត​បំផ្លាញ​ចោល​នៅ​ថ្ងៃនេះ គឺ​យោង​តាម​អំណាច​សាលក្រម​ស្ថាពរ​នៃ​សាលាដំបូង​ខេត្ត​ទាំង​៥ ដែល​មាន​ចំនួន​សរុប​២២៦​សាលក្រម ដែល​បាន​បិទ​បញ្ចប់​ក្នុង​រយៈពេល​មួយ​ឆ្នាំ​កន្លង​ទៅ​នេះ ។

លោក ច័ន្ទ សុផល អភិបាលខេត្ត​បាត់ដំបង ដែល​តំណាង​ឲ្យ​អភិបាលខេត្ត​ទាំង​៥ បាន​ថ្លែង​ថា ក្រសួងយុត្តិធម៌​បាន​កំណត់​យក​ខេត្តបាត់ដំបង ជាទី​តាំង​សម្រាប់​រៀបចំ​ពិធី​ដុត​បំផ្លាញ​វត្ថុ​តាង​គ្រឿងញៀន តាម​អំណាច​សាលក្រម​ស្ថាពរ​របស់​សាលាដំបូង​ខេត្ត​ចំនួន​៥​នេះ ក្នុង​គោលបំណង​បង្ហាញ​ពី​ស្នាដៃ​សម្រេច​បាន ក្នុង​ការចូលរួម​អនុវត្ត​ផែនការ​យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំងគ្រឿងញៀន​របស់​ខ្លួន ក្នុង​រយៈពេល​មួយ​ឆ្នាំ​កន្លង​ទៅ​នេះ ដែល​បាន​អនុវត្ត​ផែនការ​របស់​រាជរដ្ឋាភិបាល​ក្នុង​យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន ។

គ្រឿងញៀន​បាន​បង្ក​ឲ្យ​មាន​បញ្ហា​ប្រឈម​ជា​ច្រើន​ដល់​អ្នក​ប្រើប្រាស់​ផ្ទាល់ ក្រុម​គ្រូ​សារ និង​សង្គម​ជាតិ ។ លោក​អភិបាលខេត្ត មាន​ប្រសាសន៍​ថា បើ​ទោះជា​យើង​មិន​បាន​ប្រើប្រាស់​ថ្នាំ​ញៀន តែបើ​នៅ​ក្នុង​សហគមន៍​មាន​សមាជិកគ្រួសា​ណាមួយ​ពាក់ព័ន្ធ​គ្រឿងញៀន ពិតជា​ធ្វើ​ឲ្យ​ប៉ះពាល់​ដោយ​ផ្ទាល់​ដល់​គ្រួសារ និង​ដល់​សហគមន៍​។ ដូច្នេះ​យើង​ទាំងអស់​គ្នា​ត្រូវ​រួម​គ្នា​ទ​ទូល​ខុស​ត្រូវ និង​រួម​គ្នា​ដោះស្រាយ ធ្វើ​យ៉ាងណា​ឲ្យ​សហគមន៍​យើង​ចៀស​ឲ្យ​ផុត​ពី​ឥទ្ធិពល​គ្រឿងញៀន និង​ធ្វើ​យ៉ាងណា​ឲ្យ​«​ជីវិត​យើង សហគមន៍​យើង​គ្មាន​គ្រឿងញៀន​» ។

នៅ​ក្នុង​ពិធី​ដុត​បំផ្លាញ​គ្រឿងញៀន​នេះ រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ លោក អង្គ វង្ស​វ​ឌ្ឍា​នា បាន​ថ្លែង​ទៅ​កាន់​អ្នកចូលរួម​ថា កន្លង​មកនេះ ព្រះរាជាណាចក្រ​កម្ពុជា​យើង បាន​ទទួល​រង​គ្រោះ​នូវ​ការ​ចរាចរ និង​ប្រើប្រាស់​គ្រឿងញៀន​ខុសច្បាប់​ជា​ហូរហែ ។ ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ  មានការ​កើត​ចេញ​នូវ​សកម្មភាព​ជា​ច្រើន ដែល​ជន​សង្គម​ងងឹត​ប៉ុនប៉ង​យក​កម្ពុជា​ជា​គោលដៅ​ផលិត និង​កែ​ច្នៃ​គ្រឿងញៀន​។

លោក​បាន​ថ្លែង​ថា បើ​តាម​របាយការណ៍​របស់​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន បច្ចុប្បន្ន​នេះ​អ្នក​ប្រើប្រាស់​គ្រឿងញៀន​មានការ​កើនឡើង ជា​ពិសេស​ស្រទាប់​យុវវ័យ ដែល​កំពុង​រីក​រាលដាល​តាំងពី​ទីប្រជុំជន ដល់ទី​ជនបទ​។ របាយការណ៍​បញ្ជាក់​ថា ក្នុង​ឆ្នាំ​២០១៦​កន្លង​ទៅ​នេះ អ្នក​ប្រើប្រាស់​គ្រឿងញៀន​មានការ​កើនឡើង​រហូត​ដល់​ចំនួន​២០.៦២៦​នាក់​ឯណោះ ។

នៅ​ចំពោះ​មុខ​មហាជន​រាប់​ពាន់​នាក់ លោក​អង្គ វង្ស​វ​ឌ្ឍា​នា បាន​មាន​ប្រសាសន៍​ថា នៅ​ចុងឆ្នាំ​២០១៦ កន្លង​ទៅ​នេះ រាជរដ្ឋាភិបាល​បាន​ប្រកាស​ដាច់​ចេញ​នូវ​ផែនការ​ស្ដី​ពី «​យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ខុសច្បាប់​» ជា​លើក​ទី​១ ដែល​មាន​រយៈពេល​៦​ខែ ដោយ​ត្រូវ​ផ្ដើម​អនុវត្ត​ចាប់ពី​ថ្ងៃ​ទី​១ មក​រា ឆ្នាំ​២០១៧​តទៅ ក្រោម​ការ​ដឹកនាំ​របស់​សម្ដេច​ក្រឡាហោម ស ខេ​ង និង​លោក កែ គឹ​ម​យ៉ា​ន ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន ។ 

លោក​រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​បាន​បញ្ជាក់​នៅ​ក្នុង​ពិធី​ដុត​បំផ្លាញ​គ្រឿងញៀន​ថា ការ​ដុត​បំផ្លាញ​ថ្នាំ​ញៀន​ដ៏​ច្រើន​សន្ធឹក​ខាងលើ​នេះ គឺ​បាន​ឆ្លុះ​បញ្ចាំង​យ៉ាង​ច្បាស់​នូវ​ការ​ខិតខំ​ប្រឹងប្រែង​ប្រកបដោយ​ស្មារតី​ទ​ទូល​ខុស​ត្រូវ​ខ្ពស់​ពី​សំណាក់​ស្ថាប័ន​ពាក់ព័ន្ធ​នានា ក្នុង​ការ​ចូលរ​រួម​អនុវត្ត​ច្បាប់ ។ ជាមួយ​គ្នា​នេះ លោក​ក៏​សូម​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​គ្រប់​ទីកន្លែង បណ្ដា​ភោជនីយដ្ឋាន សណ្ឋាគារ ផ្ទះសំណាក់ និង​អាជ្ញាធរ​មូលដ្ឋាន រួម​ទាំង​ស្ថាប័ន​ពាក់ព័ន្ធ​ទាំងអស់ ឲ្យ​បន្ត​ចូលរួម​កាន់តែ​សកម្ម​ថែម​ទៀត ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​នេះ​ដើម្បី​ជា​ប្រយោជន៍ដល់​សង្គម​ជាតិ​យើង ៕