រាជធានីភ្នំពេញ ៖ ជនសង្ស័យ៣នាក់ក្នុងចំណោមបក្សពួក៥នាក់ ដែលប្លន់ថៅកែ ទិញ-លក់ក្រដាសអេតចាយកាលពីព្រឹកថ្ងៃទី ២២ មិថុនា បានត្រូវសមត្ថកិច្ចការិយាល័យ ស៊ើបការណ៍នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃឃាត់ខ្លួនបាននៅថ្ងៃទី១១ និង១២ កក្កដា ខណៈពេលស្រាវជ្រាវរកឃើញថា ពួកគេសុទ្ធតែជាសមាសភាពប្លន់ ។ ជនជាប់សង្ស័យទាំង៣នាក់រួមមាន ១-ឈ្មោះជក់ រុន ភេទប្រុស អាយុ២៧ឆ្នាំ ២-ឈ្មោះអ៊ុក វណ្ណា ហៅវែង ភេទប្រុស អាយុ២៥ឆ្នាំ ៣-ឈ្មោះកេង រឹត ហៅបាក់ ភេទប្រុស អាយុ២៦ឆ្នាំ ពួកគេស្នាក់ នៅផ្ទះជួលក្នុងរាជធានីភ្នំពេញ ។
ទាក់ទិននឹងការឃាត់ខ្លួនជនសង្ស័យ ប្លន់ថៅកែទិញ-លក់ក្រដាសអេតចាយខាងលើនេះ លោកវរសេនីយ៍ទោហម គន្ធី ប្រធានការិយាល័យស៊ើបការណ៍ឱ្យដឹងថា កាលពីវេលាម៉ោង៩និង១៥នាទីព្រឹកថ្ងៃទី២២ មិថុនា កើតមានអំពើប្លន់ក្នុងផ្ទះ លោកទិត្យ ចក្ករ៉ា អាយុ៤២ឆ្នាំ ជាថៅកែទិញ-លក់ ក្រដាសអេតចាយ នៅក្នុងភូមិត្រញំង ក្រសាំង សង្កាត់ត្រញំងក្រសាំង ខណ្ឌដង្កោ ដោយចងម្ចាស់ផ្ទះប្លន់យកប្រាក់បានជាង២២លានរៀល និងសំភារមួយចំនួន ។ លោកហម គន្ធី បានឱ្យដឹងទៀតថា ផ្ទះកើតហេតុជាទីស្នាក់ការសំរាប់ទិញ-លក់ក្រដាសអេតចាយ ចំណែកផ្ទះពិតប្រាកដគឺនៅបុរីពិភពថ្មី ភូមិត្រញំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌដង្កោ ។
នៅថ្ងៃកើតហេតុ ជនសង្ស័យមានបក្សពួក៥នាក់ ពេលនោះម្នាក់បានគាស់ដំបូលចូលទៅសំងំក្នុងផ្ទះ លុះនៅម៉ោង៩ព្រឹក បក្សពួក៤នាក់បានជិះម៉ូតូ៣គ្រឿង ទៅចាំ និងត្រៀមធ្វើសកម្មភាពដោយប្រើប្រាស់អាវុធខ្លី ម៉ាក K៥៤ មួយដើម ។ ពេលម្ចាស់ផ្ទះទៅដល់បើកទ្វារស្នាក់ការដើម្បីប្រកបមុខរបរអាជីវកម្មរបស់ខ្លួន ស្រាប់តែពួកគេនៅខាងក្រៅបានភ្ជង់ជនរងគ្រោះចូលទៅក្នុង រួចចងស្លាបសេកជាប់នឹងជណ្ដើរផ្ទះប្លន់យកប្រាក់ និងទ្រព្យសម្បត្ដិ១ចំនួនទៀត ហើយគេចខ្លួនបាត់អស់ ។
បន្ទាប់ពីមានសភាពការណ៍នោះកើតឡើង នាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃដែលមានលោកឧត្ដមសេនីយ៍ទោ អ៊ិន បូរ៉ា ជាប្រធានបានចង្អុលបង្ហាញ និងដាក់បទបញ្ជាឱ្យការិយាល័យស៊ើបការណ៍សហការជាមួយសមត្ថកិច្ចនគរបាលខណ្ឌដង្កោស្រាវជ្រាវលើករណីនេះរហូតឈាន ទៅឃាត់ខ្លួនជនសង្ស័យ៣នាក់ ។នៅព្រឹកថ្ងៃទី១៣ កក្កដា ការិយាល័យស៊ើបការណ៍បាននាំជនសង្ស័យម្នាក់ទៅចង្អុលបង្ហាញកន្លែងដែលគេបានយកកាំភ្លើងខ្លី K៥៤ ទៅបោះចោលក្នុងលូទឹកមួយ ក្នុងភូមិអូដឹម តាមបណ្ដោយផ្លូវជាតិលេខ៤ ។ ទោះជាយ៉ាងណា កាំភ្លើងដែលគេសារភាពថាយកទៅបោះ ចោលនោះរកមិនឃើញទេ ហើយសមត្ថកិច្ច បានត្រឹមជួលអ្នកស្រុកឱ្យចុះរាវក្នុងទឹកលូ នោះប៉ុណ្ណោះ ។ ជនសង្ស័យត្រូវបានកសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញតាមនីតិវិធីច្បាប់ ៕
ចែករំលែកព័តមាននេះ