រាជធានីភ្នំពេញ ៖ តារាចម្រៀងស្រីជំនាន់ថ្មី កញ្ញា អេង ស្រីអូន ម្ចាស់បទចម្រៀង «អូនមិនមែនជាធនាគារ» បានហែលឆ្លងនូវជីវិតជូរចត់ ដែលនាងចាត់ទុកថា ជាការឈឺចាប់ និងប្រើការឈឺចាប់នោះ ក្លាយជាកម្លាំងចិត្ត ដើម្បីធ្វើដំណើរក្នុងវិថីសិល្បៈ។
តារាចម្រៀងស្រី ដែលមានស្នាមញញឹមពោរពេញទៅដោយមន្តស្នេហ៍ បានពោលថា «មុនឈានដល់ចំណុចមួយដែលមហាជនស្គាល់រូបនាង និងទទួលបានភាពល្បីល្បាញដូចសព្វថ្ងៃ តាមរយៈបទចម្រៀងជាច្រើនបទដែលកញ្ញាបកស្រាយនោះ គឺមិនមែនរឿងដែលកើតឡើងត្រឹមមួយរាត្រីនោះទេ»។

ប្រាកដណាស់ ប្រិយមិត្តអ្នកគាំទ្រកញ្ញា អេង ស្រីអូន មិនទាន់បានជ្រាបនៅឡើយទេថា ទម្រាំកញ្ញា បានឈានជើងចូលវិថីសិល្បៈ តើកញ្ញាមានការលំបាកយ៉ាងណាខ្លះ? ម្ចាស់បទ «អូនមិនមែនជាធនាគារ» បានបង្ហើបឱ្យដឹងអំពីរឿងរ៉ាវដែលនាងរងនូវការមាក់ងាយជាច្រើនក្នុងជីវិត មុនពេលចូលសិល្បៈ ក៏ដូចជាជីវិតតស៊ូរបស់កញ្ញានៅក្នុងសិល្បៈមួយនេះផងដែរ។
បើតាមរៀបរាប់របស់កញ្ញា ស្រីអូន បានអោយដឹងថា «កញ្ញាគ្រាន់ជាក្មេងស្រីម្នាក់ដែលមានសម្បុរខ្មៅស្រអែមប៉ុណ្ណោះ ហើយអតីតកាល គឺកញ្ញាជាក្មេងស្រីដើរលក់ផ្លែឈើ និងលក់ប្រហិត ជាដើម»។ កញ្ញា ស្រីអូន បានបន្តថា «តាំងពីក្មេងវ័យ គឺកញ្ញា មានក្តីស្រម៉ៃមួយចង់ក្លាយជាតារាចម្រៀងមួយដួងដែលមានភាពលេចធ្លោ ព្រោះកញ្ញាមានចំណង់ចំណូលចិត្តច្រៀង និងស្រលាញ់សិល្បៈ»។
ហេតុដូច្នេះ កញ្ញារម្លឹកថា «កាលថ្ងៃមួយនោះ កញ្ញាបានទៅសុំគេច្រៀងនៅហាងមួយកន្លែងនៅរាជធានីភ្នំពេញ តែត្រូវបានគេបដិសេធដោយសារតែកាលនោះកញ្ញា មានជីវភាពលំបាក មានសម្បុរស្បែកមិន.សស្អាត»។

ប្រាកដណាស់ ដោយសារតែចិត្តស្រលាញ់វិស័យសិល្បៈ និងមានក្តីស្រម៉ៃចង់ក្លាយជាតារាចម្រៀង កញ្ញា ស្រីអូន មិនបានបោះបង់ការតស៊ូឡើយ បើទោះត្រូវបានគេបដិសេធមិនឱ្យច្រើននៅភោជនីយដ្ឋានជាបន្តបន្ទាប់ក្តី ដូច្នេះកញ្ញាបន្តសុំគេច្រៀង ទោះជាត្រូវធ្វើអ្វីក៏ដោយ ក៏កញ្ញាយល់ព្រមដែរ។ ស្តាប់ទៅពិតជាកម្សត់ និងសូមសរសើរការតស៊ូរបស់កញ្ញា អេង ស្រីអូន ណាស់។
នាងបានបង្ហើបឱ្យដឹងដោយគ្មានការលាក់លៀមថា «មុននឹងបានច្រៀង គឺកញ្ញាត្រូវរត់តុ និងបានសុំគេច្រៀងជាច្រើនកន្លែងថែមទៀតផង ព្រោះកាលនោះសម្លេងរបស់នាង គឺអាចនិយាយបានថា សម្លេងល្អ អាចច្រៀងបានល្អ តែសម្រស់វិញ គឺកញ្ញាយល់ថា កាលនោះ គឺកញ្ញាមិនស្រស់ស្អាត ឬសម្រស់មិនបាន»។
កញ្ញាបានបន្តថា «នៅពេលទៅច្រៀងម្តងៗ គឺកញ្ញា គ្មានមធ្យោបាយអ្វីទំនើប ជាម៉ូតូ ឬឡានអ្វីនោះទេ គឺកញ្ញា ត្រូវដើរទៅច្រៀងអោយគេ ហើយកាលនោះនាងទទួលបានកម្រៃមិនច្រើនទេ ដូច្នេះកញ្ញាត្រូវសន្សំលុយទិញកង់មួយ ដើម្បីទុកជិះទៅច្រៀង»។ កញ្ញាបាននិយាយថា «កាលពីច្រៀងអោយគេជាលើដំបូង រូបកញ្ញាផ្ទាល់សឹងតែស្រក់ទឹកភ្នែក ដោយទទួលរងមាក់ងាយថា សម្លេងមិនពីរោះ សម្បុរខ្មៅ មិនស្អាត»។ កញ្ញាបានបន្តថា «នៅពេលជិះកាត់កន្លែងដែលកញ្ញាធ្លាប់ច្រៀងម្តងៗ ទឹកភ្នែកសឹងតែស្រក់ចុះមក ដោយមិនដឹងខ្លួន»។
ងាកមកប្រវត្តិគ្រួសារវិញ កញ្ញា អេង ស្រីអូន បានបន្តអោយដឹងថា កញ្ញា មានបងប្អូនប្រុងស្រីចំនួន៥នាក់ ហើយកញ្ញាជាកូនទី៤។ សម្រាប់ការងារសិល្បៈវិញ កញ្ញាអះអាងថា គឺពុំមានការហាមឃាត់ពីឪពុកម្តាយឡើយ ដូច្នេះកញ្ញាចេះតែតស៊ូទៅមុខរហូត ក៏ប៉ុន្តែពេលខ្លះ គឺកញ្ញាសឹងបោះបង់ចោលអាជីពជាអ្នកចម្រៀង ព្រោះតែរងនូវការមាក់ងាយ និងការមិនអោយតម្លៃដល់រូបកញ្ញា។
កញ្ញាស្រីអូន ក៏បានបន្តថា កាលពីឆ្នាំ២០១៧ កញ្ញា បានដាក់ប្រឡងតាមរយៈកម្មវិធីពេជ្រកំពុងច្នៃរបស់ស្ថានីយទូរទស្សន៍អាស៊ីអាគ្នេយ៍ ដោយកាលពីពេលប្រឡងនោះ គឺកញ្ញាទទួលបានចំណាត់ថ្នាក់លេខ២ផងដែរ នៅក្នុងការច្រៀងចម្រៀង។
តារាវ័យ២៦រូបនេះ បានបន្តថា កញ្ញា មានគេស្គាល់កញ្ញាច្រើនតាមរយៈបទ «អូនមិនមែនជាធនាគារ» និងបទជាច្រើនទៀត។ ជាចុងក្រោយកញ្ញា អេង ស្រីអូន ពិតជាអរគុណខ្លាំងណាស់ទៅដល់អ្នកដែលតែងតែគាំទ្រកញ្ញា និងកោតសរសើរកញ្ញា កញ្ញាមិនមែនអ្វីឡើយ មានតែពាក្យថា «អរគុណ»។













ចែករំលែកព័តមាននេះ