ប្រទេសថៃ ៖ កាលពីពេលថ្មីៗនេះ មានការភ្ញាក់ផ្អើលពាសពេញប្រទេសថៃទាំងក្នុងបណ្ដាញសង្គម និងក្នុង IG ក្រោយលេចចេញនៅដំណឹងថា តារាសម្ដែងស្រីថៃរាងតូចច្រឡឹងដ៏ល្បីឈ្មោះមានរូបសម្រស់ស្រស់ស្អាតប្រចាំប៉ុស្តិ៍លេង៣ ថៃនោះ គឺកញ្ញា Toey Jarinporn កំពុងតែធ្វើអោយអ្នកគាំទ្រមិនតិចនាក់នោះទេ នាំគ្នាជ្រួលច្របល់នៅមិនសុខឆ្លេឆ្លាយ៉ាងខ្លាំង ដោយសារធ្លាយតម្រុយថា តារាស្រី Toey រូបនេះ កំពុងតែមានទំនាក់ទំនងស្នេហាជាមួយនឹងកីឡាករជម្រើសជាតិវា.យកូនហ្គោលលើទឹកកកម្នាក់ ដែលមានឈ្មោះថា «Jeto Panithi» បន្ទាប់ពីនាងបានបង្ហោះរូបភាពដំណើរកម្សាន្តនៅក្នុងប្រទេសដាណឺម៉ាក យ៉ាងសប្បាយរីករាយ។

ក្រោយធ្លាយរឿងនេះចេញមកភ្លាម ក៏មានផេកមួយរបស់ថៃ បានចេញមកបើកបង្ហាញដោយទម្លាយខ្ទេចគ្មានសល់អំពីរឿងរ៉ាវស្នេហ៍របស់តារាស្រី Toey អោយមហាជនបានដឹងថា « ដំណើរកម្សាន្តរបស់តារាស្រី Toey ពេលនេះ នាងកំពុងតែនៅក្នុងប្រទេសដាណឺម៉ាក តាមពិតនាងមិនបានទៅម្នាក់ឯងឡើយ ពោលគឺទៅជាមួយបុរសម្នាក់ដែលគេសង្ស័យថា ជាគូស្នេហ៍ថ្មីរបស់នាង» ។

ស្រាប់តែភ្លាមៗនោះផងដែរ គេនាំគ្នាចូលទៅតាមដាននៅក្នុងគណនី IG តារាស្រីរូបនេះ ដោយប្រទះឃើញនាងបាន Unfollow គណនី IG ខាងប្រុសចេញភ្លែតតែម្ដង មិនតែប៉ុណ្ណោះខាងប្រុស ក៏បានដាក់គណនី IG របស់ខ្លួនជាឯកជនវិញ មិនឱ្យមានអ្នកតាមដានបានឃើញអំពីសកម្មភាពរបស់ខ្លួនឡើយ។

បន្ទាប់ពីលេចឮដំណឹងព្រោងព្រាត និងមានចម្ងល់មិនឈប់ឈរ នៅលើបណ្ដាញសង្គមរួចមក មិននៅស្ងៀមកុំអោយហ្វេនៗមានការងឿងឆ្ងល់តទៅទៀត ស្រាប់តែតារាស្រីរាងតូចច្រឡឹងមុខមាត់គួរអោយស្រលាញ់ Toey Jarinporn បានចេញមុខមកទម្លាយយ៉ាងច្បាស់ៗទាំងគ្មានលាក់លៀមនៅក្នុងបទសម្ភាស៍យ៉ាងដូច្នេះថា «នាងពិតជាកំពុងតែមើលចិត្តគ្នាជាមួយនឹងកីឡាករជម្រើសជាតិវា.យកូនហ្គោលលើទឹកកក Jeto Panithi ពិតប្រាកដមែន គ្រាន់តែពួកយើងមិនទាន់ហ៊ានបើកចំហ»។

មិនតែប៉ុណ្ណោះ អ្វីដែលកាន់តែពិសេសធ្វើអោយអ្នកគាំទ្ររំជើបរំជួលមិនស្ទើរទៅទៀតនោះ តារាស្រី Toey នាងបានបញ្ជាក់ទម្លាយច្បាស់ៗបន្ថែមទៀតថា «ចំពោះទំនាក់ទំនងស្នេហារបស់នាងជាមួយកីឡាករ Jeto Panithi ពួកយើងគឺមិនមានអ្នកណាម្នាក់មកណែនាំអ្វីនោះឡើយ ពោលគឺនាងបានជួបគ្នាដោយខ្លួនឯង ខណៈពេលថតរឿងមួយកន្លែង ហើយនាងទាក់ទងគ្នាមួយរយៈធំហើយដែរ ប្រសិនបើមហាជនអ្នកគាំទ្រចង់ហៅថាជាគូស្នេហ៍នឹងគ្នាក៏បានដែរ ខ្ញុំមិនថាអ្វី ឬក៏ជំទាស់ទេ»៕





























<<កំណត់សម្គាល់: រាល់ការបញ្ចេញមតិទៅលើអត្ថបទមិនមែនជាការទទួលខុសត្រូវរបស់កោះសន្តិភាពទេ។ វាជាការទទួលខុសត្រួវដោយផ្ទាល់របស់អ្នកបញ្ចេញមតិ។ ដូច្នេះ សូមមិត្តអ្នកអានទាំងអស់ ធ្វើការបញ្ចេញ មតិប្រកបដោយការទទួលខុសត្រូវ មានសីលធម៌ និង ប្រកបដោយន័យស្ថាបនា ហើយចៀសវាង ការបញ្ចេញមតិណាដែលមិនពិត ជេរប្រមាថ និង អុជអាល នាំដល់ការយល់ច្រឡំ ឬ ការរើសអើង ជាតិសាសន៍ សាសនា ឬក៏ បុគ្គលណាមួយ។>>
ចែករំលែកព័តមាននេះ