រាជធានីភ្នំពេញ ៖ តារាចម្រៀង និងសម្តែងនាង ឌី សូនីតា បានទម្លាយរឿងរ៉ាវអតីតកាល កាលពីជាង១០ឆ្នាំមុន ក្នុងពេលដែលអ៊ុំស្រីរបស់ខ្លួនស្ទើរតែកាត់កាលរូបនាង និងគ្រួសារ ដោយសារការប្រឆាំងទាស់មិនអោយចូលប្រឡូកក្នុងសិល្បៈ។

តារារូបនេះបញ្ជាក់ថា មូលហេតុសំខាន់ដែលនាំអោយអ៊ុំស្រីរបស់ខ្លួនមិនចង់អោយនាងទៅប្រឡូកប្រឡាក់នឹងអាជីពសិល្បៈនោះ គឺដោយសារពូជពង្សរបស់នាងជាសែហ្លួង ដែលមានរបៀបរស់នៅយ៉ាងម៉ត់ចត់ និងត្រឹមត្រូវ។
បើយោងតាមសំណេរដែល ឌី សូនីតា បានបង្ហោះនៅលើបណ្តាញសង្គមនោះ បានអះអាងថា លើកទី១ ក្នុងឆាកជីវិតដែលមនុស្សស្រីម្នាក់នេះ ដែលត្រូវជាម្តាយធំរបស់ខ្ញុំ ឆ្លៀតមកមើលក្មួយដល់បុស្តិ៍។ នាងបញ្ជាក់ថា បើរំលឹកទៅអតីតកាលជាង១២ឆ្នាំមុន គាត់តែម្នាក់ជាអ្នកហាមដាច់ខាតមិនអោយក្មួយចូលសិល្បៈទេ។

នាងថា គំរា.មកាត់កាលចោលក៏មាន មិននិយាយស្តីរក មិនចង់មើលមុខក្មួយ ស្អប់ខឹងទាំងម្តាយខ្ញុំដែលមិនចេះហាមឃាត់កូន ក៏ព្រោះតែគាត់គិតថា ពូជពង្សវង់ត្រកូលពីដូនតាខ្លួនជាត្រកូលហ្លួង និងខាងសម្តេចសង្ឃព្រំអូរផងនោះ ដេកដើរឈរអង្គុយរបៀបគ្រប់យ៉ាង ទើបតែខ្ចាត់ព្រាត់ត្រឹមសម័យប៉ុលពតនេះ នៅសល់តែ៣នាក់បងប្អូនស្រីទាំង៣ ត្រូវរស់លាក់ប្រវត្តិកាលជំនាន់នោះ ទើបមានជីវិតដល់សព្វថ្ងៃ។

ឌី សូនីតា បានលើកឡើងបន្ថែមថា ពេលស្តាប់ម្តាយនិយាយពីអតីតកាលលើកណា ក៏ខ្ញុំមានមោទនភាពលើជីតារបស់ខ្ញុំ ខ្ញុំពិតជាចង់ស្គាល់ ចង់យល់ ចង់ឃើញពីទិដ្ឋភាពកាលពួកគាត់រស់នៅជុំគ្នាខ្លាំងណាស់។ នាងថា ខ្ញុំពិតជាសុំទោសអ៊ំស្រីរបស់ខ្ញុំ ដែលខ្ញុំក្បាលរឹងមិនស្តាប់បង្គាប់ ក៏ដោយសារតែជីវភាព ហើយក៏សូមអរគុណដែលចុងក្រោយអ៊ំក៏មកសម្របខ្លួនតាមក្មួយ ទទួលយកគ្រប់យ៉ាងដែលជាក្មួយ យល់គ្រប់យ៉ាងពីក្មួយ ក៏ដោយសារតែឃើញក្មួយពិតជាប្រឹងជំនះខ្លាំងណាស់ក្នុងជីវិតមួយនេះ សុំទោសដែលក្មួយមិនអាចធ្វើតាមបំណងអ៊ំ100%បាន ត្រឹមតែធ្វើជាមនុស្សល្អម្នាក់ក្នុងសង្គមមួយនេះក្មួយមិនរុញរាទេ។

ជាការកត់សម្គាល់ មុននឹងទទួលបានកិត្តិយស កេរ្តិ៍ឈ្មោះក្នុងវិស័យសិល្បៈមកទល់នឹងសព្វថ្ងៃនេះ ឌី សូនីតា ធ្លាប់ឆ្លងកាត់ជីវិតជាអ្នកបម្រើការងារនៅសណ្ឋាគារ និងនៅក្នុងភោជនីយដ្ឋាម មមុនពេលនាងទៅធ្វើជាតារាចម្រៀងអាជីពក្នុងផលិតកម្មមួយកាលអំឡុងឆ្នាំ២០១៣។
ក្រោយពេលប្រឡូកអាជីពចម្រៀងមួយរយៈតារាស្រីរូបនេះ ក៏បានវិវត្តន៍ខ្លួនជាតារាសម្តែងមួយទៀត ក្នុងពេលដែលនាងក៏បានឆក់តំណែងក្នុងរឿងជាបនបន្តបន្ទាប់។ បច្ចុប្បន្ន ឌី សូនីតា ក៏បានចូលរួមប្រកួតប្រជែងនៅក្នុងកម្មវិធីលំដាប់ពិភពលោក i’m Singer Cambodia រដូវកាលទី៣ ជាមួយនឹងតារាចម្រៀងអាជីពមួយចំនួនទៀតផងដែរ៕








ចែករំលែកព័តមាននេះ