ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភរិយា​ដើម​លោក​សុះ ម៉ាត់ ទទួលមរណភាព លោក​សុះ ម៉ាច ជា​កូន​បួងសួង​ឱ្យ​បាន​ទៅ​ជួបជុំ​ឪពុក

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ភរិយា​ដើម​របស់​លោក​សុះ ម៉ាត់ អ្នកចម្រៀង​ជំនាន់​ដើម​លោកយាយ​សាន ម៉ៃ​សា​ម៉ាស បាន​ទទួលមរណភាព​ក្នុង​វ័យ​៨៨​ឆ្នាំ​ដោយ​ជរាពាធ បន្ទាប់​ពី​គាត់​តស៊ូ​រស់​ក្នុង​នាម​ជា​ស្ត្រី​មេម៉ាយ​អស់​ពេល​ជា​ច្រើន​ឆ្នាំ ។

រាជធានី​ភ្នំពេញ ៖ ភរិយា​ដើម​របស់​លោក​សុះ ម៉ាត់ អ្នកចម្រៀង​ជំនាន់​ដើម​លោកយាយ​សាន ម៉ៃ​សា​ម៉ាស បាន​ទទួលមរណភាព​ក្នុង​វ័យ​៨៨​ឆ្នាំ​ដោយ​ជរាពាធ បន្ទាប់​ពី​គាត់​តស៊ូ​រស់​ក្នុង​នាម​ជា​ស្ត្រី​មេម៉ាយ​អស់​ពេល​ជា​ច្រើន​ឆ្នាំ ។

ដំណឹង​មរណភាព​នោះ​ផ្សព្វផ្សាយ​ជា​សាធារណៈ​តាម​រយៈ​លោក​សុះ ម៉ាច ដែល​ចាត់​ទុក​លោកយាយ​សាន ម៉ៃ​ម៉ាស ជា​ម្តាយ​ទី​ពីរ​ដោយ​លោក​គោរព​ស្រឡាញ់​ដូច​ជា​ម្តាយបង្កើត ។

តាម​សំ​ណេ​រដែ​ល​ប្រធាន​សមាគម​សិល្បករ​ខ្មែរ​លោក​សុះ ម៉ាច បង្ហោះ​លើ​ហ្វេ​ស​ប៊ុ​ក​បញ្ជាក់​ថា «​ខ្ញុំ​មានទុក្ខ​ជា​ទម្ងន់​ដោយ​អ្នក​ម្តាយធំ​របស់ខ្ញុំ​គឺ​អ្នក​ម្តាយ​សាន ម៉ៃ​សា​ម៉ាស ជនជាតិ​ខ្មែរ​អ៊ិ​ស្លា​ម​ជា​ភរិយា​ដើម​របស់​លោកប៉ា​សុះ ម៉ាត់ បាន​ទទួលមរណភាព​កាលពី​ម៉ោង​៣​រសៀល​កាលពី​ថ្ងៃ​ទី​១៦ ខែធ្នូ ២០១៧ ដោយ​ជរាពាធ​ក្នុង​ព្រះ​ជន្មាយុ​៨៨​ឆ្នាំ ។ សព​តម្កល់​នៅផ្ទះ​ខាងត្បូង​ស្ពាន​ជ្រោយចង្វា ចម្ងាយ​៩០​ម៉ែត្រ ក្បែរ​វិហារ​អ៊ិ​ស្លា​ម​មុន​បញ្ចុះ​នៅ​វេលា​ម៉ោង​១១​ព្រឹក​ថ្ងៃ​ទី​១៧ ខែធ្នូ ២០១៧ ។

ក្រៅពី​អ្នក​ម្តាយបង្កើត​របស់ខ្ញុំ គាត់​ជា​អ្នក​ម្តាយ​ទី​ពីរ​ដែល​ខ្ញុំ​តែងតែ​គោរព​គាត់​ដូច​ម្តាយបង្កើត​របស់ខ្ញុំ​ដែរ ។ ពេល​នេះ​គាត់​លា​ខ្ញុំ និង​ក្រុម​គ្រួសារ​រហូត​ហើយ លា​ដោយ​អាឡោះអាល័យ​ក្រៃ​លែង​គ្មាន​អ្វី​នឹង​ថ្លែង​បាន​ឡើយ ។ សូម​វិញ្ញាណក្ខន្ធ​អ្នក​ម្តាយ​បាន​ទៅ​ជួប​លោកប៉ា និង​បាន​ដឹក​ដៃ​គ្នា​ទៅ​កាន់​ឋាន​សុគតិភព​កុំបី ឃ្លាត​ឡើយ ជាតិ​ក្រោយ​កូន​សូម​ជួប​លោក​ទាំង​ពីរ​ជា​ថ្មី​ទៀត​» ។

ភរិយា​ទី​មួយ​របស់​លោក​សុះ ម៉ាត់ អ្នកចម្រៀង​ដ៏​ល្បី​ក្នុង​អំឡុង​ទសវត្សរ៍​ទី​៦០ និង​៧០ រស់នៅ​ក្នុង​ជីវភាព​ដ៏​លំបាក​ជាមួយ​កូនស្រី​ម្នាក់​ក្នុង​ចំណោម​ពីរ​នាក់ នៅ​ភូមិ​ជ្រោយចង្វា ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ ។ លោកយាយ​សាន ម៉ៃ​សា​ម៉ាស ជា​ភរិយា​ទី​១ របស់​លោក​សុះ ម៉ាត់ និង​មានកូន​ប្រុស​ស្រី​ចំនួន​ប្រាំពីរ​នាក់ សព្វថ្ងៃ​នៅ​សល់​កូន​ពីរ​នាក់ ឈ្មោះ​ម៉ាត់ ម៉ី អាយុ​៥៣​ឆ្នាំ និង​ម៉ាត់ ម៉ា​រី អាយុ​៤៩​ឆ្នាំ ។ លោក​សុះ ម៉ាត់ មាន​ប្រពន្ធ​ប្រាំពីរ​នាក់ ក្នុង​ចំណោម​នោះ​ក្រៅពី​លោកយាយ​សាន ម៉ៃ​សា​ម៉ាស គឺ​ប្រាំមួយ​នាក់​ទៀត​ក៏​មាន​រាជិនី​សំឡេង​មាស​អ្នកស្រី​រស់ សេរី​សុទ្ធា ជា​ប្រពន្ធ​ទី​បី​របស់​លោក​សុះ ម៉ាត់ មួយ​រយៈ​ផង​ដែរ ។

អ្នកស្រី​សាន ម៉ៃ​សា​ម៉ាស ធ្លាប់​អះអាង​ថា ប្តី​របស់​អ្នកស្រី​ដែល​មាន​ប្រពន្ធ​ប្រាំមួយ​នាក់​ទៀត​នោះ តាម​គាត់​ដឹង​ប្រពន្ធ​ទី​២ ឈ្មោះ​អ៊ុ​ក ផា​ន ជនជាតិ​ខ្មែរ មានកូន​បី​នាក់ ស្រី​២​នាក់ ប្រុស​ម្នាក់ ។ ប្រពន្ធ​ទី​៣ ឈ្មោះ​រស់ សេរី​សុទ្ធា ជា​អ្នកចម្រៀង​ល្បីឈ្មោះ ដែល​លោក​សុះ ម៉ាត់ បាន​រៀប​ការ​នៅ​ខេត្តបាត់ដំបង​ក្នុង​អំឡុង​ឆ្នាំ​១៩៦៨ តែ​រួមរស់​ជា​ប្តី​ប្រពន្ធ​បាន​៥​ទៅ​៦​ខែ ក៏​ចែកផ្លូវ​គ្នា​។ ឯ​ប្រពន្ធ​ទី​៤ ឈ្មោះ​អ៊ុ​ក ឃី​ម ជា​ម្តាយ​លោក​សុះ ម៉ាច ។ ប្រពន្ធ​ទី​៥ ឈ្មោះ​ខុ​ម ជា​អ្នករបាំ​ហ្លួង ដែល​សម្តេចព្រះ​នរោត្តម សីហ​នុ រៀប​ការ​ឲ្យ​លោក​សុះ ម៉ាត់ និង​មានកូន​ប្រុស​ស្រី​ចំនួន​ប្រាំពីរ​នាក់ ប្រុស​៦ ស្រី​១ បច្ចុប្បន្ន​ស្លាប់​អស់ ។ ប្រពន្ធ​ទី​៦ អត់​ចាំ​ឈ្មោះ រស់នៅ​ម្តុំ​ផ្សារ​ទួល​ទំពូង មានកូន​ប្រុស​មួយ​ឈ្មោះ​សុះ ម៉ា​ន ។ ប្រពន្ធ​ទី​៧ អតីត​អ្នកបម្រើ​ព្រះមហាក្សត្រ នៅ​ក្នុង​វាំង មិន​ស្គាល់ឈ្មោះ ។ ប្រពន្ធ​នេះ​ក្រោយ​ពី​ចប់​សង្គ្រាម​សម័យ លន់ ន​ល់  គឺ​បាត់​ខ្លួន​រហូត ។

ក្នុង​នាម​ជា​ភរិយា​ទី​១ លោកយាយ​សាន ម៉ៃ​សា​ម៉ាស មិន​ដែល​មានចិត្ត​ប្រច័ណ្ឌ ឬ​ខឹង​ប្តី​ឡើយ ពេល​ដឹង និង​ឃើញ​ប្តី​មាន​ប្រពន្ធ​ច្រើន ប៉ុន្តែ​ប្តី​លោក​សុះ ម៉ាត់ គឺ​មាន​លក្ខណ​សម្បត្តិ​ល្អ​ណាស់ គឺ​ចេះ​ថែរក្សា​គាត់​មិន​ឲ្យ​ខ្វះខាត​លើ​ជីវភាព​រស់នៅ​ប្រចាំ​ថ្ងៃ មិន​ឲ្យ​គាត់ និង កូន​ៗ​ជួប​ការ​លំបាក​ទេ ។

នៅ​ឆ្នាំ​១៩៧៥ ក្រោយ​ពី​បែក​សម័យ​លន់ ន​ល់ ក្រុម​គ្រួសារ​លោកយាយ​សាន ម៉ៃ​សា​ម៉ាស ក៏​ដូច​ជា​ប្រជាពលរដ្ឋ​កម្ពុជា​ទាំងអស់ ត្រូវ​ខ្មែរក្រហម​ជម្លៀស​ចេញពី​ទីក្រុង​ភ្នំពេញ​។​ពេល​នោះ គ្រួសារ​លោកយាយ​ធ្វើ​ដំណើរ​ទៅ​ទិស​ខាងកើត​ក្រុងភ្នំពេញ តាម​ផ្លូវជាតិ​លេខ​១ គឺ​ទីប្រជុំជន​អ្នក​លឿង ។ លោក​សុះ ម៉ាត់ រួម​ទាំង​ប្រពន្ធ​កូន បាន​ស្នាក់​នៅ​ទីនោះ​មួយ​រយៈ ។ ក្រោយមក​គ្រួសារ​អ្នកស្រី​បាន​ធ្វើ​ដំណើរ​វិល​ទៅ​រក​ផ្លូវជាតិ​លេខ​៥​វិញ និង​ស្នាក់​នៅ​ជិត​ភូមិ​ព្រែក​ក្តាម គឺ​ពេល​នោះ​ហើយ​ដែល​អ្នកស្រី​ត្រូវ​បែក​ពី​ស្វាមី ព្រោះ​ប្តី​របស់​គាត់​បានដឹង​ខ្លួន​ថា មិន​អាច​រស់នៅ​តទៅ​ទៀត​បាន​ឡើយ ដោយ​ក្រុម​ខ្មែរក្រហម​កំពុង​រកមុខ​គាត់ ។ លោក​សុះ ម៉ាត់ បាន​ចាកចោល​ប្រពន្ធ​កូន និង​បងប្អូន សាច់ញាតិ ឆ្ពោះ​ទៅ​ខេត្តកំពង់ស្ពឺ ហើយ​បាត់​ខ្លួន​រហូត​មក​ដល់​សព្វ​ថ្ងៃនេះ ។

ក្រោយ​ថ្ងៃ​រំដោះ ៧ មក​រា ឆ្នាំ​១៩៧៩ លោកយាយ​សាន ម៉ៃ​សា​ម៉ាស រស់នៅ​ក្នុងភូមិ​ជ្រោយចង្វា ជាមួយ​កូនស្រី​ពីរ​នាក់​លើ​ទីតាំង​ផ្ទះ​ចាស់​កាលពី​សម័យ​លន់ ន​ល់ ជា​កន្លែង​អ្នកស្រី​កសាង​អនុស្សាវរីយ៍​ជាមួយ​លោក​សុះ ម៉ាត់ ៕