រាជធានីភ្នំពេញ ៖ តារាសម្តែងវ័យក្មេងនាង សុខ ចិន្ត ហៅ Emily បានបង្ហាញមហិច្ឆតាធំមួយទៀត បន្ទាប់ពីនាងសម្រេចបំណងចូលប្រឡូកវិស័យសិល្បៈទើបតែ២ឆ្នាំប៉ុណ្ណោះ។ មហិច្ឆតាធំរបស់តារាស្រីវ័យ២៤ឆ្នាំរូបនេះ គឺការក្លាយជាអ្នកដឹកនាំរឿងនាពេលអនាគត ខណៈពេលអាជីពមួយនេះ ក៏ជាបំណងធំរបស់នាងផងដែរ។

ជានិស្សិតផ្នែកអក្សរសាស្ត្រខ្មែរ នៃសកលវិទ្យាល័យភូមិន្ទភ្នំពេញ ស្រីស្អាត សុខ ចិន្តា បានលើកឡើងប្រាប់កោះសន្តិភាពតាមសារអេឡិចត្រូនិចថា នាងបានឈានជើងចូលសិល្ប: តាមរយៈកម្មវិធី «ធីតាឯកសង្រា្កន្ត» ដែលរៀបចាំដោយក្រុមហ៊ុនមួយ សហការជាមួយទូរទស្សន៍ ទទក និងជាឆ្នាំដំបូងរបស់កម្មវិធី។
នាងបញ្ជាក់ថា បន្ទាប់ពីប្រកួតចប់ នាងទទួលបានចំណាត់ថ្នាក់ Top10 ក្នុងកម្មវិធី ហើយខាងក្រុមហ៊ុនក៏បានអញ្ជើញអោយចូលជាសិល្បការិនីប្រចាំក្រុមហ៊ុន ដើម្បីសិក្សា និងបណ្តុះបណ្តាលជំនាញសិល្បៈបន្ថែម ដោយមានទាំងការហាត់ច្រៀង រាំ ពិធីការិនី និងសម្តែង។

នាងបន្ថែមថា ឆ្លងកាត់រយៈពេលមួយឆ្នាំ ខាងម្ចាស់ក្រុមហ៊ុន និងនាងផ្ទាល់បានជ្រើសរើសយកជំនាញសិល្បៈផ្នែកសម្តែង និងពិធីការិនី។ សុខ ចិន្តា លើកឡើងបន្ថែមថា គិតមកដល់ពេលនេះ នាងបានចូលសិល្បៈរយៈពេលពីរឆ្នាំហើយ បន្ទាប់ពីចំណាយពេលមួយឆ្នាំដើម្បីហ្វិតហាត់។
នាងថា ខ្ញុំបានចាប់ផ្តើមចេញសម្តែងរឿងដំបូងនៅលើកញ្ចក់ទូរទស្សន៍ CTN គឺរឿងមន្តស្នេហ៍គ្រូពេទ្យឆ្នាស់ និងរឿងជាច្រើនទៀតដូចជារឿង ពិសទាសករ របស់ Bayon TV រឿងនាងកែងមុខសេះ ដែលកំពុងចាក់ផ្សាយនៅ CTN និងរឿង ការចងចាំរបស់ Sastra និងរឿងជាច្រើនទៀតសរុបប្រហែលជិត២០រឿង។ នាងបញ្ជាក់ថា បច្ចុប្បន្ន នាងបានត្រៀមរឿងជាច្រើនបង ដែលមានទាំងរឿងសម្រាប់បញ្ចាំងក្នុងរោងកុន និងរឿងសម្រាប់បញ្ចាំងនៅលើកញ្ចក់ទូរទស្សន៍ផងដែរ។

បើតាម សុខ ចិន្តា បន្ទាប់ពីប្រឡូកក្នុងវិស័យសិល្បៈមួយរយៈមកសម្រាប់នាងគែមានការផ្លាស់ប្តូរច្រើនដោយមានទស្សនិកជនបានស្គាល់ច្រើន និងតែងតែទទួលបានការខំមិនល្អៗពីការសម្តែងពីសំណាក់បងប្អូនហើយក៏មានមតិរិះគន់ ដើម្បីស្ថាបនាមួយចំនួនផងដែរ។ នាងថា ខ្ញុំតែងតែទទួលបានការខំមិនល្អៗពីអ្នកដឹកនាំរឿង និងអ្នកនិពន្ធជាច្រើនរាល់ការសម្តែងរបស់ខ្ញុំផងដែរ។
នាងបញ្ជាក់ថា ចំពោះការសម្តែង គឺនាងអាចសម្តែងបានទាំងអស់ ហើយរឿងដែលមានឈុតស្និទ្ធស្នាលខ្លាំងនាងក៏ធ្លាប់បានសម្តែងរួចមកហើយ ដោយកន្លងមកខាងអ្នកដឹកនាំក៏មានការសាកសួរជាមុន វាអាស្រ័យលើសាច់រឿង និងទិចនិចក្នុងការសម្តែង។ នាងថា ឈុតបែបនឹងជាទូទៅ គឺតែងតែមានការខ្មាសអៀនខ្លះៗ តែវាជាការសម្តែង ហើយសម្រាប់ឈុតដែលពិបាកៗមិនមែនមានតែឈុតស្នេហាទេ បើថតជារឿងខ្មោច ឬរឿងបែប Action គឺមានការពិបាកខ្លាំងជាង។

សុខ ចិន្តា លើកឡើងបន្ថែមថា នាងពិតជាស្រលាញ់ខាងវិស័យសិល្បៈខ្លាំង ហើយទៅថ្ងៃអនាគត បើទីផ្សារការងារនៅតែមានសក្តានុព លនាងនឹងនៅតែបន្ត ហើយជាពិសេសនាងក៏ចង់ក្លាយជាអ្នកដឹកនាំរឿងមួយរូបផងដែរ។
ដោយឡែកពាក់ព័ន្ធជីវិតឯកជនវិញ តារាស្រីដែលមានស្រុកកំណើតនៅខេត្តត្បូងឃ្មុំរូបនេះបានបញ្ជាក់ថា បច្ចុប្បន្ននាងមិនទាន់គិតគូររឿងគូស្រករនៅឡើយទេ ដោយសារនាងចង់ពង្រឹងអាជីពសិល្បៈនេះអោយមានភាពរឹងមាំជាងនេះសិន។ យ៉ាងណានាងទទួលស្គាល់ថា ចាប់តាំងពីប្រឡូកក្នុងសិល្បៈនាពេលនេះ គឺក៏មានបុរសមួយចំនួនព្យាយាមទាក់ទងនាងដែរ ប៉ុន្តែនាងនៅមិនទាន់ទទួលយក។ នាងបញ្ជាក់ថា បុរសដែលនាងនឹងយកធ្វើជាគូអនាគតនោះគឺមិនមែនជាបុរសនៅក្នុងសិល្បៈដូចគ្នាឡើយ ពោលគឺជាអ្នករកស៊ីធម្មតា និងមានចិត្តស្រឡាញ់នាង និងគ្រួសារនាងគឺគ្រប់គ្រាន់ហើយ៕










ចែករំលែកព័តមាននេះ