សុះ ម៉ាច សម្រេចក្តីស្រមៃក្នុងការថតបទចម្រៀងស្នាដៃឪពុកជាង៦០បទឡើងវិញ
- ភ្នំពេញ
នៅទីបំផុតតារាចម្រៀងលោក សុះ ម៉ាច បានសម្រេចនូវគោលដៅរបស់ខ្លួនក្នុងការថតបទចម្រៀងដែលជាមរតករបស់ឪពុកលោក
នៅទីបំផុតតារាចម្រៀងលោក សុះ ម៉ាច បានសម្រេចនូវគោលដៅរបស់ខ្លួនក្នុងការថតបទចម្រៀងដែលជាមរតករបស់ឪពុកលោក
រាជធានីភ្នំពេញ ៖ នៅទីបំផុតតារាចម្រៀងលោក សុះ ម៉ាច បានសម្រេចនូវគោលដៅរបស់ខ្លួនក្នុងការថតបទចម្រៀងដែលជាមរតករបស់ឪពុកលោក គឺលោក សុះ ម៉ាត់ ចំនួនប្រមាណ៦៦បទឡើងវិញ បន្ទាប់ពីលោកបានសិក្សាស្រាវជ្រាវរកឯកសារអស់ជាច្រើនឆ្នាំមកនេះ។
អតីតប្រធានសមាគមសិល្បៈខ្មែររូបនេះ បានលើកឡើងថា ក្តីស្រម៉ៃរបស់លោកក្នុងការថតរាល់បទចម្រៀងរបស់ពុក ទុកជាស្នាដៃបន្តដើម្បីថែរក្សា ឥឡូវពេលនេះណាបទចម្រៀងដែលមានឯកសារ និងពុំបន្សល់នូវឯកសាររបស់ឪពុកលោកទាំង៦៦បទបានដល់ស្ទីទយោ(studio) រួចរាល់ហើយ ដោយសហការជាមួយផលិតករ លោក (លី យ៉ាំង) ដោយនៅក្នុងនោះបទខ្លះក៏ថតរួចរាល់ហើយ នៅឡើយតែលោកទៅច្រៀងបញ្ចូលសំឡេងតែប៉ុណ្ណោះ។
លោកថា ខ្ញុំសែនរីករាយណាស់ ចំពោះក្តីបំណងដែលបានដល់ចំណុចនេះ ហើយខ្ញុំក៏បានត្រៀមខ្លួនរួចរាល់ផងដែរ ហើយចាប់ពីពេលនេះតទៅ ចម្រៀងរបស់ខ្ញុំចាស់ថ្មីនឹងចាប់ផ្តើមបម្រើអារម្មណ៍អ្នកគាំទ្រ និងអ្នកស្តាប់ទាំងឡាយឡើងវិញហើយ សង្ឃឹមថាប្រិយមិត្ត មិត្តភក្តិ បងប្អូនជួយលើកទឹកចិត្ត និងគាំទ្រដល់រូបខ្ញុំមិនខាន។
លោក សុះ ម៉ាច បានបន្ថែមថា រាល់បទចម្រៀងឪពុកលោកទាំងអស់ គឺលោកនៅរក្សាទម្រង់ដើមដដែល ប៉ុន្តែសម្រាប់បទខ្លះដែលបានបាត់ទំនុកភ្លេង និងទំនុកច្រៀងនោះ គឺលោកត្រូវស្រាវជ្រាវរកអ្នកដែលនៅចេះចាំ ហើយឲ្យគាត់ច្រៀងអោយយើងស្តាប់ រួចយើងយកមកច្រៀងដោយមានការរៀបចំសាច់ភ្លេងឲ្យត្រូវទៅនឹងទំនុកច្រៀងនោះ។
លោកថា បើទោះបីជាការលេងសាច់ភ្លេងនោះ មិនអាចដូចទាំងស្រុងទៅនឹងមរតកដើមក៏ដោយ ប៉ុន្តែយើងអាចលេងត្រូវតាមលំនាំបទនឹង ហើយវាអាចនឹងដូចទៅបទដើមប្រហែល៦០ទៅ៧០ភាគរយផងដែរ។
លោកបញ្ជាក់ថា រាល់បទចម្រៀងទាំងអស់ ដែលលោកនឹងថតរួចរាល់ហើយនោះ លោកនឹងស្នើសុំទៅក្រសួងវប្បធម៌ ដើម្បីធ្វើសន្និសីទសារព័ត៌មានមួយ ក្នុងគោលបំណងរក្សាកម្មសិទ្ធិបញ្ញា កុំឲ្យបទចម្រៀងដែលជាស្នាដៃឪពុករបស់លោកត្រូវគេយកទៅច្រៀងកែច្នៃខុសពីទម្រង់ដើម។
លោកបន្តថា ការដែលលោកចង់អភិរក្សស្នាដៃបទចម្រៀងឪពុករបស់លោកនាពេលនេះ គឺដោយសារលោកចង់ឲ្យប្អូនៗសិល្បករជំនាន់ក្រោយដែលលើកយកបទចម្រៀងឪពុករបស់លោកមកច្រៀង ហើយយល់ច្រឡំជាសំនៀងដើមអ្នកផ្សេងទៅវិញ។
លោក សុះ ម៉ាច បានលើកឡើងបន្ថែមថា បទចម្រៀងឪពុករបស់លោកភាគច្រើន គឺមិនសូវនៅសល់ឯកសារសម្រាប់យោងឡើយ ដោយពេលខ្លះគឺដឹងដោយសារការច្រៀង.តគ្នា ហេតុនេះនាំឲ្យបទចម្រៀងខ្លះមានការយល់ច្រឡំថា ជាសំនៀងរបស់អ្នកនេះ ឬអ្នកនោះទៅវិញ។
លោកបានលើកជាឧទាហរណ៍ថា ដូចជាបទចម្រៀង «ព្រែកឆ្លូង» និងបទ «កំពង់ចាមកំពង់ចិត្ត» ជាដើម ភាគច្រើនគេយល់ច្រឡំថា ជាសំនៀងលោក ស៊ិន ស៊ីសាមុត ឬលោក កែវ សារ៉ាត់ ដោយមិនគិតថា ជាសំនៀងឪពុកលោក គឺលោក សុះ ម៉ាត់ នោះឡើយ។ ចំណុចនេះ យើងមិនបន្ទោសពួកគេឡើយ ព្រោះដោយសារមិនដឹង ចឹងបានលោកព្យាយាមអភិរក្សបទចម្រៀងទាំងជាង៦០បទនេះថា គឺជាស្នាដៃនិពន្ធ និងច្រៀងដោយលោក សុះ ម៉ាត់។
បើតាមលោក សុះ ម៉ាច ថា មានបទចម្រៀងជាច្រើនទៀត ដែលលោកបានស្រាវជ្រាវពីលោក សេង ដារ៉ា ដែលជាអ្នកស្រាវជ្រាវបទចម្រៀងមរតកដើមនោះ បទរបស់ឪពុកលោកខ្លះ គឺនៅសល់តែទំនុកច្រៀង ខ្លះនៅសល់តែណោតភ្លេង ហើយណោតភ្លេងនោះ គឺសម័យពីដើម ហេតុនេះ ទាល់តែតន្ត្រីករជើងចាស់ប៉ុណ្ណោះ ដែលអាចយល់ និងសម្រាយយើងបាន។
លោកបញ្ជាក់ថា បទចម្រៀងឪពុកលោកភាគច្រើន គឺថតសម្រាប់តែចាក់ផ្សាយតាមវិទ្យុជាតិប៉ុណ្ណោះ ហើយថា ចម្រៀងដែលថតនោះត្រូវបានគេកំទេចចោលស្ទើរទាំងស្រុងតាមសម័យកាលនៃបរិបទសង្គមនាពេលកន្លងមក។ កត្តានេះ ជាហេតុធ្វើឲ្យលោកមានការលំបាកច្រើននៅក្នុងការស្រាវជ្រាវរក ដោយលោកត្រូវសហការជាមួយនឹងលោក សេង ដារ៉ា និងស្វែងរកបងប្អូនណាដែលនៅអាចចេះចាំចម្រៀងឪពុករបស់លោក។
លោកថា រយ់ពេលនៃការស្រាវជ្រាវនោះ គឺលោកបានប្រើពេលប្រមាណជា២០ឆ្នាំមកហើយ ហើយលោកបានចងក្រងជាឯកសារបានខ្លះ ខណៈពេលបទចម្រៀងឪពុកលោកមួយចំនួនក៏លោកបានថតឡើងវិញនៅក្នុងផលិតកម្មមរតក សុះ ម៉ាត់ វ៉ុល១ផងដែរ។
លោក សុះ ម៉ាច បន្ថែមថា រាល់បទចម្រៀងឪពុកលោកដែលលោកនឹងច្រៀង ផលិតឡើងវិញនោះ គឺលោកនឹងច្រៀងថតជាឌីសផង និងបង្ហោះតាមបណ្តាញសង្គមយូធូបផង ដើម្បីទុកជាការអភិរក្ស។
យ៉ាងណា បើតាមលោក សុះ ម៉ាច ថា លោកពិតជាមានការសប្បាយរីករាយយ៉ាងខ្លាំង ក្នុងពេលដែលលោកអាចសម្រេចបាននូវអ្វីដែលជាមរតករបស់ឪពុក ក៏ដូចជាភាពកក្តញ្ញូសម្រាប់ឪពុកដែលលោកបានបន្តវេន ហើយលោកនឹងរក្សានូវអ្វីដែលល្អសម្រាប់កូនចៅរបស់លោក ក៏ដូចជាប្អូនៗសិល្បៈជំនាន់ក្រោយផងដែរ៕
ចែករំលែកព័តមាននេះ