ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចំណាយ​ជិត ៣លានដុល្លារ ប្រែក្លាយ​តំបន់​ប្រវត្តិសាស្ត្រយោធា​តេជោ កោះថ្ម X16 ជារមណីយដ្ឋានទេសចរណ៍ដ៏មានសក្តានុពល និងទាក់ទាញ

1 ឆ្នាំ មុន
  • ត្បូងឃ្មុំ

ត្បូងឃ្មុំ​៖ តំបន់ប្រវត្តិសាស្ត្រយោធាតេជោកោះថ្ម X16 ដែលជាកន្លែងតស៊ូរបស់សម្តេចតេជោ ក្នុងដំណើរឆ្ពោះទៅការផ្តួលរំលំរបបប៉ុតពត ថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៧៧ ស្ថិតនៅទីតាំង កោះថ្ម…

ត្បូងឃ្មុំ​៖ តំបន់ប្រវត្តិសាស្ត្រយោធាតេជោកោះថ្ម X16 ដែលជាកន្លែងតស៊ូរបស់សម្តេចតេជោ ក្នុងដំណើរឆ្ពោះទៅការផ្តួលរំលំរបបប៉ុតពត ថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៧៧ ស្ថិតនៅទីតាំង កោះថ្ម ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ នឹងក្លាយជារមណីយដ្ឋានទេសចរណ៍ដ៏មានសក្តានុពល និងទាក់ទាញភ្ញៀវទេសចរជាតិនិងអន្តរជាតិ។ ក្នុងការប្រែក្លាយតំបន់ប្រវត្តិសាស្ត្រ​នៅជាប់ព្រំដែនវៀតណាមនោះ រាជរដ្ឋាភិបាល បានចំណាយជិត ៣លានដុល្លារ ដើម្បីសាងសង់​សមិទ្ធផល​ជាច្រើន ដែលសម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន និងនាយករដ្ឋមន្ត្រីវៀតណាម បានកាត់ខ្សែបូ​សម្ពោធដាក់ឱ្យប្រើប្រាស់ កាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២​។

លោក ជុក ជុំនោ អ្នកនាំពាក្យក្រសួងទេសចរណ៍ បានឲ្យដឹងថា ក្នុងរយៈពេល១ឆ្នាំ (២០២០-២០២១) តំបន់កោះថ្ម X16 ត្រូវបានសាងសង់នូវសមិទ្ធផលជាច្រើនក្នុងអត្ថន័យ និងវត្ថុបំណង ចារទុកប្រវត្តិសាស្ត្រសម្រាប់មនុស្សគ្រប់ជំនាន់ ពិសេសអប់រំយុវជន និងមនុស្សជំនាន់ ក្រោយឲ្យបានដឹង និងចងចាំព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រ ដែលប្រទេសកម្ពុជាបាន ឆ្លងកាត់នូវសោកនាដកម្មដ៏ព្រៃផ្សៃ។ រំលឹកដឹងគុណ​ស្ថាបនិកមគ្គុទ្ទេសក៍ឯក និងប្រតិបត្តិករនយោបាយឈ្នះ-ឈ្នះ ។ ប្រែក្លាយតំបន់​ប្រវត្តិសាស្ត្រកោះថ្ម X16 ឱ្យមានតម្លៃជារមណីយដ្ឋាន បម្រើឲ្យវិស័យ​វប្បធម៌ ទេសចរណ៍ សេដ្ឋកិច្ច ទំនាក់ទំនងមិត្តភាពរវាងប្រទេស និងប្រជាជនប្រទេស ជិតខាងទាំង២ កម្ពុជា និងវៀតណាម តាមប្រសាសន៍របស់សម្តេចតេជោ៖ “ប្រែក្លាយសមរភូមិ ឲ្យទៅជាទីផ្សារ កសាងព្រំដែនសន្តិភាព មិត្តភាព សហប្រតិបត្តិការ និងការអភិវឌ្ឍន៍”។

លោកបញ្ជាក់ថា ឆ្លើយតបនឹងវត្ថុបំណងខាងលើ ក្រុមការងាររៀបចំប្រារព្ធ​ពិធីរំលឹកខួបអនុស្សាវរីយ៍ លើកទី៤៣ ទិវាចងចាំដំណើរឆ្ពោះទៅការផ្តួលរំលំ​របបប្រល័យពូជសាសន៍ប៉ុល ពត គឺលោកនាយឧត្តមសេនីយ៍សៅ សុខាជាប្រធាន បានប្រជុំលើកគម្រោងធ្វើជាសេនាធិការគណៈកម្មការ សាងសង់វិមានឈ្នះ-ឈ្នះ​រៀបចំសិក្សាគម្រោងប្លង់មេសាងសង់ហេដ្ឋារចនាសម្ព័ន្ធនានា។ ផ្តើមពីនោះ ការដ្ឋានចាប់ផ្តើម​ពិធីសាងសង់នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២០។

លោកអ្នកនាំពាក្យក្រសួងទេសចរណ៏បានបន្តឲ្យដឹងថា ក្នុងរយៈពេល ១ឆ្នាំ អ្វីដែលបាន និងកំពុងសាងសង់រួមមាន៖ សំណង់អគារវេទិការអចិន្ត្រៃយ៍ ១ខ្នង ដែលមានរចនាបទខ្មែរ ទំហំទទឹង ៦.១ម៉ែត្រ បណ្តោយ៤៧ម៉ែត្រ កំពស់១ជាន់ ចំំណាយថវិការ ១៨១,៩៦៣ដុល្ល។ សាងសង់សាលាដំណាក់ដែលជាទីតាំងសម្តេចតេជោបានឈប់សម្រាក លើផ្ទៃដីទំហំ ៤៥០ម៉ែត្រក្រលា អាគារទំហំទទឹង៦.១ម៉ែត្រ បណ្តោយ១៩.៦ម៉ែត្រ កំពស់១ជាន់ ចំណាយថវិកា ៩១,៩៣៤.៧០ដុល្លារ។ សាងសង់បន្ទប់អនាម័យទទឹង ៣.៥ម៉ បណ្តោយ ២១ម៉ ចំណាយថវិកា ៥៧,៧៩០ដុល្លារ។ សាងសង់ស្រះទឹក និងធ្វើច្រាំងជុំវិញ មានទំហំ៧០ម៉*៧០ម៉ ជំរៅ១២ម៉ ចំណាយថវិកា ២០៥,៣៧២.៧៣ដុល្លារ។ សាងសង់ទីលានបាល់ទីលានបាល់ទាត់ ចំណាយ ៩៧,១៥០ដុល្លារ។ ស្ថាបនាប្រព័ន្ធលូរំដោះទឹក ចំណាយ ១៨,១០៨.៧២ដុល្លារ។ ដាំកូនឈើទាល ៦៧២ដើម និងធ្វើស៊ុមព័ទ្ធជុំវិញ ចំណាយថវិកា ៣៣,៨៥០ដុល្លារ។ ចាក់ដីបំពេញទីធ្លារ ចំណាយ៣៥៦,៣៦១.៥០ដុល្លារ។ ធ្វើផ្លូវក្រាលថ្មមិក ចំណាយ ១២,០៨២ដុល្លារ។ បំពាក់​ចង្កៀងគោមដើរដោយសូឡា ចំនួន ៥០គ្រឿង ចំណាយ ៤០,០០០ដុល្លារ។ ធ្វើរបងលួស​បណ្តោះអាសន្នជុំវិញបរិវេណអគារ ប្រវែង៩៧២ម៉ ចំណាយ ២១,៩៧០ដុល្លារ។ ទន្ទឹមនោះ ក្រុមការងារបានដាក់ទិសដៅផែនការការងារបន្តសាងសង់ហេដ្ឋារចនាសម្ព័ន្ធមួយចំនួនទៀតរួមមាន៖ ការចាក់ដីបំពេញបន្ថែមទីធ្លារ បន្តដាំកូនឈើទាល។ សាងសង់ប្រាង្គតម្កល់រូបព្រះអង្គគោកធ្លក ទំហំ២.៧ម៉*២.៧ម៉។ សាងសង់អគារមិត្តភាពកម្ពុជា-វៀតណាមទំហំទទឹង១៨ម៉ បណ្តោយ៦៣ម៉ កំពស់២ជាន់ ចំណាយថវិការ ១,០២៨,៥១០ដុល្លារ។ ក្នុងនោះ ក្រសួងការពារប្រទេស​នៃសាធារណរដ្ឋសង្គម​និយមវៀតណាម បាន​ជួយឧបត្ថម្ភ ១,០១៧,១១៤ដុល្លារ។

 ចំណែកគម្រោងសាងសង់ថ្ងៃអនាគត រួមមាន៖ អគារស្នាក់នៅសម្រាប់កងការពារសន្តិសុខ​ទំហំទទឹង៨.៤ម៉ បណ្តោយ៣៣.៦ម៉ កំពស់១ជាន់ ។ បន្ទប់អនាម័យ ទទឹង៣.៩ម៉ បណ្តោយ ២១ម៉។ ចំណតរថយន្ត ៤៨ម៉*១២៥ម៉។ ការកសាងខាងលើ បានប្រើប្រាស់មូលនិធិសប្បុរសជនតាម​រយៈចលនា​របស់ឯកឧត្តម សៅ សុខា (សរុបបានចំនួន ៥៩០,៤៣៤ដុល្លារ)។

លោក ជុក ជុំនោ បានអះអាងថា នាពេលខាងមុខ តំបន់នេះ នឹងក្លាយជាតំបន់ ដែលមាន​សក្តានុពលខ្លាំងបម្រើឲ្យវិសយ័ទេសចរណ៍ ខណដែលតំបន់អាចត្រូវបានរៀបចំ​ជាតំបន់​ទេសចរណ៍​ប្រវត្តិសាស្រ្ត ដូចដែលបានរៀបចំនៅតំបន់ ទេសចរណ៍ប្រវត្តិសាស្រ្តអន្លង់វែង។

លោកបន្ថែមឱ្យដឹងថា ក្រសួងទេសចរណ៍ នឹងសហការជាមួយក្រសួងការពារជាតិ បណ្តុះ​បណ្តាល​មគ្គុទេសក៍​ពិសេស សម្រាប់តំបន់នេះ ដើម្បីឧទ្ទេសនាមជូនភ្ញៀវទេសចរ ឲ្យបានយល់ច្បាស់​ពីតំបន់នេះ។ ក្រសួង ក៏​នឹងសហការជាមួយវិស័យឯកជន ក្នុងការផ្សព្វផ្សាយអំពីតំបន់​នេះ ឱ្យបានទូលំទូលាយ និងជំរុញឲ្យវិស័យឯកជន បញ្ចូលតំបន់នេះ ទៅក្នុងកញ្ចប់ទស្សនកិច្ច សម្រាប់​លក់ដល់ភ្ញៀវទេសចរផងដែរ។

ទន្ទឹមនោះក្រសួងទេសចរណ៍ នឹងរៀបចំវីដេអូផ្សព្វផ្សាយតំបន់នេះឲ្យបានទូលំទូលាយទាំង សម្រាប់​ភ្ញៀវទេសចរជាតិ និងអន្តរជាតិនិងរៀបចំឲ្យមានដំណើរទស្សនកិច្ចសិក្សា ពិសេស FAM Trip របស់បណ្តាញព័ត៌មានអន្តរជាតិដែលជាដៃគូរបស់ក្រសួងទេសចរណ៍ ដើម្បីរៀបចំ ជាវីដេអូ បទយកការណ៍ និងកម្មវិធីនានា ដើម្បីផ្សព្វផ្សាយនៅលើទីផ្សារអន្តរជាតិ។

លោកថា ក្រៅពីការងារសំខាន់ៗខាងលើក្រសួងទេសចរណ៍ នឹងបញ្ចូលតំបន់នេះទៅក្នុង​ឧបករណ៍​​ផ្សព្វផ្សាយនានារបស់ក្រសួង ទេសចរណ៍ (Promotional Materials) ដើម្បីផ្សព្វផ្សាយ​តំបន់នេះ និងរៀបចំឱ្យមានក្រុមការងារពិសេសមួយ ដើម្បីជំរុញការអភិវឌ្ឍ និងផ្សព្វផ្សាយ​តំបន់នេះ ឱ្យបានទូលំទូលាយថែមទៀត។

គួររម្លឹកថា តំបន់ប្រវត្តិសាស្ត្រយោធាតេជោកោះថ្ម X16 ជាកន្លែងតស៊ូរបស់សម្តេចតេជោ ក្នុងដំណើរឆ្ពោះទៅផ្តួលរំលំរបបប៉ុល ពត ថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៧៧ ទីតាំងកោះថ្មក្នុងឃុំទន្លូង ស្រុកមេមុត ខេត្តត្បូងឃ្មុំ នាវេលាម៉ោង ២១​ (មានសមមិត្តហ៊ុន សែន និងកម្មាភិបាល​ដ៏ទំនុក​ចិត្តចំនួន ៤រូបផ្សេងទៀត គឺមានសមមិត្ត នុច ថន, សមមិត្ត ញ៉ឹក ហ៊ួន , សមមិត្ត សាន សាញ់ និងសមមិត្ត វ៉ា ប៉ោអ៊ាន) និងឈានទៅបង្កើតអង្គភាព១២៥ នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ១៩៧៨ ដោយចំណុចចាប់ផ្តើមដំបូងគេបង្អស់នៃចលនាតស៊ូកម្ពុជា ចេញពីវៀតណាម ឈានដល់​ការបង្កើត​រណសិរ្សសង្គ្រោះជាតិកម្ពុជា នៅថ្ងៃទី២ ធ្នូ ឆ្នាំ១៩៧៨ រហូតវាយផ្តួលរំលំរបបប្រល័យ​ពូជសាសន៍ ប៉ុល ពត នាថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩៕ សុខ សារ៉ាយ

(ខាងក្រោមនេះជារូបភាពរបស់ទូរទស្សន៍ BTV បង្ហាញពីសមិទ្ធផល​នានា នៅតំបន់កោះថ្ម X16 )

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ