ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្ចាស់អាជីវកម្មខ្នាតតូចក្នុងវិស័យទេសចរណ៍ ទទួលបាននូវការបណ្តុះបណ្តាលជំនាញ​

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ៖ វគ្គបណ្តុះបណ្តាល ស្តីពី ការកសាងសមត្ថភាពម្ចាស់អាជីវកម្មខ្នាតតូច ក្នុងវិស័យ​ទេសចរណ៍ បានបញ្ចប់ហើយ នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២២ នេះ…

រាជធានីភ្នំពេញ៖ វគ្គបណ្តុះបណ្តាល ស្តីពី ការកសាងសមត្ថភាពម្ចាស់អាជីវកម្មខ្នាតតូច ក្នុងវិស័យ​ទេសចរណ៍ បានបញ្ចប់ហើយ នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២២ នេះ ខណៈពិធីបិទវគ្គបណ្តុះ​បណ្តាលនេះ ត្រូវបានរៀបចំធ្វើ នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-កូរ៉េ។

លោក ម៉ម វាសនា ប្រធានមន្ទីរទេសចរណ៍រាជធានីភ្នំពេញ បានថ្លែង​ថា វគ្គបណ្តុះបណ្តាល ស្តីពី “ការកសាងសមត្ថភាពម្ចាស់អាជីវកម្មខ្នាតតូច នៅក្នុងវិស័យទេសចរណ៍​នេះ គឺ​រួមមាន អាជីវកម្ម​កាហ្វេចល័ត ស្រាក្រឡុក និងបោកអ៊ុត ក្រោមជំនួយឧបត្ថម្ភថវិកា ដោយ USAID តាមរយៈ​អង្គការផេកកម្ពុជា​។

លោក​ក៏បានថ្លែងអំណរគុណដល់ម្ចាស់គម្រោង អង្គការផេក​កម្ពុជា ក្រុមការងារមន្ទីរទេសចរណ៍ និងទីភ្នាក់ងារប្រឹក្សាយោបល់ជំនាញវិជ្ជាជីវៈទេសចរណ៍​អាស៊ាន (ATP Consultant) តំណាង​រដ្ឋបាល​ខណ្ឌទាំង៩ ដែលបានសហការអនុវត្តលើគម្រោងនៃវគ្គបណ្តុះបណ្តាលនេះ ប្រកបដោយ​ផ្លែផ្កា និងជោគជ័យអស់រយៈពេលមួយឆ្នាំ កន្លងមកនេះ ដោយចាប់ផ្តើមតាំងពីការសហការ ចុះជ្រើសរើសសិក្ខាកាមដែលជាម្ចាស់អាជីវកម្មខ្នាតតូច ជាពិសេសសហគ្រិនជា​ស្រ្តី ដែលជា​លទ្ធផលទទួលបានសិក្ខាកាមសរុបប្រមាណ ៧០រូប នៃអាជីវកម្មទាំង ៣ប្រភេទសេវាកម្ម ចូលរួមក្នុងវគ្គបណ្តុះបណ្តាល។

លោក ម៉ម វាសនា បានថ្លែងបញ្ជាក់ថា រាជធានីភ្នំពេញ ជាបេះដូងនៃព្រះរាជាណាចក្រកម្ពុជា និង​ជា​ទីតាំងនៃបណ្តុំសកម្មភាពសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ និងវិស័យផ្សេងៗជាច្រើនទៀត ដែល​ត្រូវបានចាត់ទុកជាគោលដៅទេសចរណ៍ និងការវិនិយោគដ៏មានសក្ដានុពលមួយ ក្នុងចំណោម​គោលដៅនានា ក្នុងតំបន់ និងសកលលោក ក្នុងរយៈពេលចុងក្រោយនេះ ព្រមទាំងបាន​ទាក់ទាញ​ភ្ញៀវទេសចរជាតិ និងអន្តរជាតិរាប់លាននាក់ជារៀងរាល់ឆ្នាំ។

លោកបន្តថា ដោយផ្តើមពីអ្វីដែលបានលើកទ្បើងខាងលើនោះហើយ ទើបរាជធានីភ្នំពេញ មានសម្បទា និងសេវាកម្មទេសចរណ៍ សម្រាប់បម្រើតម្រូវការភ្ញៀវទេសចរដ៏សម្បូរបែប។

លោកបន្ថែមថា ដោយយោងតាមស្ថិតិដើមឆ្នាំ២០២២ របស់មន្ទី​រមូលដ្ឋានអាជីវកម្ម​សេវាកម្ម​ទេសចរណ៍នៅរាជធានីភ្នំពេញ មានចំនួនសរុបប្រមាណជាង ២ពាន់ទីតាំង និងបុគ្គលិកបម្រើការ ក្នុងវិស័យទេសចរណ៍សរុបប្រមាណជាង ៣ម៉ឺននាក់ ដែលក្នុងនោះ រួមមានទាំងសេវាកម្មស្នាក់​នៅ ម្ហូបអាហារ មណ្ឌលកម្សាន្តមនុស្សពេញវ័យ ទីភ្នាក់ងារទេសចរណ៍ ជាដើម។ ប៉ុន្តែរយៈពេល ២ឆ្នាំ​ជាងកន្លងមកនេះ ដោយសារវិបត្តិនៃការរីករាលដាលជំងឺកូវីដ-១៩ នៅទូទាំងសកលលោក បាន​ជះឥទ្ធិពលអវិជ្ជមានទៅលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ការទំនាក់ទំនង ជាពិសេសវិស័យ​ទេសចរណ៍ ដែលជាចន្ទល់នៃកំណើនសេដ្ឋកិច្ចដ៏សំខាន់មួយ។ ជាក់ស្តែង នៅរាជធានីភ្នំពេញ បានបាត់បង់ភ្ញៀវទេសចរអន្តរជាតិប្រមាណជាង ៧០% ក្នុងឆ្នាំ២០២០ ក្នុងនោះ អាជីវកម្មសេវាកម្ម និងអ្នកបម្រើការក្នុងវិស័យទេសចរណ៍ នៅរាជធានីភ្នំពេញប្រមាណជាង ៣០% បានផ្អាក​ដំណើរ​ការ និងបាត់បង់ឱកាសការងារ។

លោកអះអាងថា ទោះជាយ៉ាងនេះ ក៏ដោយ មកទល់បច្ចុប្បន្ន ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់​សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា វិបត្តិ​កូវីដ-១៩ ត្រូវបានគ្រប់គ្រងបានយ៉ាងល្អ ដោយពុំមានចំនួនអ្នកឆ្លង ក្នុងរយៈពេលថ្មីៗនេះ ដែល​ស្តែង​ចេញពីយុទ្ធនាការជាតិចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋ សំដៅបង្កើត​ភាពសុំានៅទូទាំងប្រទេស រួមទាំងការដាក់ចេញនូវយុទ្ធសាស្រ្តសំខាន់ៗដើម្បីរៀបចំស្ដារ និងអភិវឌ្ឍវិស័យទេសចរណ៍ឡើងវិញ ជាពិសេសការដាក់ចេញនូវវិធានសុវត្ថិភាពទេសចរណ៍ និងនិតិវិធីប្រតិបត្តិស្តង់ដាអប្បបរមា (SOP) សម្រាប់អាជីវកម្មសេវាកម្មទេសចរណ៍ ដែលកាន់តែ​ផ្តល់​នូវទំនុកចិត្ត និងសុវត្ថិភាពជូនភ្ញៀវទេសចរ ដែលចូលមកទស្សនាកម្សាន្ត​។

ជាក់ស្តែង ការធ្វើដំណើរកម្សាន្តរបស់ភ្ញៀវទេសចរក្នុងស្រុក និងការមកដល់របស់ភ្ញៀវទេសចរ​អន្តរជាតិ​តាមផ្លូវអាកាស មានការកើនឡើងគួរឱ្យកត់សំគាល់ ចាប់តាំងពីដើមឆ្នាំ២០២២នេះ ដែលសបញ្ជាក់ឱ្យឃើញពីការងើបឡើងវិញនៃវិស័យទេសចរណ៍ ក៏ដូចជា វិស័យផ្សេងៗទៀត ដែលទ្រទ្រង់ដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ត្រឡប់មករកសភាពធម្មតាវិញ។

លោកថា ស្ថិតក្នុងបរិបទនៃការរស់នៅតាមគន្លងប្រក្រតីភាពថ្មី ក៏ដូចជា ដើម្បីត្រៀមខ្លួនក្នុង​ដំណាក់កាល​នៃការស្តារឡើងវិញនៃវិស័យទេសចរណ៍ មន្ទីរទេសចរណ៍រាជធានីភ្នំពេញបាន និងកំពុងយកចិត្តទុកដាក់អនុវត្តនូវផែនការសកម្មភាពសំខាន់់ៗ រួមមាន ការផ្សព្វផ្សាយច្បាប់់ស្តីពី​ទេសចរណ៍ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនានាដល់ប្រតិបត្តិករទេសចរណ៍នៅក្នុងមូលដ្ឋាន ការចុះត្រួតពិនិត្យដំណើរការអាជីវកម្មឱ្យបានស្របច្បាប់ និងអនុវត្តតាមវិធានសុវត្ថិភាព​ទេសចរណ៍ ជាពិសេសការបណ្តុះបណ្តាលធនធានមនុស្សក្នុងវិស័យទេសចរណ៍ តាមរយៈកិច្ចសហការជាមួយផ្នែករដ្ឋ និងឯកជន រៀបចំនូវវគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ​ទេសចរណ៍ផ្សេងៗ ដើម្បីផ្តល់នូវឱកាសអភិវឌ្ឍ និងពង្រឹងសមត្ថភាព ចំណេះដឹង ជំនាញជាក់​លាក់​ដល់បុគ្គលិក ដែលបម្រើការក្នុងវិស័យទេសចរណ៍ប្រកបដោយគុណភាព និងឱកាសការងារ​ដល់ប្រជា-ពលរដ្ឋ ដើម្បីបង្កើនប្រាក់ចំណូលក្នុងជីវភាពរស់នៅប្រចាំថ្ងៃ។

លោក ម៉ម វាសនា បានឲ្យដឹងទៀតថា បន្ទាប់ពីមានភាពប្រសើរឡើងនៃវិបត្តិកូវីដ-១៩ នៅក្នុង​ប្រទេស មន្ទីរ នឹងអាចបន្តនូវសកម្មភាពការងារសំខាន់ៗមួយចំនួនទៀត ដើម្បីចូលរួមអភិវឌ្ឍ​សេដ្ឋកិច្ច និងវិស័យទេសចរណ៍ នៅរាជធានីភ្នំពេញ ជាពិសេសសង្ឃឹមថា នឹងទទួលបាននូវកិច្ច​សហការ​ទាំងក្របខណ្ឌសាធារណៈ និងឯកជនបន្ថែមទៀត ទៅលើការរៀបចំវគ្គផ្សព្វផ្សាយ និងវគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ផ្សេងៗទៀត ឱ្យបានកាន់តែទូលំទូលាយ។

ទន្ទឹមនោះ លោកប្រធានមន្ទីរ ក៏បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់អង្គការ ក្រុម​ការងារ​មន្ទីរ ក្រុមការងារអេធីភី និងតំណាងរដ្ឋបាលខណ្ឌ ដែលបានរៀប​ចំវគ្គបណ្តុះបណ្តាលនេះ ក៏ដូចជាសហការអនុវត្តប្រកបដោយ​ជោគជ័យ រួមទាំងគ្រូបង្គោល និងសិក្ខាកាមទាំងអស់ ដែល​បាន​ចូលរួមនាថ្ងៃនេះផងដែរ៕ សុខ សារ៉ាយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ