ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហួសថ្លែង ! គ្រាន់តែ​រឿង​បត់ជើងតូច​មិន​ចាក់ទឹក ចង់​ដុត​ផ្ទះ​ចោល

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​បន្ទាប់​ពី​បត់ជើងតូច​មិន​ចាក់ទឹក​រួច ត្រូវ​បាន​ឪពុក​និង​បងស្រី​​បង្កើត​ស្តីបន្ទោស ស្រាប់តែ​បុរស​រូប​នោះ​ខឹង​ច្រឡោត ស្រែក​ឡូឡា​ពេញ​ផ្ទះ …

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​បន្ទាប់​ពី​បត់ជើងតូច​មិន​ចាក់ទឹក​រួច ត្រូវ​បាន​ឪពុក​និង​បងស្រី​​បង្កើត​ស្តីបន្ទោស ស្រាប់តែ​បុរស​រូប​នោះ​ខឹង​ច្រឡោត ស្រែក​ឡូឡា​ពេញ​ផ្ទះ និង​គំរាម​ប្រុង​ដុត​ផ្ទះ​ចោល​ទៀត ក៏​ត្រូវ​ឪពុក និង​បងស្រី​បង្កើត​ប្តឹង​សមត្ថកិច្ច​ឲ្យ​ចាប់ខ្លួន​កាលពី​វេលា​ម៉ោង​៨ និង​៣០​នាទី​យប់ ថ្ងៃ​ទី​១៩ ខែវិច្ឆិកា ឆ្នាំ​២០១៦ នៅ​ចំណុច​ផ្ទះ​លេខ​៩៥០ ផ្លូវលំ ភូមិ​មិត្តភាព សង្កាត់​ឫស្សី​កែវ ខណ្ឌឫស្សីកែវ ។

បុរស​ចិត្តខ្លាំង​រូប​នោះ​ឈ្មោះ ឈុំ ម៉ៅ អាយុ​២៦​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ធ្លាប់​ប្រើប្រាស់​ថ្នាំ​ញៀន​១០​ឆ្នាំ​ហើយ និង​ធ្លាប់​ជាប់​ពន្ធនាគារ​រយៈពេល​ជាង​១​ឆ្នាំ​ពី​បទ​លួច​ទ្រព្យសម្បត្តិ​ម្តាយមីង ។ ចំណែក​ឪពុក​ឈ្មោះ មាស ច​ន្ថា អាយុ​៥៧​ឆ្នាំ មុខរបរ​រត់​ម៉ូតូឌុប រីឯ​បងស្រី​ឈ្មោះ ឈុំ ស្រី​នាង អាយុ​២៩​ឆ្នាំ មុខរបរ​លក់ដូរ ។ អ្នក​ទាំងអស់​គ្នា​រស់នៅ​ភូមិ​-​សង្កាត់​កើតហេតុ​ខាងលើ ។

សមត្ថកិច្ច​បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ ជនសង្ស័យ​បាន​ផឹកស៊ី​ជាមួយ​អ្នក​ជិតខាង​មាន​គ្នា​៥​នាក់ ដោយ​ទិញ​ស្រា​បៀរ​កន្លះ​កេស​មក​ផឹក​ជុំ​គ្នា ខណៈ​ពេល​ផឹក​អស់​ម្នាក់​៣​កំប៉ុង ជនសង្ស័យ​បាន​ដើរទៅ​បត់ជើងតូច​នៅ​ក្នុង​បន្ទប់ទឹក​ក្នុងផ្ទះ​របស់​ខ្លួន បន្ទាប់​ពី​បត់ជើង​រួច បងស្រី​បង្កើត​បាន​ស្រែក​ប្រាប់​ទៅ​ជនសង្ស័យ​ថា បើ​បត់ជើងតូច​ហើយ​ចាក់ទឹក​ផង​ឆ្អេះ​ខ្លាំង​ណាស់ ។ ពេល​ឮ​បងស្រី​បង្កើត និង​ឪពុក​ប្រាប់​បែប​នេះ ជនសង្ស័យ​ស្រាប់តែ​ខឹង​ច្រឡោត ស្រែក​ឡូឡា​ពេញ​ផ្ទះ និង​គំរាម​រក​ដុត​ផ្ទះ​ចោល​ទៀត ទើប​ឪពុក និង​បងស្រី​បង្កើត​ទ្រាំ​មិន​បាន ក៏​រត់​ទៅ​ប្តឹង​សមត្ថកិច្ច​ឱ្យ​ចាប់ខ្លួន​តែ​ម្តង ។

បច្ចុប្បន្ន ជនសង្ស័យ​បាន​កំពុង​ឃាត់ខ្លួន​បណ្តោះអាសន្ន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌឫស្សីកែវ​ធ្វើការ​សាកសួរ និង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ដើម្បី​ចាត់ការ​តាម​នីតិវិធី ៕