ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​សួនរុក្ខជាតិអង្គរ នឹងបើកឱ្យមហាជនទស្សនា នាពេល​ដ៏ខ្លី​ខាងមុខនេះ Free ១ខែដំបូង

1 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប៖ សួនរុក្ខជាតិអង្គរ ស្ថិតនៅតាមបណ្តោយរុក្ខវិថីព្រះសីហនុ ឆ្ពោះទៅប្រាសាទអង្គរវត្ត នៃរមណីយ​ដ្ឋានអង្គរ។ សួននេះ ត្រូវបានរៀបចំកែលម្អដោយមានរុក្ខជាតិ និងផ្កាចម្រុះជាង៥០០ប្រភេទ និងរាប់ម៉ឺនដើម ព្រមទាំងមានសត្វ…

ខេត្តសៀមរាប៖ សួនរុក្ខជាតិអង្គរ ស្ថិតនៅតាមបណ្តោយរុក្ខវិថីព្រះសីហនុ ឆ្ពោះទៅប្រាសាទអង្គរវត្ត នៃរមណីយ​ដ្ឋានអង្គរ។ សួននេះ ត្រូវបានរៀបចំកែលម្អដោយមានរុក្ខជាតិ និងផ្កាចម្រុះជាង៥០០ប្រភេទ និងរាប់ម៉ឺនដើម ព្រមទាំងមានសត្វ ជាច្រើន ផងដែរ ។

លោក យិត ចាន់ដារដ្ឋ អគ្គនាយករងអាជ្ញាធរជាតិអប្សរា និងជាអ្នកទទួលបន្ទុករៀបចំសួននេះមានប្រសាសន៍ថា សួនរុក្ខជាតិអង្គរ មានឈ្មោះដើមជាសួនគ្រឿងទេស បង្កើតឡើងពីឆ្នាំ ២០០៥ ដែលកាលណោះមានផ្ទៃដី​ប្រមាណ ២ហិកតាប៉ុណ្ណោះ។

លោក បន្តថា ចាប់ពីឆ្នាំ ២០១៨ មក សួននេះត្រូវបានរៀបចំកែលម្អ និងពង្រីករហូតដល់ជាង ១៥ហិកតា ក្រោមការឧបត្ថម្ភ និងគំនិតផ្តួចផ្តើមរបស់ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ ក្នុងបំណងចង់ឃើញសួនមានភាពទាក់ទាញ និងសក្តានុពលខ្លាំងជាងមុន សម្រាប់ជាប្រយោជន៍ប្រជាជន និងទេសចរជាតិ-អន្តរជាតិ។

តាមការបញ្ជាក់ពីលោក​ យិត ចាន់ដារដ្ឋ សួនរុក្ខជាតិអង្គរនេះ ត្រូវបានរៀបចំជា៥សួនធំៗប្លែកពីគ្នា។ ទី១/ សួនគ្រឿង ទេស និងសួនឱសថ ដែលប្រមូលផ្តុំរុក្ខ ជាតិឱសថចម្រុះជាច្រើន ដែលដូនតាខ្មែរ ឬប្រជាពលរដ្ឋមានជំនឿយកទៅព្យាបាលរោគផ្សេងៗ រួមនិងដំណាំយកធ្វើជាគ្រឿង ទេសដាំស្ល។ ទី២/ សួនផ្កាស្មៅ និងផ្កាចម្រុះ ប្រមូលផ្តុំនូវផ្កាចម្រុះតាមរដូវកាល និងផ្កាស្មៅ។ ទី៣/ សួនអំបូរត្នោត រួមមាន ដើមប្រង់ ស្លា លម្ម៉ើ  ដូងប្រេង។ល។ ទី៤ / សួនខ្មែរ ប្រមូលផ្តុំរុក្ខជាតិហូបផ្លែច្រើនមុខ ហើយក្នុងនោះក៏មានការរៀបចំ​ជាស្រែខ្នាតតូច និងការរចនាបែបខ្មែរផងដែរ។ និងទី៥/ សួនព្រៃឈើ និងសត្វព្រៃអង្គរ ដែលជាផ្នែកមួយធំ​នៃព្រៃឈើអង្គរ ប្រមូលផ្តុំដោយដើមឈើប្រណិត សត្វព្រៃ និងសត្វចិញ្ចឹមមួយចំនួន ដើម្បីទាក់ទាញទេសចរ។

ក្រៅពីរុក្ខជាតិខាងលើនេះ សួននេះ ក៏រៀបចំជាកូនភ្នំតូចៗ ទឹកធ្លាក់ ការបាញ់ទឹក និងការរចនាផ្សេងៗ ដើម្បីទាក់ទាញផងដែរ។

តាមការលើកឡើងរបស់មន្រ្តីអាជ្ញាធរជាតិអប្សរា សួននេះគ្រោងដាក់សម្ពោធជាផ្លូវការនៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២២ ខាងមុខ។ ​ក្រោយថ្ងៃសម្ពោធ នឹងបើកឱ្យសាធារណជនចូលទស្សនាដោយឥតគិតថ្លៃរយៈពេល ១ខែ។

ទោះបីមានការបង់ថ្លៃចូលទស្សនា ប៉ុន្តែ​លោក យិត ចាន់ដារដ្ឋ បញ្ជាក់ទៀតថា ក្នុងតម្លៃថោកសមរម្យបំផុត ដើម្បីងាយ​ស្រួលគ្រប់គ្រងលំហូរទេសចរ ដែលទេស​ចរមានលទ្ធភាពចូលទស្សនា និងមានមោទកភាព​ក្នុងការរួមចំណែកថែរក្សាទីនេះទៅអនាគត។

សួនរុក្ខជាតិអង្គរ ឬភាសាបរទេសហៅ ថា Angkor Botanical Garden បង្កើតឡើងក្នុងទិសដៅបម្រើប្រយោជន៍​សាធារណជន និងជាផ្នែកមួយនៃសេវា កម្មទេសចរណ៍ក្នុងតំបន់រមណីយដ្ឋានអង្គរ ក្រៅពីប្រាសាទ ទេសចរអាច​មកសម្រាក លំហែ ដើរកម្សាន្ត ហាត់ប្រាណ និងសម្រាកលម្ហែក្នុងសួនច្បារដ៏ធំ និងត្រជាក់នេះបាន ដែលអាចទស្សនាបានទាំងរុក្ខជាតិ ផ្កាចម្រុះ និងសត្វព្រៃជាច្រើន។ ក្នុងទិសដៅទៅអនាគត សួននេះគ្រោងនឹង​ពង្រីករហូតដល់ខាងត្បូងច្រាំងកសិន្ធុអង្គរវត្ត ដែលអាចមានទំហំផ្ទៃដីជាង ១៣០ហិកតា។

ក្នុងនាមអាជ្ញាធរជាតិអប្សរា លោក យិត ចាន់ដារដ្ឋ បានបង្ហាញនូវមោទភាពជាខ្លាំង ចំពោះវត្តមានសួនច្បារដ៏ធំមួយនេះ ដែលវានឹងក្លាយជាគោលដៅទេសចរណ៍ថ្មីមួយ​បន្ថែមទៀត ក្នុងរមណីយដ្ឋានអង្គរ។

លោក អគ្គនាយករង ក៏មានសេចក្ដីរីករាយជាខ្លាំងចំពោះសមិទ្ធ ផលនានាដែលកកើតឡើងរយៈពេលជាង ២ឆ្នាំមកនេះ អំឡុងពេលសកលលោកជួបវិបត្តិជំងឺកូវីដ១៩ តែការអភិវឌ្ឍនានាក្នុងរមណីយដ្ឋានអង្គរ នៅតែបន្តដើរ​ទៅមុខជានិច្ច ដូចជាការរៀបចំទេសភាពបរិស្ថាននៅមុខប្រាសាទអង្គរវត្ត តាមប្រាសាទមួយចំនួន​ទៀត មាននៅព្រះលានជល់ដំរី និងគម្រោងអភិរក្ស និងជួសជុលមួយចំនួន ទៀត។ល៕ ដោយ ច័ន្ទ រស្មី

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ