ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​ទៅ​ផ្សព្វផ្សាយ​សក្តានុពល​ទេសចរណ៍​នៅ​ក្នុង​ប្រទេស​ហ្វី​លី​ពី​ន

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ក្នុង​រយៈពេល ៤ ​ខែ​ដើមឆ្នាំ ​២០២២ កម្ពុជា​ទទួល​បាន​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ចំនួន ២២ ​ម៉ឺន​នាក់ និង​ភ្ញៀវ​ទេសចរ​ក្នុងស្រុក​ប្រមាណ…

រាជធានីភ្នំពេញ ៖ ក្នុង​រយៈពេល ៤ ​ខែ​ដើមឆ្នាំ ​២០២២ កម្ពុជា​ទទួល​បាន​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ចំនួន ២២ ​ម៉ឺន​នាក់ និង​ភ្ញៀវ​ទេសចរ​ក្នុងស្រុក​ប្រមាណ ៩ ​ម៉ឺន​នាក់​ ។ ​ក្រសួងទេសចរណ៍​បាន​ប៉ាន​ស្មានថា ការ​ងើបឡើង​វិញ​នៃ​វិស័យ​ទេសចរណ៍ កម្ពុជា​នឹង​អាច​ទទួល​បាន​ភ្ញៀវ​ទេសចរ ៨០ ​ម៉ឺន​នាក់ នៅ​ចុងឆ្នាំ​ ២០២២ នេះ​ ។

ជា​ផ្នែក​មួយ​ដើម្បី​សម្រេច​គោលដៅ​ទេសចរណ៍​ខាងលើ ក្រសួងទេសចរណ៍​រៀបចំ​កម្មវិធី​ផ្សព្វផ្សាយ​គោលដៅ​ទេសចរណ៍​កម្ពុជា​ នៅ​ប្រទេស​ហ្វី​លី​ពី​ន ​។ លោក សុខ សង្វារ អនុរដ្ឋលេខាធិការ ក្រសួងទេសចរណ៍ បាន​ដឹកនាំ​ប្រតិភូ​ចំនួន ៤ ​រូប ទៅ​រៀបចំ​កម្មវិធី​ផ្សព្វផ្សាយ​ដំណើរ​ទេសចរណ៍​កម្ពុជា ក្រោម​យុទ្ធនាការ ទស្សនា​កម្ពុជា​បន្ទាប់ ដែល​ជា​គោលដៅ​ទេសចរណ៍​ប្រកបដោយ​ភាព​កក់ក្តៅ សុវត្ថិភាព ស្អាត និង​បៃតង “Cambodia’s Tourism Roadshow – Visit Cambodia NEXT as a Safe, Warm, Clean and Green Tourism Destination” នៅ​ទីក្រុង​ម៉ានីល ប្រទេស​ហ្វី​លី​ពី​ន​ ។ យុទ្ធនាការ​ផ្វ​ផ្សាយ​ទេសចរណ៍​កម្ពុជា នៅ​ក្នុង​ប្រទេស​សមាជិក​អាស៊ាន​នេះ ធ្វើ​ឡើង​ពី​ថ្ងៃ​ទី​ ៣ ដល់​ថ្ងៃ​ទី ​៧ ខែឧសភា​នេះ ​។

កម្មវិធី​ផ្សព្វផ្សាយ​ដំណើរ​ទេសចរណ៍​កម្ពុជា​នេះ សំដៅ​ផ្សព្វផ្សាយអំពី​សក្តានុពល​វិស័យ​ទេសចរណ៍​កម្ពុជា ពង្រឹង​ទំនាក់ទំនង និង​កិច្ចសហការ​ល្អ​រវាង​ផ្នែក​ឯកជន​កម្ពុជា-ហ្វី​លី​ពី​ន ឱ្យ​បង្កើន​ការ​លក់​កញ្ចប់ទស្សនកិច្ច​ទេសចរណ៍​កម្ពុជា​លើ​ទីផ្សារ​ហ្វី​លី​ពី​ន រួម​ជាមួយ​ការ​ផ្សព្វផ្សាយអំពីការ​បើក​ដំណើរការ​សេវា​ទិដ្ឋាការ​ពេល​មក​ដល់ (Visa On Arrival) សម្រាប់​អ្នកដំណើរពី​បរទេស​ចូល​មក​កម្ពុជា​តាម​ផ្លូវអាកាស ផ្លូវគោក និង​ផ្លូវទឹក ការ​លើកលែង​លិខិត PCR Test អវិជ្ជមាន ៧២​ ម៉ោង​មុន​ធ្វើ​ដំណើរ ការ​លើកលែង​ធ្វើតេស្ត​រហ័ស​ពេល​មក​ដល់ និង​ការ​លើកលែង​កាតព្វកិច្ច​ពាក់​ម៉ាស់ នៅ​តាម​ទី​សាធារណៈ​ទូ​ទាំង​ប្រទេស ព្រមទាំង​ជំរុញ​ការ​ផ្សព្វផ្សាយ​អំពី​ការ​ធ្វើ​ជា​ម្ចាស់ផ្ទះ​ព្រឹត្តិការណ៍​ស៊ី​ហ្គេ​ម​ឆ្នាំ​២០២៣ (SEA Games 2023) របស់​កម្ពុជា ក្រោម​មូលបទ «​កីឡា​រស់​ក្នុង​សន្តិភាព​» ​។

ក្រសួងទេសចរណ៍​បាន​ឱ្យដឹង​ថា កម្មវិធី​ Cambodia’s Tourism Roadshow ទទួល​បានការ​ស្វាគមន៍​យ៉ាង​កក់ក្តៅ​ពី​បណ្តា​ក្រុមហ៊ុន​ភ្នាក់ងារទេសចរណ៍​នៃ​ប្រទេស​ហ្វី​លី​ពី​ន ហើយ​ភ្នាក់ងារទេសចរណ៍​ហ្វី​លី​ពី​ន និង​ក្រុមហ៊ុន Philippines Airlines បាន​ឯកភាព​គ្នា​ជំរុញ​ជើងហោះហើរ​ត្រង់​មក​កាន់​កម្ពុ​ជានា​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ ​។ តាម​រយៈ​កម្មវិធី Cambodia’s Tourism Roadshow នេះ កម្ពុជា​នឹង​អាច​ទាក់ទាញ​ភ្ញៀវ​ទេសចរ និង​វិនិយោគិន​ហ្វី​លី​ពី​ន ឱ្យមក​ទស្សនា «​កម្ពុជា-ព្រះរាជាណាចក្រ​អច្ឆរិយៈ សុវត្ថិភាព និង​ភាព​កក់ក្តៅ​» កាន់តែ​ច្រើន​ឡើង​វិញ ក្នុង និង​ក្រោយ​វិបត្តិ​កូ​វី​ដ​-១៩​ ។

តាម​រយៈ​កម្មវិធី​នេះ ក្រសួងទេសចរណ៍​រំពឹង​ថា តាម​រយៈ​ការ​ជំរុញ​ទេសចរ​វ៉ាក់សាំង ក៏​ដូច​ជាផ្អែក​លើ​ការ​ប្រែប្រួល​និន្នាការ​ទេសចរណ៍​ថ្មី ​គឺ​ការ​ផ្តោត​ទៅ​លើ​ទេសចរ​ផ្ទៃក្នុង​អាស៊ាន និង​ទេសចរ​ដែល​នៅ​ជិត (Short Haul) រយៈពេល​នៃ​ការ​ធ្វើ​ដំណើរ​ចន្លោះ​ពី ៤ ទៅ ៥ ​ម៉ោង ដូច​ជា ទីផ្សារ​កូរ៉េ និង​ទីផ្សារ​ជប៉ុន ឥណ្ឌា អូស្ត្រាលី ជាដើម ​។ ​ទេសចរណ៍​នៅ​តែ​មាន​សុទិដ្ឋិនិយម​ថា ទីផ្សារ​ចិន​នឹង​បើក​ដំណើរការ​ទេសចរណ៍​អន្តរជាតិ​ឡើង​វិញ​នៅ​ពេល​ដែល​កូ​វី​ដ ​១៩ មាន​ភាព​ធូរស្រាល ចំណែក​ទីផ្សារ​នៅ​ឆ្ងាយ (Long Haul) គឺជា​គោលដៅ​យុទ្ធសាស្ត្រ​កំណត់​ដោយ​ក្រសួងទេសចរណ៍​ថា ជាទី​ផ្សារ​ទេសចរណ៍​កម្រិត​ខ្ពស់ និង​មានការ​ចំណាយ​ច្រើន ដែល​មាន​ទីផ្សារ​អឺរ៉ុប សហរដ្ឋអាមេរិក កា​ណា​ដា និង​ម​ជ្ឈឹ​ម​បូព៌ា ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ