រាជធានីភ្នំពេញ ៖ «កំពូលល្ងង់នៅអាស៊ី» បានចេញបទចម្រៀង ច្រៀងដោយនាយពាក់មី និងនាយគ្រឿន កំពុងល្បី និងមានភាពទាក់ទាញខ្លាំងពីបណ្តាញសង្គមហ្វេសបុក រហូតមានការទទួលស្កាល់ពីទស្សនិកជនជាច្រើន ។
មានការកត់សម្គាល់យ៉ាងខ្លាំង បន្ទាប់ពីបទ «កំពូលល្ងង់នៅអាស៊ី» របស់ផលិតកម្មថ្មី Galaxy ដែលបកស្រាយ ដោយនាយពែកមី និងនាយគ្រឿន ត្រូវបានមហាជនចាប់អារម្មណ៍ ក្នុងពេលបទថ្មីនេះ មិនមែនជាបទចម្រៀងរបស់ផលិតកម្មថោន ។
មនុស្សជាច្រើនបានផ្ដោតការសង្ស័យថា តារាកំប្លែងទាំងពីរនាក់ប្រហែលជាចេញពីទ្រនំចាស់ មកកាន់ទ្រនំថ្មី ប៉ុន្តែត្រូវបានប្រភពផ្លូវការបដិសេធ ។
ឆ្លើយតបនឹងការចេញបទចម្រៀងនៅក្រៅផលិតកម្មថោន ហើយស្រាប់តែបទនោះ ទទួលបានការគាំទ្រខ្ពស់ ធ្វើឱ្យមានការភ្ញាក់ផ្អើល ។
លោក ឡេង ណាវ៉ាត់ត្រា ចាងហ្វាងផលិតកម្ម Galaxy បានអះអាងថា នាយពែកមី និងនាយគ្រឿន ទទួលច្រៀងបទនោះនៅក្នុងផលិតកម្មរបស់លោក មិនមែនក្នុងន័យមកធ្វើជាតារាចម្រៀងរបស់ផលិតកម្មលោកនោះទេ គឺដោយសារតែតារាទាំងពីរ ជាតារាសម្ដែងក្នុងរឿង «កំពូលល្ងង់នៅអាស៊ី» ដែលផលិតកម្មរបស់លោកផលិតឡើងប៉ុណ្ណោះ ។
យ៉ាងណាមិញ លោកថាបទនោះ ក្រៅពីដាក់ក្នុងភាពយន្ត ក៏នឹងដាក់បញ្ចូលក្នុងផលិតកម្មចម្រៀង ដើម្បីវាយលុកទីផ្សារសម្រាប់បទថ្មីរបស់ផលិតកម្មចម្រៀងដូចគ្នា។
លោកនិយាយថា នាយពែកមី និងនាយគ្រឿន នៅតែជាតារាចម្រៀងរបស់ផលិតកម្មថោនដដែលទេ ប៉ុន្តែមកពីអ្នកទាំងពីរទទួលការអនុញ្ញាតឱ្យថតបទ «កំពូលល្ងង់នៅអាស៊ី» សម្រាប់ដាក់ក្នុងរឿង និងដើម្បីធ្វើបទថ្មីរបស់ផលិតកម្មចម្រៀង ទើបបទមួយនេះត្រូវបានច្រៀងឡើង ។
លោកថា បទនេះ ជាស្នាដៃនិពន្ធថ្មីទាំងស្រុង ហើយដោយមានអត្ថន័យកំប្លុកកំប្លែងនោះផង ទើបស្នាដៃមួយនេះ ទទួលការចាប់អារម្មណ៍រហូតមានការចាប់អារម្មណ៍តារាទាំងពីរប្រហែលជារត់មកធ្វើជាតារាចម្រៀងផ្ដាច់មុខឱ្យផលិតកម្មរបស់លោកវិញ។
លោកថា បទហ្នឹងនឹងសម្រេចធ្វើMV មួយថ្មី ដោយមិនស្រង់យកឈុតក្នុងរឿង «កំពូលល្ងង់នៅអាស៊ី» យកមកដាក់បែបហ្នឹងទៀតទេ ដើម្បីបទមួយនេះ កាន់តែមានការគាំទ្រនៅក្នុងវិស័យចម្រៀង។ លោកនិយាយថា«ដោយសារបទហ្នឹងជាបទថ្មីរបស់ផលិតកម្ម Galaxy ហើយពួកគាត់ច្រៀង ទើបអ្នកខ្លះយល់ច្រលំ ប៉ុន្តែការពិតលោកពែកមី និងគ្រឿន នៅតែជាតារាចម្រៀងរបស់ថោនដដែលទេ តែបទហ្នឹងយើងសុំសិទ្ធិចេញជាបទក្នុងផលិតកម្មចម្រៀងបាន»។
លោកឡេង ណាវ៉ាត់ត្រា បានអះអាងថា បទ «កំពូលល្ងង់នៅអាស៊ី» មិនមែនជាបទទី១របស់ផលិតកម្ម Galaxy ដែលត្រូវបានមហាជនចាប់អារម្មណ៍នោះទេ ដ្បិតពេលកន្លងមកបទចំនួន៣ដូចជាបទ «សង្សារស្រីខារ៉ាអូខេ» បទ«អច្ចារ្យស្នេហាអ្នកប្រដាល់» ច្រៀងដោយលោក ម៉ារ៉ា ប៊ុណ្ណា និងបទ«យល់តែអារម្មណ៍ខ្លួនឯង»ច្រៀងដោយរូបលោកផ្ទាល់ ក៏ទទួលបានការគាំទ្រដូចគ្នាបែបនេះផងដែរ។ លោកថាក្នុងពេលដ៏ខ្លីខ្សែរឿង«កំពូលល្ងង់នៅអាស៊ី» ដែលថតជិតចប់នឹងត្រូវដាក់បញ្ចាំង ហើយបទ«កំពូលល្ងង់នៅអាស៊ី»ក៏នឹងមានMV មួយថ្មីដាច់ដោយឡែកពីឈុតក្នុងរឿង ដើម្បីឆ្លើយតបនឹងការគាំទ្រនោះផងដែរ៕
ចែករំលែកព័តមាននេះ