រាជធានីភ្នំពេញ ៖ អ្នកលេងហ្វេសប៊ុកបានសម្តែងការភ្ញាក់ផ្អើល បន្ទាប់ពីគ្រូចាក់សាក់ដ៏ល្បីល្បាញនៅក្នុងប្រទេសថៃ ទម្លាយវីដេអូ បង្ហាញពីតារាសម្តែងកម្ពុជា នាងកែវ នីសា បានចូលខ្លួនឲ្យគ្រូរូបនោះចាក់សាក់នៅលើខ្នង ។
វីដេអូមួយនេះត្រូវគេចែកចាយពីមួយទៅមួយជាបន្តបន្ទាប់តាមហ្វេសប៊ុក ទាំងងឿងឆ្ងល់ថា នាងកែវ នីសា ទៅចាក់សាក់នៅប្រទេសថៃនាពេលណា ហើយក្នុងគោលបំណងអ្វី ខណៈពេលអាជីពសិល្បៈរបស់នាងកំពុងតែរីកលូតលាស់ទៅមុខ ។
ការទៅឲ្យគ្រូថៃដ៏ល្បីឈ្មោះម្នាក់នោះចាក់សាក់របស់តារាសម្តែង និងពិធីការិនីកម្មវិធីផ្ទះលោកតានាងកែវ នីសា ត្រូវគេចាត់ទុកថា នាងគឺជាតារាខ្មែរទីពីរហើយបន្ទាប់ពីតារាសម្តែងនាងពេជ្រ អាវីហ្សា ហើយយ័ន្តស្រដៀងគ្នានេះក៏ត្រូវតារាសម្តែងហូលីវូដនាងអេនចេលីណា ជោលីសាក់ផងដែរ ។
ជាការកត់សម្គាល់ការសាក់រូបលើដងខ្លួនបានក្លាយជាការពេញនិយមសម្រាប់តារាកម្ពុជា ប៉ុន្តែការសាក់យ័ន្តគាថាបែបអបិយជំនឿមិនមានច្រើនទេ ។ ការសាក់មន្តអាគមលើខ្នងត្រង់ស្មាខាងឆ្វេង គឺជាទម្រង់សាក់ដែលតារាថៃ និងតារាហូលីវូដធ្លាប់ធ្វើ ដោយពួកគេមានជំនឿថា នឹងអាចឲ្យការងារសិល្បៈកាន់តែរីកចម្រើនឡើង ។
នាងកែវ នីសា ត្រូវគេហទំព័រហ្វេសប៊ុករបស់គ្រូស្នេហ៍ និងគ្រូសាក់យ័ន្តដ៏ល្បីនៅប្រទេសថៃទម្លាយចេញពីដេអូខ្លីគ្រាដែលនាងចូលទៅពឹងពាក់ឲ្យគ្រូម្នាក់នោះជួយសាក់ និងសូត្រមន្តគាថាស្តោះផ្លុំ ។ វីដេអូខ្លីរយៈពេល២៨វិនាទី បានបង្ហាញពីតារាសម្តែងកែវ នីសា ស្លៀកខោខូវប៊យ អាវវាលក្លៀកពណ៌ខ្មៅអង្គុយបត់ជើងប្រណម្យ ។ ចំណែកគ្រូចាក់សាក់ស្លៀកសពាក់សអង្គុយពីក្រោយប្រើដែកស្រួចចាក់សាក់ពីលើក្រោយខ្នងនាងកែវ នីសា ។ បើទោះបីជាការសាក់ដោយដែកស្រួចដែលមានទឹកថ្នាំនៅខាងចុងនោះធ្វើឲ្យកែវ នីសា ឈឺក្តីក៏តារាស្រីរូបនេះអាចទ្រាំបានដែរ ។
ពាក់ព័ន្ធរឿងនេះកោះសន្តិភាពមិនអាចស្វែងរកការបញ្ជាក់ណាមួយពីតារាសម្តែង និងពិធីការិនីនាងកែវ នីសាបានទេគិតត្រឹមថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៦ ។
ប្រភពក្រៅផ្លូវការបញ្ជាក់ថា គ្រូសាក់ថៃនោះ គឺជាគ្រូស្នេហ៍ និងសាក់យ័ន្តដ៏ល្បីនៅទីក្រុងបាងកក ។ កន្លងមកមានតារាសម្តែងហូលីវូដ និងតារាសម្តែងថៃជាច្រើននាក់បានសាក់យ័ន្តគាថា ស្រដៀងនាងកែវ នីសាដែរ ដោយមានជំនឿថានឹងនាំឲ្យការងារសិល្បៈពួកគេកាន់តែរីកចម្រើន ។ ការសាក់យ័ន្តនោះត្រូវតមជាច្រើនមុខ ដូចជាហាមមិនឲ្យទទួលទានស្រា លេងល្បែង សេពគ្រឿងញៀន និយាយកុហក និងយកប្ដីគេជាដើម ៕
ចែករំលែកព័តមាននេះ