ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​អាច​ទទួល​កំណើនសេដ្ឋកិច្ច​ ៧% វិញ

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ កម្ពុជា​រំពឹង​ថា ​នឹង​មាន​កំណើនសេដ្ឋកិច្ច​ល្អ​ចាប់ពី​ឆ្នាំ​នេះ​តទៅ​ក្រោយ​ពី​វិបត្តិ​កូ​វី​ដ ​១៩ ​។ ឆ្នាំ​២០២២​ នេះ កំណើន​សេដ្ឋ​ក​ច្ច​ប្រទេស​កំពុង​អភិវឌ្ឍន៍​នេះ មាន​ក្នុង​អត្រា…

រាជធានីភ្នំពេញ ៖ កម្ពុជា​រំពឹង​ថា ​នឹង​មាន​កំណើនសេដ្ឋកិច្ច​ល្អ​ចាប់ពី​ឆ្នាំ​នេះ​តទៅ​ក្រោយ​ពី​វិបត្តិ​កូ​វី​ដ ​១៩ ​។ ឆ្នាំ​២០២២​ នេះ កំណើន​សេដ្ឋ​ក​ច្ច​ប្រទេស​កំពុង​អភិវឌ្ឍន៍​នេះ មាន​ក្នុង​អត្រា ​៥.៦% ហើយ​នៅ​ឆ្នាំ ឆ្នាំ ​២០២៣ កើន​ក្នុង​រង្វង់ ៦,៧% លុះដល់​ឆ្នាំ ​២០២៤ កំណើន​នឹង​វិល​ទៅ​រក​អត្រា​ធ្លាប់​មាន​ពី​មុន ពេល​ផ្ទុះ​កូ​វី​ដ​ ១៩ ​គឺ ៧%​ ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​មន្ត្រីជាន់ខ្ពស់​ក្រសួង​សេដ្ឋកិច្ច​ ។

មន្ត្រី​អះអាង​ថា ​កម្ពុជា​ជា​ប្រទេស​មួយ​ដែល​បាន​ចាត់វិធានការ​បាន​ល្អនៅ​ក្នុង​ការ​ស្តារ​សេដ្ឋកិច្ច​ឡើង​វិញ​ពី​វិបត្តិ​កូ​វី​ដ​ ១៩ ​។ ការ​ងើប​សេដ្ឋកិច្ច​ឡើង​វិញ​យ៉ាង​លឿន​ល្អ​ជាង​ប្រទេស​កំពុង​អភិវឌ្ឍន៍​នានា​បែប​នេះ ក៍ដោយ​សារ​មាន​វិស័យ​មួយ​ចំនួន​បាន​កើនឡើង​ខ្ពស់​ពី​ការ​រំពឹង​ទុក ​។

ក្នុង​វេទិកាសាធារណៈ ស្តី​ពី​ការ​គ្រប់គ្រង​ម៉ាក្រូសេដ្ឋកិច្ច និង​ច្បាប់​ស្តី​ពី​ហិរញ្ញវត្ថុ សម្រាប់​ការ​គ្រប់គ្រង​ឆ្នាំ ​២០២២ មន្ត្រីជាន់ខ្ពស់​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​លោក វ​ង្សី វិស្សុត ថា​វិស័យ​កម្មន្តសាល​មិនមែន​កាត់ដេរ​ និង​វិស័យ​កាត់ដេរ កសិកម្ម​ជាដើម ទទួល​បាន​កំណើន​ហួស​ពី​ការ​រំពឹង​ទុក ​។

នៅ​ក្នុង​របាយការណ៍​របស់​អគ្គនាយកដ្ឋាន​គយ​ និង​រដ្ឋាករ​ថា ​កាលពី​ឆ្នាំ​ ២០២១ ការ​នាំ​ចេញ​ផលិតផល​កាត់ដេរ​មាន​ចំនួន ១១,៣៨៩.៦ លាន​ដុល្លារ​អា​មេ​រិ​ក កើនឡើង​ប្រមាណ ១,៥០៥ លាន​ដុល្លារ​អា​មេ​រិ​ក ស្មើនឹង ១៥.២%,​។ ចំណេ​ការ​ការ​នាំ​ចេញ​ផលិតផល​វិនិយោគ​មិនមែន​កាត់ដេរ (​ដូច​ជា គ្រឿង​បំណែក​អេ​ឡិច​ត្រូ​និក កង់ ផលិតផល​ពី​ឈើ ស្បែក​សត្វ​កែ​ច្នៃ ផលិតផល​ប្លា​ស្ទិ​ច គ្រឿងបន្លាស់​រថយន្ត និង​ផលិតផល​ឧស្សាហកម្ម​ផ្សេង​ៗ​ទៀត​) មាន​ចំនួន ៤,៥៤២.១ លាន​ដុល្លារ​អា​មេ​រិ​ក កើនឡើង​ប្រមាណ ១,៣៩២.៥ លាន​ដុល្លារ​អា​មេ​រិ​ក ស្មើនឹង ៤៤.២%, និង​ការ​ការ​នាំ​ចេញ​កសិផល​មាន​ចំនួន ២,៨១៧.៨ លាន​ដុល្លារ​អា​មេ​រិ​ក កើនឡើង​ប្រមាណ ៧៩៨.៦ លាន​ដុល្លារ​អា​មេ​រិ​ក ស្មើនឹង ៣៩.៥% ដែល​ក្នុង​នោះ ស្រូវ​នាំ​ចេញ​មាន​តម្លៃ ៨២៦.២ លាន​ដុល្លារ​អា​មេ​រិ​ក កើនឡើង​ប្រមាណ ៣៦០.៣ លាន​ដុល្លារ​អា​មេ​រិ​ក (៧៧.៣%), ការ​នាំ​ចេញ​អង្ករ​សម្រេច ៤២៤.៩ លាន​ដុល្លារ​អា​មេ​រិ​ក ថយ​ចុះ​ប្រមាណ ៨១.១ លាន​ដុល្លារ​អា​មេ​រិ​ក (១៦.០%), កៅស៊ូ​នាំ​ចេញ​មាន​តម្លៃ ៣៩៩.៣ លាន​ដុល្លារ​អា​មេ​រិ​ក កើនឡើង​ប្រមាណ ១២៥.៧ លាន​ដុល្លារ​អា​មេ​រិ​ក (៤៥.៩%), និង​កសិផល​ផ្សេង​ទៀត​មាន​តម្លៃ ៦៥៣.៧ លាន​ដុល្លារ​អា​មេ​រិ​ក កើនឡើង ២៦៥.៣ លាន​ដុល្លារ​អា​មេ​រិ​ក (៦៨.៣%)​។

នៅ​ក្នុង​ឆ្នាំ​ ២០២២ ​នេះ ការ​ព្យាករណ៍​របស់​ក្រសួង​សេដ្ឋកិច្ច​ថា ​វិស័យ​ខាងលើ​នឹង​បន្ត​កំណើន​ទៀត នៅ​ក្នុង​នោះ​វិស័យ​កសិកម្ម​រំពឹង​ថា នឹង​កើនឡើង ​១,៣% វិស័យ​កាត់ដេរ​ព្យាករណ៍​ថា ​កើន ៨,១% វិស័យ​កម្មន្តសាល​មិនមែន​កាត់ដេរ​កើន​ចំនួន ១២,២ % វិស័យ​ដឹក​ជ​ញ្ចូ​ន និង​គមនាគមន៍​ចំនួន ៦,២% វិស័យ​សំណង់​កើន​ចំនួន​ ៥,៤% វិស័យ​អចលនទ្រព្យ​កើន ៤,១% វិស័យ​លក់ដុំ រាយ​កើន​ចំនួន ៥% វិស័យ​សណ្ឋាគារ និង​ភោជនីយដ្ឋាន​កើន​ចំនួន​ ១២% និង​វិស័យ​ផ្សេង​ៗ​ទៀត កើន​ចំនួន ៤,៣% ​។

លោក វ​ង្សី វិស្សុត រដ្ឋលេខាធិការ​ប្រចាំការ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ថា មាន​កត្តា​បី​ជា​សំខាន់ ដែល​បាន​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​កម្ពុ​ជាង​ងើប​លឿន​ជាង​ប្រទេស​កំពុង​អភិវឌ្ឍន៍​ដទៃ​នោះ ក្នុង​នោះ​មានការ​ឆ្លើយ​តប​វិបត្តិ​កូ​វី​ដ ​១៩ ទាំង​ផ្នែ​ង​សង្គម​និង​សេដ្ឋកិច្ច ពិសេស​វិធានការ​ជួយ​ដល់​ធុរកិច្ច​រង​ផល​ប៉ះពាល់ ពី​រដ្ឋាភិបាល​បាន​ទាន់​ពេលវេលា​ ។ មួយវិញទៀត កម្ពុជា​បាន​ប្រើ​ពេលវេលា​ដែល​ជា​ឧបសគ្គ​នេះ​ធ្វើ​កំណែទម្រង់ ​។ លោក​ថា ក្រសួង​សេដ្ឋកិច្ច​ធ្វើការ​កែទម្រង់​នូវ​រចនាសម្ព័ន្ធ ដើម្បី​បង្ក​បរិយាកាស​ល្អ​ដល់​ការ​វិនិយោគ និង​កិច្ច​សម្រួល​ពាណិជ្ជកម្ម​សម្រាប់​ការ​វិនិយោគ និង​ធុរកិច្ច ក៏​ដូច​ជា​ទាញ​យក​ផលប្រយោជន៍​ពី​កិច្ចព្រមព្រៀង​មាន​ស្រាប់​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ