ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃើញ​គេ​បាន ភ្លូកទឹកភ្លូកដី​នាំ​គ្នា​ទៅ បាន​នឹង​គេ​ដែរ

7 ឆ្នាំ មុន

ខេត្ត​ប៉ៃលិន ៖ គេ​សង្កេត​ឃើញ​មនុស្ស​ក្មេង ចាស់ ប្រុស ស្រី រាប់រយ​នាក់​នាំ​គ្នា​ផ្អើល​ភ្លូកទឹកភ្លូកដី​ទៅ​ដើរ​រើស​កម្ទេច​ត្បូង​ព្រោងព្រាត​ពេញ​លើ​ដីចម្ការ​មួយ​កន្លែង ដែល​ម្ចាស់​រៀបនឹង​ភ្ជួរ​ដាំពោត​នៅ​ចុងរដូវ​នេះ

ខេត្ត​ប៉ៃលិន ៖ គេ​សង្កេត​ឃើញ​មនុស្ស​ក្មេង ចាស់ ប្រុស ស្រី រាប់រយ​នាក់​នាំ​គ្នា​ផ្អើល​ភ្លូកទឹកភ្លូកដី​ទៅ​ដើរ​រើស​កម្ទេច​ត្បូង​ព្រោងព្រាត​ពេញ​លើ​ដីចម្ការ​មួយ​កន្លែង ដែល​ម្ចាស់​រៀបនឹង​ភ្ជួរ​ដាំពោត​នៅ​ចុងរដូវ​នេះ ខណៈ​មាន​អ្នក​ដើរ​នៅ​លើ​ដី​នោះ​ស្រាប់តែ​ប្រទះ​ឃើញ​កម្ទេច​ត្បូង​ផុស​ចេញ​រាយ​ប៉ាយ​នៅ​លើ​ផ្ទៃដី រួច​ក៏​នាំ​គ្នា​រើស​យក​ទៅ​លក់ ដោយ​ម្នាក់​ៗ​បាន​ប្រាក់​យ៉ាងច្រើន ហើយ​ក៏​ចាប់ផ្តើម​និយាយ​ត​ៗ​គ្នា​ពី​មាត់​មួយ​ទៅ​មាត់​មួយ នាំ​គ្នា​ដើរ​រើស​ពេញ​ដីចម្ការ​តែ​ម្តង ។

ហេតុការណ៍​នាំ​គ្នា​ផ្អើល​ពពាក់ពពូន​ទៅ​ដើរ​រើស​កម្ទេច​ត្បូង​លើ​ដីចម្ការ​នេះ បាន​កើតឡើង​អស់​រយៈពេល​៤-៥​ថ្ងៃ​កន្លង​មក​ហើយ រហូត​មក​ដល់​រសៀល​ថ្ងៃ​ទី​០៩  ខែកក្កដា ឆ្នាំ​២០១៦ នៅ​លើ​ដី​មាន​ម្ចាស់​ឈ្មោះ ផាត ភេទ​ប្រុស អាយុ​៦០​ឆ្នាំ រស់នៅ​ភូមិ​បុ​ស្អំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ស្ថិត​នៅ​ចំណុច​ខាងក្រោយ​ស្តង់​ដំឡូង​មី​របស់​តា​ម៉ៅ ក្នុងភូមិ​ថ្នល់ទទឹង ឃុំ​អូរ​អណ្តូង ស្រុក​សាលា​ក្រៅ ។

ប្រភព​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​នៅ​កន្លែង​រើស​ត្បូង​បានឱ្យ​ដឹង​ថា ដោយសារ​តែ​ដីចម្ការ​ខាងលើ​មាន​រ៉ែ​ត្បូង ហើយ​អត់​ទាន់​មាន​នរណា​ម្នាក់​ធ្លាប់​ជីក​កកាយ​រែង​រក​ត្បូង ទើប​ខណៈ​ដែល​ម្ចាស់​ភ្ជួរ​ដី​ដាំពោត និង​ដំឡូង​មី​រៀង​រាល់​ឆ្នាំ បណ្តាល​ឱ្យ​កម្ទេច​ត្បូង​ផុស​ចេញ​មក​ខាងលើ លុះ​មាន​អ្នក​ឃ្វាល​ហ្វូងគោ និង​ដើរ​លេង​តាម​ដី​នោះ​ប្រទះ​ឃើញ​គ្រាប់​ត្បូង​ដ៏​មាន​តម្លៃ​ជា​រឿយ​ៗ ដោយ​អ្នកខ្លះ​រើស​បាន​ត្បូង​ពណ៌​ខៀវ ខ្លះ​ទៀត​រើស​បាន​ពណ៌​ក្រហម ដោយ​យក​ទៅ​លក់​ឱ្យ​ឈ្មួញ​នៅ​ក្នុង​ក្រុងប៉ៃលិន បាន​ប្រាក់​ជា​ច្រើន ចាប់ពី​១០​ម៉ឺន​រៀល ទៅ​២០​ម៉ឺន​រៀល រហូត​ដល់​មាន​អ្នក​រើស​បាន​លក់​ទិញ​ម៉ូតូ​ជិះ​១​គ្រឿង​ថែម​ទៀត​ផង ។

ប្រភព​បន្ត​ទៀត​ថា ប៉ុន្តែ​ទោះបីជា​មានការ​ល្បី​ត​ៗ​គ្នា​ថា មាន​អ្នក​រើស​បាន​កម្ទេច​ត្បូង​នៅ​លើ​ដី​ដែល​ម្ចាស់​បម្រុង​ភ្ជួរ​ដាំពោត​យ៉ាងណា​ក៏​ដោយ រហូត​មក​ដល់​ល្ងាច​ថ្ងៃ​ដដែល​នេះ ខណៈ​អ្នក​ព័ត៌មាន​ចុះ​ទៅ​សួរនាំ គេ​មិន​ទាន់​ឃើញ​នរណា​ម្នាក់​រើស​បាន​កម្ទេច​ត្បូង​បន្ត​ទៀត​នៅឡើយ​ទេ ប្រហែលជា​គេ​រើស​បាន​មិន​ប្រាប់​អ្នក​ព័ត៌មាន ឬ​យ៉ាងណា ។ តែ​សង្កេត​ឃើញ​គេ​ម៉ូតូ​ជិះ​ចេញ​ម្តង​មួយ​ៗ​ពី​ក្នុង​ចម្ការ សង្ស័យ​រើស​បាន​គ្រាប់​ត្បូង​យក​ទៅ​លក់​ឱ្យ​ឈ្មួញ​ហើយ​មើលទៅ ។ ចំណែក​អ្នកខ្លះ​ទៀត​រស់នៅ​ក្នុង​ក្រុងប៉ៃលិន បន្ទាប់​ពី​ទទួល​ដំណឹង​បែប​នេះ​ក៏​នាំ​គ្នា​ជិះ​ម៉ូតូ​ទៅ​ដើរ​មើល​តាម​គេ​ដែរ ក្រែង​មានជោគ​វាសនា​ល្អ អាច​រើស​បាន​១ ឬ​២​គ្រាប់​យក​ទៅ​លក់​បាន​ប្រាក់​ផ្គត់ផ្គង់​ក្រុម​គ្រួសារ ។ ចំណែក​អ្នកខ្លះ​ទៀត ស្ថិត​ក្នុង​ជីវភាព​ក្រីក្រ​លំបាក​វេទនា ពេល​កំពុង​ដើរ​រើស​ត្បូង​បណ្តើរ​និយាយ​បួងសួង​បណ្តើរ សុំ​ឱ្យ​ប៉ះ​ចំ​គ្រាប់​ត្បូង​ដ៏​មាន​តម្លៃ​១​គ្រាប់​ធំ រូបគេ​នឹង​យក​ទៅ​លក់​បាន​លុយ​មក​ទិញ​ដី​សង់ផ្ទះ​សម្រាប់​ប្រពន្ធ​កូន​រស់នៅ​យ៉ាង​ស្រួល កុំឱ្យ​ខ្វះខាត​ដូច​ពេល​នេះ​តទៅ​ទៀត ។

ព័ត៌មាន​បន្ថែម​នឹង​ផ្សាយ​ជូន​នៅ​លើ​សារព័ត៌មាន​«​កោះសន្តិភាព​»