ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចៅក្រម​សម្រេច​ឃុំខ្លួន​អតីត​សង្ឃ ពឿ​យ មេត្តា ដាក់​ពន្ធនាគារ​ប៉េ​ហ្ស៊ី បណ្តោះអាសន្ន ពាក់ព័ន្ធ ៦​បទល្មើស

2 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ លោក សាន ប៊ុ​ន​ធឿ​ន ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ល្ងាច​ថ្ងៃ​ទី​១៧ ខែមករា ឆ្នាំ​២០២២ បាន​សម្រេច​ចេញ​ដីកា…

រាជធានី​ភ្នំពេញ ៖ លោក សាន ប៊ុ​ន​ធឿ​ន ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ល្ងាច​ថ្ងៃ​ទី​១៧ ខែមករា ឆ្នាំ​២០២២ បាន​សម្រេច​ចេញ​ដីកា ឃុំខ្លួន​អតីត​សង្ឃ ពឿ​យ មេត្តា ដាក់​ពន្ធនាគារ​(​ប៉េ​ហ្ស៊ី​) ជា​បណ្តោះអាសន្ន ក្រោម​ការ​ចោទប្រកាន់​ចំនួន ៦​បទល្មើស ។

អតីត​ចៅអធិការ ពឿ​យ មេត្តា អាយុ​៤៧​ឆ្នាំ កម្រិតវប្បធម៌​អនុ​បណ្ឌិត​រដ្ឋបាល​សាធារណៈ មាន​ទីកន្លែង​កំណើត​នៅ​ភូមិ​ឫ​ស្ដ​កណ្តាល សង្កាត់​ឈ្មួញ​មាន​ជ័យ ស្រុក​ព្រះ​នេ​ត​ព្រះ ខេត្តបន្ទាយមានជ័យ អាសយដ្ឋាន​មុន​ឃាត់ខ្លួន​ស្នាក់​នៅ​វត្ត​កោះ​មេ​ត្ត​ពោធិ៍​វង្ស ភូមិ​កោះអណ្តែត សង្កាត់​ទួល​សង្កែ​ទី​២ ខណ្ឌ​ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ ។

ជនជាប់ចោទ ត្រូវ​បាន​ដាក់​ឲ្យ​ស្ថិត​នៅ​ក្រោម​ការ​ពិនិត្យ ទី​១-​ពី​បទ បរិហារកេរ្តិ៍​ជា​សាធារណៈ ទី​២-​បទ ក្លែងបន្លំ ទី​៣-​បទ ប្រើប្រាស់​លិខិត​ក្លែង ទី​៤-​បទ ក្លែងបន្លំ​ឯកសារ​សាធារណៈ ទី​៥-​បទ ប្រើប្រាស់​ឯកសារ​សាធារណៈ​ក្លែង និង​ទី​៦-​បទ ញុះញុង​ឲ្យ​មានការ​រើសអើង ប្រព្រឹត្ត​នៅ​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​២១ ខែមីនា ឆ្នាំ​២០១៨ និង​អំឡុង​ឆ្នាំ​២០២១ ដែល​បទល្មើស​នេះ​មាន​បញ្ញត្តិ នឹង​ឲ្យ​ផ្តន្ទាទោស​តាម​មាត្រា ៣០៥ មាត្រា ៦២៦ មាត្រា ៦២៧ មាត្រា ៦២៨ មាត្រា ៦២៩ មាត្រា ៦៣០ និង​មាត្រា ៤៩៦ នៃ​ក្រមព្រហ្មទណ្ឌ ។

សូម​ជម្រាប​ថា កាលពី​ល្ងាច​ថ្ងៃ​ទី​១៦ ខែមករា ឆ្នាំ​២០២២ តំណាង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​បញ្ចប់​ការ​ស៊ើបសួរ លើ​អតីត​សង្ឃ ពឿ​យ មេត្តា ដែល​ពាក់ព័ន្ធ​ទៅ​នឹង​បណ្តឹង​របស់​លោក​ជំទាវ​ឧកញ៉ា សៀង ចាន់​ហេង នឹង​បាន​ប្រគល់​ជនសង្ស័យ ទៅ​ឲ្យ​សមត្ថកិច្ច​គ្រប់គ្រង​វិញ លុះ​ព្រឹក​ថ្ងៃ​ទៅ​១៧ ខែមករា សំណុំរឿង​នេះ ត្រូវ​បាន​ចាត់​បញ្ជូន​ទៅ​ខាង​ចៅក្រម​សាកសួរ ដើម្បី​សម្រេច​ឃុំខ្លួន ឬ​មិន​ឃុំខ្លួន​ជនសង្ស័យ នោះ​ជា​ឆន្ទានុសិទ្ធិ​របស់​ចៅក្រម ។

លោក ស៊ិ​ត វណ្ណៈ ព្រះរាជអាជ្ញា​រង នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ព្រឹក​ថ្ងៃ​ទី​១៦ ខែមករា ឆ្នាំ​២០២២ បាន​បើក​ការ​ស៊ើបសួរ​លើ អតីត​សង្ឃ​មួយ​អង្គ ពាក់​ពន្ធ​សំណុំរឿង​បរិហារកេរ្តិ៍​ជា​សាធារណៈ​, ប្រើប្រាស់​ត្រា​ក្លែង​ក្លែង​, បន្លំ​ឯកសារ​សាធារណៈ​, ប្រើប្រាស់​ឯកសារ​សាធារណៈ​ក្លែង​, ញុះ ញ​ង់​ឲ្យ​មានការ​រើសអើង និង​បាតុកម្ម តាម​ពាក្យបណ្តឹង​អន្តរាគមន៍​របស់​លោកស្រី​ឧកញ៉ា សៀង ចាន់​ហេង ។

ជនជាប់សង្ស័យ​អតីត​សង្ឃ ពឿ​យ មេត្តា ត្រូវ​បាន​សមត្ថកិច្ច​នាយកដ្ឋាន​កណ្តាល​សន្តិសុខ នៃ​ក្រសួងមហាផ្ទៃ ចាប់​ឃាត់ខ្លួន កាលពី​ថ្ងៃ​ទី​១៤ ខែមករា ឆ្នាំ​២០២២ តាម​ដីកា​បញ្ជា​ឲ្យ​ចូលខ្លួន​របស់​លោក ច្រឹង ខ្មៅ ព្រះរាជអាជ្ញា អម​សាលាដំបូង​រាជធានី​ភ្នំពេញ និង​តាម​ពាក្យ​បណ្តឹងសុំ​អន្តរាគមន៍​របស់​លោកស្រី​ឧកញ៉ា សៀង ចាន់​ហេង ។

តាម​ប្រភព​ព័ត៌មាន​ឲ្យ​ដឹង​ថា ការ​ចាប់ខ្លួន​អតីត​សង្ឃ​នេះ ធ្វើ​ឡើង​ក្រោយ​ពី​មានការ​ធ្វើ​បាតុកម្ម​ទ្រង់ទ្រាយ​ធំ​មួយ មុខ​ភូមិ​គ្រឹះ​លោក ស្រី​ឧកញ៉ា សៀង ចាន់​ហេង ពាក់ព័ន្ធ​ដី​វត្ត​នៅ​ប្រទេស​ជប៉ុន ។

យោង​តាម​ដីកា​បញ្ជា​ឲ្យ​ចូលខ្លួន​របស់​លោក ច្រឹង ខ្មៅ ព្រះរាជអាជ្ញា​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ចុះ​ថ្ងៃ​ទី​១៣ ខែមករា ឆ្នាំ​២០២២ បង្ហាញ​ឲ្យ​ឃើញ​ថា អតីត​សង្ឃ ពឿ​យ មេត្តា ត្រូវ​ចូល​បង្ហាញខ្លួន​នៅ​នាយកដ្ឋាន​កណ្តាល​សន្តិសុខ នៃ​ក្រសួងមហាផ្ទៃ ឲ្យ​បាន​មុន​ថ្ងៃ​ទី​៣ ខែកុម្ភៈ ឆ្នាំ​២០២២ ខាង​មុខ​នេះ ។

ដើមចម នៃ​ការ​ចាប់ខ្លួន​អតីត​សង្ឃ​នោះ បាន​បញ្ជាក់​ថា សង្ឃដីកា​សម្រេច​មួយ ស្ដី​ពី ដំណោះស្រាយ​ករណី​អធិករណ៍ នៅ​វត្ត​បារមី​គិរី​ខេមរា​ភ្នំ​បិតា​ធំ ហៅ​វត្ត​លោកយាយ​ជំទាវ​ហេង នៅ​ប្រទេស​ជប៉ុន បាន​ចេញ​នៅ​ថ្ងៃ​ទី​១៤ ខែធ្នូ ឆ្នាំ​២០២១​នេះ មាន​រហូត​ដល់​ចំនួន​៩ ប្រការ ។

ក្នុង​សង្ឃដីកា​សម្រេច​នេះ គឺ​បាន​ថ្វាយ​ប្រគល់​សិទ្ធិ​គ្រប់គ្រង និង​កាន់កាប់​ដី​វត្ត​លោកយាយ​ជំទាវ​ហេង នៅ​ប្រទេស​ជប៉ុន ដល់​គណៈសង្ឃ​នាយក គណៈមហានិកាយ នៃ​ព្រះរាជាណាចក្រ​កម្ពុជា សម្រាប់​ទុកជា​គរុ​ភ័​ណ្ឌ​សង្ឃ និង​សម្បត្តិ​មរតក​ពុទ្ធសាសនា​ថេរវាទ​កម្ពុជា តទៅ ។ ជាមួយ​គ្នា​នោះ សង្ឃដីកា​សម្រេច ក៏​បាន​ឲ្យ​ព្រះ​ទេវ​ស​ត្ថា ពឿ​យ មេត្តា និង​ក្រុមការងារ​ត្រូវ​បញ្ចប់​អធិករណ៍ ការ​តវ៉ា និង​ការ​ទាមទារ​ដី​វត្ត​លោកយាយ​ជំទាវ​ហេង ព្រមទាំង​សំណង​ពី​គ្រប់​ភាគី​ទាំងអស់ ក្នុង​អធិករណ៍​នេះ ពេល​នេះ​តទៅ ។

សង្ឃដីកា​សម្រេច​នេះ ក៏​បាន​ព្រមាន​ដែរ​ថា «​ក្នុង​ករណី​មិន​គោរព​តាម​សង្ឃដីកា​សម្រេច​នេះ សាមីខ្លួន​ត្រូវ​ទទួលខុសត្រូវ​ចំពោះ មុខ​វិន័យ​និង​ច្បាប់​ជា​ធរមាន​» ។ ដូច្នេះ​អតីត​សង្ឃ ពឿ​យ មេត្តា អាច​នឹង​ពាក់ព័ន្ធ​ដីកា​សម្រេច ដូច​រៀបរាប់​ខាងលើ​នេះ ទើបត្រូវ​ចាប់ខ្លួន​បញ្ជូន​ទៅ​តុលាការ​នោះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ