រាជធានីភ្នំពេញ ៖ សហគមន៍ទេសចរណ៍ផ្តើមទទួលការបណ្តុះបណ្តាលលើជំនាញបដិសណ្ឋារកិច្ចទេសចរណ៍និងអនាមយ័ និងសុវត្ថិ ភាពចំណីអាហារ ខណៈដែលកម្ពុជាកំពុងខិតខំស្តារវិស័យទេសចរណ៍ឡើងវិញក្រោយពីបានរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរពីជំងឺកូវីដ ១៩ ប្រមាណជា ២ ឆ្នាំមកនេះ ។

ផ្តើមចេញពីសហគមន៍ទេសចរបាគងភូមិខ្ញុំ ស្ថិតនៅក្នុងខេត្តសៀមរាប កាលពីពីថ្មីនេះ មានសហគមន៍ទេសចរណ៍ចំនួន ២០ បានចូលរួមការបណ្តុះបណ្តាលនៅទីនោះ ។ លោកជុក ជំនោរ ប្រធាននាយកដ្ឋានអភិវឌ្ឍទេសចរនៃក្រសួងទេសចរណ៍ និយាយថា ក្រុមការងារគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍសហគមន៍អេកូទេសចរណ៍ និងសហគមន៍ទេសចរណ៍បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពីការផ្តល់បដិសណ្ឋារកិច្ចទេសចរណ៍ និងអនាម័យ និងសុវត្ថិភាពចំណីអាហារដល់អ្នកផ្តល់សេវាកម្ម និងចុងភៅដើម្បីជំរុញវិស័យទេសចរណ៍នៅកម្ពុជា ។

លោកបញ្ជាក់ថា តាមគម្រោងនឹងធ្វើការបណ្តុះបណ្តាលបន្តបន្ទាប់ទៅដល់ប្រជាសហគមន៍ផ្សេងៗទៀត ដើម្បីឲ្យពួកគាត់បានពង្រឹងបន្ថែមនូវជំនាញបដិសណ្ឋារកិច្ចនិងការគ្រប់គ្រងផ្នែកអនាមយ័និងសុវត្ថិភាពចំណីអាហារឲ្យកាន់តែប្រសើរថែមទៀត ។
«វគ្គបណ្តុះបណ្តាកនោះក៏ដើម្បីត្រៀមលក្ខណៈទទួលភ្ញៀវទេសចរក្នុងពេលដែលកម្ពុជាត្រូវបានបើកទ្បើងវិញលើគ្រប់វិស័យ ។ យើងនឹងបើកវគ្គបណ្តុះបណ្តាលដូចគ្នានេះដលយប្រជាសហគមន៍បន្តបន្ទាប់ទៀត នៅដើមឆ្នាំ ២០២២ ខាងមុខដូចជាសហគមន៍អូរជាំនៅខេត្តបាត់ដំបង សហគមន៍ស្រែអំពិលនៅខេត្តកំពង់ឆ្នាំង សហគមន៍រាំងខ្វាវនៅខេត្តពោធិសាត់ជាដើម”នេះជាការបញ្ជាក់របស់លោក ជុក ជំនោរ ។

មន្ត្រីឲ្យដឹងថា ការធ្វើបដិសណ្ឋារកិច្ច ការផ្តល់ភាពញញឹម ការរួសរាយរាក់ទាក់ដល់ភ្ញៀវទេសចរ រួមទាំង ស្តង់ដារអនាមយ័ចំណីអាហារស្របតាមការណែនាំរបស់ក្រសួងទេសចរគឺជាបញ្ហាសំខាន់មិនអាចខ្វះបាន ។ ប្រជាសហគមន៍ទាំងអស់ត្រូវតែចេះ និងពង្រឹងជំនាញនោះ ។ លោកថា ផ្តើមពីការពង្រឹងគុណភាពចំណីអាហារដែលអាចនិយាយថា ប្រកបដោយស្តង់ដារនោះ វានឹងក្លាយជាផលិតផលមួយថ្មីទៀតដែលអាចឈានទៅដល់ការកំណត់នូវអត្តសញ្ញាណខេត្តមួយ តំបន់មួយ មានទេសចរប្រចាំតំបន់មួយថែមទៀត ៕


ចែករំលែកព័តមាននេះ