រាជធានីភ្នំពេញ ៖ ក្រោយពីស្ងប់ស្ងាត់មួយរយៈធំ ពេលនេះតារាកំប្លែងមានតូចល្អិតនាយ ក្រិន បានមានឱកាសលេចវត្តមានលើឆាកទូរទស្សន៍ជាថ្មី នៅក្នុងកម្មវិធីតន្ត្រីស្រុកស្រែរបស់ស្ថានីយទូរទស្សន៍បាយ័ន កាលពីចុងសប្តាហ៍កន្លងទៅ ប៉ុន្តែការសម្តែងរបស់តារារូបនេះ គឺមិនស្ថិតក្នុងការសម្តែងកំប្លែងក្នុងក្រុមនាយ កុយ នោះឡើយ។
នាយ ក្រិន ត្រូវបានអ្នករៀបចំកម្មវិធីផ្តល់ឱកាសឲ្យសម្តែងជាថ្មីជាមួយនឹងតារាកំប្លែងនាយ ហុងដា នៅក្នុងឈុតសម្តែងក្នុងបទចម្រៀងមួយដែលបកស្រាយដោយតារាសម្តែងជើងចាស់លោក ទេព រិនដារ៉ា និងតារាចម្រៀងអ្នកនាង អឿន ស្រមុំ។
យ៉ាងណា ការសម្តែងជាថ្មីរបស់នាយ ក្រិន នាពេលនេះអាចនិយាយបានថា វាជាចំណុចចាប់ផ្តើមជាថ្មីរបស់នាយដែលអាចមានវត្តមានតាមកញ្ចក់ទូរទស្សន៍ឡើងវិញ បន្ទាប់ពីតារាកំប្លែងរូបនេះ បានជួបរឿងប្រះឆានៅក្នុងជីវិតអាពាហ៍ពិពាហ៍ ហើយសម្រេចវេចបង្វិច ស្ពាយកូនប្រុសស្រីចំនួន៣នាក់ត្រឡប់ទៅរស់នៅស្រុកកំណើតនាឯខេត្តបាត់ដំបង។
ជាការកត់សម្គាល់ ចាប់តាំងពីទៅរស់នៅស្រុកកំណើតវិញ នាយ ក្រិន ត្រូវបានគេរាយការណ៍ថា លោកបានពើបប្រទះនូវបញ្ហាជីវភាពយ៉ាងខ្លាំង ដោយសារនាយមិនអាចរកការងារបានធ្វើជាប់លាប់ បូករួមទាំងមានជំងឺរួមរឹតប្រចាំកាយផងដែរ ហេតុនេះធ្វើឱ្យនាយរស់នៅចិញ្ចឹមកូនយ៉ាងត្រដាបត្រដួស។
ទោះជាយ៉ាងណា តាមរយៈការមានឱកាសវិលមកការសម្តែងជាថ្មីឡើងវិញរបស់នាយ ក្រិន នាពេលនេះលោក ជួង ជី ហៅ កុយ បានអះអាងប្រាប់សារព័ត៌មានកោះសន្តិភាពតាមសារអេឡិចត្រូនិចថា ការសម្តែងរបស់នាយ ក្រិន នាពេលនេះគឺគ្រាន់តែជាការជ្រើសរើសសម្តែងតួជាមួយលោក ទេព រិនដារ៉ូ តែប៉ុណ្ណោះ ពោលគឺមិនមែនសម្តែងកំប្លែងជាមួយក្រុមលោកឡើយ។
លោកបញ្ជាក់ថា សម្រាប់ការចូលរួមសម្តែងកំប្លែងជាមួយលោកវិញឬយ៉ាងណានោះ កន្លងមកលោកមិនបានហាមឃាត់គាត់ឡើយ ប៉ុន្តែក្នុងនាមជាប្រធានក្រុមសម្តែងនៅពេលដែលលោកហៅគេអោយមកសម្តែងហើយ តែគេបដិសេធនោះជាសិទ្ធិរបស់គេ ដូច្នេះលោកមិនអាចបង្ខំបានឡើយ។ លោកថា យើងមិនបានបញ្ឈប់គាត់ទេ បើគាត់ចង់លេងយើងហៅគាត់លេង ហើយជាធម្មតាខ្ញុំតែងតែមានចិត្តចង់ជួយអ្នកសិល្បៈដូចគ្នា តែបើគេគិតថា ឡើងលេងម្តងបានលុយតិចគេមិនមកនោះ ស្រេចតែគេ យើងមិនដឹងធ្វើម៉េច។
យ៉ាងណា បើតាមនាយ កុយ ថា ការសម្តែងតាមប៉ុស្តិ៍ម្តង គឺគេអោយតម្លៃប្រមាណ៣០០ដុល្លារប៉ុណ្ណោះ ហើយចំនួននេះត្រូវចែកគ្នាពី៦ទៅ៧នាក់ ដោយក្នុងម្នាក់ទទួលបានចន្លោះ៣០ទៅ៤០ដុល្លារ ហេតុនេះបើពួកគាត់ចង់បានលុយច្រើន មានលុយពីណា ព្រោះសម្តែងតាមប៉ុស្តិ៍មិនបានថ្លៃដូចការជួលសម្តែងខាងក្រៅនោះឡើយ។
កន្លងមក នាយ កុយ ក៏ធ្លាប់លើកឡើងដែរថា សម្រាប់នាយ ក្រិន លោកដែលបានបញ្ចប់ពីការសម្តែងនៅក្នុងក្រុមនោះឡើយ ប៉ុន្តែដោយសារប៉ុន្មានឆ្នាំចុងក្រោយនេះ ក្រុមកំប្លែងរបស់លោកមិនមានម៉ោងសម្តែងតាមទូរទស្សន៍ដូចជាពេលមុនឡើយ ដោយសារកម្មវិធីមួយចំនួនត្រូវបានបិទ។
លោកបញ្ជាក់ថា កន្លងមក លោកតែងមានបំណងចង់កៀងគរអ្នកសិល្បៈក្រខ្សត់ ហើយនាយក្រិន ក៏លោកចង់ហៅសម្តែងឡើងវិញដែរ ប៉ុន្តែពេលនោះនាយរស់នៅឯខេត្តបាត់ដំបង និងមិនមានផ្ទះស្នាក់នៅភ្នំពេញនោះឡើយ ហើយម្យ៉ាងទៀតអំឡុងពេលនោះ នាយក្រិនក៏មានជំងឺផងដែរ។
ទោះជាយ៉ាងណា ប្រសិនបើក្រុមកំប្លែងរបស់លោកមានឱកាសឡើងសម្តែងតាមទូរទស្សន៍ដូចមុននោះ លោកនឹងនៅតែកោះហៅតារាកំប្លែងក្នុងក្រុមដដែល ប៉ុន្តែប្រសិនបើកូនក្រុមរបស់លោកណាមួយមិនចង់មកសម្តែងទេនោះ លោកក៏មិនបង្ខិតបង្ខំនោះឡើយ។
គួរបញ្ជាក់ថា ក្នុងអំឡុងពេលដែលនាយ ក្រិន បាត់វត្តមានសម្តែងកំប្លែងតាមកញ្ចក់ទូរទស្សន៍នោះ តារារូបនេះក៏ត្រូវបានគេឃើញការសម្តែងរបស់នាយជាបន្តបន្ទាប់នៅក្នុងវង់ល្ខោនបាសាក់មួយនាខេត្តកំពង់ស្ពឺ ជាមួយនឹងដៃគូកំប្ហែងដូចគ្នាគឺនាយ ហុងដា ៕
ចែករំលែកព័តមាននេះ