ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​បង្ហាញ​ទំនិញ​ និង​ឱកាស​វិនិយោគ ក្នុង​ពិព័រណ៍​មួយ​នៅ​ចិន​ មាន​ជាង ១៤០​ ប្រទេស​ចូលរួម

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖​ កម្ពុជា​បាន​ចូលរួម​ពិព័រណ៍​ទំនិញ​នាំ​ចូល​អន្តរ​ជាតិចិន លើក​ទី ​៤ និង​វេទិកា​សេដ្ឋកិច្ច​អន្តរជាតិ​ហុង​ឈាវ ធ្វើ​ឡើង​នៅ​ទីក្រុង​សៀង​ហៃ ​ប្រទេស​ចិន ដោយ​មានការ​ចូលរួម​ពី​ប្រទេស​ចំនួន​ជាង ​១៤០​…

រាជធានី​ភ្នំពេញ ៖​ កម្ពុជា​បាន​ចូលរួម​ពិព័រណ៍​ទំនិញ​នាំ​ចូល​អន្តរ​ជាតិចិន លើក​ទី ​៤ និង​វេទិកា​សេដ្ឋកិច្ច​អន្តរជាតិ​ហុង​ឈាវ ធ្វើ​ឡើង​នៅ​ទីក្រុង​សៀង​ហៃ ​ប្រទេស​ចិន ដោយ​មានការ​ចូលរួម​ពី​ប្រទេស​ចំនួន​ជាង ​១៤០​ នៅ​ក្នុង​តំបន់ ​និង​ពិភពលោក ។
ពិព័រណ៍​នេះ​ប្រព្រឹត្ត​ទៅ​ពី​ថ្ងៃ​ទី ​៥ ​ដល់​ថ្ងៃ ​១០ ​ខែវិច្ឆិកា ឆ្នាំ​ ២០២១ ​។

លោក ​ឈួ​ន ដា​រ៉ា រដ្ឋលេខាធិការ​ក្រសួងពាណិជ្ជកម្ម​កម្ពុជា ​ដែល​បាន​ចូលរួម​ពិធី​បើក​ព្រឹត្តិការណ៍​នេះ​តាម​ប្រព័ន្ធ​អន​ឡាញ កាលពី​ល្ងាច​ថ្ងៃ​ទី ​៤ ​វិច្ឆិកា បាន​ឲ្យ​ដឹង​ថា នេះ​គឺជា​លើក​ទី ​៤ ដែល​ប្រទេស​កម្ពុជា​បាន​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​ពិព័រណ៍​ទំនិញ​នាំ​ចូល​អន្តរ​ជាតិចិន ​កម្រិត​ពិភពលោក​មួយ​នេះ ​។ សម្រាប់​ឆ្នាំ ​២០២១ ​នេះ ដោយសារ​ការ​រីក​រាលដាល​ជំងឺ​កូ​វី​ដ​-១៩ ប្រទេស​កម្ពុជា ក៏​ដូច​ជា​បណ្តា​ប្រទេស​ផ្សេង​ៗ​ទៀត មិន​បាន​ដឹកនាំ​គណៈប្រតិភូ​ទៅ​ចូលរួម​ដោយ​ផ្ទាល់​ទេ ទន្ទឹម​នេះ ក្រសួងពាណិជ្ជកម្ម បាន​រៀបចំ​ពន្លា​ជាតិ​មួយ និង​ក្រុមហ៊ុន​កម្ពុជា​ចំនួន ​៥ ចូលរួម​ពី​ចម្ងាយ​តាម​ប្រព័ន្ធ​អន​ឡាញ និង​បាន​សម្របសម្រួល​ឱ្យ​ក្រុមហ៊ុន​ដែល​កំពុង​ធ្វើ​ធុរកិច្ច​នៅ​កម្ពុជា ដែល​មាន​សាខា និង​ផលិតផល​នៅ​ប្រទេស​ចិន​ស្រាប់​ចូលរួម​តាំងពិព័រណ៍​ដោយ​ផ្ទាល់​ផង​ដែរ​ ។

លោក​បន្ត​ថា ក្នុង​ការ​ចូលរួម​ពិព័រណ៍​ទំនិញ​នាំ​ចូល​អន្តរ​ជាតិចិន​លើក​ទី​ ៤ ​ឆ្នាំ ​២០២១ ​នេះ ពន្លា​ជាតិ​កម្ពុជា ត្រូវ​បាន​រចនា​ឡើង​តាម​រចនាបថ​ខ្មែរ​សម័យ​ទំនើប​តាម​ទម្រង់ 3D ដោយ​មាន​ដាក់​តាំង​បង្ហាញ​ផលិតផល​សក្តានុពល រូបភាព​ស្តី​ពី​វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ និង​វី​ដេ​អូ​ផ្សព្វផ្សាយ ស្តី​ពី​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​កម្ពុជា​ផង​ដែរ ។

ពិព័រណ៍​ទំនិញ​នាំ​ចូល​អន្តរ​ជាតិចិន​លើក​ទី ​៤ និង​វេទិកា​សេដ្ឋកិច្ច​អន្តរជាតិ​ហុង​ឈាវ មាន​ក្រុមហ៊ុន​ចូលរួម​ចំនួន ២៩០០ មក​ពី​បណ្តា​ប្រទេស​ក្នុង​តំបន់ និង​ពិភពលោក​ចំនួន ​១៤៣ រួម​ទាំង​កម្ពុជា​ផង​ដែរ ​។ ក្នុង​នោះ មាន​ប្រទេស និង​អង្គការ​អន្តរជាតិ​ធំ​ៗ​ចំនួន ​៥៨ បាន​រៀបចំ​សាងសង់​ពន្លា​ជាតិ​ចូលរួម​ដោយ​ផ្ទាល់​ក្នុង​ព្រឹត្តិការណ៍​ពិព័រណ៍​នេះ ​។ ទំនិញ​ដែល​មាន​ដាក់​តាំង​បង្ហាញ​ក្នុង​ពិព័រណ៍​នេះ​រួម​មាន ផលិតផល​ម្ហូបអាហារ​ និង​ភេសជ្ជៈ ផលិតផល​ និង​សម្ភារកសិកម្ម យានយន្ត ឧបករណ៍​បច្ចេកទេស ទំនិញប្រើប្រាស់​ទូទៅ ឧបករណ៍​វេជ្ជសាស្ត្រ​ និង​ឱសថ និង​ពាណិជ្ជកម្ម លើ​វិស័យ​សេវាកម្ម​ជា​ច្រើន​ពាន់​ប្រភេទ ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ