ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទោះពេល​កូ​វី​ដ​ ១៩ លុយ​បញ្ញើ និង​កម្ចីនៅ​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​កើនឡើង

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖ ការ​ដាក់​ប្រាក់​បញ្ញើ​របស់​ប្រជាពលរដ្ឋ​នៅ​តាម​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ មានការ​កើនឡើង​ប្រមាណ ​១៩០​ លាន​ដុល្លារ​អា​មេ​រិ​ក ខណៈ​​ការ​ផ្តល់​ឥណទាន​ជូន​អតិថិជន​បាន​ឡើង​ជាង ​៦០០ ​លាន​ដុល្លារ​អា​មេ​រិ​ក​ ។…

រាជធានី​ភ្នំពេញ ​៖ ការ​ដាក់​ប្រាក់​បញ្ញើ​របស់​ប្រជាពលរដ្ឋ​នៅ​តាម​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ មានការ​កើនឡើង​ប្រមាណ ​១៩០​ លាន​ដុល្លារ​អា​មេ​រិ​ក ខណៈ​​ការ​ផ្តល់​ឥណទាន​ជូន​អតិថិជន​បាន​ឡើង​ជាង ​៦០០ ​លាន​ដុល្លារ​អា​មេ​រិ​ក​ ។ លោក កាំ​ង តុង​ងី ប្រធាន​នាយកដ្ឋាន​ទំនាក់ទំនង នៃ​សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា​ បានឱ្យ​ដឹង​ថា តាម​រយៈ​ទិន្នន័យ​ពី​សមាជិក​របស់​សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា ដែល​មានគ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ គ្រឹះស្ថាន​ភតិសន្យា​ហិរញ្ញវត្ថុ និង​គ្រឹះស្ថាន​ឥណទាន​ជនបទ ដែល​មិន​រាប់​បញ្ចូល​ទិន្នន័យ​ធនាគារ​នោះ វិស័យ​មីក្រូហិរញ្ញវត្ថុ​មានការ​កើនឡើង​ទាំង​ប្រាក់​បញ្ញើ និង​ឥណទាន​ក្នុង​ត្រីមាស​ទី​ ៣ ឆ្នាំ​ ២០២១ ​។

លោក​គូសបញ្ជាក់​ថា ​គិត​ត្រឹម​ដំណាច់​ខែកញ្ញា ឆ្នាំ ​២០២១ ចំនួន​អតិថិជន​ដែល​ដាក់​ប្រាក់​បញ្ញើ​បាន​កើនឡើង​ដល់​ជាង ​២,៨​ លាន​នាក់ ពោល​គឺ​កើនឡើង​ចំនួន ៣៣.៦៨៦​ នាក់ ធៀប​នឹង​ត្រីមាស​មុន ខណៈ​បរិមាណ​ប្រាក់​បញ្ញើ​បាន​កើនឡើង​ដល់ ៤.០៧៣​ លាន​ដុល្លា​សហរដ្ឋអាមេរិក ពោល​គឺ​កើនឡើង​ចំនួន ១៩០ ​លាន​ដុល្លា​សហរដ្ឋអាមេរិក​ធៀប​នឹង​ត្រី​ទី​ ២ ​។ ចំពោះ​ឥណទាន​ក៏​បាន​កើនឡើង​រហូត​ដល់ ៨.២១៨ លាន​ដុល្លា​សហរដ្ឋអាមេរិក ដោយ​កើនឡើង​ប្រមាណ ៦០០ លាន​ដុល្លា​សហរដ្ឋអាមេរិក​បើ​ធៀប​នឹង​ត្រីមាស​មុន ខណៈ​ចំនួន​អតិថិជន​កម្ចី​បាន​កើនឡើង​ដល់ ២,០២​ លាន​នាក់ ដោយ​កើនឡើង ៥១.១១៦ ​នាក់​បើ​ធៀប​នឹង​ត្រីមាស​ទី​ ២ ​ក្នុង​ឆ្នាំ ​២០២១ ​។

«​ការ​កើនឡើង​នេះ​អាច​ជា​សញ្ញាណ​បង្ហាញ​ការ​ងើបឡើង​វិញ​នៃ​សេដ្ឋកិច្ច​កម្ពុជា ដោយសារ​តម្រូវការ​ឥណទាន​ក្នុង​ការ​ចាប់ផ្តើម ​ឬ ពង្រីក​អាជីវកម្ម​ ។ យ៉ាងណា​ក្តី​សមាគម​មីក្រូហិរញ្ញវត្ថុ នឹង​បន្ត​តាមដាន​ដោយ​យកចិត្តទុកដាក់​នូវ​និនាកា​រណ៍​ផ្សេង​ៗ​ក្នុង​វិស័យ ដើម្បី​ការពារ​ផល​ប៉ះពាល់​ណាមួយ​ដែល​អាច​នឹង​កើតឡើង​ជាយថាហេតុ​» ​នេះ​ជា​ការ​គូសបញ្ជាក់​របស់​លោក កាំ​ង តុង​ងី ។

លោកប្រធាន​នាយកដ្ឋាន​ទំនាក់ទំនង នៃ​សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា​បាន​បញ្ជាក់​បន្ថែមថា ជា​ទូទៅ​គ្រប់​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ឬ​គ្រឹះស្ថាន​ធនាគារ​ផ្សេង​ៗ មាន​ប្រាក់​ត្រៀម​ផ្តល់​ជូន​អតិថិជន​គ្រប់ពេល តែ​សំខាន់​គេ​ត្រូវ​ពិនិត្យ​មើល​លើ​លក្ខ​ណ្ឌ​អតិថិជន​នីមួយ​ៗ​មុខ​ផ្តល់​កម្ចី ​។ «អ៊ីចឹង​សម្រាប់​វិស័យ​ហិរញ្ញវត្ថុ​ទាំងមូល​យើង​មិន​មាន​បញ្ហា​កង្វះ​ដើមទុន​នោះ​ទេ ។ ​យើង​មិន​មាន​កង្វះ​សាច់ប្រាក់​ក្នុង​ការ​ផ្តល់​ជូន​អតិថិជន​របស់​យើង​នោះ​ទេ បើសិនជា​អតិថិជន​ត្រូវការ ហើយ​មាន​លក្ខ​ខណ្ឌ​ត្រឹមត្រូវ​ និង​សម​ស្របនោះ​យើង​នឹង​ផ្តល់​ឥណទាន​ជូន​ពួក​គាត់​» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ