ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អចលនទ្រព្យ​ងើបឡើង​វិញ​លុះ​មាន​វិនិយោគិន​បរទេស​ចូល​ស្រុក

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បើ​ទោះបី​កម្ពុជា​បាន​ប្រកាស​បើក​ប្រទេស​គ្រប់​វិស័យ​ឡើង​វិញ តែ​វិស័យ​អចលនទ្រព្យ​ត្រូវ​បាន​គេ​មើលឃើញ​ថា​មិន​ងាយ​នឹង​ងើបឡើង​វិញ​ក្នុង​ពេល​ឆាប់​ៗ​នេះ​ទេ​ ។ វិស័យ​នេះ​ងើបឡើង​វិញ​លុះត្រា​មាន​វិនិយោគិន​បរទេស​ចូល​មក​បណ្តាក់ទុន​នៅ​កម្ពុជា ដែល​អ្នកជំនាញ​រំពឹង​ថា ​នឹង​អាច​នៅ​ពាក់កណ្ដាល​ឆ្នាំ ​២០២២​ ។…

រាជធានី​ភ្នំពេញ ៖ បើ​ទោះបី​កម្ពុជា​បាន​ប្រកាស​បើក​ប្រទេស​គ្រប់​វិស័យ​ឡើង​វិញ តែ​វិស័យ​អចលនទ្រព្យ​ត្រូវ​បាន​គេ​មើលឃើញ​ថា​មិន​ងាយ​នឹង​ងើបឡើង​វិញ​ក្នុង​ពេល​ឆាប់​ៗ​នេះ​ទេ​ ។ វិស័យ​នេះ​ងើបឡើង​វិញ​លុះត្រា​មាន​វិនិយោគិន​បរទេស​ចូល​មក​បណ្តាក់ទុន​នៅ​កម្ពុជា ដែល​អ្នកជំនាញ​រំពឹង​ថា ​នឹង​អាច​នៅ​ពាក់កណ្ដាល​ឆ្នាំ ​២០២២​ ។

លោក ​ច្រឹ​ក សុខ​នី​ម​ ប្រធាន​សមាគម​អ្នក​វាយតម្លៃ ​និង​ភ្នាក់ងារ​អចលវត្ថុ​កម្ពុជា​បាននិយាយ​ថា ភ្លាម​ៗ​បន្ទាប់​ពី​រាជរដ្ឋាភិបាល​កម្ពុជា​បាន​ប្រកាស​បើក​ប្រទេស​ឡើង​វិញ​នោះ ឃើញ​ថា​សកម្មភាព​អាជីវកម្ម សកម្មភាព​សេដ្ឋកិច្ច​របស់​កម្ពុជា​ដែល​បាន​ស្ងប់ស្ងាត់​អស់​រយៈពេល​ជា​យូរ​មក​ហើយ​នោះ​ចាប់ផ្ដើម​កម្រើក​ឡើង​វិញ ប៉ុន្តែ​នៅ​ក្នុង​កំលុង​ពេល​នេះ​រហូត​ដល់​ដាច់​ឆ្នាំ​ ២០២១ គេ​រំពឹង​ថា ​វិនិយោគិន​ដែល​បន្ត​ដាក់​ទុន​វិនិយោគ​នៅ​ក្នុង​ប្រទេស​កម្ពុជា ជា​ពិសេស​វិស័យ​អចលនទ្រព្យ​ គឺជា​អ្នក​វិនិយោគ​ក្នុងស្រុក មិន​ទាន់​មាន​អ្នក​មក​ពី​បរទេស​ទេ​ ។

លោក​បាន​បញ្ជាក់​ថា ​ការ​ចូលរួម​ពី​សំណាក់​វិនិយោគិន​ក្នុងស្រុក មិន​ទាន់​អាច​គ្រប់គ្រាន់​ក្នុង​ការ​រុញច្រាន​កំណើន​នៃ​វិស័យ​អចលនទ្រព្យ​ឱ្យ​មាន​សន្ទុះ​ប៉ុន្មាន​ទេ គឺ​ត្រូវការ​មានការ​ចូលរួម​ពី​វិនិយោគិន​បរទេស​បន្ថែម​ទៀត ។ ថ្លែង​នៅ​ក្នុង​សន្និសីទ​មួយ​កាលពី​ព្រឹក​ថ្ងៃ​ទី ​០៣ វិច្ឆិកា ២០២១ លោក ​ច្រឹ​ក សុខ​នី​ម ​បន្ត​ថា សម្រាប់​វិនិយោគិន​បរទេស​វិញ​គេ​រំពឹង​ថា ​នឹង​ចាប់ផ្ដើម​ចូល​មក​កម្ពុជា​នៅ​អំឡុង​ពេល​ក្រោយ​ពិធី​បុណ្យចូលឆ្នាំ​ចិន​រួច ​។ ​ពេល​នោះ​វិនិយោគិន​ចិន​នៅ​តែ​បន្ត​នាំមុខ​គេ ហើយ​ក៏​មាន​វិនិយោគិន​ជនជាតិ​ជប៉ុន​និង​ជនជាតិ​ផ្សេង​ទៀត​ផង​ដែរ ។​ កំណើន​វិនិយោគិន​បរទេស​ចូល​មក​ក្នុង​ប្រទេស​កម្ពុជា​នឹង​នាំ​មក​នូវ​ធនធានមនុស្ស ហិរញ្ញវត្ថុ ដែល​នឹង​ធ្វើ​ឱ្យ​កំណើន ​GDP របស់​កម្ពុជា​មាន​សន្ទុះ​មួយ​កម្រិត​ថែម​ទៀត ។

លោក ​ឌឹ​ត ច​ណ្ណា អគ្គនាយក​ក្រុមហ៊ុន​អចលនទ្រព្យ​ឡាក់​គី រៀល​ធី​ បាន​មើលឃើញ​ផង​ដែរ​ថា វិនិយោគិន​បរទេស​នឹង​ចាប់ផ្ដើម​ចូល​មក​ស្វែងរក​ឱកាស​វិនិយោគ​នៅ​ក្នុង​ប្រទេស​កម្ពុជា​នៅ​ដើមឆ្នាំ ​២០២២ ពីព្រោះ​ថា ​នៅ​ពេល​នេះ​បើ​ទោះបីជា​កម្ពុជា​បើក​ប្រទេស​ឡើង​វិញ​អនុញ្ញាត​ឱ្យ​វិនិយោគិន​បរទេស​និង​ទេសចរ​ចូល​មក​មែន ប៉ុន្តែ​លក្ខខណ្ឌ​នៃ​ប្រទេស​មួយ​ចំនួន​នៅ​បន្ត​រឹត​បន្តឹង​ចំពោះ​អ្នក​ចូល​ប្រទេស​វិញ ដូច្នេះ​នៅ​ពេល​ប្រជាជន​របស់​គេ​ចេញ​ក្រៅប្រទេស ហើយ​ចូល​វិញ​គឺ​តម្រូវ​ឱ្យធ្វើ​ច​ត្តា​ឡី​ស័ក​រយៈពេល​ណាមួយ ។

លោក​បន្ត​ថា យ៉ាងណា​ក្ដី​នៅ​ពេល​រដ្ឋាភិបាល​ប្រកាស​ពី​ការ​បើក​ប្រទេស​ឡើង​វិញ វា​គឺជា​រឿង​ល្អ​ណាស់​ដែល​វិនិយោគិន​ធុរជន​ និង​អាជីវករ​ទន្ទឹងរង់ចាំ ពីព្រោះ​រយៈពេល​ជិត ​១​ ឆ្នាំទៅ​ហើយ​ដែល​ពួក​គេ​អាក់ខាន​ក្នុង​ការ​បញ្ចេញ​សកម្មភាព​វិនិយោគ អាជីវកម្ម​និង​ធុរកិច្ច ។

បើ​តាម​អ្នកជំនាញ​ក្នុង​វិស័យ​អចលនទ្រព្យ​ជា​ច្រើន​ក៏​បាន​មើលឃើញ​ថា វិស័យ​នេះ នៅ​តែ​ពឹង​លើ​ការ​វិនិយោគ​ពី​បរទេស នៅ​ក្នុង​នោះ​គេ​ឃើញ​ថា ​វិនិយោគិន​ជនជាតិ​ចិន​ជា​អ្នក​ដាក់​ទុន​វិនិយោគ​ច្រើន​ជាងគេ​នៅ​ក្នុងគម្រោង​ធំ​ៗ អគារ​ខ្ពស់​នៅ​តាម​ដងផ្លូវ​សំខាន់​ៗ​ក្នុង​រាជធានី​ភ្នំពេញ​ជាដើម​នោះ​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ