ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចិន​ចាក់​គ្រឹះ​វិនិយោគ​នៅ​កម្ពុជា​យូរ​ឆ្នាំ​ទៀត

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​ក្នុង​ឆ្នាំ ២០២១ និង​ទំនាក់ទំនង​សហប្រតិបត្តិការ ស៊ីជម្រៅ​កម្ពុជា​-​ចិន បាន​ធ្វើ​ឱ្យ​អ្នកជំនាញ​ខាង​សេដ្ឋកិច្ច និង​ពាណិជ្ជករ​នៅ​ក្នុងស្រុក​បាន​ប្រមើលឃើញ​ថា ទោះ​ក្នុង​រយៈពេល ៥…

រាជធានី​ភ្នំពេញ ៖ ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​ក្នុង​ឆ្នាំ ២០២១ និង​ទំនាក់ទំនង​សហប្រតិបត្តិការ ស៊ីជម្រៅ​កម្ពុជា​-​ចិន បាន​ធ្វើ​ឱ្យ​អ្នកជំនាញ​ខាង​សេដ្ឋកិច្ច និង​ពាណិជ្ជករ​នៅ​ក្នុងស្រុក​បាន​ប្រមើលឃើញ​ថា ទោះ​ក្នុង​រយៈពេល ៥ ឆ្នាំ ឬ​លើស​ពី​នេះ​ទៀតអ្នក​វិនិយោគ​ជនជាតិ​ចិន​នឹង​នៅតែ​ជា​អ្នក​បោះទុន​វិនិយោគ​ឈានមុខ​គេ​នៅ​កម្ពុជា​ក្នុង​ចំណោម​អ្នក​វិនិយោគ​មក​ពី​បណ្តាប្រទេស​ផ្សេង​ទៀត ។

លោក​បណ្ឌិត គី សេរី​វឌ្ឍន៍ អ្នក​ស្រាវជ្រាវ​សេដ្ឋកិច្ច​នៃ​រាជបណ្ឌិត​កម្ពុជា បាន​លើក​ឡើងថា ក្នុង​ឆ្នាំ ២០២១ នេះ​សន្ទុះ​ទំហំ​ពាណិជ្ជកម្ម​កម្ពុជា​-​ចិន មានការ​កើនឡើង​ហើយ​ការ​កើនឡើង​នេះ​ដោយសារ​តែនៅ​តាម​បណ្តា​ប្រទេស​នានា​ដែល​ត្រូវ​នាំ​ផលិតផល​ទៅ​ប្រទេស​ចិន ក៏​ជួប​វិបត្តិ​ជំងឺ​កូ​វី​ដ ១៩ និងដោយសារ​តែ​ការ​ចុះ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​រវាង​កម្ពុជា​-​ចិន បាន​រួមចំណែក​នៅ​ក្នុង​ជំរុញ​ផលិតកម្ម និង​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ពីរ ។ លោក​បានបញ្ជាក់​ថា ក្នុង​រយៈពេល ៥ ឆ្នាំទៅ​មុខ​ទៀត បើ​តាម​អ្វី​ដែល​ខ្ញុំ​មើល​វិនិយោគិន​ជនជាតិ​ចិន នឹង​នៅ​តែ​នាំមុខ​គេ​ក្នុង​ការ​វិនិយោគ​នៅ​កម្ពុជា ។ លោក​បណ្ឌិត​លើក​ឡើង​ថា ជា​កិច្ច​ខិតខំ​របស់​រាជរដ្ឋាភិបាល គឺ​ជំរុញ​ឱ្យ​ពាណិជ្ជកម្មរវាង​កម្ពុជា និង​ចិន នេះ​កាន់តែ​ប្រសើរ និង​មាន​ទំហំ​ធំ​ជា​បន្ត​ទៅ​ទៀត ដោយ​ផ្អែក​លើ​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេភាគី និង​ការ​ខិតខំ​ចរចារ​ទៅ​លើ​របាំង​មិនមែន​ពន្ធគយ ។

លោក​ឧកញ៉ា លឹ​ម ហេង អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា​យល់​ឃើញ​ថា អ្នក​វិ​និ​យោ គម​ក​ពី​ប្រទេស​ចិន គឺ​នៅ​តែ​ជា​អ្នក​វិនិយោគ​ឈានមុខ​បណ្តា​ប្រទេស​ផ្សេង​ៗ​ទៀត​ដដែល ព្រោះ​ចាប់ពី​ឆ្នាំ ២០២២ តទៅ កម្ពុជា​-​ចិន នឹង​ចាប់ផ្តើម​អនុវត្ត​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី ទ្វេភាគី​បន្ថែម​ទៀត ។ ដូច្នេះ​កំណើន​វិនិយោគ​មក​ពី​ចិន​នឹង​មានការ​កើនឡើង​នៅ​ប្រទេសកម្ពុជា ដើម្បី​ផលិត និង​កែ​ច្នៃ​ផលិតផល​នាំ​ចេញ​ទៅ​ប្រទេស​ចិន​វិញ ក៏​ដូច​នាំ​ទៅ​សហរដ្ឋអា​មេ​រិ​ក ខណៈ​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​ចិន និង​អា​មេ​រិ​ក​នៅ​តែ​តានតឹង ។

លោក​ឧកញ៉ា គូសបញ្ជាក់​ថា អ្វី​ដែល​យើង​រំពឹង​នោះ គឺ​កម្ពុជា​ជា​មិត្ត​ដែកថែប​របស់​ចិន ដែល​អាច​ទាក់ទាញ​អ្នក​វិនិយោគ​ចិន​បាន​កាន់តែ​ច្រើន​នៅ​ពេល​ដែល​កម្ពុជា​មានច្បាប់​វិនិយោគ​ថ្មី​។​ដូចនេះ​ក្នុង​ការ​ដណ្តើម​អ្នក​វិនិយោគ​ដូច​គ្នា​នេះ​កម្ពុជា​យើង​មាន​ភាព​អនុគ្រោះ និង​អាទិ ភាព​ច្រើន​ជាង​បណ្តា​ប្រទេស​នៅ​ក្នុង​តំបន់ ។ យើង​បានឃើញ​ហើយ​វិនិយោគ​នៅ​ឡាវ ផ្លូវ រថភ្លើង​ល្បឿន​លឿន​កំពុង​តែ​ត​ភ្ជាប់​ទៅ​គម្រោង​ផ្លូវ​ខ្សែក្រវាត់​មួយ ដែល​អាច​ទៅ​ថៃ ឬ​មក​កាន់ កម្ពុជា ។ យើង​សង្ឃឹមថា ផ្លូវ​រថភ្លើង​ល្បឿន​លឿន​នេះ​អាច​នឹង​ត​ភ្ជាប់​មក​កាន់​កម្ពុជា បាន​កាន់តែ​ឆាប់ ដើម្បី​យើង​ភ្ជាប់​ការ​ដឹក​ជញ្ជូន​ពី​កម្ពុជា​ទៅ​ចិន​ដោយ​ផ្ទាល់​ដោយ​ឆ្លងកាត់​ប្រទេស​ឡាវនេះ ។

ក្រៅពី​អ្នក​វិនិយោគ​ក្នុងស្រុក និង​អ្នក​វិនិយោគ​ចិន​ឈានមុខ​នៅ​កម្ពុជា​នោះ អ្នក​វិ​និ យោគ​នៅ​តាម​បណ្តា​ប្រទេស​ជិតខាង​ដូច​ជា ៖ វៀតណាម​, ថៃ​, ជប៉ុន និង​កូរ៉េ​ខាងត្បូង ក៏​ជា​ប្រទេស​ដែល​មាន​គម្រោង​វិនិយោគ​ច្រើន​នៅ​កម្ពុជា​ផង​ដែរ នេះ​បើ​តាម​ការ​បញ្ជាក់ពី​លោក​ឧកញ៉ា លឹ​ម ហេង ។

ក្រសួងពាណិជ្ជកម្ម​បាន​បង្ហាញ​ថា គិត​ត្រឹម​រយៈពេល ៩ ខែ ឆ្នាំ ២០២១ នេះ ទំហំ ពាណិជ្ជកម្ម​សរុប​រវាង​កម្ពុជា​-​ចិន មាន​ទឹកប្រាក់​ជាង ៧.៩៦៨ លាន​ដុល្លារ​អា​មេ​រិ​ក បើ​ប្រៀបធៀប​ទៅ​នឹង​រយៈពេល​ដូច​គ្នា និង​ឆ្នាំ ២០២០ មាន​ជាង ៥.៧៥៩ លាន​ដុល្លារ​អា​មេ​រិ​ក ពោល គឺ​មានការ​កើនឡើង​ជាង ៣៨% ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ