អរុណជិះកង់ចូលមកឈប់នៅមុខតូបលក់ជី។ អរុណចុះពីលើកង់ដើរចូលមក កែវស្ទុះទៅរកអរុណញញឹមរីករាយ
កែវ៖ បងរុណ! មកទិញជីហ្អី !
អរុណដៀងភ្នែកមើលទៅភួងម្លិះបន្តិច
អរុណ៖ បាទ! ខ្ញុំមករកទិញជី២បាវ!
កែវ៖ ២បាវដឹកកង់អស់ដែរហ្អីបង!
អរុណ៖ អត់អីទេ ! អាចដឹកបាន!
ម្លិះងើបមើលមុខអរុណបន្តិច
ម្លិះ៖ ស្រែបងរុណមិនទាន់ហើយដៃទៀតហ្អី!
អរុណញញឹម
អរុណ៖ អ៎! រួចរាល់អស់ហើយ! គ្រាន់តែ មិនសូវគ្រប់គ្រាន់ប៉ុន្មានទេ! ខ្ញុំខ្លាចតែឆ្នាំនេះស្រូវមិនសូវបានល្អបានជា ចង់បន្ថែមជីខ្លះ ហើយគិតថាបបួលគ្នា លើកទំនប់ចាស់បន្ថែមទៀត ក្រែងអាចទប់ទឹកបានគ្រប់គ្រាន់ ។
ម្លិះ៖ មែនហើយ ! យើងត្រូវតែប្រញាប់គិតដល់បញ្ហាទឹកនេះមុនគេទើបបាន !
ម៉ាប់៖ អរុណ ! អរុណយកជី២បាវហ្អី! អីចឹងមកជួយលើកបងបន្តិចទៅ !
អរុណ៖ បាទ ! មិនអីទេ! ចាំខ្ញុំលើកខ្លួនឯងក៏បានដែរបងម៉ាប់ !
អរុណងាក់ទៅឃើញខ្ទួយធំមួយវាចេញពីក្រោមគំនរជី មកក្បែរជើងកែវ។ អរុណស្ទុះទៅចាប់ខ្ទួយស្រែកបណ្តើរ
អរុណ៖ កែវប្រយ័ត្ន !
ខ្ទួយខ្ទេចដៃអរុណ។ អរុណស្រែកបោះខ្ទួយចោលទៅឆ្ងាយ។ ទាំងអស់គ្នាមើលឃើញខ្ទួយកំពុងវារត់ អរុណក្តោបដៃធ្វើមុខជូរ ។ ម៉ាប់ស្ទុះយកឈើវែងមួយដេញតាមវាយខ្ទួយ។ ម្លិះទម្លាក់បិច សៀវភៅចុះដេញតាមវាយខ្ទួយ។ កែវស្ទុះទៅបានមុនម្លិះ ចាប់ដៃអរុណទាញមើលមុខភ័យ
កែវ៖ បងរុណ ! ម៉េចក៏យកដៃទៅចាប់ខ្ទួយអីចឹង! យ៉ាងម៉េចទៅហើយ !
អរុណ៖ ខ្ញុំស្លន់ដែរខ្លាចវាទិចកែវហ្នឹងណា! មិនអីទេ គ្រាន់តែត្រូវខ្ទួយទិច ! ខ្ញុំមិនចាញ់ពិសខ្ទួយប៉ុន្មានទេ !
កែវចាប់ទាញដៃអរុណដែលខ្ទួយទិចនោះចេញ ឃើញដៃត្រូវខ្ទួយទិចប៉ោងក្រហម កែវបើកភ្នែកធំៗ
កែវ៖ អេ ! បងរុណ ! នៅថាមិនចាញ់ពិសខ្ទួយទៀត! ដៃហើមពោទៅហើយ! អូនម្លិះៗ! ធ្វើយ៉ាងម៉េចទៅ ! យើងត្រូវលាបស្អី លាបប្រេងកូឡាបានទេ !
ម្លិះមើលកែវនិងអរុណបន្តិច
ម្លិះ៖ បងរុណ ! ចុកខ្លាំងទេ ! បើចុកខ្លាំងទាល់តែទៅរកអ៊ុំឌិន ឲ្យគាត់ស្ដោះឲ្យហើយ !
អរុណងក់ក្បាល
អរុណ៖ បាទ ! ដូចជាចុកតិចៗដែរ! មិនអីទេចាំខ្ញុំទៅរកអ៊ុំឌិន ខ្លួនឯងចុះ ! ផ្ទះគាត់នៅជិតនេះទេ !
កែវ៖ ខ្ញុំដឹងហើយបងរុណ ! ចាំបាច់លាក់បាំងធ្វើអី ! មាត់ស្វាយល្អោកទៅហើយ! បងនៅថាចុកតិចៗទៀត ! បងម៉ាប់ជួយជូនបងរុណទៅផ្ទះអ៊ុំឌិនបន្តិចទៅ ! ជិះម៉ូតូទៅវារហ័សជាង !
ម៉ាប់ងក់ក្បាលរត់ទៅអូសម៉ូតូ ។ កែវរត់ទៅយកកូនកន្សែងមកចងកដៃឲ្យអរុណ
កែវ៖ ឈប់ៗ ! ចងកដៃខ្លះទៅបងរុណ កុំឲ្យវាចុកខ្លាំងពេក !
មីងរឿងកំពុងបោកខោអាវ នៅក្បែរពាងចំហៀងផ្ទះ ងាកទៅឃើញរ៉េតដេកក្រាបសរសេរមេរៀននៅលើគ្រែឫស្សីយ៉មុខផ្ទះ
រឿង៖ អឺអារ៉េត ! ឯងអង្គុយរៀនអោយស្រួលបួលទៅមិនបានទេហ្អី ! អ្នកណាមកសរ សេរអញ្ចឹង ! ចេះតែសរសេរកើតដែរ ! អញ្ចឹងបានអក្សរឯងដូចជើងក្តាម !
រ៉េត៖ ចេះតែថាហើយម៉ែ ! សរសេរអញ្ចឹង
អក្សរខ្ញុំរឹតតែស្អាត! វាស្រួលចង្កេះស្រួលខ្នងណាម៉ែ! អង្គុយរៀននៅសាលាហើយមកអង្គុយរៀននៅផ្ទះទៀត ! សឹងបាក់ខ្នង បាក់ចង្កេះទៅហើយ !
រឿង៖ គេមិនដែលទម្លាប់ដេករៀនទេ កូន! ធ្វើអញ្ចឹងវានាំឲ្យខ្ចិលច្រអូសខ្នងវែង ! គេថាដូចមនុស្សដើរស៊ីដេកស៊ីអញ្ចឹងវាគ្មានរបៀប! បើយើងទម្លាប់គ្មានរបៀបហើយ ទៅថ្ងៃក្រោយមិនថាធ្វើអ្វីក៏គ្មានរបៀបដែរ ! ព្រោះវាក្លាយជាទម្លាប់នោះអី !
រ៉េតងើបទៅយកកៅអីមកដាក់អង្គុយសរសេរវិញ
រ៉េត៖ ខ្ញុំអង្គុយសរសេរក៏បានដែរកុំឱ្យម៉ែរអ៊ូច្រើនពេកខ្លាចម៉ែហត់ !
អរុណជិះកង់ចូលមកក្នុងផ្ទះដៃដែលត្រូវខ្ទួយតិចរុំនឹងកន្សែងរបស់កែវ។ រឿងធ្វើមុខឆ្ងល់
រឿង៖ ណែ ! កូនរុណ ! ក្រែងប្រាប់ម៉ែថាទៅរកទិញជីមកដាក់ស្រែហ្អី ? ទៅបាត់មួយ ថ្ងៃមកវិញឃើញតែកង់ទទេរអញ្ចឹង ?
អរុណចុះពីលើកង់ដាក់ជន្ទល់កង់ដើរចូលមកអង្គុយលើគ្រែឫស្សី
អរុណ៖ ខ្ញុំដឹកជីមកមិនទាន់បានទេម៉ែ! រវល់តែត្រូវខ្ទួយទិចហើមដៃបាត់ទៅហើយ!
រឿងបើកភ្នែកធំៗស្ទុះមករកអរុណ
រឿង៖ ចុះកូនទៅធ្វើស្អីបានជាត្រូវខ្ទួយទិចទៅវិញ ? ខ្ទួយធំមែនទេបានជាដល់ថ្នាក់ ហើមដៃអញ្ចឹងកូន ? មើលឲ្យម៉ែមើលបន្តិចមើលយ៉ាងម៉េចទៅហើយ ?
អរុណគ្រវីក្បាល
អរុណ៖ មិនអីទេម៉ែ! ខ្ញុំគ្រាន់តែចាញ់ពិសវាបន្តិចហើមដៃ ! តែឥឡូវដោះរួចហើយ !ម៉ែកុំភ័យអី ! គ្រាន់តែខ្ទួយតូចមួយហ្នឹង! តែស្អែកហ្នឹងខ្ញុំធ្វើការវិញបានធម្មតាហើយវាមិនអីទេ !
រ៉េត៖ ទៅណាបានជាត្រូវខ្ទួយទិចទៅវិញ?
អរុណ៖ ទៅទិញជីហ្នឹងណា ! តែខ្ទួយវានៅក្រោមបាវជី បម្រុងនឹងលើកជីដាក់កង់ទៅហើយ! ត្រូវវាទិចតែម្តងទៅ !
រ៉េតមិចភ្នែកធ្វើមុខរបៀបខិលដាក់អរុណ
រ៉េត៖ ប្រហែលជាបងរវល់តែភ្លឹកនឹងម្ចាស់ស្រីកន្លែងលក់ជីទេដឹង! ដល់ថ្នាក់មើលមិនឃើញឲ្យខ្ទួយទិចបាន !
អរុណទះក្បាលរ៉េត
អរុណ៖ នៅក្មេងទេយើងហ្នឹង! កុំចេះមុនអាយុពេក! ចេះតែរឿងរៀនអោយត្រង់ជ្រុងទៅបានហើយ! កុំមកចង់លលេងជាមួយមនុស្សចាស់តិចដាក់មួយក្រញ៉ឥឡូវ !
រ៉េត៖ អេហ៍! បងរុណនេះ ! ដាក់មួយដៃបាត់ទៅហើយទើបតែថាតិចត្រូវក្រញ៉ !
រឿងគ្រវីក្បាលតិចៗមើលមុខអរុណ
រឿង៖ ថ្ងៃក្រោយធ្វើអីឲ្យចេះប្រយ័ត្នប្រយែងបន្តិចទៅកូន ! នេះត្រូវខ្ទួយទិច ! ចុះបើត្រូវពស់ចឹកវិញគិតយ៉ាងម៉េចទៅ ! គេថាខ្ទួយទិចអញ្ចឹងឲ្យដាក់ដៃក្បែរភ្លើងកម្តៅឲ្យក្តៅៗទៅក៏វាអន់ឈឺដែរណាកូន !
អរុណ៖ ខ្ញុំអត់មានឈឺអីទៀតទេម៉ែ! គ្រាន់តែនៅហើមបន្តិច ! ស្អែកច្បាស់ជាស្រកវិញធម្មតាហើយ !
(នៅមានត)
ចែករំលែកព័តមាននេះ