ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម​ហោ​ស្រ​ភាពយន្ត​ខ្នាត​ខ្លី​ឆ្នាំ​២០២១ ឆក់​យក​ទស្ស​និក​ជន​ជាង​២​ម៉ឺន​នាក់​តាម​អន​ឡាញ

2 ឆ្នាំ មុន
  • ភ្នំពេញ

បើ​ទោះបីជា​ស្ថិត​ក្នុង​បរិបទ​នៃ​សម័យកាល​កូ​វី​ដ​១៩​នា​ពេល​នេះ​ក៏​ដោយ ប៉ុន្តែ​មហោស្រព​ភាព​ខ្នាត​ខ្លី​សម្រាប់​ឆ្នាំ​២០២១​នេះ នៅ​តែ​អាច​ឆក់​យក​ទស្សនិកជន​អោយ​ចូល​ទស្សនា​តាម​រយៈ​អន​ឡាញ​បាន​ប្រមាណ​ជាង​២​ម៉ឺន​នាក់

រាជធានី​ភ្នំពេញ ៖ បើ​ទោះបីជា​ស្ថិត​ក្នុង​បរិបទ​នៃ​សម័យកាល​កូ​វី​ដ​១៩​នា​ពេល​នេះ​ក៏​ដោយ ប៉ុន្តែ​មហោស្រព​ភាព​ខ្នាត​ខ្លី​សម្រាប់​ឆ្នាំ​២០២១​នេះ នៅ​តែ​អាច​ឆក់​យក​ទស្សនិកជន​អោយ​ចូល​ទស្សនា​តាម​រយៈ​អន​ឡាញ​បាន​ប្រមាណ​ជាង​២​ម៉ឺន​នាក់​ផង​ដែរ​។ កាលពី​ថ្ងៃ​ពុធ ទី​២៧ ខែតុលា ឆ្នាំ​២០២១ មហោស្រព​ភាពយន្ត​ខ្លី​ចតុមុខ (CSFF) បាន​ប្រកាស​បិទ​ការ​ចាក់​បញ្ចាំងភាពយន្ត​ខ្លី​របស់​ខ្លួន ក្រោម​វត្តមាន​របស់​លោក​រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន ជា ចាន់​បរិបូ​ណ៍​។

នា​ឱកាស​នេះ លោក​បាន​លើក​ឡើង​ថា ៖ «​ក្រសួង​ព័ត៌មាន​តែងតែ​ចូលរួម​ចំណែក​នៅ​ក្នុង​ការ​លើក​ស្ទួយ​វិស័យ​ភាពយន្ត​នៅ​ក្នុង​ប្រទេស​កម្ពុជា​។ ក្រសួង​បាន​ជម្រាប​ជូន​ស្ថានីយទូរទស្សន៍​ឱ្យ​សូម​ចាក់​ភាពយន្ត​កម្ពុជា​នៅ​ម៉ោង​មាស ដែល​ជា​ម៉ោង​មាន​ទស្សនិក​ជន​ច្រើន​»​។ លោក​បាន​សម្តែង​នូវ​ភាព​សោមនស្ស​របស់​លោក និង​បាន​កោតសរសើរ​ទៅ​លើ​ស្មារតី​ដឹកនាំ​របស់ ក្រុមការងារ​មហោ​ស្រព​ភាពយន្ត​ខ្លី​ចតុមុខ ដែល​បាន​រៀបចំ​កម្មវិធី​នេះ​ឡើង ដើម្បី​វិស័យ​ភាពយន្ត​នៅ​ក្នុង​ប្រទេស​កម្ពុជា​។

លោក​បញ្ជាក់​ថា នៅ​ក្នុង​កំឡុង​ពេល​ការ​ចាក់​បញ្ចាំងភាពយន្ត​ខ្លី​តាម​រយៈ​អន​ឡាញ​នៅ​ឆ្នាំ​នេះ មហោស្រព​ភាពយន្ត​ខ្លី នៅ​តែ​បន្ត​ទទួល​ការ​ចូលរួម​ពី​ទស្សនិកជន​ដែល​មាន​ចំណាប់អារម្មណ៍​នៅ​ក្នុង​វិស័យ​ភាពយន្ត​នេះ​។

លោក ស៊ុំ ស៊ី​ថែ​ន ប្រធាន​មហោស្រព​ភាពយន្ត​ខ្លី​ចតុមុខ​ឆ្នាំ ២០២១ នេះ បាន​ថ្លែង​ក្នុង​ពិធី​បិទ​ការ​ចាក់​បញ្ចាំង​នេះ​ថា «​នៅ​ឆ្នាំ​នេះ កម្មវិធី​ត្រូវ​បាន​ប្រព្រឹត្ត​រយៈពេល​៥​ថ្ងៃ តាម​រយៈ​គេហទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​មហោស្រព «Chaktomuk Short Film Festival»​។

លោក ស៊ី​ថែ​ន បាន​បន្ត​ថា​៖ «​ការ​ប្រព្រឹត្តិ​តាម​រយៈ​អន​ឡាញ​នេះ ជា​ចំណាត់ការ​ថ្មី​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ របស់​មហោស្រព​យើង​។ ដូច្នេះ​ខ្ញុំ​ជឿ​ថា បទ​ពិសោធន៍​ដែល​ប្រិ​យ​មិត្ត​គាំទ្រ​មាន​មិន​ដូច​ជា​អ្នក​ប្រើ​បណ្តាញ​សង្គម​ធម្មតា​នោះ​ឡើយ​។ បាន​ន័យ​ថា ប្រិ​យ​មិត្ត​យើង ដាក់ចិត្ត​ក្នុង​ការ​ទស្សនា​រឿង​ដែល មហោស្រព​យើង​ជ្រើស​មក ហើយ​រឿង​ទាំងនោះ​ក៏​រើស​ទស្សនិកជន​ដែរ​» ។ ប្រធាន​មហោ​ស្រព​ឆ្នាំ​នេះ បាន​ធ្វើការ​បូក​សរុប​ចំនួន​ទស្សនិកជន​ដែល​បាន​ចូលរួម មក​មើល​ភាពយន្ត​ខ្លី​ៗ នៅ​លើ ទំព័រ​ហ្វេ​ស​បុក «Chaktomuk Short Film Festival» ដែល​មហោស្រព​បាន​ចាក់​បញ្ចាំងភាពយន្ត​ខ្លី​ទាំង​៦៦​រឿង ដែល​ត្រូវ​បាន​ជ្រើសរើស​រួច​ហើយ គឺ​ចំនួន​អ្នក​ទស្សនា​សរុប​មាន ២៤ ០០០ នាក់ និង​ការ​ផ្សព្វផ្សាយ​តាម​រយៈ​បណ្តាញ​សង្គម​ដែល​ទទួល​បានការ​ចូល​ចិត្ត (likes) បន្ថែម ៥០០ នាក់​, អ្នក​ចាប់អារម្មណ៍ (reaches) ២៦០០០ នាក់ នេះ​គិត​ចាប់ពី​ថ្ងៃ​ទី​២៣ រហូត​ដល់​ថ្ងៃ​ទី​២៧ ខែតុលា ។

លោក​បញ្ជាក់​ថា មហោស្រព​ឆ្នាំ​នេះ បាន​ធ្វើការ​ប្រគល់​នូវ​រង្វាន់​ជា​សាច់ប្រាក់ និង​លិខិត​សរសើរ​ទៅ​តាម​ប្រភេទ​នៃ​ចំណាត់ថ្នាក់​ជា​ច្រើន ដែល​រួម​មាន​៖ ជ័យ​លា​ភី​រឿង​ខ្លី​ឆ្នើម​ប្រចាំឆ្នាំ បាន​ទៅ​លើ​រឿង «​ប៉ាន់​ក្រហម​» ទទួល​បាន​ទឹកប្រាក់​៤​លាន​រៀល ពី «SEA Junction» ។ ជ័យ​លា​ភី​រឿង​ខ្លី​ឆ្នើម បន្ទាប់​ប្រចាំឆ្នាំ បាន​ទៅ​លើ​រឿង «Origami Girl» ទទួល​បាន​ទឹកប្រាក់​២​លាន​រៀល ពី «Reading Film Club»​។ ជ័យ​លា​ភី​ទស្សនិកជន​ក្នុងស្រុក បាន​ទៅ​លើ​រឿង «Dream Catcher» ទទួល​បាន​ទឹកប្រាក់ ១,២​លាន​រៀល ពី «Alien Express»​។ ជ័យ​លា​ភី​ទ​ស្សិ​ក​ជន​អន្តរជាតិ បាន​ទៅ​លើ​រឿង​« Return to Toyama» ទទួល​បាន​ទឹកប្រាក់ ២​លាន​រៀល​។ ជ័យ​លា​ភី​ភាពយន្ត​ឯកសារ​ខ្លី​ពី «​អង្គការ WeWorld-GVC» ក្រោម​គម្រោង «​ជម្រើស​ដែល មាន​សុវត្ថិភាព​» បាន​ទៅ​លើ​រឿង «​ការ​ចំណាកស្រុក​តាម​រយៈ​មេខ្យល់​» ទទួល​បាន​កាមេរ៉ា​ឌី​ជី​ថ​ល ១​ឈុត​។

តាំង​នាម​អ្នក​រៀបចំ​កម្មវិធី​មហា​ស្រព​ភាពយន្ត​ខ្លី​ចតុមុខ លើក​ទី​១០ ឆ្នាំ​២០២១ នេះ ពួក​យើង​សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ទៅ​ដល់​បណ្តា​ដៃគូ​ទាំងអស់ និង​សាធារណជន ដែល​បាន​គាំទ្រ​ពួក​យើង ហើយ​ធ្វើ​ឱ្យ​ព្រឹត្តិការណ៍​មួយ​នេះ ក្លាយជា​វេទិកា​មួយ​ដែល​ជួយ​លើកទឹកចិត្ត​ដល់​ផលិតករ សមិទ្ធិ​ករ​ជំនាន់​ក្រោយ និង​ជួយ​ជម្រុញ​ឱ្យ​ភាពយន្ត​ខ្មែរ​មាន​សន្ទុះ​កើនឡើង និង​ការ​គាំទ្រ​កាន់តែ​ខ្លាំង​ពី​មហាជន​។

មហោស្រព​ឆ្នាំ​នេះ​ផ្ទាល់​បាន​ប្រព្រឹត្ត​ទៅ​រយៈពេល​៥​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​២៣ ខែតុលា រហូត​ដល់​ថ្ងៃ​ទី​២៧ ខែតុលា តាម​រយៈ​ការ​ចាក់​បញ្ចាំង​តាម​គេហទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​មហោស្រព​ភាពយន្ត​ខ្លី​ចតុមុខ ដោយ​ភាព​ជោគជ័យ​អាស្រ័យ​ដោយ​មានការ​ជ្រោមជ្រែង​ពី​ស្ថាប័ន​នានា​ជា​ពិសេស ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ។

ក្រុម​ភាព​ព​យន្ត​ឈូករ័ត្ន ឬ Sunflower Film Alliance ដំណើរការ​តាំងពី​ចុងឆ្នាំ​២០១៧​មក ចាត់ទុកជា​ក្រុម​យុវជន​ក្រោម ការ​គ្រប់គ្រង ដោយ​អង្គការ​ភាពយន្ត​ឈូករ័ត្ន – Sunflower Film Organization – SFO ដែល​ចូលរួម​ដោយ​អ្នក​ស្ម័គ្រ​ចិត្តជា​ច្រើន​រូប​ទូ​ទាំង​ប្រទេស កម្ពុជា​ដែល​ស្រឡាញ់​ជំនាញ​ភាពយន្ត អាយុ​ចន្លោះ​ពី​១៥​ឆ្នាំ​ដល់​៤០​ឆ្នាំ​។ អង្គការ​នេះ​ផ្ទាល់​បាន​ចុះ​ឈ្មោះ​ជា​ផ្លូវការ​នៅ​ក្រសួងមហាផ្ទៃ ជា​អង្គការ​មិន​រក​ប្រាក់​ចំណេញ ចុះ​ថ្ងៃ​ទី​១៣ ខែមីនា ឆ្នាំ​២០១៩ តាម​សេចក្តី​ប្រកាស លេខ ១៣៩៤ ប្រ​.​ក​។

ក្រុម​ភាពយន្ត​ឈូករ័ត្ន បាន​ផលិត​គម្រោង​ខ្លួនឯង និង​សហ​ផលិត​តាំងពី​ចុងឆ្នាំ​២០១៧ ដែល​រួម​មាន​កម្មវិធី «​កុន​ខ្ញុំ​» សម្រាប់​ទូរទស្សន៍​ជាតិ​កម្ពុជា (​ទ​ទក​) កម្រង​រឿង​ពី «​គ្រួសារ​» និង​ភាពយន្ត​ខ្លី​ៗ​ដូច​ជា​រឿង «akumu» និង​រឿង​ខ្លី​ៗ​មួយ​ចំនួន​ទៀត​។ តាំងពី​ឆ្នាំ ២០១៩ ក្រុម​នេះ​ក៏​បាន​រៀបចំ​កម្មវិធី «​តោះ​ថត​ភាពយន្ត​ឯកសារ​នៅ​កម្ពុជា​» (Let’s Document Cambodia) ដោយ​បាន​បណ្តុះបណ្តាល​យុវជន នៅ​ភ្នំពេញ និង​តាម​ខេត្ត​នានា​បាន​មិន​តិច​ជាង​២០០​នាក់​ទេ​។

ក្រុម​ភាពយន្ត​ឈូករ័ត្ន មាន​គោលដៅ​ដ៏​ចម្បង គឺ​ចង់ឱ្យ​មានការ​យល់​ដឹង កាន់តែ​ទូលំទូលាយ​អំពី​ការ​ផលិតភាព​យន្ត ដើម្បី​កសាង​ឧស្សាហកម្ម​ភាពយន្ត​កម្ពុជា ឱ្យ​រឹង​មាន​ដោយ​រៀបចំ​វគ្គ​បណ្តុះបណ្តាល​ខ្លី​ៗ និង​ចាក់​បង្ហាញ​ស្នាដៃ តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​នានា និង​រោង​ភាពយន្ត ឬ​មហោស្រព​នានា រួម​ទាំង មហោស្រព​ភាពយន្ត ខ្លី​ចតុ​មុខជា កម្មវិធី​ប្រចាំ​ក្រុម​ដែរ ជាមួយ​សម្ព័ន្ធមិត្ត តាម​បណ្តា​ខេត្ត​នៅ​កម្ពុជា ក៏​ដូច​ជា​ដៃគូ​នៅ ក្រៅ​ស្រុក ដើម្បី​នាំ​ស្នាដៃ យុវជន​ខ្មែរ ឱ្យ​មាន ការ​ទទួលស្គាល់​នៅ​លើ​ឆាក​អន្តរជាតិ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ