ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោកតា​វ៉ិ​ច​ទ័​រ បន្ថែម​តារា​កំប្លែង​២​ដួង​​​ទៀត​ ខណៈ​វត្តមាន​នាង ខ្ញុង នៅ​មិន​ទាន់​ច្បាស់

2 ឆ្នាំ មុន
  • ភ្នំពេញ

អ្នកដឹកនាំ​កម្មវិធី​កំសាន្ត និង​កំប្លែង​របស់​ស្ថានីយទូរទស្សន៍ CTN លោក សុវណ្ណ រិ​ទ្ធី ហៅ​តា​វ៉ិ​ច​ទ័​រ បាន​សម្រេច​ជ្រើសរើស​បន្ថែម​តារា​កំប្លែង​២​រូប ដើម្បី​

រាជធានី​ភ្នំពេញ ៖ អ្នកដឹកនាំ​កម្មវិធី​កំសាន្ត និង​កំប្លែង​របស់​ស្ថានីយទូរទស្សន៍ CTN លោក សុវណ្ណ រិ​ទ្ធី ហៅ​តា​វ៉ិ​ច​ទ័​រ បាន​សម្រេច​ជ្រើសរើស​បន្ថែម​តារា​កំប្លែង​២​រូប ដើម្បី​ចូលរួម​សម្តែង​នៅ​ក្នុង​កម្មវិធី​២​គ្រួសារ និង​កម្មវិធី​មួយ​ចំនួន​ទៀត ដែល​បាន​គ្រោងទុក ខណៈ​ពេល​វត្តមាន​របស់​អ្នក​នាង ខ្ញុង អាច​បន្ត​សម្តែង​ទៀត ឬ​យ៉ាងណា​នោះ នៅ​មិន​ទាន់​ច្បាស់​នៅឡើយ?។

តារា​កំប្លែង​២​រូប ដែល​លោកតា វ៉ិ​ច​ទ័​រ សម្រេច​ជ្រើសរើស​តាម​គោលការណ៍​ពី​ថ្នាក់ដឹកនាំ CTN នោះ គឺ​មាន​តារា​កំប្លែង​ជើង​ចាស់​នាយ ចាប​ចៀន និង​តារា​កំប្លែង​ស្ងួត​ជើង​ថ្មី ដែល​ល្បី​តាម​បណ្តាញ​សង្គម មាន​រហ័ស​នាម ពូ​ណុ​យ ដែល​អ្នក​ទាំង​ពីរ​នឹង​នាំ​អោយ​ទស្សនិកជន​ផ្ទុះសំណើច​កាន់តែ​ខ្លាំង​។

យ៉ាងណា សម្រាប់​ការ​ជ្រើសរើស​តារា​កំប្លែង​ចូល​មក​ក្នុង​កម្មវិធី​ខាងលើ​នេះ ត្រូវ​បាន​មហាជន​មួយ​ចំនួន​ដាក់​ការ​សង្ស័យ​ថា អ្នក​រៀបចំ​ទំនងជា​ជ្រើសរើស​ជំនួស ឬ​ដោះ​ដូរ​តួ​អ្នក​នាង ខ្ញុង ដែល​កំពុង​មាន​បញ្ហា​មិន​អាច​វិល​មក​ការ​សម្តែង​វិញ​បាន ក្នុង​ពេល​ដែល​អនាគត​របស់​នាង​នៅ​ស្ថានីយទូរទស្សន៍ CTN ហាក់​នៅ​មាន​ភាព​ស្រពិចស្រពិល​នៅឡើយ​។

ឆ្លើយ​តប​បញ្ហា​នេះ លោក សុវណ្ណ រិ​ទ្ធី ហៅ​តាម វ៉ិ​ច​ទ័​រ បាន​អះអាង​ប្រាប់​កោះសន្តិភាព​ថា រហូត​មក​ទល់​ពេល​នេះ ថ្នាក់ដឹកនាំ​របស់​ស្ថានីយទូរទស្សន៍ CTN មិន​ទាន់​បាន​ចេញ​លិខិត​ជា​ផ្លូវ​ការណ៍​ណាមួយ​បញ្ជាក់​ពី​ការ​ផ្អាក និង​បញ្ឈប់​ការងារ​របស់​តារា​កំប្លែង​នាង ខ្ញុង នោះ​ឡើយ​។

លោក​ថា សម្រាប់​លោក និង​អ្នក​គ្រប់​គ្រង់​ស្ថានីយ​តែងតែ​មានការ​យោគយល់ និង​ផ្តល់​ឱកាស​ជា​បន្តបន្ទាប់​សម្រាប់​បុគ្គលិក​ខ្លួន​នៅ​ពេល​មាន​បញ្ហា ប៉ុន្តែ​សម្រាប់​ទៅ​ថ្ងៃ​ខាង​មុខ​ទៀត​នោះ លោក​ក៏​មិន​ច្បាស់ និង​ប្រាកដ​ពី​អនាគត​របស់​អ្នក​នាង ខ្ញុង យ៉ាងណា​នោះ​ឡើយ​។

ទោះជា​យ៉ាងណា បើ​តាម​លោកតា វ៉ិ​ច​ទ័​រ ការ​សម្រេច​ជ្រើសរើស​តួ​ថ្មី​មក​សម្តែង​នៅ​ក្នុង​កម្មវិធី​២​គ្រួសារ​របស់​លោក​នា​ពេល​នេះ មិនមែន​ជា​ការ​ដោះ​ដូរ ឬ​ជំនួស​តំណែង​អ្នក​នាង ខ្ញុង អ្វី​នោះ​ឡើយ ពោល​គឺ​នេះ​គ្រាន់តែ​ជា​គោលការណ៍​របស់​ថ្នាក់ដឹកនាំ CTN ដែល​មាន​បំណង​ធ្វើ​អ្វី​ដែល​ថ្មី និង​ប្លែក​សម្រាប់​ទស្សនិកជន​តែ​ប៉ុណ្ណោះ​។

ជា​ការ​កត់សម្គាល់ ចាប់តាំងពី​តារា​កំប្លែង​នាង ស្រេង សុ​កាន់​ដា ហៅ ខ្ញុង បាន​ជួប​បញ្ហា​ជំពាក់​គេ​ជាង​៥០​ម៉ឺន​ដុល្លារ និង​បាន​លើកដៃ​សុំ​ជំនួយ​ពី​មហាជន​ម្នាក់​១​ដុល្លារ ដែល​ទទួល​បានការ​រិះគន់​ដូច​ទឹកបាក់​ទំនប់​នោះ​មក តារា​រូប​នេះ​នៅ​មិន​ទាន់​បង្ហាញ​វត្តមាន​សម្តែង​ថ្មី​ៗ​បន្ត​ទៀត​នៅ​ស្ថានីយទូរទស្សន៍ CTN នៅឡើយ​ទេ​។

បញ្ហា​នេះ លោកតា វ៉ិ​ច​ទ័​រ ធ្លាប់​បាន​លើក​ឡើង​ថា នៅ​ក្នុង​កាលៈទេសៈ​បែប​នេះ លោក​ជឿ​ថា ប្រសិនបើ​ហៅ​អ្នក​នាង ខ្ញុង មក​សម្តែង​ឡើង​វិញ​នោះ ក៏​នាង​មិន​មក​ដែល ព្រោះ​កំពុង​តែ​មានរឿង​ធំ​បែប​នេះ ប៉ុន្តែ​សម្រាប់​លោក គឺ​លោក​នៅ​តែ​ផ្តល់​ឱកាស​អោយ​រូប​នាង​ដដែល តែ​សម្រាប់​វត្តមាន​នាង​បាន​សម្តែង​នៅ CTN ទៀត​ឬ​យ៉ាងណា​នោះ? លោក​មិនមែន​ជា​អ្នក​សម្រេច​ឡើយ ពោល​គឺ​នេះ​ជា​សិទ្ធិ​របស់​អ្នកដឹកនាំ​ស្ថានីយ៍​។

ទោះជា​យ៉ាងណា លោកតា វ៉ិ​ច​ទ័​រ ក៏​បាន​សម្តែង​ការ​សោកស្តាយ​ចំពោះ​រឿងរ៉ាវ​ដែល​បាន​កើតឡើង​សម្រាប់​អ្នក​នាង ខ្ញុង នា​ពេល​នេះ​ដែរ ខណៈ​ពេល​លោក​ក៏​មិន​នឹក​ស្មាន​ដល់​ថា នាង​មានរឿង​រ៉ាវ​ដល់​ថ្នាក់​នេះ ក្នុង​ពេល​ដែល​លោក​តែងតែ​គិត​ថា នាង ខ្ញុង គួរតែ​រស់​យ៉ាង​សមរម្យ​នៅ​ក្នុង​អាជីព​សិល្បៈ​របស់​នាង​នា​ពេល​បច្ចុប្បន្ន​នេះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ