រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២១ អង្គការភ្លែនអន្តរជាតិកម្ពុជា បានប្រារព្ធពិធីផ្សព្វផ្សាយយុទ្ធសាស្ត្រប្រចាំប្រទេសរយៈពេល ៥ ឆ្នាំ «២,៥ លានហេតុផល» និងអបអរសាទរទិវាកុមារីអន្តរជាតិតាមរយៈប្រព័ន្ធអ៊ីនធឺណិត។
ប្រធានបទចម្បងរបស់យុទ្ធសាស្ត្រប្រចាំប្រទេសថ្មី របស់អង្គការភ្លែនអន្តរជាតិកម្ពុជាគឺ ២,៥ លានហេតុផល ដើម្បីរក្សាឱ្យបានតាមមហិច្ឆតារបស់យើងដោយផ្តល់ប្រយោជន៍ដល់ក្មេងស្រី និងស្ត្រីវ័យក្មេង ២,៥ លាននាក់នៅកម្ពុជា –ប្រហែល ១ លាននាក់ដោយផ្ទាល់ និង ១.៥ លាននាក់ដោយប្រយោលដោយសហការ ដើម្បីផ្តល់អំណាចដល់ក្មេងស្រីវ័យជំទង់ និងស្ត្រីវ័យក្មេងនៅកម្ពុជា – នៅក្នុងភាពចម្រុះរបស់ពួកគេ – ដើម្បីឲ្យមានសំលេង និងគាំទ្រពួកគេក្នុងការទទួលបានចំណេះដឹង ជំនាញ និងទំនុកចិត្តដែលពួកគេត្រូវការ ដើម្បីសម្រេចបាននូវសិទ្ធិរបស់ពួកគេ និងឈានដល់សក្តានុពលពេញលេញរបស់ពួកគេ ។
គ្វីននេត វ៉ង នាយិកាប្រចាំប្រទេស នៃអង្គការភ្លែនអន្តរជាតិកម្ពុជា គ្វីននេត វ៉ង នាយិកាប្រចាំប្រទេស នៃអង្គការភ្លែនអន្តរជាតិកម្ពុជា មានប្រសាសន៍ថា៖ «ដើម្បីពង្រីកអន្តរាគមន៍ និងជម្រុញឱ្យគោលបំណងរបស់យើង កាន់តែទទួលបានភាពជោគជ័យបន្ថែមទៀត លើការអនុវត្តយុទ្ធសាស្ត្រប្រចាំប្រទេសលើកមុននៅថ្ងៃនេះ យើងកំពុងតែប្រារព្ធពិធីផ្សព្វផ្សាយ “យុទ្ធសាស្ត្រប្រចាំប្រទេសថ្មី ២,៥លានហេតុផល (២០២១ ២០២៦)” ជាមួយគ្នា ។ នៅក្នុងរយៈពេល ៥ឆ្នាំ ខាងមុខ អង្គការភ្លែនអន្តរជាតិនឹងបន្តមហិច្ឆតារបស់ខ្លួន ក្នុងការលើកកម្ពស់សិទ្ធិកុមារ និងសមភាពក្មេងស្រីក្នុងប្រទេសកម្ពុជា។ យើងនឹងសហការក្នុងភាពជាដៃគូយុទ្ធសាស្ត្រ ជាមួយអ្នកពាក់ព័ន្ធជាច្រើន រួមមាន កុមារ និងយុវជន ក្នុងគោលបំណងលើកកម្ពស់សិទ្ធិអំណាចរបស់ក្មេងស្រី ២,៥លាននាក់ ជាពិសេស ក្មេងស្រីវ័យជំទង់ និងស្ត្រីវ័យក្មេងនៅកម្ពុជា ពីឆ្នាំ ២០២១ ដល់ ២០២៦» ។

គ្វីននេត វ៉ង មានប្រសាសន៍បន្តថា៖ «ដើម្បីធ្វើឱ្យគុណភាពនៃការអនុវត្តកម្មវិធីស្នូលពហុវិស័យកាន់តែប្រសើរឡើង ហើយក្មេងស្រី ជាពិសេសក្មេងស្រីវ័យជំទង់ និងស្ត្រីវ័យក្មេង ចំនួន ២,៥លាននាក់អាចទទួលបានផលប្រយោជន៍ពីអន្តរាគមន៍របស់យើង យើងនឹងប្រកាន់ខ្ជាប់នូវគម្រូអនុវត្តចំនួន ៤៖ ១. ការលើកកម្ពស់គោលការណ៍ភាពជាអ្នកដឹកនាំដែលមានទស្សនទានយេនឌ័រ ២. ការអនុវត្តប្រព័ន្ធប្រតិបត្តិការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ៣. ការផ្លាស់ប្តូរតំបន់ភូមិសាស្ត្រគោលដៅ ៤. ការពង្រឹងភាពជាដៃគូយុទ្ធសាស្ត្រ ជាពិសេស ជាមួយក្រុមយុវជន»។

ជេដ្ឋានី កុមារីកាន់តំណែងជំនួសលោកស្រី គ្វីននេត វ៉ង នាយិកាប្រចាំប្រទេស អង្គការភ្លែនអន្តរជាតិកម្ពុជាបាននិយាយថា៖ «ជាផ្នែកមួយនៃយុទ្ធនាការក្មេងស្រីទទួលបានភាពស្មើគ្នា (GGE) និងយុទ្ធសាស្ត្រប្រចាំប្រទេសនៃអង្គការភ្លែនអន្តរជាតិកម្ពុជា យើងគាំទ្រក្មេងស្រីទូទាំងពិភពលោកក្នុងការអំពាវនាវឱ្យរដ្ឋាភិបាលទូទាំងពិភពលោក និងបុគ្គលម្នាក់ៗចាត់វិធានការភ្លាមៗ ដើម្បីបង្កើនចំណេះដឹងផ្នែកឌីជីថលរបស់កុមារ និងស្ត្រីវ័យក្មេង ដោយផ្តល់ឱ្យពួកគេនូវចំណេះដឹង និងជំនាញ ដើម្បីកំណត់អត្តសញ្ញាណព័ត៌មានមិនពិត និងចូលរួមយ៉ាងមានទំនុកចិត្តតាមអ៊ីនធឺណិត» ។

ជេដ្ឋានីបាននិយាយបន្ថែមថា៖ «ក្នុងរយៈពេល ៥ឆ្នាំខាងមុខ ខ្ញុំពិតជាចង់ឃើញក្មេងស្រីជាច្រើន មានសុខភាពល្អតាំងពីតូចទទួលបានការអប់រំប្រកបដោយគុណភាព ទទួលបានការការពារពេញលេញ និងបំពេញបានសក្ដានុពលរបស់ពួកគេ ដើម្បីក្លាយជាបុគ្គលមួយរូបមានសិទ្ធិ អំណាចផ្អែកសេដ្ឋកិច្ច មានសិទ្ធិសម្រេច ចិត្តលើរូបរាងកាយរបស់ខ្លួន និងក្លាយជាពលរដ្ឋសកម្មនៅក្នុងសហគមន៍» ។
គួរបញ្ជាក់ផងដែរថា យុទ្ធសាស្ត្រប្រចាំប្រទេស ៥ ឆ្នាំលើកទី ៤ របស់អង្គការភ្លែនអន្តរជាតិកម្ពុជាមានរយៈពេលពីឆ្នាំ ២០២១ ដល់ ២០២៦ ដោយមានកម្មវិធីយុទ្ធសាស្ត្រចំនួន ៤ រួមមាន៖ (១) ការចាប់ផ្តើមជាមួយសុខភាពល្អ – ការរួមបញ្ចូល កម្មវិធីអាហារូបត្ថម្ភ កម្មវិធីការគាំពារនិងអភិវឌ្ឍន៍កុមារតូច និងទឹកស្អាតនិងអនាម័យ ដើម្បីធានាថាក្មេងស្រី និងក្មេងប្រុសមានការចាប់ផ្តើមដោយយុត្តិធម៌នៅក្នុងជីវិត និងអាចធ្វើការជ្រើសរើសដោយសេរី និងព័ត៌មានអំពីរាងកាយរបស់ពួកគេ។ (២) កិច្ចការពារជំនាន់ថ្មី – ផ្តោតទៅលើ OCSE, អ្នកស្រឡាញ់ភេទដូចគ្នា, CEFM, កុមារដែលទុកចោល រួមទាំង កម្មវិធីឆ្លងដែន ដើម្បីរក្សាកុមារ ជាពិសេសក្មេងស្រី និងយុវជនឱ្យមានសុវត្ថិភាព ។

និង (៣) ការរៀនមួយជីវិត ដោយផ្តោតលើ IQE ការអភិវឌ្ឍជំនាញ និងជំនាញជីវិត រួមទាំងសុខភាពផ្លូវភេទ និងសុខភាពបន្តពូជ និងសិទ្ធិ ដើម្បីធានាថាកុមារជាពិសេសក្មេងស្រី និងស្ត្រីវ័យក្មេង ទទួលបានចំណេះដឹង ជំនាញ និងទំនុកចិត្តដែលពួកគេត្រូវការ ដើម្បីសម្រេចបាននូវសិទ្ធិរបស់ពួកគេ និងឈានដល់សក្តានុពលពេញលេញ។ (៤) ភាពដឹកនាំរបស់ក្មេងស្រី – ការពង្រឹងសមត្ថភាព និងភាពជាអ្នកដឹកនាំភាពជាពលរដ្ឋសកម្ម និងការចូលរួមរបស់ប្រជាពលរដ្ឋធានាថាក្មេងស្រី និងស្ត្រីវ័យក្មេងមានចំណេះដឹង ជំនាញ និងទំនុកចិត្តដើម្បីជោគជ័យ។ កម្មវិធីអន្តរវិស័យ – ភាពធន់/បរិស្ថាន/ការប្រែប្រួលអាកាសធាតុ នឹងត្រូវដាក់បញ្ចូលក្នុងគ្រប់គម្រោងទាំងអស់ដើម្បីគាំទ្រ ការពារ និងបង្កើនការចូលរួមរបស់កុមារ ជាពិសេសក្មេងស្រីនិងយុវជនដើម្បីកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ បង្កើនភាពធន់ និងការស្តារពីគ្រោះមហន្តរាយ ៕
ចែករំលែកព័តមាននេះ