ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិន​ត្រឹមតែ​កុន​សម័យនេះ​ទេ សូ​ម្បី​តែ​កុន​ពី​សង្គម​ខ្លះ​ក៏​មានការ​រិះគន់​ដូច​គ្នា​ដែរ

2 ឆ្នាំ មុន
  • ភ្នំពេញ

ក្រុម​ស្រាវជ្រាវ​របស់​ព្រះ​សុរិយា បាន​បង្ហាញ​ពី​ភាពយន្ត​កាលពី​ជំនាន់​ដើម​ខ្លះ​ក៏​ទទួល​បានការ​រិះគន់​ផង​ដែរ បើ​ទោះបី​សម័យ​នោះ​ត្រូវ​បាន​ចាត់​ទុក​សម័យ​យុគមាស​នៃ​សិល្បៈ​ភាពយន្ត​ខ្មែរ​ក៏​ដោយ

រាជធានី​ភ្នំពេញ ៖ ក្រុម​ស្រាវជ្រាវ​របស់​ព្រះ​សុរិយា បាន​បង្ហាញ​ពី​ភាពយន្ត​កាលពី​ជំនាន់​ដើម​ខ្លះ​ក៏​ទទួល​បានការ​រិះគន់​ផង​ដែរ បើ​ទោះបី​សម័យ​នោះ​ត្រូវ​បាន​ចាត់​ទុក​សម័យ​យុគមាស​នៃ​សិល្បៈ​ភាពយន្ត​ខ្មែរ​ក៏​ដោយ​។

ក្រុមព្រះ​សុរិយា បាន​លើក​ឡើង​ថា ក្នុង​សម័យ​យុគមាស​នៃ​សិល្បៈ​ភាពយន្ត​ខ្មែរ រវាង​ពី​ឆ្នាំ​១៩៥៥ ដល់​ឆ្នាំ​១៩៧៥ ត្បិត​ភាពយន្ត​ខ្មែរ​មានគុណ​ភាព​គួរ​អោយ​សរសើរ​ក៏​ពិតមែន តែ​ក៏​មាន​ខ្សែភាពយន្ត​មួយ​ចំនួន​តូច​ដែល​រង​ការ​រិះគន់​ពី​មហា​ទស្សនិកជន​ដែរ ជា​ពិសេស​គឺ​ការ​រិះគន់​ទៅ​លើ​សាច់​រឿង , បច្ចេកទេស​កាត់​.​ត , ពាក្យ​សម្តី​តួ​ជាដើម​។ ការ​រិះគន់​ក្នុង​ន័យ​ស្ថាបនា កើត​មាន​ភាគច្រើន​នៅ​ដើម​ទស​វត្ស​៦០ នៅ​កំឡុង​ពេល​កម្ពុជា​ទើប​កកើត​ភាពយន្ត​ដំបូង​។

ក្រុមព្រះ​សុរិយា ស្រាវជ្រាវ​ឃើញ​ថា អ្នក​ដែល​បង្ហាញមុខ​រិះគន់​ស្ថាបនា​មុនគេ​នោះ គឺ​អ្នក​សារព័ត៌មាន​តែ​ម្តង ដោយ​អ្នក​សារព័ត៌​មានបាន​ទៅ​ទស្សនា​ទាំង​រឿង​នោះ ហើយ​យក​មក​ធ្វើ​បទ​អធិប្បាយ​ក្នុង​ទស្សនាវដ្តី ឬ​កាសែត​របស់​ខ្លួន ដើម្បី​អោយ​ផលិតករ​បានឃើញ​នូវ​ការ​និន្ទា​ទាំងនោះ តួយ៉ាង​ដូច​ជា ក្រុមព្រះ​សុរិយា បាន​រក​ឃើញ​អត្ថបទ​និន្ទា​មួយ​នៃ​រឿង «​នាង​រំសាយសក់​» ដែល​ផលិត​នៅ​ឆ្នាំ​១៩៦២ ដោយ​គេ​បាន​សរសេរ​រិះគន់​ស្ថាបនា​ថា អ្នក​បញ្ចូល​សូរសព្ទ​ភ្លេង​កំដរ​ក្នុង​ខ្សែភាពយន្ត​នេះ​ដាក់​ភ្លេង​ត្រ​ហឹ​ង​ស្ទើរតែ​ត្រចៀក​អ្នក​មើល ឯ​សម្លៀក​បំពាក់​ស្លៀក​ខុស​បែបបទ​តាម​សម័យកាល មិន​សម​នឹង​សម័យ​នគរ​គោក​ធ្លក​សោះ​។

តួយ៉ាង​វណ្ណ​កម្ម​ទី​៦ នៃ​ផលិតកម្ម​ហេម​ពាន​ភាពយន្ត ក៏​រង​ការ​និន្ទា​យ៉ាង​ចាស់ដៃ​ពី​មហា​ទស្សនិកជន​ដែរ នៅ​ខណៈ​ខ្សែភាពយន្ត​ដាក់​បញ្ចាំង​លើ​ផ្ទាំង​សំពត់​.​ស ក្នុង​រោង​ភាពយន្ត​ហេម​ជាតិ កាលពី​ឆ្នាំ​១៩៧០​។ ការ​និន្ទា​របស់​មហាជន​បាន​ផ្ទុះ​ឡើង ក្រោយ​ពេល​បាន​ចូល​ទស្សនា​ភាពយន្ត​នៅ​ក្នុង​រោង​ភាពយន្ត​យ៉ាង​គគ្រិច​គគ្រេង​។

ការ​រិះគន់​ខ្សែភាពយន្ត​រឿង «​ព្រះពាយ​ផាត់​នេះ​» គឺ​លើ​ចំណុច​ផ្ទៃរឿង​តែ​ម្តង ដោយ​អ្នក​ទស្សនា​និន្ទា​ថា ហេតុ​អ្វី​បានជា​អ្នកនិពន្ធ​អោយ​បងប្អូន​បង្កើត​ស្រឡាញ់​គ្នា? បើ​ទោះជា​មិន​ស្គាល់គ្នា ឬ​មិនដឹង​ថា ជា​បងប្អូន​ក៏​ដោយ ក៏​គួរតែ​ជៀស​អោយ​ផុត​ពី​ការ​អោប​ថើប​ក្នុង​លក្ខណៈ​ស្នេហា ព្រោះ​អ្នក​ទាំង​ពីរ​មាន​ឈាម​តែ​មួយ ខុស​ប្រពៃណី​ទំនៀមទំលាប់​ខ្មែរ ហើយ​ថែម​ទាំង​បណ្តោយ​អោយ​តួ​ស្រី​ឈរ​យំ​ស្តាយ​សង្សារ ដែល​ជា​បងប្រុស​បង្កើត​ខ្លួន រៀប​ការ​ទៀត​នោះ? ។

មតិ​រិះគន់​នេះ​បាន​និយាយ​ត​ៗ​គ្នា​ពី​មួយ​ទៅ​មួយ​នៅ​ក្នុង​សង្គម ហើយ​ក៏​មាន​និស្សិត​បញ្ញា​វ័ន​ដែល​បាន​ទៅ​ទស្សនា​ភាពយន្ត​នេះ បាន​សរសេរ​លិខិត​រិះគន់​ស្ថាបនា​ទៅ​ដាក់​នៅ​ទី​ស្នាក់​ផលិតកម្ម​ហេម​ពាន​ទៀត​ផង​។

ការ​និន្ទា​រិះគន់​យ៉ាង​ចាស់ដៃ​នេះ បានលឺ​ដល់​ផលិតករ​ភាពយន្ត និង​អ្នកនិពន្ធ​នៃ​ផលិតកម្ម​ហេមពាន្ត​។ ផលិតករ​ភាពយន្ត​បាន​ទទួលស្គាល់​ការ​រិះគន់​នេះ ដោយ​ថ្លែងអំណរគុណ​អ្នក​ទស្សនា​តាម​វិទ្យុ​ថែម​ទៀត ហើយ​ក៏​បាន​សន្យា​ថា វណ្ណ​កម្ម​ក្រោយ​ៗ​ទៀត​នឹង​មានការ​សិក្សា​អោយ​ល្អិតល្អន់​ជាង​នេះ ដើម្បី​អោយ​វិស័យ​ភាពយន្ត​ខ្មែរ​កាន់តែ​ល្អ​ត្រ​ចេះ​ត្រ​ចង់ទៅ​មុខ​ទៀត​។

សូម​ជម្រាប​ផង​ដែរ​ថា រឿង «​ព្រះពាយ​ផាត់​» នេះ ជា​ស្នាដៃ​និពន្ធ​ថ្មី​ដោយ អ្នកនិពន្ធ​ម្នាក់​ដែល​បាន​យក​រឿង​នេះ​មក​លក់​ជូន​ផលិត​ករ​លី​យូ​ស្រ៊ា​ង យក​មក​ដឹកនាំ​ផលិត​ជា​ខ្សែភាពយន្ត​នៅ​ឆ្នាំ​១៩៧០​។ ខ្សែភាពយន្ត​នេះ សម្តែង​ដោយ លោក គង់ សំ​អឿ​ន , វិ​ជ្ជ​រ៉ា​ដា​នី , ប៉ិច សា​លឿន , ភួង ផា​វី , អ៊ុំ ឈុំ​រឿ​ន , ម៉ក់ ហូ , ម៉ែ ម៉ឺន , មុត សំ​អឿ​ន , ត្រង់ ដឺ ជាដើម​។ ភាពយន្ត​នេះ បាន​ដាក់​បញ្ចូល​ចម្រៀង​ពីរ​បទ គឺ បទ «​សុំ​ស្នេហ៍​ព្រះពាយ​ផាត់​» និង បទ «​សំឡេង​ឃ្លោះ​ការ​»៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ